ទុមេធជាតក

ឯកនិបាតជាតក

ទុមេធានន្តិ  ឥទំសត្ថជេតវនេវិហរន្តោ  លោកត្ថចរិយំ  អារព្ភកថេសិ

សេចក្តីថា កាលព្រះសាស្តាចារ្យជាបរមគ្រូ ទ្រង់គង់នៅឰដ៏វិហារឈ្មោះជេតវន ព្រះអង្គទ្រង់ប្រារព្ធចំពោះនូវលោកត្ថចរិយា ហើយទ្រង់សម្តែងនូវព្រះធម៌ទេសនានេះថា ទុមេធានំ ដូច្នេះជាដើម ។ លោកត្ថចរិយា គឺប្រព្រឹត្តិដើម្បីប្រយោជន៍ដល់សត្វលោក នឹងមានប្រាកដក្នុងមហាកណ្ហជាតក ក្នុងទ្វទសនិបាតឯណោះ ព្រះអង្គទ្រង់នាំមកនូវរឿងរ៉ាវ ក្នុងអតីតកន្លងទៅហើយដូច្នេះថា ។

កាលព្រះរាជាទ្រង់ព្រះនាមព្រហ្មទត្ត ទ្រង់សោយរាជសម្បត្តិក្នុងព្រះនគរឈ្មោះពារាណសី (កាលនោះ ) ព្រះបរមពោធិសត្វ​ជាម្ចាស់យើង ក៏ទ្រង់យាងចុះចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះរាជានោះ ។ កាលព្រះបរមពោធិសត្វចេញចាកគភ៌ព្រះមាតា នោះបាននាមបញ្ញត្តថា ព្រហ្មទត្តកុមារ ក្នុងថ្ងៃកំណត់នូវព្រះនាម ។ ព្រហ្មទត្តកុមារនោះប្រកបដោយឧទ្ទេសនៃឆ្នាំ ១៦ ទ្រង់យាងទៅរៀនសិល្ប៍សាស្រ្ត ក្នុងនគរឈ្មោះតក្កសីលា ដល់ហើយនូវកិរិយាកាន់ត្រើយនៃត្រ័យវេទ សម្រេចវិជ្ជាទាំងឡាយ ១៨ ប្រការ ។ (កាលនោះ) ព្រះវររាជបិតាទ្រង់ព្រះរាជទានទីឧបរាជដល់ព្រហ្មទត្តកុមារនោះ (ដោយសេចក្តីរីករាយ ) ។ ក្នុងសម័យនោះ បណ្តាប្រជាជនក្នុងនគរពារាណសី មានប្រក្រតីនមស្ការទេវតា ប្រកាន់ថាទេវតាជាមង្គលសួស្តីក្រៃពេក ហើយតែងប្រដាប់ប្រជាប្រោះព្រំរក្សាដើមឈើធំៗ សម្មតិថាជាទីលំនៅទេវតា បើត្រូវការចង់បានបុត្រប្រុសស្រី ឬទ្រព្យសម្បត្តិជាដើម ក៏តែងទៅបន់ស្រន់ក្នុងទីដែលសម្មតិនោះ បើបានសមប្រកបដូចសេចក្តី​ប្រាថ្នាហើយ ក៏តែងសម្លាប់សត្វជ្រូក មាន់ និងសត្វពពែជាដើម យកសាច់ឈាមនិងគ្រឿងក្រអូបនិងផ្កាភ្ញីផ្សេងៗ ធ្វើពលិការសែនព្រេនបូជាលាបំណន់ ជាទម្លាប់គ្រប់ៗគ្នា ។ ព្រះឧបរាជទ្រង់ជ្រាបកិច្ចអស់ទាំងនោះហើយ ព្រះអង្គទ្រង់ព្រះចិន្តាថាឥឡូវនេះមហាជនមានចិត្តយាងចុះ ក្នុងអធម្មកម្មគឺកម្មមិនប្រកបដោយគន្លងធម៌ច្រើនណាស់ស្ទើរតែនឹងទាំងអស់ ជឿប្រកាន់ថាទេវតាជាមង្គលសួស្តីក្នុងលោក ហើយសម្លាប់សព្វសត្វសែនព្រេន (ដោយប្រាជ្ញាអាក្រក់យ៉ាងនេះ កម្មលាមកទាំងអម្បាលនេះ ) ដល់អំណឹះឥតពីព្រះវររាជបិតាទៅហើយ បើអញបានស្ថិតនៅក្នុងរាជសម្បត្តិ តំណាងព្រះវររាជបិតាកាលណា នោះអញនឹងដឹកនាំនូវអ្នកនគរទាំងអស់ឲ្យប្រតិបត្តិត្រឹមត្រូវ ឃាត់អធម្មកម្ម មិនមានឲ្យលំបាកដល់សត្វណាមួយក្នុងកាលនោះ ។

