កងទុក្ខ​ទាំង ៤

សត្វលោកប្រព្រឹត្តទៅតាមកម្ម តែងកើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា មានសុខ មានទុក្ខ ឥតមានអ្វីទៀងទាត់ ឥតមានអ្វីគួរប្រកាន់មាំឡើយ ។

១- ជាតិទុក្ខ អធិប្បាយថា បណ្ដាទុក្ខទាំងពួង ដែលកើតមានបុគ្គលគ្រប់រូបនោះ ក៏អាស្រ័យនឹងមានជាតិជាបច្ច័យ បើគ្មានជាតិកំណើតទេ ទុក្ខនឹងមកអាស្រ័យនៅនឹងអ្វីបាន បានអ្វីនឹងចាំត្រងរងនូវទុក្ខនោះ ហេតុដូច្នោះ បានជាព្រះជាគ្រូព្រះអង្គឱ្យឈ្មោះថាជាតិទុក្ខ ទុក្ខកើតព្រោះតែមានជាតិកំណើត ។

២- ជរាទុក្ខ ទុក្ខកើតព្រោះសេចក្ដីចាស់ជរា ធ្វើឱ្យឥន្ទ្រិយគ្រាំគ្រាវិកលវិការវិបរិតប្រែប្រួលទៅផ្សេងៗ មានធ្វើឱ្យធ្មេញបាក់ សក់ស្កូវ ថ្ពាល់ផត សាច់ស្បែកជ្រួញជ្រីវ យុរយារ ស្វិតស្រពោន ភ្នែកងងឹត ត្រចៀកថ្លង់ជាដើម គួរឱ្យសង្វេគពេកណាស់ ជរានេះបុគ្គលទាំងឡាយមិនអាចនឹងមើលបានដោយយមំសចក្ខុទេ លុះតែបុគ្គលប្រកបដោយបញ្ញាចក្ខុនោះទើបនឹងមើលឃើញប្រាកដ ជាក់ច្បាស់បាន ជរានេះប្រៀបឧបមាដូចភ្លើង​ឆេះព្រៃហើយរលត់ទៅ ភ្លើងនោះកាលដែលឆេះក៏មិនបានប្រាកដ លុះនៅតែផេះនិងធ្យូង ទើបប្រាកដដល់ជនទាំងឡាយនោះ មានឧបមាដូចម្ដេចមិញ ជរាទុក្ខនេះ ក៏មិនបានប្រាកដដល់ជនទាំងឡាយ មានឧបមេយ្យដូច្នោះឯង លុះតែបុគ្គលបានឃើញរូបអ្នកណាមួយ​ មានធ្មេញបាក់ សក់ស្កូវ ថ្ពាល់ផតក្ដី សាច់ស្បែកស្វិត ជ្រួញជ្រីវ យុរយារ ភ្នែកងងឹត ត្រចៀកថ្លង់ក្ដី ទើបដឹងប្រាកដថាជរាមកដល់ហើយ ពុំនោះសោតជរានោះ ដូចជាតម្បាញដែលគេត្បាញ ស្ត្រីអ្នកត្បាញសំពត់បោះត្រល់ទៅមកម្ដងមួយសរសៃរៗ ខាងមុខកាន់តែតិចទៅៗ ខាងក្រោយកាន់តែច្រើនឡើងៗនោះ មានឧបមាដូចម្ដេចមិញ ជរាដែលព្យាយាមស៊ីលេបអាយុសត្វ ស៊ីលេបបន្តិចម្ដងៗ រួបកាយកាន់តែទ្រោមទ្រុឌទៅ ថយទៅ វិនាសទៅ រាល់កាល រាល់វេលា មិនចេះឈប់ឈរ មិនចេះបង្អង់ក្នុងពេលណា ខណៈណាសោះឡើយ ក៏មានឧបមេយ្យដូច្នោះឯងដូចអ្នកណាមួយ​ កើតមកមានអាយុកំណត់ កំណត់ ១០០ឆ្នាំ កន្លងថ្ងៃ ១ ទៅ ក៏ខ្វះអំពី ១០០ឆ្នាំនោះបាន ១ ថ្ងៃ  លុះកន្លងទៅបាន១ខែ ក៏ខ្វះអំពី ១០០ឆ្នាំ ១ឆ្នាំ យ៉ាងនេះជាដើមរៀង ៗ ទៅសេចក្ដីជរាតែងបណ្ដេញ បំបរបន្ថយ អាយុសត្វ ហើយកៀងប្រមូលបញ្ចូលទៅរកសេចក្ដីស្លាប់ ជានិច្ចសព្វកាលមិនដែលដាច់ ជរានេះរមែងធ្វើឥន្ទ្រិយទាំង ៦ មានចក្ខុឥន្ទ្រិយជាដើមឱ្យសៅហ្មងល្អក់គ្រាំគ្រាអាការទាំង ៣២ មានសក់ជាដើមសោត ក៏វិបរិតប្រែប្រួលទៅផ្សេងៗ គ្រប់រូបទាំងអស់ឥតមានសល់ រូបកាយយើងរាល់គ្នានេះ មានតណ្ហាជានាយជាង ជាអ្នកតាក់តែងធ្វើឱ្យកើតឡើង ដូចជានាយជាងធ្វើផ្ទះ លុះបានជាផ្ទះហើយកាលបើមានខ្យល់ព្យុះពោលគឺជរាមកបៀតបៀនកាលណា ផ្ទះគឺអត្តភាពនេះក៏មិនអាចនឹងទប់ទល់ទ្រាំទ្រស្ថិតនៅបាន ចេះតែគ្រាំគ្រាវិនាសទៅរាល់វេលា ឥរិយាបទទាំង ៤ ទៀត ក៏ចេះតែអន់ ចេះតែថយចុះជាប្រក្រតី នឹងដេកដើរ ឈរអង្គុយក៏ពីបាក ថ្ងូរបណ្ដើរ ដកដង្ហើមធំបណ្ដើរ សោយទុក្ខវេទនាមិនមានល្ហែ ហេតុដូច្នោះបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ឱ្យឈ្មោះថាជរាទុក្ខ ទុក្ខកើតមានព្រោះសេចក្ដីចាស់ជរា ។

