សង្គហធម៌

នមោ  តស្ស  ភគវតោ  អរហតោ  សម្មាសម្ពុទ្ធស្ស 

វេលានេះ អាត្មាភាពសូមសម្ដែងអំពីសង្គហធម៌ ដែលមានក្នុងសុត្តន្តបិដក គម្ពីរទីឃនិកាយ បាដិកវគ្គ ដូចសេចក្ដីតទៅនេះ ៖

កិច្ច ឬឧបាយសម្រាប់សង្គ្រោះឬក៏ស្រោចស្រង់គ្នានឹងគ្នាឲ្យមានក្ដីស្នេហាទៅវិញទៅមក កុំឲ្យបែកបាក់គ្នា ហៅថា សង្គហធម៌ (ឬថាបិយករណធម៌ ៗជាគ្រឿងធ្វើនូវសេចក្ដីស្រឡាញ់) មាន ៤ យ៉ាង ដូចពុទ្ធភាសិតមួយកន្លែង ក្នុងសិង្គាលោវាទសូត្រថា៖

ទានញ្ច  បិយវជ្ជញ្ច           អត្ថចរិយា  ច  យា  ឥធ

សមានត្តតា  ច  ធម្មេសុ    តត្ថ    តត្ថ  យថារហំ

ឯតេ  ខោ  សង្គហា  លោកេ        រថស្សាណីវ  យាយតោ

ឯតេ  ច  សង្គហា  នាស្ស  ន  មាតា  បុត្តការណា

លភេថ  មានំ  បូជំ  វា                 បិតា  វា បុត្តការណា  ។

សេចក្ដីថា៖ ធម៌សម្រាប់សង្គ្រោះមនុស្សក្នុងលោកនេះ មាន ៤ យ៉ាង គឺ៖ ការឲ្យទាន ១ ពោលពាក្យពីរោះ ១ កិរិយាប្រព្រឹត្តអំពើឲ្យជាប្រយោជន៍ ១ ភាពជាអ្នកតាំងខ្លួនឲ្យស្មោះស្មើ ១ ធម៌ទាំងប៉ុណ្ណេះនេះ រមែងប្រព្រឹត្តទៅក្នុងលោកដូចប្រែកទប់នៃរទេះ ។ អធិប្បាយថា រទេះកាលបើមានប្រែកទប់ ទើបអាចប្រព្រឹត្តទៅ បើមិនមានទេក៏មិនអាចប្រព្រឹត្តទៅបានឡើយ ដូចម្ដេចមិញ សត្វលោក កាលបើមានសង្គហធម៌ទាំង ៤ នេះ ទើបប្រព្រឹត្តទៅបាន បើមិនមានទេក៏មិនអាចប្រព្រឹត្តទៅបានដូច្នោះឯង ។ សង្គហធម៌ប៉ុណ្ណេះមិនមានហើយ មាតាក្ដី បិតាក្ដី ក៏មិនបាននូវការបូជាឬសេចក្ដីរាប់អានអំពីបុត្ររបស់ខ្លួនឡើយ ។

១- ការឲ្យទាន  ទាននេះចែកជា ២ យ៉ាងគឺ៖ សារណទាន ១ អសារណទាន ១ ។ ឲ្យចំពោះរូបបុគ្គលម្នាក់ ៗ ដូចជាមាតាបិតាឲ្យអាហារ ឲ្យគ្រឿងប្រដាប់ស្លៀកពាក់ ឲ្យទ្រព្យសម្បត្តិធ្វើដើមទុនដល់បុត្រធីតាឬក៏បុត្រធីតាដែលមានផ្ទះសម្បែងហើយ បានជូនភោជនាហារគ្រឿងស្លៀកពាក់ដល់មាតាបិតាដែលចាស់ជរា យ៉ាងនេះហៅថា អសាធារណទាន ។ ឥស្សរជន ឬអ្នកមានទ្រព្យសម្បត្តិ ជាអ្នកមានចិត្តផ្សាយមេត្តា អាណិតអាសូរដល់មហាជនហើយលះបង់ទ្រព្យសម្បត្តិ ជួលគេឲ្យលើកថ្នល់ ជីកព្រែក ធ្វើស្ពាន ដើម្បីជាផ្លូវគមនាគមន៍ទៅមកបានស្រួល ឬដាំដើមឈើ ជីកស្រះ ជីកអណ្ដូង សង់សាលា ដើម្បីជាទីសម្នាក់អាស្រ័យដល់មនុស្សអាគន្តុកៈឬទំនុកបម្រុងធ្វើផ្ទះពេទ្យ សាលាបង្រៀនជាទីឲ្យចំណេះវិជ្ជាដល់កុមារាកុមារី យ៉ាងនេះហៅថា សាធារណទាន ព្រោះឲ្យមិនចំពោះរូបបុគ្គលម្នាក់ ៗ នេះជាសង្គហធម៌ទី ១ ។

