វលាហស​ជាតក

នឹងសម្ដែងអំពីវលាហសជាតក តាមបទបាលីថា យេនកាហន្តិឱវាទន្តិ ដូច្នេះជាដើម ។ សេចក្ដីក្នុងបាលីជាតកនោះថា ក្នុងវេលាមួយនោះព្រះបរមសាស្តាជាគ្រូនៃយើងព្រះអង្គទ្រង់គង់នៅវត្តជេតវនារាម បានសម្ដែងនូវធម៌ទេសនា១បទនោះថា យេនកាហន្តិឱវាទន្តិ ដូច្នេះជាដើមចំពោះនឹងភិក្ខុម្នាក់ជាអ្នកអផ្សុកចាកធម៌វិន័យក្នុងព្រះពុទ្ធសាសនា ។ គ្រានោះព្រះសម្មាសម្ពុទ្ធទ្រង់ហៅភិក្ខុនោះចូលមកគល់ លុះចូលមកដល់ហើយព្រះអង្គក៏ត្រាស់សួរថា នែភិក្ខុអ្នកឯងមានចិត្តរាយមាយរវើរវាយ មិនសប្បាយក្នុងធម៌នឹងវិន័យរបស់តថាគតមែនឬអ្វី ភិក្ខុនោះក៏ក្រាបបង្គំទូលថា ពិតមែនដូចព្រះដ៏មានព្រះភាគទ្រង់ជ្រាបនោះហើយ ទើបព្រះសម្មាសម្ពុទ្ធទ្រង់សួរតទៅទៀតថា ចុះហេតុអ្វីក៏អ្នកមិនសប្បាយក្នុងសាសនាតថាគតនេះ ភិក្ខុនោះទូលថា ឯហេតុដែលខ្ញុំព្រះករុណាមិនសប្បាយនោះព្រោះខ្ញុំព្រះករុណាបានចួបប្រទះនូវស្រីម្នាក់ មានរូបរាងល្អព្រមទាំងមានគ្រឿងអលង្ការប្រដាប់កាយដ៏រុងរឿងផង ហើយខ្ញុំព្រះករុណា ក៏មានសេចក្ដីស្នេហាកើតឡើងដោយអំណាចនៃកិលេសធម៌នោះឯង ។