៣- ព្យាធិទុក្ខ ទុក្ខកើតព្រោះព្យាធិរោគាមកបៀតបៀន ព្រះបរមគ្រូទ្រង់សម្ដែងថា ព្យាធិដែលកើតឡើងក្នុងរូបកាយនៃសត្វទាំងឡាយនោះ ព្រោះដោយហេតុធាតុប្រែប្រួល គឺថាចួនកាលត្រជាក់ ចួនកាលក្ដៅ ធ្វើឱ្យរូបកើតរសាប់រសល់ ព្យាធិគឺសេចក្ដីឈឺចាប់ មានឈឺគ្រុន ឈឺក្បាលវិលមុខ ឈឺពោះជាដើម ព្យាធិនេះបៀតបៀនសត្វឱ្យដល់នូវសេចក្ដីទុក្ខច្រើនប្រការណាស់ តែងបណ្ដេញ បំបរ បញ្ជូនអាយុសត្វ ឱ្យទៅកាន់សេចក្ដីស្លាប់ ហេតុដូច្នោះបានជាព្រះបរមលោកនាថ ទ្រង់ឱ្យឈ្មោះថាព្យាធិទុក្ខ ទុក្ខកើតព្រោះព្យាធិរោគាមកបៀតបៀន ។

៤- មរណទុក្ខ ទុក្ខកើតព្រោះសេចក្ដីស្លាប់មកបៀតបៀន ព្រះសាស្ដាទ្រង់សម្ដែងថា ធម៌ទាំងឡាយគឺ ចុតិរលត់ចិត្តនៃសត្វក្ដី ទម្លាយខន្ធនៃសត្វក្ដី ចោលបោះបង់សាកអសុភនៃសត្វក្ដី ផ្ដាច់បង់ជីវិតនៃសត្វក្ដី ធម៌ទាំងនេះឈ្មោះថាមរណធម៌ទាំងអស់ ព្រោះថាសត្វទាំងឡាយកាលបើទៀបនឹងដល់មរណកាលហើយ តេជោធាតុក្នុងសរីរកាយនោះកើតក្លៀវក្លាខ្លាំងឡើង ធ្វើឱ្យក្ដៅក្រហាយរោលរាលរសាប់រសល់សព្វកាយ ដូចជានៅជិតគំនរភ្លើង បានឈ្មោះថាមរណទុក្ខម្យ៉ាង ម្យ៉ាងទៀតបើសត្វណាបានធ្វើអកុសលកម្ម ដ៏លាមកអាក្រក់ដោយកាយជាដើម ឥតមានមេត្តាករុណា កាលបើជិតនឹងដល់មរណកាល ទុក្ខនិម្មិតក៏កើតឡើងឱ្យឃើញប្រាកដដល់សត្វនោះ គឺឱ្យឃើញភ្លើងនរកខ្លះ ចួនកាលឱ្យឃើញនាយនិរយបាលកាន់គ្រឿងសាស្ត្រាវុធ មកចោមរោមគំរាមកំហែងធ្វើទុក្ខធ្វើទោស ចួនកាលក៏ឃើញជាជ្រួលច្រវាក់ ឃើញសត្វក្អែកត្មាតមកចោមរោមក៏សឹងមាន ម្ល៉ោះហើយសេចក្ដីតក់ស្លុត រន្ធត់ភ្ញាក់ភិតភ័យស្ដាយជីវិត ទម្រាំតែនឹងរលត់ចិត្តទៅនោះ ដោយកម្រពិបាកក្រៃពេកណាស់ ខ្លះក៏ស្រែកយំបម្រះននៀល អន្ទះអន្ទែងទៅមក ត្រដររកខ្យល់បាត់ស្មារតី ខ្លះក៏ស្លាប់ដោយគេប្រហារនឹងគ្រឿងប្រហារផ្សេងៗ ក៏មាន ព្រះជាគ្រូទ្រង់ឱ្យឈ្មោះថាមរណទុក្ខ ទុក្ខកើតព្រោះសេចក្ដីស្លាប់ មកបៀតបៀនសត្វទាំងឡាយរមែងខ្លាចសេចក្ដីស្លាប់ជាទីបំផុត ដោយហេតុព្រោះតែស្ដាយជីវិត ចង់តែរស់នៅក្រៃពេកណាស់ វៀរលែងតែព្រះអរិយបុគ្គលមានព្រះពុទ្ធជាដើម លោកមិនមានរន្ធត់ភិតភ័យខ្លាចសេចក្ដីស្លាប់ ឬស្ដាយជីវិតដូចសត្វដទៃគ្មាន ។

