រឿង សត្វ​ខ្លា​ចាញ់​ប្រាជ្ញា​គីង្គក់​និង​អណ្ដើក

មានសត្វខ្លាមួយ​ដើរស្វែងទៅរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយ​កំពុងលោតផ្លោតៗ ខ្លាឃើញស្រែកសួរទៅថា ។

យើបងមាំងកាយេ “ខ្លាហៅថាមាំងកាជា” ឯងដើររកអីហ្នឹង គីង្គក់តបវិញថា ចុះបងខ្លាមករកអីដែរ ខ្លាថាយើងដើររកស៊ី គីង្គក់តបថា យើងដើររកស៊ីដូចបងឯងដែរ ។

ខ្លាសួរ ចុះដើររកស៊ីអីនឹងបាន បើបងឯងលោតម្ដងមួយសុញដូច្នេះនេះ តើនឹងចាប់សត្វអ្វីនឹងបាន គីង្គក់ក៏អួតអាត្មាប្រាថ្នាឱ្យខ្លាកោតខ្លាចថា យើងនេះពិតតែឃើញលោតតិចៗដូច្នេះ បើចង់លោតយ៉ាងណាក៏បាន ចង់ចាប់សត្វអ្វីក៏បាន ទោះតូចក្ដីធំប៉ុន្មានក្ដីក៏ចាប់បានទាំងអស់មិនចាញ់បងឯងទេ ខ្លាសួរបើបងឯងពូកែដូចសម្ដីថានេះ យើងលោតប្រណាំងគ្នាម្ដងមើលពីត្រើយព្រែកខាងណេះទៅត្រើយម្ខាង បើបងឯងលោតឆ្លងទៅដល់យើងជឿជាពូកែមែន “គីង្គក់ជាសត្វមានប្រាជ្ញាគិតឃើញថាសត្វខ្លានេះ តែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយ បើដូច្នេះអញចាំខាំកន្ទុយវាកាលមុនវានឹងលោតទៅ នោះទើបគីង្គក់តបទៅថា ខ្លាចអីបងខ្លាឯង បើចង់លោតពីត្រឹមណាទៅត្រឹមណាក៏បានដែរ ហើយយើងហ៊ានឱ្យបងឯងទៅឈរពីមុខយើងទៀតផងតែកាលណាយើងស្រែកថា ហ៏ ត្រូវឱ្យបងឯងលោតទៅចុះ (សត្វខ្លាជាសត្វឆោតមិនអាចដឹងគំនិតគីង្គក់វានឹងខាំកន្ទុយខ្លួននោះសោះ ឯខ្លួនទៀតក៏មិនគិតឃើញពីរបៀបខ្លួនដែលរៀបនឹងលោតទៅនោះកិរិយាយ៉ាងណាខ្លះ គិតមិនឃើញឡើយ ក៏ព្រមសន្យាទៅឈរនៅពីមុខគីង្គក់ ឯគីង្គក់កាលណាឃើញខ្លាមកឈរពីមុខឃើញពេលល្អហើយ ក៏ប្រាប់ថាបងខ្លាឯងប្រុងស្ដាប់ ខ្លាខំប្រុងត្រចៀកស្ដាប់ហើយកន្ទុយនោះចោលទៅត្រង់ចំមុខគីង្គក់ ៗ ទទួលស្រែកថាហ៏ហើយខាំកន្ទុយជាប់ខ្លាលោតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេច អំណាចកន្ទុយខ្លាវាត់ទៅខាងមុខវិញ ដោយទាំងគីង្គក់នោះទៅដូចជាដុំដីដែលគេចោលនឹងឈើដង្ហក់ ធ្លាក់ហួសទៅមុខខ្លាស្ទើតែនឹងស្លាប់ ខ្លាក៏មិនអាចដឹងប្រែប្រាណទៅខាងក្រោយវិញ ស្រែកហៅថាបងមាំងកាជាអើយម៏ គីង្គក់ឆ្លើយកូកនៅឯណេះហើយ ខ្លាឮគីង្គក់ឆ្លើយនៅពីមុខដូច្នោះ ក៏ជឿបងមាំងកាយេឯងពូកែមែនហើយ ។

ប៉ុន្តែឯខាងចាប់សត្វនោះយើងមិនទាន់បានឃើញឫទ្ធិបងឯងនៅឡើយបើដូច្នោះយើងនឹងចាប់សត្វល្បងគ្នាទៀត គីង្គក់ក៏ព្រមតបវិញថាឱ្យបងឯងទៅចាប់សត្វចុះ បានសត្វ​ប៉ុន្មាន​ៗ ឱ្យមកចួបគ្នានៅកន្លែងនេះនឹងរើសាច់នោះល្បងគ្នាមើលអ្នកណាច្រើនជាង ខ្លាព្រមចេញទៅរកចាប់សត្វផ្សេងៗបានជាច្រើន ។