ព្រះបរមគ្រូទ្រង់ត្រាស់សម្ដែងអំពីសេចក្ដីល្បួងលោមនៃស្រីទាំងឡាយប្រាប់ភិក្ខុនោះថា នែភិក្ខុ ជាតិមាតុគ្រាមទាំងឡាយតែងមានឧបាយកលចេះប្រលោមនូវបុរសទាំងពួងឱ្យវង្វេងស្មារតីវិលមុខភាន់ច្រឡំ​ត្រឡប់​ធាតុ ដោយលម្អនៃរូបនិងពីរោះសំឡេង ក្រអូបក្លិន ឆ្ងាញ់រស និងការពាល់ត្រូវនូវសម្ផស្សទាំងឡាយផង ដោយឫកញិកញ៉ក់កែក្រោយ និងដំណើរយាងយាសនៃស្រីទាំងឡាយនេះផង ហើយអាចធ្វើនូវបុរសទាំងអស់គ្នាឱ្យស្ថិតនៅក្នុងអំណាចនៃខ្លួនបាន មិនឱ្យរើរូសឡើយ ដោយហេតុនេះហើយបានជាតថាគតឱ្យឈ្មោះនូវស្រីទាំងនោះហៅថា យក្ខិនី ព្រោះតែស្រីទាំងនោះតែងធ្វើនូវបុរសដែលមានសីលល្អបរិបូណ៌ឱ្យវិនាសខូចខាតចាកទ្រព្យទាំងនោះទៅផង ។ នែអ្នកបួសចូរអ្នកឯងប្រុងស្ដាប់ពាក្យតថាគតៗនឹងប្រាប់អ្នកឱ្យជាក់ច្បាស់ថាដូច្នេះ កាលគ្រាអំពីមុនយូរមកហើយមាននាងយក្ខិនីទាំងឡាយច្រើនរូបចូលទៅរកបុរសអ្នកឈ្មួញមួយ​ពួកនោះ ដើម្បីចែចង់យកធ្វើជាប្តី ហើយនិយាយលួងលោមប្រលោមនូវពាណិជអ្នកឈ្មួញទាំងនោះ ឱ្យលុះក្នុងអំណាចនៃសេចក្ដីចំណានរបស់ខ្លួនតាមប្រាថ្នា តពីនោះមកបានឃើញនូវបុរសទាំងឡាយថ្មីដទៃទៀតចូលមកក៏នាងយក្ខិនីទាំងនោះ មានសេចក្ដីត្រូវការនឹងបុរសថ្មីនោះ បែរមកវាយដំនូវពាណិជទាំងឡាយជាប្ដីដើមនោះ ដោយឆ្អឹងចង្កាទាំងឡាយឱ្យជាំដាំបែកឈាមហូរហៀរចេញមកដរាបដល់ពាណិជជាប្ដីដើមនោះ លុះនូវសេចក្ដីមរណភាពក្នុងវេលានោះមួយ​រំពេចទៅ ហើយយក្ខិនីក៏ផឹកឈាមទំពាស៊ីសាច់នៃប្ដីរបស់ខ្លួនគ្រប់គ្នា ទើបសម្ដេចព្រះភគវាទ្រង់នាំមកនូវអតីតទាន ជានិទានដែលកន្លងទៅហើយនោះមកសម្ដែងប្រាប់ភិក្ខុទៀតថា អតីតេម្ពបន្ណិទីបេ សិរិរសវត្ថុនាម យក្ខនគររំអហោសិ  ។ សេចក្ដីថាក្នុងកាលដែលកន្លងរំលងទៅហើយនោះមាននគរនៃយក្សមួយ​ឈ្មោះថា សរិសវត្ថុ ស្ថិតនៅៗកោះឈ្មោះតម្ពបណ្ណិ គឺស្រុកលង្កាទ្វីបសព្វថ្ងៃនេះ ឯសិរិសវត្ថុនគរនោះជាទីលំនៅនៃនាងយក្ខិនីទាំងឡាយច្រើន ឯនាងយក្ខិនី​ទាំងនោះជាស្រីចូលចិត្តតាក់តែងស្អិតស្អាងរាងកាយដោយគ្រឿងប្រដាប់សម្រាប់តែងហើយពរបីនូវកូនតូច​ៗទាំងឡាយដោយខ្លួនគ្រប់គ្នា បង្គាប់នូវខ្ញុំស្រីទាំងឡាយឱ្យរែកទូលនូវភោជនាហារម្ហូបចំណីហែហមចោមរោមខ្លួនទៅជាមួយផង ចូលទៅរកពួកពាណិជទាំងឡាយ ឯនាងយក្ខិនីទាំងអស់នេះ កាលដែលនឹងចូលកាន់សម្នាក់នៃពាណិជទាំងពួងក៏សម្ដែងឫទ្ធិ៍របស់ខ្លួន ធ្វើជាមនុស្សទាំងឡាយច្រើនរូប ខ្លះកំពុងឃ្វាលគោ ហើយនិម្មិតធ្វើជាគោហ្វូងខ្លះ ជាឆ្កែទាំងឡាយខ្លះ នៅក្នុងទីជិតនៃពួកពាណិជទាំងឡាយ ដើម្បីនឹងញ៉ាំង​ពាណិជទាំងនោះឱ្យចូលចិត្តថា យើងរាល់គ្នាមកចតសម្នាក់នៅក្នុងទីនេះ គឺនៅជិតជាមួយនឹងលំនៅរបស់មនុស្សដូចគ្នាដែរកុំឱ្យមានសេចក្ដីរង្កៀស ។ ទើបនាងយក្ខិនីដើរចូលទៅចួបនឹងពាណិជទាំងអស់នោះ ហើយទាំងនោះនិយាយចរចាទៅកាន់អ្នកឈ្មួញដោយពាក្យទន់ពីរោះជាមធុរកថាថា នែអស់លោកអស់អ្នកគ្រប់គ្នាចូលលោកពីសាបបរ ពីសាបាយ និងម្ហូបចំណីទាំងនេះ ដែលយើងរាល់គ្នានាំគ្នាមកជូនដោយសេចក្ដីស្មោះត្រង់របស់យើង ។

