វណ្ណយុត្ត

( ន. ) [វ័ន-ណៈយុត]   ( បា. ស. )

(សំ. វណ៌យុក្ត ឬ–យុក្តិ) គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន ១៨ យ៉ាងគឺ៖

១- វិសជ៌នី ឬ វិសគ៌ៈ ឬក៏ រះមុខ (ះ)

(សំ.),(បា.) (–ស័រ-គៈ) (ធៀបនឹង សំ. ជា វិសគ្គ, វិសជ្ជនីយ) ឈ្មោះវណ្ណយុត្តមួយប្រភេទ (ះ) នេះ (ហៅ រះមុខ ក៏បាន); ខាងអក្សរទេវនាគរី (សម្រាប់សំស្រ្កឹត) ប្រើជាចំណុចមួយគូលើក្រោម ដូចយុគលពិន្ទុ (:), មានសូរសំឡេងស្រដៀងនឹងខ្យល់អក្សរ ស ដែលជាតួប្រកប ប៉ុន្តែមិនចេញសូរសម្ផស្សតាមប្រទល់ធ្មេញដូចតួ ស ទេ, ដូចជា កន្លះ, ពោះ សូរខុសគ្នានឹង កន្លាស់, ពស់ ។ ពាក្យសំស្រ្កឹតដែលមានតួ ហ នៅខាងចុង បើផ្លាស់ ហ ជា វិសគ៌ៈ (ះ) ហើយមិនត្រូវប្រើតួ ហ ថែមទៀតទេ, ដូចជា គ្ឫហ, ចន្រ្ទគ្រាហ, សំគ្រហ, អនុគ្រហ ទៅជា គ្ឫះ ឬ គ្រឹះ, ចន្រ្ទគ្រាះ, សង្រ្គោះ, អនុគ្រោះ; កុំប្រើជា គ្រឹះហ៍, ចន្រ្ទគ្រាះហ៍, សង្រ្គោះហ៍, អនុគ្រោះហ៍ ដូច្នេះឡើយ ។

២- មូសិកទន្ត ឬ ធ្មេញកណ្តុរ ( ៉ )

(បា.),(សំ.)(មូសិកៈទ័ន)(< មូសិក “កណ្ដុរ” + ទន្ត “ធ្មេញ”; មូឞិក–) ធ្មេញកណ្ដុរ ។ ខ្មែរប្រើពាក្យនេះជាវណ្ណយុត្តិមួយប្រភេទមានរូបជាគំនូសក្បៀសពីរ សណ្ឋានស្រដៀងនឹងធ្មេញកណ្ដុរ ( ” ) នេះ សម្រាប់ប្រើសម្លាប់បំបែរសំឡេងព្យញ្ជនៈ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ, មានសំឡេងជា ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉, និងប្រើដាក់ពីលើស្រៈ ិ ឱ្យជា ឺ   ប៉ុន្តែបើមានស្រៈ ឬនិគ្គហិតនៅពីលើត្រូវយកធ្មេញកណ្ដុរមកដាក់ខាងក្រោមវិញ ដូចយ៉ាង ង៉ិកង៉ក់, ញ៉ាំញ៉ើ, ប៉ិនប៉ៅ ជាដើម ។

៣- ត្រីសព្ទ (៊)

(–ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឱ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊‌ីកអ៊ាក (អ៊ីកអ៊ាក), ក្រួចអ៊‌ឺត(អ៊ឺត), អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។

៤- ទណ្ឌឃាដ ឬ បដិសេធ (៍)

