និព្វានសូត្រ

ឯវម្មេសុតំ ឯកំសមយំ ភគវាសាវត្ថិយំវិហរតិ ជេតវនេអនាថបិណ្ឌិកស្សអារាមេ

រីសូត្រនេះឈ្មោះនិព្វានសូត្រ គឺខ្ញុំអានន្ទស្ដាប់ហើយក្នុងទីចំពោះព្រះភក្ត្រនៃព្រះបរមសាស្ដាជាម្ចាស់ ដោយអាការតែម្ដងក៏ចងចាំទ្រទ្រង់ដោយសោតវិញ្ញាណវិថីជាប្រធាន ពុំមានឃ្លៀងឃ្លាតដោយអក្ខរព្យញ្ជនៈឯណានីមួយឡើយ ក្នុងកាលសម័យមួយ ព្រះដ៏មានបុណ្យជាម្ចាស់ ព្រះអង្គសម្រេចឥរិយាបថទាំង ៤ គង់នៅក្នុងព្រះវិហារជេតវន ជាអារាមនៃអនាថបិណ្ឌិកសេដ្ឋីចំណាយនូវទ្រព្យ ២៤ កោដិតម្លឹងសាងថ្វាយទៀបក្រុងសាវត្ថី ។

កាលគ្រានោះ ព្រះបរមលោកនាថសាស្ដា ទ្រង់មានព្រះពុទ្ធដីកាត្រាស់ហៅព្រះភិក្ខុទាំងឡាយថា ភិក្ខុវោ ម្នាលភិក្ខុទាំងឡាយ ព្រះភិក្ខុទាំងឡាយឆ្លើយទទួលព្រះពុទ្ធដីកាថា ភទ្ទន្តេ ដូច្នេះបពិត្រព្រះអង្គដ៏ចម្រើនណាម្ចាស់ ។

ទើបសម្ដេចព្រះជិនវង្សទ្រង់តម្រាស់ថា ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ អញតថាគត នឹងសម្ដែងនូវធម៌ មានពីរោះក្នុងបទដើម មានពីរោះក្នុងបទកណ្ដាល មានពីរោះក្នុងបទទីបំផុតប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ នឹងប្រកាសនូវព្រហ្មចរិយធម៌ ឱ្យបរិសុទ្ធឱ្យបរិបូណ៌ ពុំឱ្យសែសសល់ រីធម៌ឯណាដែលឈ្មោះថានិព្វានសូត្រ ចូរអ្នកទាំងឡាយចាំស្ដាប់នូវធម៌នោះ ដោយសេចក្ដីគោរព ចូរអ្នកទាំងឡាយធ្វើទុកក្នុងចិត្តឱ្យប្រពៃ ដោយសេចក្ដីបរិយាយចុះ ។

ភិក្ខុទាំងឡាយទទួលថា ឯវម្ភន្តេ ដូច្នេះ ទើបព្រះបរមគ្រូសាស្ដាទ្រង់មានបន្ទូលជាពាក្យឧបមា ប្រៀបធៀបថា ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ មានបុរសម្នាក់ មានប្រាថ្នាដើម្បីទៅកាន់មហានគរ បុរសនោះដើរចេញអំពីផ្ទះទៅកាន់ផ្លូវឆ្ងាយ ។