ឯគីង្គក់ក្រោយពីខ្លាចេញទៅហើយនោះខំសង្វាតលោតទៅមិនដឹងនឹងទៅចាប់សត្វឯណាបានទេ ព្រោះធ្លាប់ចាប់តែជន្លេន នឹងចាប់តែស្រមោចសង្អារ លោតបន្តិចទៅឃើញមានធ្យូងមួយ​ដុំប៉ុនគ្រាប់សណ្ដែក គីង្គក់លេបធ្យូងនោះចូលទៅ លោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយ​តូចនៅកណ្ដាលផ្លូវ គីង្គក់លេបថែមទៅទៀត លោតបន្តិចទៅទៀតឃើញគ្រាប់អង្ក្រេមអង្ក្រមមួយ​ ក៏លេបទៅបានជា ៣ ល្មមតែពេញពោះគ្នានោះរួចត្រឡប់វិលមកចាំខ្លាឯទីដដែលវិញ ។

ឯសត្វខ្លាកាលណាស្វែងរកខាំសត្វបានសព្វគ្រប់ហើយត្រឡប់មកឯកន្លែងសន្យាដើម មកដល់ឃើញគីង្គក់នៅអង្គុយចាំច្រប៉ុកៗ ខ្លាសួរថាយើបងមាំងកាយេឯងមកដល់ហើយអ្ហ៎ះ គីង្គក់តបថាយើងមកដល់ចាំបងឯងយូរណាស់ហើយ អើបងខ្លាឯងបានប៉ុន្មានមុខ បងឯងរើចេញមកមើលយើងនឹងកត់ត្រា ខ្លាក៏រើសាច់សត្វនានា ប្រាប់គីង្គក់ជាច្រើនមុខ រើចេញអស់ទើបប្រាប់ថាអស់តែប៉ុណ្ណេះហើយ គីង្គក់ក៏តាំងរើចំណែករបស់ខ្លួនវិញឱ្យមកមើលចុះ

ទី១ ដំបូងរើបញ្ចេញធ្យូងនោះមកមុន ខ្លាសួរថាសត្វអីបង គីង្គក់តបថាហ្នឹងគេហៅ “គាសរម៉ុយ” ខ្លាស្ដាប់មិនបានអង្វរថា កុំនិយាយបាលីបាគុអីបង សុំឱ្យប្រាប់ជាសម្រាយមកចុះ គីង្គក់ប្រាប់ថានេះ កុយរមាស ខ្លាក៏កោតថាយើទៅខាំដល់កុយរមាសផង ។

ទ២ រើឆ្អឹងត្រីស្លាតនោះចេញមកទៀត ខ្លាសួរថាសត្វអីសស្គុសអ៊ីចេះបង គីង្គក់ប្រាប់ថា ផ្លដំរីស៊ុក ខ្លាថាអាណិតកុំនិយាយបាលីបាគូអី គីង្គក់តបថាអាហ្នឹងគេហៅភ្លុកដំរីស ខ្លារឹតតែកោតថា អៃយ៉ាលេងដល់ភ្លុកដំរីសទៀតផង ចុះអស់ប៉ុណ្ណឹងហើយឬនៅបង គីង្គក់តបថាយើអស់អីចេះអ្នកម៉ែនៅច្រើនមុខណាស់ បងឯងចាំតែរាប់ចុះ ។

ទី៣ ទម្លាក់គ្រាប់អង្ក្រេមអង្ក្រមនោះមក ខ្លាសួរថាសត្វអីក្រហមផងខ្មៅផងដូចនេះ ។ គីង្គក់តបថា “ផ្នាអាឃ្លែក” ខ្លាថាសុំនិយាយជាសម្រាយទៅវិញមើល គីង្គក់តបថាហ្នឹងឯងហើយគេហៅថាភ្នែកអាខ្លាឯង ខ្លាឮថាភ្នែករបស់ខ្លួនស្ទុះរត់ភ្លាមមិនហ៊ាននៅ គីង្គក់ស្រែកថាឈប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីសិន ខ្លារឹតតែភ័យខ្លាំងឡើងទៀតចេះតែរត់ទៅ គីង្គក់ខំដេញតាមពីក្រោយ លុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងសត្វអណ្ដើក ៗ សួរថាបងមាំងកាយេឯងរត់ទៅណា គីង្គក់តបទៅថា បងរាជាបូរិល ខ្ញុំដេញតាមខ្លាវារត់ទៅមិញៗ បងប្រទះដែរឬ អណ្ដើកប្រាប់ថាឃើញវារត់ទៅហើយ បើចុះខ្ញុំជួយតាម គីង្គក់និងអណ្ដើកក៏នាំគ្នាតាមទៅ ដើរបន្តិចទៅឃើញខ្លានៅពួនលើគុំឫស្សី អណ្ដើកមើលទៅឃើញ ស្រែកប្រាប់គីង្គក់ថា វានៅៗនេះទេ ។