២- ការពោលពាក្យពីរោះ  នោះអធិប្បាយថា អ្នកឲ្យបើគ្រាន់តែឲ្យប៉ុណ្ណោះ ប៉ុន្តែមិនបានពោលពាក្យពីរោះគួរឲ្យចាប់ចិត្តផងទេ វត្ថុដែលឲ្យនោះ បើទុកជាច្រើនយ៉ាងណា ក៏ប្រាកដហាក់ដូចជាតិច បើពោលពាក្យពីរោះគួរឲ្យចាប់ចិត្តផង ពស្តុភារដែលឲ្យនោះសូម្បីតិចតួចសោះក៏ប្រាកដហាក់ដូចជាច្រើន ព្រោះធ្វើឲ្យកើតសេចក្ដីស្រឡាញ់ពេញចិត្ត ដូចភាសិតបុរាណថា “ប្រហុកអំបិលក៏ដោយចុះឲ្យតែចានកណ្ដាប់មាស” ព្រោះហេតុនោះ បានជាព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ចាត់ការពោលពាក្យពីរោះ ថាជាសង្គហធម៌ទី ២ ។

៣- កិរិយាប្រព្រឹត្តអំពើឲ្យជាប្រយោជន៍  អធិប្បាយថា អ្នកឲ្យបើប្រសិនជាឲ្យហើយនិយាយពីរោះផង ដែលជាគុណចាប់ចិត្តចងមេត្រីទុកបានយ៉ាងស្និទ្ធហើយ ប៉ុន្តែបើជាមនុស្សចេះតែមើលបំណាំគ្នាទៅវិញទៅមក មិនប្រព្រឹត្តប្រយោជន៍ដល់គ្នានឹងគ្នា គឺថាមិនហុចប្រយោជន៍ឲ្យ មិនប្រាប់ឧបាយឲ្យកើតប្រយោជន៍ គ្រាន់តែឲ្យរបស់និងនិយាយពីរោះប៉ុណ្ណោះ ការស្និទ្ធនោះក៏នឹងសាបសូន្យទៅវិញដោយងាយ ។ ព្រោះហេតុនោះ ការប្រព្រឹត្តអំពើជាប្រយោជន៍នេះ ចាត់ជាសង្គហធម៌ទី ៣ ។

៤- ភាពជាអ្នកតាំងខ្លួនឲ្យស្មោះស្មើ  នោះអធិប្បាយថា អ្នកឲ្យសូម្បីឲ្យហើយ និយាយពាក្យពីរោះ ព្រមទាំងជួយខ្វល់ខ្វាយធ្វើប្រយោជន៍ដល់គ្នានឹងគ្នាហើយ តែបើមិនចេះរៀបចំខ្លួនឲ្យសមតាមយសសក្តិឬមិនស្គាល់ធំ តូច ខ្ពស់ ទាប ជាអ្នកប្រកាន់មានះមើលងាយគេ សេចក្ដីរាប់អានគ្នាក៏នឹងសាបសូន្យទៅវិញ ។ លុះតែអាស្រ័យនូវសេចក្ដីស្មោះស្មើ តាំងខ្លួនឲ្យសមតាមយសសក្តិផង ទើបសេចក្ដីរាប់អាននោះនឹងមានកម្លាំងអាចតាំងនៅយូរអង្វែងទៅបាន ។ នេះចាត់ជាសង្គហធម៌ទី ៤ ។