ឯពាណិជទាំងឡាយនោះ ជាមនុស្សឥតមានរង្កៀសឬសង្ស័យអ្វីបន្តិចបន្តួចសោះ ស្មានថាជាស្រីមនុស្សជាធម្មតា គ្មានដឹងថាជាយក្ខិនីនោះសោះឡើយ ហើយក៏ទទួលបរិភោគនូវភោជនដែលនាងយក្ខិនីនាំមកនោះទាំងអស់គ្នា ។ ឯនាងយក្ខនីនោះក៏មានចិត្តរីករាយសប្បាយហើយបដិសណ្ឋារៈ​ទទួលដោយស្រួលបួលគ្រប់កិច្ចទាំងពួង ក្នុងវេលាដែលពាណិជទាំងនោះបរិភោគ ហើយសម្រាកសម្រាន្តកាយនូវសេចក្ដីឆ្អែតអាហារនោះឯង ។ លុះធ្វើបដិសណ្ឋារកិច្ចរួចស្រេចហើយ នាងយក្ខិនីទាំងឡាយក៏និយាយដោយវាចាដ៏ទន់ពីរោះចំពោះទៅរកពាណិជទាំងឡាយនោះថា អស់អ្នកម្ចាស់ទាំងអស់គ្នានេះអ្នកទៅកាន់ប្រទេសណា អ្នកអញ្ជើញមកទីណា ហើយអ្នកនឹងអញ្ជើញទៅកាន់ទីណាទៀត ដែលលោកអញ្ជើញមកទីនេះ តើលោកមានត្រូវការដោយកិច្ចអ្វី សូមលោកប្រាប់យើងខ្ញុំគ្រប់គ្នាឱ្យបានដឹងផង ។ ចំណែកឯពួកពាណិជទាំងឡាយនោះបានទទួលស្ដាប់នូវសេចក្ដីសារសព្ទដោយសុន្ទរវាចារបស់នាងទាំងនោះ ហើយក៏ឆ្លើយប្រាប់ត្រង់តាមសេចក្ដីពិតថា នែប្អូនស្រីទាំងឡាយយើងរាល់គ្នានេះជាអ្នកជំនួញ នាំគ្នាចុះសំពៅចេញទៅរកលក់ដូរតាមស្រុកដែលគួរទៅ លុះបើកសំពៅទៅដល់ទីកណ្ដាលសមុទ្ទ ហើយប្រទះលើព្យុះខ្យល់យ៉ាងធំបោកមកបែកសំពៅធ្លាយកណ្ដាលសាគរនោះទៅ ទើបយើងរាល់គ្នាខំហែលឆ្លងកាត់មករកស្រុកនេះ សូមប្អូនស្រីទាំងឡាយបានជ្រាបដោយហេតុដូច្នេះឯង ។ ឯនាងយក្ខិនី​ទាំងឡាយបានស្ដាប់សេចក្ដីសារសព្ទរៀបរាប់នៃពាណិជទាំងនោះហើយក៏ឆ្លើយទៅវិញថា ឱអស់លោកទាំងឡាយលោកបានអញ្ជើញមកដល់ទីនេះជាការស្រួលពេកណាស់ ព្រោះបានប្រទះនឹងយើងខ្ញុំគ្រប់គ្នា ឯយើងរាល់គ្នានេះក៏មិនមែនជាអ្នកស្រុកនេះដែរ គឺជាអ្នកដំណើរចុះសំពៅមកជាមួយនឹងស្វាមីនៃយើងគ្រប់គ្នា មកនៅក្នុងស្រុកនេះប្រមាណជា៣ឆ្នាំហើយ តែប្ដីយើងទាំងឡាយនោះក៏លុះមរណកាលកន្លងទៅអស់ សព្វថ្ងៃនេះយើងខ្ញុំនៅកំព្រារងាសុទ្ធតែស្រីៗនេះទេ ឥឡូនេះបានប្រទះនឹងលោកអ្នកទាំងឡាយក៏ជាអ្នកកម្សត់ឥតភរិយា ហើយជាអ្នកឈ្មួញដូចស្វាមីយើងពីមុននោះដែរ បើដូច្នេះយើងខ្ញុំទាំងអស់សូមបង្អោនខ្លួនចូលមកធ្វើកិច្ចបម្រើអ្នកជាបាទបរិចាគតាមអស់អ្នកត្រូវការប្រើប្រាស់់ចុះ ឯពួកពាណិជទាំងអស់នោះក៏មានសេចក្ដីសោមនស្សប្រព្រឹត្តទៅជាមួយនឹងស្រីទាំងឡាយនោះឥតមានសង្ស័យ ។ ចំណែកនាងយក្ខិនីទាំងនោះលុះបាននិយាយលួងលោមប្រលោមនូវពាណិជទាំងអស់នោះ ដោយការមារយាយាងយាសរបស់ខ្លួនបានហើយក៏បបួលពាណិជទាំងនោះទៅកាន់នគរយក្ខនោះឯង ។