ស្រាប់តែមានមនុស្សជាសត្រូវទាំងឡាយ ៤ នាក់ជាប់ដិតដោយតាមក្រោយទៅផង នាកាលព្រះអាទិត្យអស្ដង្គតហើយ បុរសនោះដើរតាមលំដាប់ផ្លូវទៅឃើញស្ទឹងធំមួយ ពុំឃើញមានទូកសោះ សូម្បីតែទូកមួយ​ក៏គ្មាន បុរសនោះចេះតែដើរទៅ ក៏បានឃើញនូវសាកអសុភមួយ​អណ្ដែតទឹកមក ទើបបុរសនោះយកដៃខាងស្ដាំចាប់នូវសាកអសុភនោះ ហើយឡើងជិះលើសាកអសុភឆ្លង អំពីត្រើយខាងអាយដល់ទៅត្រើយខាងនាយ ហើយក៏ចោលសាកអសុភមនុស្សស្លាប់នៅក្នុងទីនេះ ក៏ងូតទឹកជម្រះកាយស្អាត ហើយស្លៀកនូវសំពត់ល្អលាបគ្រឿងក្រអូប ប្រដាប់តាក់តែងខ្លួនដោយគ្រឿងអលង្ការទាំងឡាយរួចស្រេចហើយ ក៏ដើរទៅកាន់ផ្លូវត្រង់កាត់តម្រង់ទៅកាន់មហានគរនោះទៅ ។

ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ បុរសអ្នកមានសេចក្ដីប្រាថ្នាដើម្បីទៅកាន់មហានគរ ហើយដើរទៅកាន់ផ្លូវឆ្ងាយនោះ មានឧបមាយ៉ាងណាមិញ យោគាវចរភិក្ខុ គឺកុលបុត្តអ្នកលះបង់ភេទឃរាវាស ហើយចូលទៅនៅក្នុងព្រៃ ក៏មានឧបមេយ្យដូច្នោះឯង មនុស្សជាសត្រូវទាំងឡាយ ៤ នាក់ជាប់ដិតតាមបុរសនោះ មានឧបមាយ៉ាងណាមិញ រីជាតិ ជរា ព្យាធិ មរណៈ ទាំង ៤ គឺអ្នកទាំងឡាយគប្បីឃើញថា មានឧបមេយ្យដូច្នោះឯង នាកាលព្រះអាទិត្យអស្ដង្គតទៅយ៉ាងណា រូបកាយជារបស់ថោកទាបយោគាវចរកុលបុត្តគប្បីឃើញយ៉ាងនោះ បានឃើញនូវស្ទឹងធំយ៉ាងណា ខ្សែតណ្ហា គឺយោគាវចរកុលបុគ្គលគប្បីឃើញយ៉ាងនោះ មិនឃើញមាននូវទូកតូចយ៉ាងណា កិរិយាឆ្លងនូវសង្សារទុក្ខគប្បីឃើញយ៉ាងនោះ ឃើញនូវសាកអសុភអណ្ដែតមកយ៉ាងណា ក៏រជ្ជកាយនេះគប្បីឃើញយ៉ាងនោះ យកដៃស្ដាំចាប់នូវសាកអសុភយ៉ាងណា អភិបសាទសទ្ធា គប្បីឃើញយ៉ាងនោះ ឡើងជិះលើសាកអសុភយ៉ាងណា ចិត្តបសាទ គប្បីឃើញយ៉ាងនោះ លះបង់នូវត្រើយខាងអាយយ៉ាងណា