ទុក្ខទាំង ៤ ប្រការ គឺជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ នេះប្រៀបដូចជាសត្រូវ ៤ នាក់ យើងទាំងអស់គ្នាប្រៀបដូចជាមនុស្សមានពៀរនឹងសត្រូវទាំង ៤ នោះ សត្រូវទាំង ៤ នោះ គិតតែស្វែងរកឧបាយនឹងព្យាបាទសម្លាប់មនុស្សដែលមានពៀរនឹងខ្លួននោះ មិនចេះភ្លេចខ្លួននោះ មិនចេះភ្លេច សត្រូវទី ១ ចូលទៅរកមនុស្សនោះ ហើយធ្វើជាមិត្តស្និទ្ធស្នាល និយាយប្រលោមលួងលោមបញ្ជោរបញ្ឆោតបំពោតនាយអាយ ធ្វើឱ្យមនុស្សនោះទុកចិត្តស្និទ្ធស្នាលមេត្រី មនុស្សនោះក៏មិនដឹងខ្លួនថាជាសត្រូវមកប្លមធ្វើឧបាយកលឡើយ ក៏លុះដោយអំណាចឧបាយកលនៃសត្រូវនោះទៅ ដោយគិតស្មានថាជាគេមានចិត្តស្មោះត្រង់រាប់អានជាមិត្តសម្លាញ់ពិតប្រាកដមែន ក៏ឆោតជឿតាមពាក្យសម្ដីសត្រូវនោះទៅឥតសង្ស័យ សត្រូវនោះបានដឹងថាមនុស្សនោះ ជឿស៊ប់ដោយឧបាយខ្លួនហើយ ក៏ដឹកនាំបបួលមនុស្សនោះ ដើរចូលទៅក្នុងព្រៃស្ងាត់ ដល់ហើយស្រាប់តែឃើញសត្រូវទី២ ស្ទុះចូលមកចាប់មនុស្សនោះ វាយដំច្រំធាក់ជាទម្ងន់ ទើបសត្រូវទី៣ ស្ទុះចូលមកជួយវាយដំបន្ថែមឱ្យជាទម្ងន់ក្រៃលែងទៅទៀត សត្រូវទី៤ ស្រាប់តែស្ទុះមកកាត់ក្បាលមនុស្សនោះដោយដាវដ៏មុតថ្លាដាច់ចេញពីខ្លួនក្សិណក្ស័យជីវិត ក្នុងខណៈនោះទៅ ។

ឯសត្រូវទាំង ៤ នោះ សត្រូវទី១ គឺជាតិទុក្ខដែលជាអ្នកលលួងបញ្ឆោតយើងរាល់គ្នា ឱ្យតបដិសន្ធិ ប្រកបដោយ បញ្ចខន្ធ ថាជាទីសុខស្រួល ។ សត្រូវទី២ គឺជរាទុក្ខ ដែលជាអ្នកជួយធ្វើយើងរាល់គ្នាឱ្យគ្រាំគ្រាថមថយកម្លាំងទៅ មានធ្វើឱ្យធ្មេញបាក់ សក់ស្កូវជាដើម ។ សត្រូវទី៣ គឺព្យាធិទុក្ខ ដែលជាអ្នកជួយធ្វើរាងកាយឱ្យរឹតតែគ្រាំគ្រាទុព្វលភាពក្រែលែងថែមទៅទៀត ។ សត្រូវទី៤ គឺមរណទុក្ខ ដែលជាអ្នកតែងបៀតបៀនផ្ដាច់បង់ជីវិតិន្ទ្រិយនៃយើងរាល់គ្នា ។

ព្រះមហាវិមលធម្ម នាម  ថោង
ចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ

អាចារ្យ  អ៊ិត ហាក់
គ្រូបង្រៀនសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ
អ្នកពណ៌នា

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

Leave a Reply

avatar
  Subscribe  
Notify of