សព្វសត្វទាំងអស់ក្នុងលោកគួរមានសង្គហធម៌ សង្គ្រោះដល់គ្នានឹងគ្នាទៅវិញទៅមកតាមជាន់តាមថ្នាក់ ទើបចក្រទាំងគូ គឺពុទ្ធចក្រនិងអាណាចក្រវិលទៅរកវឌ្ឍនធម៌និងសន្តិសុខបានដោយស្រួល ។

ឯបុគ្គលដែលត្រូវមានសង្គហធម៌សង្គ្រោះគ្នានឹងគ្នានោះមាន៦ពួក ព្រះពុទ្ធជាម្ចាស់ទ្រង់និពន្ធជាបទព្រះគាថាប្រៀបធៀបនឹងទិសទាំង៦ ដូច្នេះថា៖

មាតាបិតា  ទិសា  បុព្វា               អាចរិយា  ទក្ខិណា  ទិសា

បុត្តទារា  ទិសា  បច្ឆា                  មិត្តាមច្ចា  ច  ឧត្តរា

ទាសកម្មករា  ហេដ្ឋា                   ឧទ្ធំ  សមណព្រាហ្មនា

ឯតា  ទិសា  នមស្សេយ្យ   អលមត្តោ  កុលេ គិហី  ។

សេចក្ដីថា៖ មាតាបិតាទុកជាទិសខាងកើត គ្រូបាអាចារ្យទូកជាទិសខាងត្បូង បុត្រភរិយាទុកជាទិសខាងលិច មិត្រសម្លាញ់ទុកជាទិសខាងជើង ទាសកម្មករទុកជាទិសខាងក្រោម សមណព្រាហ្ម៍ទុកជាទិសខាងលើ គ្រហស្ថក្នុងត្រកូលដែលមានសមត្ថភាព ចិញ្ចឹមបុត្រភរិយា ហើយនៅគ្រប់គ្រងផ្ទះសម្បែង គប្បីនមស្ការនូវបុគ្គលទាំងឡាយមានមាតាបិតាជាដើមដែលទុកដូចជាទិសនោះៗចុះ ។

សេចក្ដីអធិប្បាយ

មាតាបិតាទុកជាទិសខាងកើត បុត្រធីតាគប្បីមានសង្គហធម៌ប្រតិបត្តិចំពោះមាតាបិតាដោយស្ថាន ៥ យ៉ាងគឺ៖

១- កូនត្រូវតាំងចិត្តថា អាត្មាអញនេះ គឺមាតាបិតាបានចិញ្ចឹមមកហើយ អាត្មាអញត្រូវចិញ្ចឹមលោកវិញ ។

២- កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាមានកិច្ចរវល់ នោះអាត្មាអញត្រូវបញ្ឈប់ការងាររបស់ខ្លួនទុកសិន ហើយត្រូវធ្វើកិច្ចរវល់របស់មាតាបិតាវិញ ។

៣- កូនត្រូវតាំងចិត្តថា អាត្មាអញត្រូវតម្កល់វង្សត្រកូលមាតាបិតាទុកឲ្យល្អមិនឲ្យវិនាស គឺថានឹងមិនញ៉ាំងទ្រព្យសម្បត្តិរបស់មាតាបិតាឲ្យវិនាសដោយការឥតប្រយោជន៍ និងសង្គ្រោះមាតាបិតាឲ្យផុតអំពីវង្សដែលមិនប្រកបដោយធម៌ ហើយឲ្យតាំងនៅក្នុងវង្សដែលប្រកបដោយធម៌ និងមិនផ្ដាច់បង់នូវការកុសលទាំងឡាយមានសលាកភត្តជាដើមដែលមាតាបិតាបានប្រព្រឹត្តធ្វើតាមគន្លងត្រូវល្អមកហើយ ។

៤- កូនត្រូវតាំងចិត្តថា អាត្មានឹងតាំងចិត្តគំនិតមារយាទឲ្យល្អ ឲ្យជាទីពេញចិត្តនាំមាតាបិតាឲ្យជាមនុស្សគួរមាតាបិតាប្រគល់ទ្រព្យសម្បត្តិកេរ្តិ៍ដំណែលឲ្យ ។

