​រឿង​ សួស្ដី​និង​អពមង្គល

មានកាលសម័យថ្ងៃមួយ​នោះ សិរីសួស្ដីនិងអពមង្គលចួប​និយាយគ្នា អពមង្គលសួរទៅសិរីសួស្ដីថា លោកមានឫទ្ធីអំណាចដូចម្ដេចខ្លះ នោះសិរីសួស្ដីប្រាប់ទៅអពមង្គលថា ឫទ្ធីអំណាចអញជាសិរីសួស្ដីនេះខ្លាំងពូកែណាស់ សូម្បីតែមនុស្សខ្ញុំគេ ៗ ស្អប់គេមិនមេត្តា អញទៅសណ្ឋិត កាលណាគេខ្លាចគេស្នេហាទំនុកបម្រុងទាល់តែបានរាជសម្បត្តិ ។

ឯសិរីសួស្ដីសួរទៅអពមង្គលវិញថា ឫទ្ធីអំណាចឯងដូចម្ដេចខ្លះ នោះអពមង្គលឆ្លើយថាឫទ្ធីអំណាចខ្ញុំនេះ បើខ្ញុំទៅសណ្ឋិតនៅឈ្មោះណាបណ្ដាលឱ្យគេស្អប់គេខឹងខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយ សូម្បីតែបានរាជសម្បត្តិគង់ថ្លោះធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបាន នោះអពមង្គលចង់ដឹងឫទ្ធីសិរីសួស្ដីថា ខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះអាតុល សេដ្ឋីប្រើឱ្យឃ្វាលគោក្របីសព្វថ្ងៃនេះ សេដ្ឋីខឹងនឹងអាតុលជេរវាយតែសព្វថ្ងៃថាពុំមើលថែរក្សាគោក្របីស្គមអស់ ខ្ញុំចង់ឱ្យលោកសិរីសួស្ដីទៅសណ្ឋិតនៅរូបអាតុលខ្ញុំសេដ្ឋីនោះឱ្យវាបានរាជសម្បត្តិ ខ្ញុំក៏ជឿថាលោកមានឫទ្ធីខ្លាំងពូកែប្រាកដមែន នោះសិរីសួស្ដីប្រាប់ទៅអពមង្គលវិញថាឯងចាំមកគន់មើលចុះ ថ្ងៃស្អែកនេះអញចូលទៅនៅសណ្ឋិតនូវរូបអាតុលខ្ញុំសេដ្ឋីហើយ តែអញចូលទៅនៅកាលណាយូរបន្តិចទៅមុខជាអាតុលខ្ញុំសេដ្ឋីនោះវាបានសោយរាជសម្បត្តិមិនខាន ។

លុះព្រឹកឡើងដល់ពេលអាតុលបញ្ចេញគោក្របីក្រោលទៅឃ្វាល នោះសិរីសួស្ដីចូលទៅសណ្ឋិតនៅរូបអាតុលៗ ក៏រីករាយសប្បាយចិត្តប្លែកពីថ្ងៃមុនៗ ។