(បា.) (ទ័នឌៈ-ឃាត) ការពិឃាតដោយអាជ្ញា, ដោយដំបង, កំណាត់ឈើ ជាគ្រឿងពិឃាត ។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះវណ្ណយុត្តម្យ៉ាងមានសណ្ឋានលំនាំកន្ទុយកំប្រុក (៍) សម្រាប់ដាក់ឃាត់អក្សរមិនឱ្យមានសំឡេងដូចជា ប្រយោជន៍, យោជន៍, ខ្លឹមច័ន្ទន៍ ជាដើម; វណ្ណយុត្ត នេះបើហៅថា បដិសេធ ក៏បាន ចំពោះភាសាសំស្រ្កឹតដែលសរសេរជាអក្សរទេវនាគរី, ទណ្ឌឃាតនេះ ហៅថា វិរាម មានរូបដូច្នេះ (^) សម្រាប់ប្រើដាក់ពីក្រោមតួអក្សរក្រោយបង្អស់ ដែលទុកគ្រាន់តែជាតួប្រកបប៉ុណ្ណោះមិនឱ្យចេញសំឡេង ដូចជាពាក្យថា កម៌ន, តបស, តេជស, អាត្មន, ជាដើម ។ ប៉ុន្តែចំពោះភាសាសំស្ក្រឹតដែលសរសេរជាអក្សរខ្មែរ, យើងសន្មតសញ្ញាទណ្ឌឃាតនេះដូច្នេះវិញ (៑) សម្រាប់ដាក់ពីលើតួអក្សរក្រោយបង្អស់នោះៗ ដែលគ្រាន់តែជាតួប្រកបមិនឱ្យចេញសំឡេងដូចគ្នាដែរដូចជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ. ថ. ករ័ន្ម, តៈប៉័ស, តេជ័ស, អាត្ម័ន) ។

៥- របាទ ឬ រេផៈ (៌)

( រ-បាត )ជើងអក្សរ រ (ហៅដោយសន្មតិ), ជាឈ្មោះវណ្ណយុត្តមួយប្រភេទ ដែលខ្មែរប្រើតាមបែប រេផៈ សំស្រ្កឹត មានរូបសណ្ឋានដូច្នេះ ( ៌ ), ក្លាយរូបមកទៀតជា (៌); ក្នុងសិលាចារឹកខ្មែរបុរាណច្រើនប្រើ រ ពេញតួ, សម្រាប់ប្រើដាក់លើអក្សរតួចុង ដើម្បីធ្វើអក្សរតួដើមបន្ទាប់នោះឱ្យមានសូរសំឡេងញ័រ, ប្រើចំពោះតែភាសាសំស្រ្កឹត ឬសំស្រ្កឹតក្លាយ, ដូចជា គ័ភ៌, ទុគ៌ត, ទុព៌ល, ធម៌, បព៌ត, ព័ណ៌, ធម៌អាថ៌ ជាដើម; ប៉ុន្តែបើមានស្រះដែលទើសពិបាកសរសេរនោះ ត្រូវដាក់អក្សរ រ ពេញតួពីលើជើងអក្សរខាងចុងវិញ, ដូចជា ទុរ្ភិក្ស, មូរ្តី, រាមកេរ្តិ៍, តិរ្ថិយ, អន្យតិរ្ថិយ ជាដើម; ចួនកាលមិនមានស្រះទើសទែងទេ ប៉ុន្តែគួរឱ្យច្រឡំពិបាកអាន ក៏ត្រូវដាក់តួ រ លើជើងអក្សរខាងចុងបានដែរ, ដូចជា កម៌ន៑, អស្ចាយ៌, អាចាយ៌ ប្រើជា ករ្ម័ន, អស្ចារ្យ, អាចារ្យ ជាដើម (ប្រើសម្រួលឱ្យងាយមើលងាយថា) ។ បើមានអក្សរ រ ជាតួប្រកបពីខាងចុង, នឹងប្រើជា របាទ (រេផៈ) នេះផងពុំបានឡើយ, ដូចជា ជ័រ, ដើមសង្ឃ័រ, ញ័រ, ទទ័រ ជាដើម (សរសេរយ៉ាងនេះត្រឹមត្រូវហើយ) កុំសរសេរជា ជ័រ៌, ទទ័រ៌  ឬ ជារ៌, ទទារ៌ ឬក៏ ជារ៌, ទទារ៌ ដូច្នេះឡើយ ។

៦- រស្សសញ្ញា ឬ បន្តក់ (់)