៥- កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាធ្វើកាលកិរិយាហើយ អាត្មាអញត្រូវធ្វើទក្ខិណាទាន ឧទ្ទិសចំណែកផលបុណ្យជូនដល់មាតាបិតារឿយៗ ។

ចំណែកខាងមាតាបិតាត្រូវអនុគ្រោះបុត្រធីតាដោយស្ថាន ៥ យ៉ាងគឺ៖

១- ហាមឃាត់កូនមិនឲ្យធ្វើកម្មអាក្រក់ ហាមឃាត់កូនមិនឲ្យសម្លាប់សត្វ លួចទ្រព្យគេជាដើម ។

២- ឲ្យកូនតម្កល់នៅក្នុងកម្មជាកុសល មានទាននិងសីលជាដើម ។

៣- ឲ្យកូនសិក្សារៀនសិល្បសាស្ត្រចំណេះវិជ្ជាដែលគួររៀនមានអក្សរនិងលេខជាដើម ។

៤- រៀបចំកូនឲ្យមានភរិយា ឬស្វាមីតាមសមគួរដល់ត្រកូលនិងទ្រព្យសម្បត្តិ ។

៥- ឲ្យទ្រព្យសម្បត្តិដល់កូនក្នុងសម័យពីរយ៉ាងគឺ៖ និច្ចសម័យ១ កាលសម័យ១ និច្ចសម័យនោះគឺឲ្យទ្រព្យសម្បត្តិរឿយៗ ដើម្បីឲ្យកូនចាយប្រើតាមការគួរ ឬឲ្យដើម្បីទុកធ្វើកុសលណាមួយ កាលសម័យនោះ គឺឲ្យក្នុងកាលដែលបានរៀបចំឲ្យកូនមានភរិយាស្វាមីហើយឬឲ្យក្នុងកាលដែលខ្លួនជិតនឹងដល់នូវមរណភាព ។

គ្រូបាអាចារ្យទុកជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន ៥ យ៉ាងគឺ៖

១- ដោយកិរិយាធ្វើនូវបច្ចុគ្គមនាការក្រោកឡើងទទួល គឺថាបើសិស្សកំពុងអង្គុយនៅក្នុងទីណាមួយ ដែលមិនមានបុគ្គលជាធំជាងគ្រូអាចារ្យទេ កាលបើបានឃើញគ្រូអាចារ្យមកកាន់ទីនោះ ត្រូវសិស្សក្រោកឈរឡើង បើលោកមានគ្រឿងបរិក្ខាអ្វី ត្រូវទទួលយកមកអំពីលោកដោយអើពើ ត្រូវរកទឹកលាងជើង រកកំណាត់ជូតជើងរួចត្រូវចាត់ចែងទីអាសនៈដើម្បីលោក លុះលោកអង្គុយហើយ សឹមខ្លួនអង្គុយជាខាងក្រោយ ។ កាលបើលោកក្រោកលាខ្លួនទៅ ត្រូវធ្វើអនុគ្គមនាការ គឺក្រោកជូនលោកទៅ បើយ៉ាងជិតណាស់ត្រឹមមាត់ទ្វារក្រៅ ។

២- ដោយកិរិយាចូលទៅបម្រើគ្រូអាចារ្យក្នុង ១ ថ្ងៃ ៣ ដងគឺ វេលាព្រឹកម្ដង ថ្ងៃត្រង់ម្ដង ល្ងាចម្ដង ។

៣- ដោយកិរិយាជឿស្ដាប់ពាក្យឱវាទគ្រូអាចារ្យ ដែលលោកពោលទូន្មានប្រៀនប្រដៅដោយល្អ ។

៤- ដោយការបម្រើតូចៗ មានឲ្យឈើស្ទន់និងទឹកលុបមុខជាដើម ។

៥- ដោយកិរិយារៀនសូត្រសិល្បសាស្ត្រ ចំណេះវិជ្ជាអំពីគ្រូអាចារ្យដោយគោរព គឺរៀនម្ដងៗតាមសមគួរដល់កម្លាំងប្រាជ្ញានៃខ្លួនហើយស្វាធ្យាយទន្ទេញដរាបដល់ចាំ ដល់ចូលចិត្ត ។