លុះដល់ពេលល្ងាចកៀងគោក្របីត្រឡប់មកបញ្ចូលក្រោលនៅផ្ទះវិញ នោះសេដ្ឋីទាំងប្ដីប្រពន្ធឈរមើលគោក្របីឃើញអាតុលរាំងទ្វារក្រោលគោក្របីខ្ជាប់មាំមួនហើយៗ អាតុលក៏ឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅហ្វាយនៅទីកន្លែងខ្លួនដូចសព្វដង នោះសេដ្ឋីទាំងប្ដីប្រពន្ធឃើញអាតុលនឹកក្នុងចិត្តអាណិតមេត្តាថា ឱអាតុលអើយ ចៅទៅឃ្វាលគោក្របីអត់បាយទាល់ល្ងាចទើបបានបាយបរិភោគម្ល៉េះសមវាឃ្លានយ៉ាងណា គិតហើយក៏ដាស់តឿនខ្ញុំកំដរស្រីៗ ឱ្យដួសបាយស៊ីរាល់គ្នាទៅ លុះដល់ដួសរួចស្រេច ភោជនាហារណាដែលមានឱជារសក៏យកទៅដាក់ជូនសេដ្ឋីហើយប្រជុំគ្នាស៊ីទៅ នោះសេដ្ឋីប្ដីប្រពន្ធហៅអាតុលៗ មកជិតចាប់ម្ហូបដែលមានរសឱ្យអាតុលបរិភោគៗ រួចសេដ្ឋីប្ដីប្រពន្ធគន់មើលកិរិយាឫករូបអាតុលនោះ រកទាស់ចិត្តត្រង់ណាគ្មាន បណ្ដាមហាជនស្រីក្ដីប្រុសក្ដី តែបានឃើញរូបអាតុលហើយសឹងមានចិត្តស្នេហាមេត្តាពន់ប្រមាណ រីឯសេដ្ឋីប្ដីប្រពន្ធជាចៅហ្វាយអាតុលនោះនិយាយគិតគ្នាថា យើងសព្វថ្ងៃនេះអារ​ឥតកូន ទ្រព្យសម្បត្តិក៏មានច្រើន អំណឹះតទៅបើឥតពីយើង ទ្រព្យសម្បត្តិនឹងអន្តរាយអសារឥតការ គួរយើងយកអាតុលលើកឡើងតម្កើងជាកូន កុំឱ្យវាឃ្វាលគោក្របីដ្បិតអាតុលនេះសាច់ឈាមឫកពារល្អណាស់ ល្មមគួរសមជាកូនយើងបាន ។

លុះដល់ពេលល្ងាច អាតុលត្រឡប់មកពីឃ្វាលគោក្របីវិញ សេដ្ឋីទាំងប្ដីប្រពន្ធ ឃើញអាតុលរឹងរឹតតែស្នេហាមេត្តាពន់ពេក ហើយហៅឱ្យបរិភោគបាយជាមួយមិនឱ្យឃ្លាតឆ្ងាយពីខ្លួន គោក្របីក៏មិនឱ្យឃ្វាលពីថ្ងៃនោះតទៅ ។

សេដ្ឋីទាំងប្ដីប្រពន្ធនោះក៏យក​សម្លៀកបំពាក់គ្រឿងមាសប្រាក់តុបតែងឱ្យអាតុល ហើយប្រាប់ថាពីថ្ងៃនេះទៅអញទុកឯងជាកូន ទ្រព្យសម្បត្តិអញទាំងប៉ុន្មានៗអំណឹះឥតពីអញទៅនៅលើដៃកូនឯងទាំងអស់ អាតុលក៏រីករាយសប្បាយចិត្តជាទីបំផុត លុះអាតុលចម្រើនអាយុពេញរូបរាងកាយ ដោយអំណាចសិរីសួស្ដីនៅសណ្ឋិតលើខ្លួន រឹងរឹតតែល្អរកបុរសឯណានឹងប្រៀបផ្ទឹមស្មើពុំបាន ។

ឯសេដ្ឋីតែងតែចូលគាល់ព្រះមហាក្សត្រព្រឹកល្ងាច ពុំដែលលស់ខាន ក៏នាំយកអាតុលទៅគាល់ព្រះមហាក្សត្រៗ មានបុត្រីតែមួយ​ព្រះអង្គ សេ្ដចចេញមកនៅទីក្រឡាព្រះគំនាល់ ព្រះរាជបុត្រក៏ដឹតដោយក្រោយព្រះអង្គមក មហាសេដ្ឋីនាំកូនដល់ហើយចូលក្រាបបង្គំគាល់ នោះព្រះមហាក្សត្រឆ្មៀងព្រះនេត្រឃើញសេដ្ឋីនិងកូនអង្គុយគាល់ទន្ទឹមគ្នា ទ្រង់ត្រាស់សួរថា កូនសេដ្ឋីឯងឬ នោះសេដ្ឋីទូលថា កូនទូលព្រះបង្គំជាខ្ញុំ ស្ដេចក៏សរសើរថា កូនសេដ្ឋីឯងមានរូបឫកល្អណាស់ឯព្រះរាជបុត្រីនោះនឹកក្នុងព្រះទ័យថា កូនសេដ្ឋីនេះធ្វើម្ដេចនឹងបានជាស្វាមីអញ លម្អអ្នកនេះនឹងរកបុរសណាផ្ចឹមស្មើពុំបាន ។