(បា.),(សំ.) (រ័ស-សៈ ស័ញ-ញ៉ា) (< រស្ស “ខ្លី” + សញ្ញា “គ្រឿងសម្គាល់; ឈ្មោះ, …”; ហ្រស្វ + សំជ្ញា) គ្រឿងសម្គាល់ឱ្យដឹងថាមានសំឡេងខ្លី ។ ពាក្យនេះវេយ្យាករណ៍បណ្ឌិតខ្មែរសន្មតជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានកំបុតខ្លីនេះ (់) សម្រាប់ប្រើបំបែរសំឡេងវែងឱ្យខ្លីកំបុតធ្ងន់, ប្រើដាក់បានចំពោះតែពីលើតួអក្សរប្រកបរបស់ពាក្យខ្មែរដែលជាស្រៈ អ, អា ពីរនេះដូចជា : អត់, កក់, ចប់, ដល់; អាក់, កាន់, ចង្កាក់, ស្គាល់ ជាដើម (ហៅថា សង្កត់ ឬ បន្តក់ ក៏បាន; សៀមហៅ ម៉ៃឯក អ. ថ. ម៉ៃអេក “ឈើមួយ” សម្រាប់ប្រើបំបែកសំនៀងដោយវិធីផ្សេងពីខ្មែរ ។ ម. ព. រស្សៈ និង សញ្ញា ផង) ។

៧- សំយោគសញ្ញា (័)

(បា.),(សំ.)(ស័ង-យោគៈស័ញ-ញ៉ា)គ្រឿងសម្គាល់អក្សរតម្រួត ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានដូច្នេះ (័) ជាជំនួសអក្សរសំយោគសម្រាប់ដាក់លើពាក្យបាលីឬសំស្រឹ្កតពួកខ្លះ ដែលប្រើបំប្លែងសំឡេងឱ្យក្លាយល្អៀងពីសូរដើម, កាលបើមិនដាក់ (័) នេះ នាំឱ្យពិបាកថា, ដូចជាក្ស័យ, ជ័យ, ទ័ល, នង្គ័ល, ន័យ, និស្ស័យ, បច្ច័យ, ពិន័យ, ពិរាល័យ, ភ័យ, រហ័ស, រំហ័ស, វិន័យ, វេស្ម័ន, វេស្សវ័ណ, សម័យ, អធ្យាស្រ័យ, អនាម័យ, អភ័យ, អាល័យ, អាស្រ័យ, ឧបនិស្ស័យ ជាដើម ។ ទោះបីពាក្យដែលមានអក្សរសំយោគហើយ ប៉ុន្តែបើមិនដាក់ (័) នេះផ្សំផងទេ នាំឱ្យពិបាកថា, ត្រូវប្រើសំយោគសញ្ញាថែមទៀតក៏មានខ្លះ, ដូចជា គ័ភ៌, ទក្ខិណាព័ត៌, ព័ណ៌, ព័ទ្ធ, ព័ទ្ធព័ន្ធ, ពិទ័គ្ធ, ពិភ័ក្តិ, ភ័ព្វ, ម្រ័ក្សណ៍, យ័ន្ត ឬ យ័ន្រ្ត, ល័ក្ត, ល័ព្ធ, អភ័ព្វ ជាដើម ។ សម្រាប់ប្រើពាក្យខ្មែរខ្លះក៏មាន, ដូចជា ខ្ទ័រ, ជ័រ, ញ័រ, ទទ័រ, ទូទ័រ, ទំព័រ, នំបុ័ង, សូរបុ័ងៗ, ភ្ជ័រ, ផ្លែសង្ឃ័រ, ដើមសំព័រ, ស្ពាន់ធ័រ ជាដើម ។ សម្រាប់ប្រើភាសាដទៃក៏មានខ្លះ, ដូចជា កុងត្រូល័រ, ឌីរ៉ិកទ័រ, អ័ងស្ប៉ិកទ័រ ជាដើម ។

៨- លេខទោ ឬ អាមេណ្ឌិតសញ្ញា (ៗ)

លេខផ្ទួនឬគ្រឿងសម្គាល់ពាក្យផ្ទួន ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានខាងក្បាលឬខាងលើជាលេខ ២ ប៉ុន្តែខាងកន្ទុយឬខាងក្រោមទាញចុះ (ៗ) នេះ សម្រាប់សរសេររៀងពីខាងមុខពាក្យ ដែលត្រូវថា ផ្ទួន, ដូចជា ផ្សេងៗ, ទីទៃៗ, បងៗ, ប្អូនៗ ជាដើម, ប៉ុន្តែពាក្យ បា. ដូចយ៉ាង អាបោ អាបោ ជាដើមកុំប្រើ អាបោៗ ត្រូវប្រើ អាបោ អាបោ តាមរូបដើម (ហៅ លេខទោក៏បាន) ។