កិរិយាឆ្លងចាកសង្សារទុក្ខ គប្បីឃើញយ៉ាងនោះ ដល់នូវត្រើយខាងនាយយ៉ាងណា វិមុត្តិ គប្បីឃើញយ៉ាងនោះ ចោលនូវសាកអសុភមនុស្សស្លាប់យ៉ាងណា ក៏រជ្ជកាយញាណ គប្បីឃើញយ៉ាងនោះ ងូតទឹកជម្រះកាយស្អាតយ៉ាងណា បញ្ញា គប្បីឃើញយ៉ាងនោះ ស្លៀកនូវសំពត់ស្អាតយ៉ាងណា ហិរិ-ឱតប្បៈ គប្បីឃើញយ៉ាងនោះ ដើរទៅកាន់ផ្លូវឆ្ងាយយ៉ាងណា អដ្ឋង្គិកមគ្គ គប្បីឃើញយ៉ាងនោះ មានមុខឆ្ពោះទៅកាន់មហានគរយ៉ាងណា មហានគរនិព្វាន គប្បីឃើញយ៉ាងនោះ យោគាវចរកុលបុត្តឃើញនូវឈើធំ ហាក់បីដូចជាពាល់ត្រូវនូវផ្ទៃនៃអាកាស ឯឈើធំនោះគឺកិលេសនេះឯង គឺអ្នកប្រាជ្ញពោលថា កិលេសទាំង ១០ គឺលោភ សេចក្ដីចង់បាន ១ ទោសៈ ប្រទូស ១  មោហៈ វង្វេង ១  ទិដ្ឋិឃើញខុស ១  មានប្រកាន់ ១ វិចិកិច្ឆា សង្ស័យ ១ ថីនមិទ្ធ ងងុយលក់ ១  អហិរិក មិនខ្មាសអំពីការបាប ១ អនោតប្ប មិនតក់ស្លុតក្ដៅក្រហាយអំពីការបាប ១ ដែលជាគ្រឿងបិទបាំងផ្លូវជាទីទៅកាន់ព្រះនិព្វាន ពាក្យសួរថា ឈើធំគឺកិលេសយ៉ាងដូចម្ដេច ពាក្យចម្លើយថា ឈើធំគឺកិលេស អាស្រ័យនៅលើផ្ទៃផែនដី គឺបញ្ចខន្ធ មានពូជគឺអវិជ្ជា ជាដែនកើតមានទឹកត្រជាក់សម្រាប់ស្រោច គឺកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ មានឫសដុះឡើង គឺលោភៈជាទីទ្រទ្រង់ មានមែកតូចធំដេរដាស គឺទោសៈ​ មានត្រួយនិងស្លឹកបង្កើតជាតាន់តាប់ គឺមោហៈ បរិបូណ៌ដោយពន្លក គឺអនុបរិមាន ពីចិត្តទៅដោយកេសរ គឺវិចិកិច្ឆា ពេញទៅដោយក្រពុំ គឺថីនមិទ្ធមានផ្ការីក គឺអហិរិក អនោតប្បយ ដេរដាសដោយផ្លែ គឺជាតិ ជរា ព្យាធិ មរណៈ មានផ្លែគឺពពួកសត្វស្លាប គឺនរក តិរច្ឆាន អសុរកាយ ប្រេតវិស័យទំពាស៊ី ឈើគឺកិលេសមានសភាពដូច្នេះ តែងបិទបាំងរារាំងនូវផ្លូវព្រះនិព្វានពុំឱ្យឃើញយល់ឡើយ ។