ម៉្យាងទៀតឯនាងយក្ខិនីទាំងឡាយនោះ បើថាមានមនុស្សដែលខ្លួនចាប់បានហើយអំពីថ្ងៃមុននាំយកមកទុកធ្វើជាស្វាមី ក៏ចាប់ចងដាក់ច្រវាក់នូវប្ដីទាំងនោះនាំទៅទុកក្នុងផ្ទះសម្រាប់សម្លាប់ដើម្បីបរិភោគនោះទៅ ថាមិនមានមនុស្សឯណាដែលធ្លាយសំពៅហើយមកនៅក្នុងសម្នាក់នៃខ្លួនទេ ក៏នាងយក្ខិនីទាំងនោះឆ្លងពីកោះលង្កាទៅឯកល្យាណីប្រទេសត្រើយនាយហើយត្រឡប់មកឯនាគទ្វីបវិញ ស្វែងរកមនុស្សទាំងឡាយដរាបដល់បាន ឯការដែលនាងយក្ខិនីស្វែងរកយ៉ាងនេះជាទំនៀមឬធម្មតារបស់ខ្លួនដូច្នោះ ។

អថេកទិវសំបញ្ចសត្តាហិន្ននាវា វណិជាតាសំនគរសមិបេឧត្តរឹសុ

ក្នុងថ្ងៃមួយនោះមានពាណិជចំនួន ៥០០ នាក់ធ្លាយសំពៅនៅក្នុងសមុទ្ទ ហើយនាំគ្នាហែលឆ្លងទៅកាន់ទីជិតនៃនគរយក្ខិនីទាំងឡាយនោះ ឯនាងយក្ខិនីទាំងនោះក៏បបួលគ្នាទៅរកពាណិជទាំង ៥០០ នោះទៀត លុះបានចួបហើយក៏និយាយលួងលោមចែចង់ពាណិជទាំងនោះ បានមកធ្វើជាស្វាមីទាំងអស់គ្រប់គ្នា ទើបបបួលពាណិជជាប្ដីថ្មីទាំងនោះទៅកាន់នគរនៃយក្ខនោះឯង ហើយនាងយក្ខិនីទាំងនោះចាប់ចងដាក់ច្រវាក់មនុស្សទាំងឡាយ ដែលខ្លួនចាប់បានមកទុកធ្វើជាប្ដីក្នុងកាលជាន់មុននោះ រួចនាំយកទៅដាក់ក្នុងផ្ទះសម្រាប់សម្លាប់បរិភោគនោះទៅ ចំណែកយក្ខិនីទាំង ៥០០ នាក់នោះ យក្ខិនីដែលជាធំជាងគេត្រូវបាននាយពាណិជដែលជាធំជាងពាណិជទាំងពួងនោះធ្វើជាប្ដី ឯយក្ខិនីទាំងឡាយដែលសែសក្រៅពីនាងនោះ ត្រូវបានពាណិជដទៃនោះជាប្ដីរៀងខ្លួនគ្រប់តួទាំងអស់ឥតមានខ្វះឡើយ ។

ក្នុងវេលាមួយនោះនាងជេដ្ឋយក្ខិនី ក្រោកឡើងអំពីដំណេកក្នុងពេលដែលពាណិជជាប្ដីនោះកំពុងដេកលក់ស្កប់ស្កល់ក្នុងពេលពាក់កណ្ដាលអធ្រាត្រ ហើយលបចេញទៅឯផ្ទះឃុំមនុស្សទុក លុះដល់ទៅទីនោះហើយ ក៏សម្លាប់នូវមនុស្សដែលខ្លួនចងទុកនោះយកសាច់មកបរិភោគជាអាហារ ឯយក្ខិនីក្រៅពីនេះក៏ធ្វើអំពើនេះ ដូចនាងយក្ខិនីជាធំនោះដែរ ។