៩- លេខអស្តា (៏)

(សំ.)(ជើង ដ, ល៉េក-អ័ស-ស្ដា)(លេខ + អឞ្ដ) លេខ ៨ ។ ខ្មែរប្រើជាវណ្ណយុត្តសម្រាប់ដាក់លើអក្សរទោល កញ្ឆក់សំឡេងឱ្យខ្លីរហ័ស, ដូចជា : ក៏បាន, ក៏ដោយ, ដ៏ប្រសើរ, ព្ធដ៏អាកាស; ហ៏ !, ហ៏យកចុះ !; នុ៎ះន៏; អុញន៏ ! ជាដើម ។

១០- កាកបាទ ឬ ជើងក្អែក (+)

(បា.) (កាកៈបាត) (“ជើងក្អែក”) ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចជើងក្អែក គំនូស ឬឈើខ្វែងមានសណ្ឋានស្រដៀងនឹងក្រញាំជើងក្អែក ។ ឈ្មោះវណ្ណយុត្តិមួយយ៉ាង (+) សម្រាប់ទាញសំឡេងអក្សរឱ្យឡើងខ្ពស់ជាងប្រក្រតី ដូចពាក្យថា ឆ្លើយកូ៎ក, នុ៎ះហើយ, អ្វីហ្ន៎ ? ជាដើម ។ សម្រាប់ប្រើជៀតអក្សរ ជៀតពាក្យដែលសរសេរខុសហើយសរសេរជៀតពីលើ ឬពីក្រោមត្រូវការជើងក្អែកនេះ (+) ។

១១- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙)

(សំ.),(បា.)(កុក្កុដនេត្ត “ភ្នែកមាន់”) ឈ្មោះវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានជាវង់មូល ពីរជាន់ តូចក្នុង ធំក្រៅ ស្រដៀងនឹងភ្នែកមាន់ (៙) សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ ដើមសេចក្ដីធំនីមួយៗ (ប្រើតែក្នុងសម័យជាន់ដើម) តែក្នុងសម័យសព្វថ្ងៃនេះមិនសូវប្រើ ។

១២- របះ ( ។)

ការរះឱ្យមានឃ្លា ។ ឈ្មោះវណ្ណយុត្តមួយប្រភេទមានរូបសណ្ឋានបែបនេះ ( ។ ) សម្រាប់រះខណ្ឌឃ្លាក្នុងសង្កាត់នៃប្រយោគវែងខ្លីនីមួយៗ ។ របះ នេះមានឈ្មោះផ្សេងៗទៅទៀតហៅថា របះសាខា ក៏បានគឺ របះតូច របះដែលរះរាំងសេចក្ដីខ្លី ។ របះធំ របះដែលរះរាំងសេចក្ដីវែង ។ របះបន្ទាត់ ឬ របះលូកបន្ទាត់ របះដែលរះត្រង់ចុងបន្ទាត់មួយខាងលើហើយបន្ទាត់ខាងក្រោមបន្ទាប់គ្នានោះត្រូវលូកចូល គឺត្រូវសរសេរលូកចូលមកខាងក្នុងឱ្យល្មមដល់ការគួរ មិនសរសេរឱ្យមានដើមបន្ទាត់ឬក្បាលបន្ទាត់ស្មើនឹងបន្ទាត់លើ ។ របះបរិយោសាន ឬ របះចប់ ក្នុងសម័យបុរាណ ប្រើរូបសណ្ឋានបែបនេះ ( ៕ ), ក្នុងសម័យបច្ចុប្បន្ន ប្រើរូបបែបនេះ ( ។ ) គឺរូបទោលតែមួយដែរ; ឬជួនប្រើរូបបែបនេះ ( ។៚ ) ក៏មាន, រូបបែបនេះ ( ៕៚ ) ក៏មាន (ដូចបុរាណដែរ) ។ របះដែលមាន គោមូត្រ ផ្សំជាមួយផងនេះ កវីក្នុងសម័យបុរាណ ច្រើនប្រើក្នុងទីបំផុតចប់ស្រេចនៃកាព្យ, ដូចជា : អ្នកណាបានស្ដាប់ អ្នកណាបានត្រាប់អ្នកណាបានធ្យាន រសធម៌នេះគាប់ ជាច្បាប់ទូន្មាន អ្នកនោះស្មើបាន ដល់និញ្វនហោង ៕៚ (សាស្រ្តាច្បាប់ រាជនេតិ ជានិពន្ធនៃព្រះរាជសម្ភារ) ។ ដែលធ្លាប់ប្រើរៀងមក, សរសេរជា របះ ក៏មាន ជាល្បះ ក៏មាន, ប៉ុន្តែតាមប្រភពនៃពាក្យ ត្រូវប្រើ របះ វិញ ព្រោះមានអត្ថន័យថាមកពី រះ គឺជាអំពើរបស់ រះ ឬដែលត្រូវ រះ; ឯ ល្បះ ជា ន. នៃពាក្យ កិ. ថា លះ; ល្បាស់ ជា ន. នៃ កិ. ថា លាស់ ។