ចំណែកគ្រូបាអាចារ្យត្រូវអនុគ្រោះសិក្សាដោយស្ថាន ៥ យ៉ាង គឺ៖

១- ទូន្មានប្រៀនប្រដៅសិស្សដោយល្អ គឺទូន្មានប្រៀនប្រដៅឲ្យសិស្សចេះរៀបចំឥរិយាបទទាំង៤គឺ ដេក ដើ ឈរ អង្គុយ ឲ្យរៀបរយ ព្រមទាំងប្រដៅឲ្យសេពគប់តែនឹងកល្យាណមិត្រ ។

២- បង្ហាត់បង្រៀនសិស្សដោយល្អ គឺបង្ហាត់បង្រៀនដោយត្រូវតាមអត្ថនិងព្យញ្ជនៈ នឹងរបៀបពាក្យរបៀបសេចក្ដីឲ្យសិស្សចាំចូលត្រឹមចិត្ត ។

៣- បង្ហាញសិល្បសាស្ត្រចំណេះវិជ្ជាដល់សិស្ស ដោយមិនលាក់ទុក គឺថាបើខ្លួនចេះប៉ុន្មាន ចង់ឲ្យសិស្សចេះប៉ុណ្ណោះដែរ ។

៤- ពោលពាក្យលើកសរសើរសិស្ស ដែលមានសិល្បសាស្ត្រចំណេះវិជ្ជានិងកិរិយាមារយាទល្អពិតនោះ ឲ្យច្បាស់ប្រាកដដល់មិត្រនិងអាចារ្យ ។

៥- ធ្វើនូវសេចក្ដីការពាររក្សាសិស្សក្នុងទិសទាំងឡាយ គឺថាឲ្យសិស្សរៀនសិល្បសាស្ត្រចំណេះវិជ្ជា មិនឲ្យទើសទាល់ក្នុងវេលាដែលសិស្សនៅក្នុងទិសនោះ ៗ ។

ភរិយាទុកជាទិសខាងលិច ស្វាមីគប្បីអនុគ្រោះដោយស្ថាន ៥ យ៉ាង គឺ៖

១- ដោយសេចក្ដីរាប់អានដោយសម្ដីដ៏ទន់ផ្អែមទៅរកភរិយា ។

២- ដោយកិរិយាមិនបៀតបៀន មិនមើលងាយភរិយាដូចទាសកម្មករ ។

៣- ដោយកិរិយាមិនប្រព្រឹត្តកន្លងចិត្តភរិយា ។

៤- ដោយកិរិយាប្រគល់នូវឥស្សរិយៈ គឺភាវៈជាធំក្នុងការចាត់ចែងម្ហូបចំណីឲ្យដាច់មុខទៅភរិយា ។

៥- ដោយកិរិយាផ្គត់ផ្គង់នូវគ្រឿងប្រដាប់ដល់ភរិយា តាមសមគួរដល់សម្បត្តិរបស់ខ្លួន ។

ចំណែកភរិយាត្រូវប្រតិបត្តិស្វាមីដោយស្ថាន ៥ យ៉ាងគឺ៖

១- ចាត់ចែងការងារមានការចម្អិននូវអាហារជាដើម ដោយផ្ចិតផ្ចង់ ។

២- សង្គ្រោះដល់ជនជាញាតិរបស់ស្វាមីនិងញាតិរបស់ខ្លួនដោយស្មោះស្មើ ។

៣- ចេះថែទាំទុកដាក់នូវទ្រព្យសម្បត្តិដែលស្វាមីរកបានមកហើយ ។

៤- មិនប្រព្រឹត្តកន្លងចិត្តស្វាមី ។

៥- ជាស្រីឈ្លាសប្រសប់ក្នុងកិច្ចការទាំងឡាយ មានការចាត់ចែងនូវបបរនិងបាយជាដើម ឥតខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ហើយអាចញ៉ាំងកិច្ចទាំងនោះឲ្យសម្រេចបាន ។