ឯនាងយក្ខិនីដែលជាធំនោះកាលបើបានបរិភោគស៊ីសាច់មនុស្សនោះហើយ វេលាណាក៏មានសរីរកាយនោះត្រជាក់សើមអស់ទាំងខ្លួនប្រាណ ។

ចំណែកខាងនាយពាណិជនោះ កាលដែលដេកជាមួយនឹងប្រពន្ធ​នោះមិនមែនលក់ស្កប់ស្កល់ទេ គឺគ្រាន់តែធ្វើអាការដូចជាដេកលក់មែន ឯគំនិតស្មារតីក៏ខំប្រឹងសង្កត់ចាំមើលបំណាំនៃប្រពន្ធនោះ ព្រោះមានសេចក្ដីរង្កៀសសង្ស័យពីថ្ងៃមុនតិចៗមក ហើយក្នុងវេលានោះក៏បានដឹងកលឧបាយសេចក្ដីទុច្ចរិតនៃនាង​យក្ខិនី​នោះប្រាកដឥតសង្ស័យទើបគិតទុកក្នុងចិត្តថា អូម្ហេហិ បលាយិតុំវដ្ផតិ ការនេះគួរតែយើងរត់ចេញចាកទីនេះទើបសម លុះគិតដូច្នោះហើយក៏ក្រោកឡើងដើរចេញទៅរកទឹកលប់មុខក្នុងវេលាព្រឹកឡើងនោះ ហើយក៏ប្រាប់ដំណឹងនេះដល់ពួកពាណិជដ៏សេសទាំងអស់ឱ្យដឹងសេចក្ដីថា នែគ្នាយើងទាំងអស់ប្រពន្ធយើងសព្វថ្ងៃនេះមិនមែនជាមនុស្សស្ត្រីត្រឹមត្រូវសុទ្ធល្អទេ គឺជាមេយក្ខិនីទេតើ ឯនាងយក្ខិនីទាំងនេះតែវាបានមនុស្សប្រុសដ៏ទៃដែលធ្លាយសំពៅ ហើយឆ្លងមកសម្នាក់នឹងវាៗនឹងយកមនុស្សទាំងនោះធ្វើជាប្ដី ហើយវានឹងសម្លាប់យើងគ្រប់គ្នា ទំពាស៊ីសាច់ផឹកឈាមមិនខានទេ ហេតុនេះគួរតែយើងរាល់គ្នារកឱកាសនឹងគេចរត់ចេញអំពីទីនេះទើបរស់រួចជីវិតបាន ។

បណ្ដាពាណិជទាំង ៥០០ ពាណិជ ២៥០នាក់ ជម្រាបមកនាយពាណិជនោះវិញថា មយំឯតាវិជហិតុំនសក្ខិស្សាម យើងគ្រប់គ្នានេះមិនអាចនឹងលាលែងលះបង់ចោលប្រពន្ធរបស់យើងទាំងនេះទេ សូមលោកនាយអញ្ជើញទៅទីណាក៏ទៅចុះ ឯយើងទាំង ២៥០ នាក់នេះទៅមិនរួចទេ ព្រោះមានចិត្តអាណិតស្ដាយប្រពន្ធពេកណាស់ ។