១៣- របះចប់ ឬ របះបរិយោសាន (៕)

ក្នុងសម័យបុរាណ ប្រើរូបសណ្ឋានបែបនេះ ( ៕ ), ក្នុងសម័យបច្ចុប្បន្ន ប្រើរូបបែបនេះ ( ។ ) គឺរូបទោលតែមួយដែរ; ឬជួនប្រើរូបបែបនេះ ( ។៚ ) ក៏មាន, រូបបែបនេះ ( ៕៚ ) ក៏មាន (ដូចបុរាណដែរ) ។ របះដែលមាន គោមូត្រ ផ្សំជាមួយផងនេះ កវីក្នុងសម័យបុរាណ ច្រើនប្រើក្នុងទីបំផុតចប់ស្រេចនៃកាព្យ, ដូចជា : អ្នកណាបានស្ដាប់ អ្នកណាបានត្រាប់អ្នកណាបានធ្យាន រសធម៌នេះគាប់ ជាច្បាប់ទូន្មាន អ្នកនោះស្មើបាន ដល់និញ្វនហោង ៕៚ (សាស្រ្តាច្បាប់ រាជនេតិ ជានិពន្ធនៃព្រះរាជសម្ភារ) ។

១៤- គោមូត្រ (៚)

(សំ.),(បា.)(គោមុត្ត “ទឹកនោមគោ”) ឈ្មោះគ្រឿងវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានស្រដៀងនឹងកង្កាញ់ទឹកនោមគោ (៚) សម្រាប់ប្រើសរសេរ ដាក់ត្រង់កន្លែងបញ្ចប់សេចក្ដី ដែលចប់អស់ហើយត្រឹមប៉ុណ្ណោះ, ច្រើនប្រើក្នុងទីចប់ស្រេចនៃកាព្យ ។ គ្រឿងវណ្ណយុត្តិនេះ អ្នកលង្កាទ្វីប ប្រើដាក់ត្រង់ទីចប់នៃគាថាបាលីមួយៗ សម្គាល់ជាខ្យល់សំឡេងរនរន្ថាន់ដូចកង្កាញ់រលក តាមទំនងបទ សរភញ្ញ ម្យ៉ាងដែលហៅថា តរង្គៈ ; ប្រហែលជាពួកបុព្វបុរសរបស់យើងពីដើមប្រើបែបនេះតាមលង្កាទ្វីប សម្រាប់ដាក់ចំពោះតែត្រង់កន្លែងបញ្ចប់ពាក្យកាព្យឃ្លោង ជាគ្រឿងសម្គាល់សំឡេងរនទេដឹង ? លុះយូរៗតមក ទោះបីពាក្យរាយ ក៏ប្រើវណ្ណយុត្តិនេះដែរ ។

១៥- រ៉ាត់ ឬ គាប ( } )

(ស.)ឈ្មោះវណ្ណយុត្តមួយប្រភេទ ( } ) នេះសម្រាប់សរសេរគាប កើត កើត ពាក្យទន្ទឹមគ្នា, ដូចជា : ថ្ងៃ ៨ និង ១៥ ឬ ១៤ រោច រោច នេះជា : ថ្ងៃ ៨ កើត, ៨ រោច និង ១៥ កើត, ១៥ រោច ឬ ១៤ រោច ដូច្នេះវិញ ។

១៦- រជ្ជុសញ្ញា (-)

ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។

ក- សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឱ្យអានច្រឡំជាប្រកប នាំឱ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក… ។