គីង្គក់តបអណ្ដើកថាឱ្យបងឯងនៅចាំត្រង់ណេះចុះខ្ញុំនឹងឡើងទៅចាប់វា គីង្គក់ខំឡើងតាមវល្លិនិងមែកឈើទៅបានពាក់កណ្ដាលគុំឫស្សីស្រាប់តែរបូតដៃធ្លាក់មកដីឮតែប្រោកអណ្ដើកថាវាថីបង គីង្គក់ប្រាប់ថាខ្ញុំចុះមកបោចវល្លិយកទៅចងវាតែម្ដង ខ្លាឮដូច្នោះស្ទុះលោតចុះរត់ទៅទៀត ទៅឃើញដើមឈើមួយធំក៏ត្រេកអរខំឡើងទៅនៅសម្ងំមិនឱ្យសត្វទាំងពីរដឹង ឯគីង្គក់និងអណ្ដើកខំតាមដានទៅ បាត់ដានត្រង់ដើមឈើនោះមើលទៅលើឃើញឯខ្លាពួនក្រាបនៅលើមែកឈើស្រមាមៗ  ទើបស្រែកប្រាប់គ្នាថា កនយើងវានៅៗនេះទេ គីង្គក់ប្រាប់ថាបងរាជាបូរិលឯងចាំនៅគល់នេះចុះ ខ្ញុំនឹងឡើងទៅចាប់វាឯលើ គីង្គក់ខំប្រវេប្រវាឡើងទៅជិតប្រគាបមែកឈើមួយ​ ស្រាប់តែសម្បកឈើវារបេះធ្លាក់ចុះមកដោយទាំងគីង្គក់មកដល់ដី អណ្ដើកឃើញសួរទៅម៉េចអីចេះ គីង្គក់ប្រាប់ថាយើងគិតរម្លំឈើនេះវិញឱ្យដួលមកនឹងចាប់ អណ្ដើកបោលទង្គិចគល់ឈើនោះឮសូរតែប៉ូកៗ រួចគីង្គក់ធ្វើបញ្ចេញសំឡេងឮតែក្រតៗ ហើយស្រែកបន្ទរទៀតថា ហ៏រលំទៅហើយ ខ្លាបានឮថារលំក្រឡេកមើលទៅឃើញពពករសាត់លឿនស្លៅ ស្មានថារលំមែនហើយខំស្ទុះរត់ចុះទៅទៀតសត្វទាំង២ចេះតែដេញតាមទៅ ។

ឯខ្លារត់កាន់តែឆ្ងាយបានទៅប្រទះនឹងតាចាស់ម្នាក់ធ្វើជាងដែក ខ្លាចូលទៅសំពះតាចាស់នោះសុំឱ្យជួយយកអាយុខ្ញុំផង ដ្បិតគីង្គក់និងអណ្ដើកវាដេញចាប់ខ្ញុំ នឹងប្រហារដល់ជីវិត តាចាស់តបទៅនឹងខ្លាថា នៅចុះសឹមអញជួយឯងឱ្យរួចពីស្លាប់កុំឱ្យអាគីង្គក់ អណ្ដើកធ្វើអីបាន យូរបន្តិចឃើញអណ្ដើកទៅដល់មុន ខ្លាប្រាប់តាចាស់ថា អុញហ្នម៏ទៀតហើយតាតាចាស់ថាមិនអីទេ បើខ្លាចណាស់ឱ្យខំសប់ឱ្យខ្លាំងៗ ខ្លារឹតតែសប់ខ្លាំងឡើង ហើយតាចាស់ទៅចាប់អណ្ដើកនោះ គាត់ថាជាហើយចាំតែធ្វើដែករួចនឹងស្ងោ បន្តិចទៀតឃើញគីង្គក់ទៅដល់ទៀតអាហ្នឹងហើយវាប្រាថ្នាតែភ្នែកខ្ញុំទេ តាចាស់ប្រាប់ថាបើឯងខ្លាចវាណាស់ឱ្យយកខ្សែចងស្នប់ភ្ជាប់នឹងចង្កេះទៅខ្លាធ្វើតាម ឯតាចាស់នោះគាត់ស្លៀកខោខ្លីជើងធំៗ ពេកគាត់អង្គុយលើអណ្ដើកកំពង់តែលោក៏កោសកាំបិតឱ្យស្អាត ភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោម វាធ្លាក់នៅកណ្ដាលវាល គីង្គក់ក្រឡេកទៅឃើញប្រាប់ទៅអណ្ដើកថា បងរាជាបូរិលឯងមើលខាងក្រោម អណ្ដើកក្រឡេកទៅឃើញប្រដាប់តាចាស់នោះទាំងអស់ ក៏មានចិត្តអរព្រួច ហើយអើតក្បាលចូលទៅក្នុងជើងខោខាំត្រឹមគល់នឹងចង្កូមដាច់ទៅទាំងអស់ តាចាស់ដួលបះជើងច្រោង គីង្គក់ក៏ស្រែកថាអៅកនយើងដួលមួយ​ហើយ ខ្លាឃើញតាចាស់ដួលក៏ស្ទុះរត់ទៅដោយទាំងស្នប់នោះទៅផង គីង្គក់រឹងដេញតាមទៅ ដល់ជិតមាត់ស្ទឹងមួយ​​មានទឹកជ្រៅ គីង្គក់ស្រែកឱ្យអណ្ដើកថា បងប្រយត្នខំស្ទាក់កុំឱ្យវាលោតទឹកក្រែងបាត់ដាន ខ្លាឮដូច្នោះក៏លោតទៅក្នុងទឹក ៗ ក៏ចូលទៅក្នុងស្នប់ហើយហូរខ្លាំងក៏នាំខ្លាលិចស្លាប់ទៅ ។