ឯនាយពាណិជនោះក៏ខំនិយាយបបួលដរាបដល់អស់កិច្ចនឹងនិយាយបានហើយ ក៏បបួលគ្នាតែ ២៥០ នាក់ដែលចូលចិត្តជឿធ្វើតាមពាក្យរបស់ខ្លួននោះរត់ចេញទៅ ។ ក្នុងសម័យនោះព្រះបរមពោធិសត្វយើងនេះ ទទួលព្រះអង្គក៏យោនយកកំណើតកើតជាសេះវលាហកមានសរីរាវយវៈ ទាំងមូលសសុសគ្រប់កន្លែង មានកដូចជាកនៃក្អែក មានសក់ស្លូតប្រាកដស្មើដូចជាស្មៅដំណេកទន្សាយ មានឥទ្ធានុភាព​អាចហោះទៅអាកាសបាន ក្នុងពេលនោះក៏ព្រះពោធិសត្វស្ដេចហោះចេញអំពីព្រៃហិមពាន្តទៅកាន់តម្ពបណ្ណទ្វីប ដើម្បីនឹងរកបរិភោគនូវស្រូវសាលីដែលកើតឯងក្នុងស្រះដែលមានក្នុងកោះនោះ លុះដល់ទៅទីនោះហើយក៏បានប្រទះឃើញពួកពាណិជទាំង ២៥០ នាក់នោះកំពុងរត់ស្រចុះស្រឡើង ទើបពោធិសត្វពោលទៅរកមនុស្សទាំងនោះដោយសម្ដីជាមនុស្ស ៣ ដង ព្រោះសេចក្ដីករុណាថា ជនបទំគន្តុគាមាអត្ថិ ជនបទំគន្តុគាមាអត្ថិ អ្នកណាមានប្រាថ្នាចូលចិត្តទៅកាន់ជនបទដែរឬ ។ ទើបពាណិជទាំងឡាយនោះបានឮសម្ដីដូច្នោះហើយ ក៏មានចិត្តត្រេកអរជាទីបំផុតក្រៃពេក ក៏ដើរចូលទៅជិតហើយលើកដៃសំពះពោលថា សាមំមយំជនបទំគមិស្សាម បពិត្រលោកម្ចាស់ យើងខ្ញុំទាំងអស់គ្នានេះមានប្រាថ្នាដើម្បីនឹងទៅកាន់ជនបទនាយ សូមលោកម្ចាស់សង្គ្រោះយើងខ្ញុំផង ។ ទើបព្រះពោធិសត្វពោលថា បើដូច្នោះចូរអ្នករាល់គ្នាឡើងមកជិះលើខ្នងរបស់ខ្ញុំនេះចុះ បណ្ដាជនខ្លះក៏ឡើងជិះដល់លើខ្នង អ្នកខ្លះបានគ្រាន់តែតោងកន្ទុយ អ្នកខ្លះលើកដៃសំពះហើយហើយស្ថិតនៅក្នុងទីនោះឯង ចំណែកព្រះពោធិសត្វព្រះអង្គក៏ហោះយោងពាណិជទាំង ២៥០ នាក់នោះដរាបទាល់តែអស់ដោយអានុភាព​ព្រះអង្គ ហើយនាំទៅកាន់ជនបទដាក់ឱ្យនៅតាមកន្លែងនៃខ្លួនគ្រប់គ្នា ឯអង្គលោកទៅកាន់ទីលំនៅវិញ ។

ចំណែកខាងក្រោយនោះមក នាងយក្ខិនីទាំងឡាយក៏ប្រទះនូវពួកឈ្មួញដទៃទៀតមកធ្វើជាប្ដីគ្រប់គ្នា ហើយក៏សម្លាប់នូវពាណិជទាំង ២៥០ ដែលសល់នៅមិនព្រមទៅជាមួយនឹងនាយពាណិជនោះយកសាច់មកបរិភោគជាអាហារអស់ទៅ ។

លំដាប់នោះព្រះបរមសាស្ដាជាគ្រូយើងទ្រង់ត្រាស់ឱ្យហៅនូវភិក្ខុទាំងឡាយឱ្យចូលមក លុះដល់មកហើយ ទើបទ្រង់ត្រាស់​ធម្មទេសនាជាពាក្យដំបូន្មានចំពោះភិក្ខុទាំងឡាយនោះថា នែភិក្ខុទាំងឡាយ ឯពាណិជ​​ទាំង ២៥០ នាក់ ជាអ្នកលុះក្នុងអំណាចនៃសេចក្ដីស្រឡាញ់យក្ខិនីនោះ ក៏ដល់នូវសេចក្ដីវិនាសចាកជីវិតគ្រប់គ្នាទាំងអស់ ចំណែកខាងពាណិជដែលជាអ្នកធ្វើតាមឬប្រព្រឹត្តតាមនៃសេចក្ដីសេះឈ្មោលវលាហកនោះក៏បានតម្កល់នៅក្នុងទីជាសុខគ្រប់គ្នា នែភិក្ខុទាំងឡាយ រឿងនេះមានឧបមាយ៉ាងណាមិញថាមានឧបមេយ្យដូចបរិសទ្យទាំង៤ពួក គឺភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា បរិសទ្យពួកណាមួយ​ ជាអ្នកមិនធ្វើតាមឱវាទនៃព្រះសម្ពុទ្ធទាំងឡាយ បរិសទ្យពួកនោះនឹងដល់នូវសេចក្ដីទុក្ខយ៉ាងធំក្នុងទីអបាយភូមិ​ទាំង ៤ និងទីសម្រាប់ធ្វើនូវកម្មដ៏អាក្រក់មានចំណង ៥ ប្រការជាដើម ចំណែកខាងបរិសទ្យពួកណាមួយ​​ដែលបានធ្វើតាមឱវាទនៃព្រះសម្ពុទ្ធ បរិសទ្យពួកនោះនឹងបានដល់នូវទីសប្បាយ គឺមានបាននូវសម្បត្តិ ៣ ប្រការនិងកាមាវចរសួគ៌ទាំង ៦ ស្ថាន និងព្រហ្មលោកទាំង ២០ ជាន់មិនខានឡើយ លុះចំណេរចីរកាលទៅខាងមុខទៀតគង់នឹងបានប្រទះសោយនូវសេចក្ដីសុខយ៉ាងធំជាឯកន្តបរមសុខ គឺព្រះនិព្វានមិនលែងឡើយ ព្រះអរហំសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ធម្មទេសនាឱ្យឱវាទដល់ភិក្ខុទាំងឡាយយ៉ាងនេះ ហើយទើបទ្រង់ប្រោសប្រទាននូវគាថាយ៉ាងនេះតទៅទៀតថា ៖