លុះគួរវេលាហើយស្ដេចនិងព្រះរាជបុត្រីនោះយាងចូលទៅខាងក្នុងវិញ សេដ្ឋីក៏ក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះលុះដល់ផ្ទះនិយាយនឹងសេដ្ឋីថាលោកឪលោកម៉ែ មេត្តាកូន ទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឱ្យខ្ញុំ ដ្បិតកាលខ្ញុំចូលទៅគាល់ជាមួយនឹងលោកឪពុក នោះខ្ញុំបានឃើញច្បាស់ព្រះរាជបុត្រីនោះល្អណាស់ បើមិនដណ្ដឹងឱ្យខ្ញុំមុខជាស្លាប់មិនខាន សេដ្ឋីទាំងប្ដីប្រពន្ធ ដោយសេ្នហាកូនណាស់ក៏ប្រថុយខ្លួនរៀបតុមាសតុប្រាក់ដាក់គ្រឿងបណ្ណាការជាតង្វាយ របស់សុទ្ធតែពីពេជ្រនិងមាសពោរពាសច្រើនតុ លុះព្រឹកឡើងនាំតង្វាយនោះ ទៅដល់រៀបចំក្នុងទីព្រះរាជរោង រីឯព្រះមហាក្សត្រស្ដេចចេញមកឱ្យនាហ្មឺនតូចធំគាល់ សេដ្ឋីទាំងប្ដីប្រពន្ធក៏គាល់ជិតនៅគ្រឿងបណ្ណាការតង្វាយនោះ ហើយសេ្ដចត្រាស់សួរសេដ្ឋីថា តង្វាយនេះប្លែកណាស់ សេដ្ឋីឯងមានការអ្វី សេដ្ឋីប្ដីប្រពន្ធឱនក្រាបបង្គំទូលថាសម្លាប់ទាល់ស្លាប់ បើទ្រង់ទុកជីវិតនៅសូមជ្រកកោនក្រោមល្អងធូលីព្រះបាទ សូមប្រោសព្រះរាជទានព្រះរាជបុត្រីផ្សំនឹងកូនប្រុសទូលព្រះបង្គំជាខ្ញុំ ស្ដេចជ្រាបទ្រង់អនុញ្ញាតព្រមទ្រង់ចាត់មុខក្រសួងឱ្យរៀបពិធីស្រេចហោរាថ្វាយឫក្ស ស្ដេចក៏ផ្សំព្រះរាជបុត្រីនិងកូនសេដ្ឋីផ្ទេរទាំងរាជសម្បត្តិឱ្យគ្រប់គ្រង ។

ឯស្ដេចតុលនិងមហេសីបានរាជសម្បត្តិហើយរីករាយក្រសេមសុខឥតទុក្ខមហាប្រសើរលើសលប់រៀងទៅ ។

ពីនេះនឹងអធិប្បាយពីរឿងអពមង្គលចួប​នឹងសិរីសួស្ដីហើយថា លោកសិរីសួស្ដីខ្ញុំជឿលោកឃើញថាលោកមានឫទ្ធីជួយស្ដេចតុលបានរាជសម្បត្តិមែន វេលានេះលោកចាំមើល​ឫទ្ធី​ខ្ញុំវិញសូមលោកលែងទៅសណ្ឋិតនៅរូបស្ដេចតុល សិរីសួស្ដីក៏ថយចេញពីរូបស្ដេចតុលនោះ អពមង្គលក៏ចូលទៅនៅសណ្ឋិតនៅរូបស្ដេចតុលៗ ក៏ចេះតែនៅមួម៉ៅក្ដៅក្រហាយអាប់ឥតរស្មី មហេសីស្រីបរិវារ​ក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិប័តន៍​បណ្ដាលចិត្តឱ្យតែខឹងស្អប់ស្ដេចតុលនោះ ទាំងអស់លោកចតុស្ដម្ភធំតូចទាំងប៉ុន្មានៗ ក៏ពុំសូវចូលចិត្ត គិតចង់ឱ្យតែព្រះវររាជបិតាក្មេកយករាជសម្បត្តិទៅវិញ ។