យោគាវចរកុលបុត្រគួរគប្បីកាប់នូវឈើ គឺកិលេសនោះចោលចេញ យោឡាវចរកុលបុត្រ បើកាប់នោះមិនកាប់ដោយកាំបិត ពូថៅ កាំបិតព្រា សាមញ្ញផ្ដេសផ្ដាសនោះក៏ទេ ម្យ៉ាងទៀតបើវៀរលែងចាកពូថៅ គឺមគ្គញាណ ដ៏សំលៀងល្អដោយថ្មគឺសមាធិនោះ ក៏ពុំអាចដើម្បីនឹងកាត់បានឡើយ ។

ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ គួរនាបីដូចបុរសប្រាថ្នាចង់បានឈើ ក៏កាប់យកកាំបិតដែលខ្លួនសំលៀងមុតល្អ ហើយដើរចូលទៅកាន់ទីជាចន្លោះព្រៃ លុះបានឃើញនូវដើមឈើធំហើយ មកគិតថាអញនឹងកាត់អ្វីជាមុនដំបូង ថាអញកាត់គល់ជាមុនចុះ បុរសនោះក៏កាត់គល់ធំហើយកាត់ដើម ហើយកាត់ចុង ហើយកាត់មែកមិនឱ្យមានសេសសល់ លុះស្រេចហើយក៏ដើរចេញទៅដោយសុខសប្បាយ ក៏មានឧបមាយ៉ាងណាមិញ យោគាវចរកុលបុត្ត អ្នកប្រកបដោយព្រះកម្មដ្ឋាន ៧ ប្រការមានគ្រឿងបរិក្ខារដ៏មាំគឺសីលបរិសុទ្ធ កាន់យកនូវពូថៅ គឺមគ្គញាណ ដ៏សំលៀងប្រពៃ ហើយដើរចូលទៅកាន់ចន្លោះព្រៃគឺវិវេក កាលបើឃើញនូវឈើ គឺកិលេសហើយគិតថាអញនឹងកាត់អ្វីជាមុនដំបូង យោគាវចរកុលបុត្តនោះ ក៏កាត់នូវគល់ គឺ លោភៈ ទោសៈ មោហៈ លុះកាត់គល់ គឺ លោភៈ ទោសៈ មោហៈ ជ្រះស្រឡះហើយ ក៏ស្ថិតនៅជាសុខសប្បាយ ក៏មានឧបមេយ្យដូច្នោះឯង ។

នាកាលឈើធំគឺកិលេសទាំងឡាយដួលចុះអស់ហើយ មហានគរគឺព្រះនិព្វានក៏ប្រាកដជាក់ច្បាស់ឡើង ។

សួរថា ពាក្យហៅថានិព្វាននោះ ដោយសេចក្ដីអធិប្បាយដូចម្ដេចខ្លះ ។

ឆ្លើយថា ព្រះនិព្វានបីដូចជាព្រះចន្ទ ដោយសេចក្ដីអធិប្បាយថា ជាទីត្រជាក់ដល់ហឫទ័យ របស់ព្រះអរិយបុគ្គលទាំងឡាយ ព្រះនិព្វានដូចជាព្រះអាទិត្យ ដោយសេចក្ដីអធិប្បាយថា ជាទីញ៉ាំងកិលេសឱ្យរីងស្ងួតទៅ ព្រះនិព្វានបីដូចជាផែនដី ដោយសេចក្ដីអធិប្បាយថា ជាទីតម្កល់នៅនៃព្រះអរិយបុគ្គលទាំងឡាយ ។

ព្រះនិព្វានបីដូចជាភ្នំ ដោយសេចក្ដីអធិប្បាយថា គឺលោកធម៌ទាំង ៨ ពាល់ត្រូវមិនបានកក្រើក ព្រះនិព្វានបីដូចជាសាគរដោយសេចក្ដីអធិប្បាយថា ជាទីកើតព្រមនៃកែវទាំងឡាយ ព្រះនិព្វានបីដូចរោងសុធម្មា ដោយសេចក្ដីអធិប្បាយថា ជាទីប្រជុំនៃអរិយបុគ្គលទាំងឡាយ ព្រះនិព្វាននោះឯង ពុំមានដី ពុំមានទឹក ពុំមានខ្យល់ ពុំមានភ្លើង ពុំមានត្រជាក់ ពុំមានក្ដៅ ហេតុឯណាហេតុនោះ ព្រះដ៏មានព្រះភាគទ្រង់សម្ដែងថាក្នុងព្រះនិព្វាននេះ យ៉ាងនេះដូច្នេះគឺ អជាតិ មិនកើត អជរា មិនចាស់ជរា អព្យាធិ មិនមានព្យាធិរោគា អមរណំ មិនចេះស្លាប់ ខេមំ ក្សេមក្សាន្ត សន្តិ រម្ងាប់ បរមំ សុខំ បទំ ជាចំណែកដ៏ជាសុខជាទីបំផុតក្រៃពេកណាស់ ។