យេនកាហន្តិឱវាទំ នមាពុទ្ធេនទេសិតំ ឱ្យសនន្តេគមិស្សន្តិ រក្ខសិហីវវាណិជា ។ យេចកាហន្តិឱវាទំ នរាពុទ្ធេនទេសិតំ សោត្ថិម្បាបំគមិសន្តិ វលាហេនេវវាណិជាតិ ។

សេចក្ដីប្រែថា អ្នកទាំងឡាយឯណាមួយ​ មិនអាចធ្វើតាមពាក្យឱវាទដែលព្រះសម្ពុទ្ធ ទ្រង់ត្រាស់​ទូន្មាន​ហើយអ្នកទាំងឡាយនោះគង់នឹងដល់នូវសេចក្ដីវិនាសមិនលែងឡើយ ដូចជាពាណិជទាំងឡាយ ដែលរាក្សសីបញ្ឆោតទំពាស៊ីនោះឯង ។

ម៉្យាងទៀតអ្នកទាំងឡាយឯណាមួយ​ ដែលជាអ្នកធ្វើតាមឱវាទដែលអ្នកប្រាជ្ញសម្ដែងប្រាប់ហើយ អ្នកទាំងនោះគង់នឹងដល់នូវត្រើយដ៏មានសួស្ដី គឺស្ថានបរមនិព្វានមិនខាន ដូចជាពាណិជទាំងពួងដែលព្រមទៅតាមសេះវលាហកនោះឯង ។

ព្រះបរមលោកុត្តមាចារ្យជាសាស្ដាដើមរបស់យើង ទ្រង់យឹតយោងទាញយកនូវរឿងរ៉ាវអំពីមុនៗ មកសម្ដែងប្រាប់ដល់ភិក្ខុទាំងឡាយ ហើយទ្រង់ប្រកាសនូវអរិយសច្ចកថាដរាបដល់អរិយសច្ចហើយវេលាណា ឧក្កណ្ឋិតភិក្ខុនោះក៏បានតម្កល់នៅក្នុងសោតាបត្តិផល ឯជនទាំងឡាយដ៏ទៃខ្លះក៏បានដល់អានាគាមិផល ខ្លះបានសម្រេចព្រះអរហត្តផលក្នុងវេលានេះដែរ ។

ឯពាណិជទាំង ២៥០ នាក់ ជាអ្នកជឿតាមពាក្យនៃស្ដេចសេះវលាហកនោះ ក៏បានមកជាពុទ្ធបរិសទ្យក្នុងកាលឥឡូនេះទាំងអស់ ឯសេះវលាហកនោះមិនគឺអ្នកឯណាឡើយ គឺអង្គព្រះតថាគតនេះឯង ។

ចប់វលាហកជាតក

វលាហសជាតក លេខ ១៩៦

ព្រះឧត្ដមមុនី អ៊ុម ស៊ូ អាចារ្យព្រះរាជបណ្ណាល័យកម្ពុជា
ប្រែពីបាលីមកជាភាសាខ្មែរ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣១-១៩៣២

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