រឿងនេះអ្នកមានប្រាជ្ញាគួរពិចារណាឃើញសេចក្ដីជឿទៅលើសត្វឆោតដូចខ្លានេះ នឹងនាំខ្លួនឱ្យលំបាកហើយស្លាប់ខ្លួនឥតអំពើដូចខ្លានេះ គួរទៅខ្លាចអីសត្វគីង្គក់វិញនេះ គេបញ្ឆោតថាដូចម្ដេចក៏ចេះតែជឿ គ្មានប្រាជ្ញាពិចារណាឱ្យឃើញខុសត្រូវសិនសោះឆោតអីឆោតម្ល៉េះលុះតែស្លាប់ខ្លួន ។

រឿងនេះមានពាក្យកំប្លែងថា (ជាពាក្យឃ្លោង)

តាជាងតាចាស់   ប្រញាប់រហ័ស  រហាល់ខាងស្ងោរ រាជាបូរិល ផ្ដាច់ផ្ដិលក្នុងខោ  តាជាងភ្នែកស្លោ ផ្ងារជើងផ្ងារដៃ   ។

ទៅចួបឯខ្លា  សត្វអាប់ប្រាជ្ញា  នាំឱ្យចង្រៃ អណ្ដើកគីង្គក់  គេប្រាជ្ញាវៃ  ចែងចេះសម្ដី កែខៃដាក់ទុក   ។

មួយ​ទៀតឯខ្លា  អាប់ឥតប្រាជ្ញា ហៅថាគម្រក់ ខ្លួនខ្លាំងអំណាច ទៅខ្លាចគីង្គក់  អង្គុយជ្រងក់ ដូចដុំសិលា   ។

សត្វខ្លាសែនខ្លៅ  ចិត្តឆោតចេះឆៅ  ឮគីង្គក់ថា បញ្ឆោតអួតអាង ថាភ្នែកអាត្មា  ភិតភ័យតក្កមា រត់រាន់ចៅរ៉ៅ   ។

ខ្លាខ្លាចបងមាំង កាយេគេខ្លាំង ចិត្តចោរឃោឃៅ ខ្លាចខាំនេត្រា ទ្វេហាទៀតទៅ ម៉្លោះហើយគ្នានៅ ឯណាក៏បាន   ។

ជាន់ក្រោយនេះទៀត  ឆោតពាលើឆ្លៀត លិចអន្ដរធាន លោតចុះគង្គា ស្នប់វាទាញប្រាណ  ទឹកហូរដូចច្រាន ដោយស្នប់លឿនស្លៅ  ។

ទៅទាំងខ្លួនខ្លា  លិចក្នុងគង្គា  ទឹកទៀតជ្រៀលជ្រៅ ខ្លាហែលមិនរួច កួចលិចបាត់ទៅ  ម៉្លោះហើយខ្លានៅ រស់បានកាលណា   ។

(ចប់ឆោតទី ១) ៕

ព្រះមេត្រីតេជោ (សុគទោ) ក្រមការដើមខ្សែលេខ ២
ជាអ្នករៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