ឯចំណែកស្ដេចតុលចេះតែក្ដៅក្រហាយអន្ទះអន្ទែងចង់ទៅក្រសាលដោយទំនាបមាត់បឹងក្រៃពេក ក៏នាំមហេសីស្រីបរិវារចេញទៅក្រសាល លុះទៅដល់ក៏ចាត់ឱ្យធ្វើព្រះពន្លាភ័កស្នាក់ក្រសាល នៅទីមាត់បឹងនោះឮតែសព្ទសូរត្រដោកគោត្រដោកក្របី ស្ដេចតុលក៏ភ្នកនឹកអាណិតខ្លួន កាលនៅជាខ្ញុំមហាសេដ្ឋីគេប្រើឱ្យឃ្វាលគោក្របី ហើយក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួល នោះព្រះមហេសីថាម្ចាស់ហេតុអីក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួលម្ល៉េះ នោះស្ដេចតុលប្រាប់មហេសីដោយស្មោះត្រង់ថា លាក់បាំងអីអ្នកអូនអើយ ខ្លួនបងនេះមិនមែនជាកូនសេដ្ឋីទេ កាលពីដើមបងជាខ្ញុំសេដ្ឋី ៗ គេប្រើឱ្យឃ្វាលគោក្របី បងឮសព្ទសូរត្រដោកក្របីគោ បងនឹកស្រងេះស្រងោចអាណិតខ្លួនបានជាបងយំ មហេសីបានឮច្បាស់ជាខ្ញុំសេដ្ឋីហើយក៏នឹកទោមនស្សក្នុងព្រះទ័យពន់ពេកនឹកថាឱព្រះវររាជបិតា ពុំគួរផ្សំផ្គុំកូនផ្ទេរទាំងរាជសម្បត្តិឱ្យទៅខ្ញុំគេសោះ ខ្ញាល់ហើយក៏នាំស្ដេចតុលនិងស្រីបរិវារបណ្ដាជាខ្ញុំដែលតាមហែរទៅទាំងប៉ុន្មានៗ ត្រឡប់ចូលដល់ព្រះរាជវាំងវិញ លុះដល់ចូលទូលសម្ដេចព្រះវររាជបិតាមាតា តាមរឿងដែលស្ដេចតុលយំប្រាប់គ្រប់ប្រការ សម្ដេចព្រះវររាជបិតាទ្រង់ជ្រាបហើយ ទ្រង់ព្រះក្រោធពន់ប្រមាណត្រាស់ឱ្យហៅសេដ្ឋីទាំងប្ដីប្រពន្ធ មកដៀលត្មះជាទម្ងន់ហើយប្រគល់ស្ដេចតុលឱ្យទៅសេដ្ឋីប្ដីប្រពន្ធនាំយកទៅផ្ទះវិញ ។

ឯរាជសម្បត្តិ ស្ដេចគ្រប់គ្រងរក្សាតរៀងទៅ សេដ្ឋីប្ដីប្រពន្ធនាំអាតុលទៅដល់ផ្ទះហើយ ជេរវាយត្មះតិះដៀលលែងរាប់អានធ្វើជាកូន បង្គាប់អាតុលឱ្យឃ្វាលគោក្របីទុកជាខ្ញុំដូចពីដើមវិញ ៕

ព្រះអក្ខរលេខា ណុប នៅក្រសួងព្រះរាជនិពន្ធ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