មិត្រសម្លាញ់ទុកជាទិសខាងជើង កុលបុត្រគប្បីទំនុកបម្រុងដោយស្ថាន ៥ យ៉ាងគឺ៖

១- ដោយកិរិយាឲ្យទ្រព្យរបស់ដែលគួរឲ្យដល់មិត្រ ។

២- ដោយកិរិយាពោលពាក្យពីរោះទៅរកមិត្រ ។

៣- ដោយកិរិយាប្រព្រឹត្តធ្វើនូវប្រយោជន៍ឲ្យកើតដល់មិត្រ ។

 ៤- ដោយភាវៈជាអ្នកមានខ្លួននិងចិត្តស្មើដោយមិត្រ ។

៥- ដោយភាវៈមិនក្លែងពោលឲ្យឃ្លាតចាកសេចក្ដីពិតដល់មិត្រ ។

ចំណែកខាងមិត្រសម្លាញ់ត្រូវអនុគ្រោះកុលបុត្រ ដោយស្ថាន ៥ យ៉ាងគឺ៖

១- ជួយរក្សាមិត្រដែលបានជាភ្លាំងភ្លាត់ធ្វេសប្រហែស ។

២- ជួយថែរក្សាទ្រព្យសម្បត្តិរបស់មិត្រដែលមិត្របានជាភ្លាំងភ្លាត់ធ្វេសប្រហែស ។

៣- កាលបើមិត្រមានសេចក្ដីភិតភ័យ ក៏អាចជាទីពឹងអាស្រ័យដល់មិត្របាន ។

៤- មិនលះបង់ចោលមិត្រក្នុងកាលដែលមិត្រមានការក្រ ។

៥- ស្រឡាញ់រាប់អានកូនចៅផៅពង្សរបស់មិត្រ ។

ទាសកម្មករទុកជាទិសខាងក្រោម ចៅហ្វាយនាយគប្បីទំនុកបម្រុងដោយស្ថាន ៥ យ៉ាងគឺ៖

១- ដោយកិរិយាចាត់ចែងនូវការងារឲ្យធ្វើតាមសមគួរដល់កម្លាំងនៃទាសកម្មករ គឺថាដាក់ការងារឲ្យធ្វើតាមការ សម្រាប់ប្រុសស្រីចាស់ក្មេង ។

២- ដោយកិរិយាធ្វើនូវភត្តាហារនិងឈ្នួល ឬបំណាច់រង្វាន់តាមសមគួរដល់ទំនងដែលត្រូវឲ្យ ។

៣- ដោយកិរិយាព្យាបាលរក្សាថែទាំទាសកម្មករ ក្នុងកាលដែលមានជំងឺ ហើយមិនបៀតបៀនឲ្យធ្វើការងារអ្វីឡើយ ។

៤- ដោយកិរិយាចែករំលែកនូវរបស់ដែលមានរសឆ្ងាញ់ត្រកាលឲ្យទាសកម្មករបរិភោគ ។

៥- ដោយកិរិយាបើកឱកាសឲ្យឈប់ធ្វើការក្នុងនិច្ចសម័យ គឺថាកាលបើទាសកម្មករធ្វើការនឿយហត់ពេញ១ថ្ងៃ ក៏ឲ្យឈប់សម្រាកកម្លាំងខ្លះ ។ ឲ្យឈប់ធ្វើការក្នុងកាលសម័យ គឺថាបើដល់កំណត់ថ្ងៃនក្ខត្តឫក្សមានថ្ងៃចូលឆ្នាំជាដើម ក៏បើកឲ្យឈប់ធ្វើការ ។

ចំណែកខាងបាវព្រាវនិងមនុស្សដែលធ្វើការឈ្នួល ត្រូវយកចិត្តទុកដាក់បំពេញបំប៉នចៅហ្វាយនាយរបស់ខ្លួនដោយស្ថាន ៥ យ៉ាងគឺ៖

១- ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ ។

២- ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ ។

៣- មិនលួចទ្រព្យរបស់ចៅហ្វាយនាយ យកតែរបស់ដែលចៅហ្វាយនាយឲ្យ ។

៤- ធ្វើការងាររបស់ចៅហ្វាយនាយ ដោយពិនិត្យពិច័យផ្ចិតផ្ចង់អស់ពីចិត្ត ដោយការគិតកាញ់គ្នេរ ។