ខ- សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ ។

គ- សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងចួនក្នុងកំណាព្យ ។

ឃ- សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់ ។

ង- សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ ។

១៧- មច្ឆណ្ឌសញ្ញា ឬ ពងត្រី (…)

(បា.) (ម័ច-ឆន់-ឌៈ ស័ញ-ញ៉ា) (មច្ឆ “ត្រី” + អណ្ឌ “ពង” + សញ្ញា “គ្រឿងសម្គាល់”) ឈ្មោះវណ្ណយុត្តិជាសញ្ញាមួយប្រភេទ ជាចំណុចមានសណ្ឋានដូចពងត្រី (…) សម្រាប់ប្រើក្នុងការរៀបរាប់របស់ផ្សេងៗឬខសេចក្ដីដែលនៅមានទៀត, ដែលមិនទាន់ចប់មិនទាន់អស់, មានន័យប្រហែលនឹងពាក្យ “ជាដើម” : សាលារៀនខ្ញុំមានតុ, ទូ, កៅអី…; ត្រូវយកប្រដាប់ប្រដាឱ្យសព្វគ្រប់ទៅផង ដូចជាឆ្នាំង, ចាន, វែក, ស្លាបព្រា, សម… ។

១៨- បេយ្យាលៈ ( ។ បេ ។) ឬ ( ។ល។)

(បា.)(ប៉ៃយ៉ាល៉ៈ) ឈ្មោះវណ្ណយុត្តមួយយ៉ាង សម្រាប់ប្រើបំព្រួញសេចក្ដីវែងឱ្យខ្លី ឬច្រើនឱ្យតិច, ប្រើតែអក្សរ១តួខាងដើមថា ។ បេ ។ (ប៉េ) ក៏បាន, ប្រើតែអក្សរខាងចុងថា ។ល។ (ល៉ៈ) ក៏បាន ។

១៩- យុគលពិន្ទុ (ៈ)

(សំ.),(បា.) (យុគៈលៈពិន-ទុ) (យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច”) ចំណុចមួយគូ ឬចំណុចពីរទន្ទឹមគ្នា (ម. ព. ពិន្ទុ ផង) ។ ពាក្យសន្មតឱ្យជា ឈ្មោះវណ្ណយុត្តមួយយ៉ាង (:) ដូចគ្នានឹង ដឺពង់ក៍ (Deux points) របស់បារាំងសែស, សម្រាប់ប្រើចុចពីខាងមុខអក្សរ ដែលមានសំឡេង ជា អៈ, អាៈ, អេៈ, ជាដើម ដូចជាខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ីថាៈ, អេៈអុៗ, រអេះរអុ ជាដើម; ប៉ុន្តែ ពាក្យដែលជា សមាសនាម មានដើមថា កម្ពុជរដ្ឋ, ខេមរជាតិ, មគធភាសា, មរណភាព, រាជបុត្រ, សក្ការបូជា, អក្ខរវិធី (ក័ម-ពុជៈរ័ក, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី) នេះ កុំចុចអក្សរកណ្តាលជា កម្ពុជៈរដ្ឋ, ខេមរៈជាតិ, មគធៈភាសា, មរណៈភាព, រាជៈបុត្រ, សក្ការៈបូជា, អក្ខរៈវិធី ដូច្នេះឡើយ ។ មួយទៀត, យុគលពិន្ទុ នេះមិនមានសំឡេងទេ សម្រាប់ប្រើជាគ្រឿងសម្គាល់ការចង្អុលពាក្យឬសេចក្តីខាងមុខ ដែលជាឧទាហរណ៍ឬជាព័ស្តុតាងជាដើម, ដូចជាម្តាយនិយាយ ថា : កូន, ឯងខំប្រឹងរៀនសូត្រទៅ ទាន់ខ្លួននៅក្មេង ! (ម. ព. វណ្ណយុត្ត ផង) ។

ជា ១៩ យ៉ាងនឹង យុគលពិន្ទុ នេះ (ៈ) ដែលទើបនឹងបង្កើតថ្មី សម្រាប់ប្រើចុចសម្រួលពាក្យឱ្យងាយថា, ដូចជា, ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម ។

ប្រភព ៖ វចនានុក្រមខ្មែរ សម្ដេច ជួន ណាត

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