ឯមហានគរគឺព្រះនិព្វាននោះ ប្រកបដោយកំពែងដោយទ្វារដោយប៉ម ដោយស្នាមភ្លោះ ដោយថ្នល់ ដោយរានផ្សារដោយសសរ ដោយល្វែង ដោយទីដំណេក ដោយទីអង្គុយដោយពន្លឺប្រទីប ដោយស្រះបោក្ខរណី បរិបូណ៌ដោយទឹកត្រជាក់ ប្រកបដោយខ្សាច់គឺពពួកសត្វកន្លង់តែងសេព ប្រកបដោយហ្វូងបក្សាជាតិ គឺសត្វហង្សចាក្រពាក ជិវញ្ជីវាក តារៅក្ងោក ក្រៀល តែងសេពហើយ ព្រះមហានគរនិព្វានមានដោយប្រការដូច្នេះឯង ។

សួរថាព្រះនិព្វាននោះ អ្វីជាកំពែង ឆ្លើយថា សីលជាកំពែង អ្វីជាទ្វារ ញាណជាទ្វារ អ្វីជាប៉ម សមាធិជាប៉ម អ្វីជាស្នាមភ្លោះ  មេត្តាជាស្នាមភ្លោះ អ្វីជាថ្នល់ សមន្តបដ្ឋាន ២៤ ជាថ្នល់ អ្វីជារានផ្សារ ពោធិបក្ខិយធម៌ជារានផ្សារ អ្វីជាសសរ ព្យាយាមជាសសរ អ្វីជាល្វែង សត្តបករណាភិធម្មជាល្វែង អ្វីជាទីដំណេក នេក្ខមជាទីដំណេក អ្វីជាបល្លង្ក (ទីអង្គុយ) វិមុត្តិញាណជាបល្លង្ក  អ្វីជាប្រទីប វិមុត្តិញាណទស្សនជាពន្លឺប្រទីប អ្វីជាស្រះបោក្ខរណី ភាវនាជាស្រះបោក្ខរណី អ្វីជាទីពេញដោយទឹកត្រជាក់  ករុណាជាទីពេញដោយទឹកត្រជាក់ អ្វីជាខ្សាច់ ពុទ្ធញាណទាំង ១៨ ជាខ្សាច់ អ្វីជាសត្វកន្លង់ សេពព្រះខីណាស្រពជាសត្វកន្លង់  អ្វីជាពពួកសត្វហង្ស ចាកក្រពាក ជិវញ្ជីវាក តារៅ ក្ងោក ក្រៀលសេពហើយ គឺព្រះពុទ្ធបច្ចេកពុទ្ធ អរហន្ត មានកិលេសជម្រះបង់ចេញហើយ ជាពពួកសត្វហង្ស ចាក្រពាក ជិវញ្ជីវាក តារៅ ក្ងោក ក្រៀលសេពហើយ ព្រះមហានគរនិព្វាននោះមានហើយដោយប្រការដូច្នេះឯង ។

រីឯព្រះមហានគរ គឺព្រះនិព្វាននោះ សន្តិ ជាទីរម្ងាប់ លេណំ ជាទីពួន តាណំ ជាទីពឹង ធុវំ ទៀង គតិ ជាដំណើរ បរាយនំ ជាទីប្រព្រឹត្តទៅខាងមុខ ។ សួរថា បុគ្គលដែលនឹងទៅកាន់ព្រះនិព្វាននោះទៅដោយជំនិះអ្វី ឆ្លើយថាពុំបានទៅដោយយានដំរី យានសេះ យានរថ អង្រឹងស្នែង សិវិកា ស្បែកជើង ឬដោយដំណើរជើងក៏ទេ ដោយសេចក្ដីពិត កិរិយាទៅកាន់ព្រះនិព្វាននោះ វៀរលែងចាកសរណៈទាំងឡាយ ៣ នឹងទៅពុំបានឡើយ កិរិយាទៅកាន់ព្រះនិព្វាននោះ គួរដោយ ពុទ្ធសរណៈ ធម្មសរណៈ សង្ឃសរណៈ ឬដោយកិរិយាស្ដាប់នូវព្រះធម៌មានសភាពដូច្នេះទើបទៅបាន ។