៥- យកការងាររបស់ចៅហ្វាយនាយ ទៅពោលសរសើរក្នុងទីនោះៗ ។

សមណព្រាហ្មណ៍ទុកជាទិសខាងលើ កុលបុត្រជាគ្រហស្ថគប្បីប្រតិបត្តិផ្គត់ផ្គង់ដោយស្ថាន ៥ យ៉ាងគឺ៖

១- ដោយកាយកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយកាយ មានទៅនិមន្តលោកនិងទទួលយកនូវតម្រងទឹក ទៅត្រងទឹកប្រគេនលោក និងគក់ច្របាច់ជាដើម ។

២- ដោយវចីកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយវាចា មានពោលពាក្យដាស់តឿនអ្នកឯទៀត ឲ្យធ្វើទានដល់សមណព្រាហ្មណ៍និងបន្លឺនូវសព្ទសាធុការក្នុងកាលដែលស្ដាប់ធម៌ទេសនាចប់ និងធ្វើនូវបដិសណ្ឋារៈដោយសម្ដីរាក់ទាក់ជាដើម ដោយសេចក្ដីរាប់អានដ៏ស្មោះត្រង់ ។

៣- ដោយមនោកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយចិត្តមានគិតថា ព្រះថេរៈទាំងឡាយដែលលោកតែងនិមន្តមកកាន់ត្រកូលរបស់យើង សូមឲ្យលោកបានសេចក្ដីសុខសប្បាយជាដើម ដោយសេចក្ដីរាប់អានស្មោះត្រង់អស់ពីចិត្ត ។

៤- ដោយភាវៈជាអ្នកមានទ្វារផ្ទះមិនបិទ គឺថាជាអ្នកឧស្សាហ៍ធ្វើទានដល់សមណព្រាហ្មណ៍ កាលបើឃើញសមណព្រាហ្មណ៍មកដល់ហើយ ក៏ឲ្យទានដោយមិនពោលត្អូញត្អែរចំពោះរបស់ដែលមាននោះថាជាគ្មានវិញឡើយ ។

៥- ដោយកិរិយាឲ្យនូវអាមិសៈ គឺឲ្យនូវខាទនីយភោជនីយាហារដល់សមណព្រាហ្មណ៍ ។

ចំណែកខាងសមណព្រាហ្មណ៍ ត្រូវអនុគ្រោះកុលបុត្រដោយស្ថាន ៦ យ៉ាងគឺ៖

១- ហាមឃាត់កុលបុត្រមិនឲ្យធ្វើកម្មអាក្រក់ មានឃាត់មិនឲ្យសម្លាប់សត្វនិងមិនឲ្យលួចទ្រព្យគេជាដើម ។

២- ឲ្យកុលបុត្រតម្កល់នៅក្នុងកុសល មានទាននិងសីលជាដើម ។

៣- អនុគ្រោះកុលបុត្រដោយកល្យាណចិត្ត គឺតាំងចិត្តផ្សាយមេត្តាធម៌ដល់កុលបុត្រទាំងឡាយថា ឲ្យបានសេចក្ដីសុខ កុំបីមានទុក្ខ សោក រោគ ភ័យអ្វីឡើយ ។

៤- ឲ្យកុលបុត្របានស្ដាប់នូវធម៌ដែលមិនធ្លាប់បានស្ដាប់ ។

៥- ញ៉ាំងធម៌ដែលកុលបុត្រធ្លាប់បានស្ដាប់ហើយ ឲ្យផូរផង់ល្អ គឺថាប្រាប់ពន្យល់សេចក្ដីនៃធម៌នោះ ឲ្យច្បាស់លាស់ប្រាកដឡើង ត្រាតែកុលបុត្រនោះលែងមានសេចក្ដីសង្ស័យ ។

៦- ប្រាប់នូវសួគ៌ដល់កុលបុត្រ មានប្រាប់ឲ្យដឹងដូច្នេះថា បុគ្គលដែលបានទៅកើតក្នុងឋានសួគ៌នោះ ព្រោះអំណាចនៃកុសលមានសីល៥ និងកុសលកម្មបថ១០ជាដើម ។