ហេតុឯណា ហេតុនោះ សម្ដេចព្រះបរមលោកនាថជាម្ចាស់ទ្រង់ត្រាស់ទេសនាថា ។

យោចពុទ្ធញ្ជធម្មញ្ច សង្ឃញ្ចសរណំគតោ

អបទសោនិគច្ឆេយ្យ អធិគច្ឆេយ្យបទំសុខន្តិ ។

អធិប្បាយថា បុគ្គលឯណាមួយដល់នូវសរណៈគឺ ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ បុគ្គលនោះគប្បីដល់នូវប្រទេសដែរមិនដែលទៅដោយជើង គប្បីបាននូវចំណែកជាសុខ គឺព្រះនិព្វាន សម្ដេចព្រះអនាវរញាណ ទ្រង់មានព្រះពុទ្ធដីកាសម្ដែងព្រះធម៌ដល់ព្រះភិក្ខុទាំងឡាយ ដោយធម្មបរិយាយកថា ដ៏ប្រកបចំពោះដោយព្រះនិព្វាន ដោយប្រការដូច្នេះហើយទើបព្រះអង្គត្រាស់ដាស់តឿនព្រះភិក្ខុទាំងឡាយថា ។

តុម្ហេអារព្ភថ និក្ខមថ អនុយុញ្ជថ ពុទ្ធសាសនេ ធុនាថមច្ចុនោសេនំ នឡាគារំវកុញ្ជរោតិ “ជាដើម”

អធិប្បាយថា អ្នកទាំងឡាយចូរប្រារព្ធចូរចេញទៅចូរព្យាយាមរឿយៗក្នុងពុទ្ធសាសនា ចូរកម្ចាត់បង់សេនានៃមច្ចុរាជ បីដូចជាដំរីកុញ្ជរជាតិបំបាក់បង់នូវផ្ទះបបុស ។

បុគ្គលឯណាមួយមិនបានប្រមាទ គឺមិនធ្វេសប្រហែសក្នុងព្រះធម៌និងវិន័យនេះ ដោយឥរិយាបថទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយ ដោយឥរិយាបថឯណានីមួយហើយ បុគ្គលនោះឯងនឹងលះបង់នៅជាតិសំសារហើយនឹងធ្វើឱ្យផុតនៃសេចក្ដីទុក្ខបាន ឯព្រះនិព្វានមាននាមយ៉ាងនេះ សន្តំ រម្ងាប់ បណីតំ ឧត្ដម អចលំ មិនកម្រើក សិវំ ក្សេម អភយំ ឥតភ័យ អច្ចុតំ ទៀង អជាតិ មិនកើត អជរា គ្មានចាស់ជរា ខេមំ ប្រាស់ចាកទុក្ខគ្រានោះព្រះភិក្ខុទាំងឡាយ បានស្ដាប់នូវធម្មកថា ព្រះដ៏មានព្រះភាគជាម្ចាស់ហើយ ក៏បញ្ជូនទៅនូវញាណដោយសេចក្ដីរឭកតាមព្រះធម៌ទេសនា ហើយក៏បានដល់នូវព្រះអរហត្តផលព្រមទាំងបដិសម្ភិទាញាណទាំងឡាយ ក្នុងកាលនោះឯងព្រះធម្មកថាជាធម្មជាតិប្រព្រឹត្តទៅដោយសភាវៈជាប្រយោជន៍ដល់មហាជនដែលចួបជុំក្នុងទីនោះហោង ៕

និព្វានសុត្តវណ្ណនានិដ្ឋិតា
សេចក្ដីពណ៌នាមកក្នុងនិព្វានសូត្រក៌ចប់បរិបូណ៌ប៉ុណ្ណេះឯង

ឧកញាភក្ដីរាជា យ៉ាំង អាចារ្យសាលាបាឡីជាន់ខ្ពស់
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

Leave a Reply

avatar
  Subscribe  
Notify of