កាលបើបុគ្គលទាំង ៦ ពួកគឺ៖ មាតាបិតានិងបុត្រធីតា គ្រូបាអាចារ្យនិងសិស្សានុសិស្ស ភរិយានិងស្វាមី មិត្រសម្លាញ់និងកុលបុត្រ ទាសកម្មការនិងចៅហ្វាយនាយ សមណព្រាហ្មណ៍និងកុលបុត្រ បានប្រព្រឹត្តត្រូវតាមស្ថានដែលខ្លួនត្រូវប្រតិបត្តិ ត្រូវអនុគ្រោះទៅវិញទៅមកដូច្នេះហើយ បុគ្គលទាំងនោះ ឈ្មោះថាបិទបាំងនូវភ័យអន្តរាយ មិនឲ្យកើតឡើងបាន ជាបុគ្គលមានកេរ្តិ៍ឈ្មោះល្អក្នុងលោកទាំងពីរ គឺលោកនេះនិងលោកខាងមុខ រមែងបាននូវកេរ្តិ៍ឈ្មោះយសសក្តិ ចម្រើនដោយសុខភាពអនាម័យដ៏ល្អ ។

សង្គហធម៌ទាំង ៤ នេះ បើបុគ្គលណាបានប្រតិបត្តិដោយប្រពៃហើយ កេរ្តិ៍ឈ្មោះរបស់បុគ្គលនោះនឹងផុលផុសឡើងក្នុងលោក ផ្សាយនូវក្លិនពិដោរឈ្ងុយឈ្ងប់គ្រប់ទិស ជនភាគច្រើនតែងដើរត្រសងស្រង់តាមក្លិនចូលទៅទទួលស្គាល់បុគ្គលនោះជានាយចៅហ្វាយ ជាមិត្រសម្លាញ់ ប្រៀបដូចបុប្ផជាតិដែលមានក្លិនក្រអូបឆើត ជាទីកើតតម្រេកនៃភមរជាតិទាំងឡាយ មានកន្លង់ដូច្នោះជាដើមដែរ ។

ន័យមួយទៀត ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងថា៖

យស្មា  ច  សង្គហា  ឯតេ   សមបេក្ខន្តិ  បណ្ឌិតា

តស្មា  មហត្តំ  បប្បោន្តិ      បាសំសា  ច  ភវន្តិ  តេ  ។

សេចក្ដីថា អ្នកប្រាជ្ញទាំងឡាយ លោកបានប្រព្រឹត្តធ្វើនូវសង្គហធម៌ទាំង៤នេះដោយប្រពៃ ព្រោះហេតុនោះបានជាលោកបានដល់នូវភាវៈជាធំ ព្រមទាំងបាននូវសេចក្ដីសរសើរអំពីប្រជុំជនផងគ្នា ។

សម្ដែងមកអំពីសង្គហធម៌ ក៏សន្មតថាចប់ដោយសង្ខេបតែប៉ុណ្ណេះ ។

ដោយអានុភាពនៃធម្មទេសនា សូមទេវតាទាំងមួយម៉ឺនលោកធាតុរក្សាព្រះប្រិយមហាក្សត្រកម្ពុជាធិបតី ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ប្រសិទ្ធិដោយចតុព្វិធពរ រុងរឿងដោយសតិបញ្ញា បរិហាររចនាកម្ពុជរដ្ឋឲ្យដល់នូវឧត្ដមគតិ ដោយមុហុត្តកាល ។

ទាំងសូមពុទ្ធបរិស័ទទាំងឡាយគ្រប់ជាន់ ដែលបានប្រតិបត្តិតាមសាសនវិធី ក្រោមអធិបតេយ្យនៃព្រះសម្មាសម្ពុទ្ធ ឲ្យចម្រើនដោយសុខភាព អនាម័យដ៏ល្អ ដើម្បីជាពលរដ្ឋប្រកបកិច្ចសាសនា ក្លាហានបានមគ្គាភិសម័យទៅហោង ។

ចប់

ព្រះបាឡាត់ឧត្ដមលិខិត សុង – ស៊ីវ វត្តលង្កា ភ្នំពេញ
ទេសនាដាក់វិទ្យុប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែផល្គុន ឆ្នាំជូត សំរិទ្ធិស័ក
ព. ស. ២៤៩១ (២២ – ៣ – ៤៩)

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៣

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