ក្នុងថ្ងៃមួយ​ ព្រះឧបរាជក៏ទ្រង់ឡើងគង់រាជរថ ទ្រង់ឲ្យចេញចាកព្រះនគរ ព្រះអង្គទ្រង់ទតយល់ដើមជ្រៃធំមួយ​ដែលមហាជនសន្មតធ្លាប់បន់ស្រន់តាមសេចក្តីប្រាថ្នាផ្សេងៗ ធ្លាប់ប្រាថ្នាយ៉ាងណា ក៏នឹងបានសម្រេចយ៉ាងនោះ (ចុតិឆាប់រួសរាន់ទាន់ចិត្ត) ។ ព្រះឧបរាជក៏ទ្រង់ចុះចាករថ យាងចូលទៅក្រោមដើមជ្រៃនោះហើយ ព្រះអង្គទ្រង់បូជាដោយគ្រឿងក្រអូបនិងផ្កាភ្ញីទាំងឡាយ ទ្រង់ប្រោះព្រំដោយទឹកធ្វើមនស្ការប្រទក្សិណបីដូចជាថាទេវតាជាមង្គលសួស្តី ហើយព្រះអង្គទ្រង់យាងឡើងរថ ឲ្យបរចូលមកកាន់ព្រះនគរវិញ ។ ចាប់ដើមតាំងអំពីថ្ងៃនោះទៅ ព្រះអង្គតែងយាងទៅកាន់ទីនោះជាលំដាប់ៗ ធ្វើបូជាបីដូចជាទេវតាជាមង្គលសួស្តី ។ ក្នុងកាលខាងក្រោយព្រះឧបរាជ ព្រះអង្គបានស្ថិតនៅក្នុងរាជសម្បត្តិដោយអំណឹះឥតអំពីព្រះវររាជបិតាទៅ ព្រះអង្គទ្រង់រាជហើយព្រះអង្គទ្រង់វៀរលែងអគតិធម៌៤ យ៉ាងដាច់ស្រឡះ ប្រកបដោយទសពិធរាជធម៌ដ៏បរិបូណ៌ ហើយទ្រង់ព្រះចិន្ដាថាអាត្មាអញបានសមប្រកបដោយជម្រះចិត្ត ស្តិតនៅក្នុងរាជសម្បត្តិហើយ ប្រយោជន៍ឯណាមួយដែលអាត្មាអញបានត្រិះរិះទុកក្នុងមុន ឥឡូវនេះអាត្មាអញនឹងញ៉ាំងប្រយោជន៍នោះ ឱ្យសម្រេចតាមសេចក្តីបំណងរបស់អញ ។ ព្រះអង្គទ្រង់ព្រះតម្រិះដូច្នោះហើយ ទើបទ្រង់ត្រាស់បង្គាប់សេវកាមាត្យព្រាហ្មណនិងគហបតីទាំងឡាយ ឲ្យប្រជុំព្រមហើយទ្រង់សន្ទនាថា ម្នាលអ្នកទាំងឡាយដ៏ចម្រើនអ្នកទាំងឡាយបានដឹងដែរឬទេ ។ រាជសម្បត្តិដែលយើងបាននេះ តើបានដោយហេតុឯណា ។ ជនទាំងឡាយយកសេចក្តីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព យើងទាំងឡាយពុំបានដឹងឡើយ ។ ព្រះបាទព្រហ្មទត្តរាជាព្រះចៅក្រុងពារាណសីទ្រង់មានមធុរវាចាថា នែអ្នកទាំងឡាយរាជសម្បត្តិនេះយើងបានដោយបួងសួងទេវតានៅដើមជ្រៃធំឈ្មោះឯណោះ យើងបានបូជាដោយគ្រឿងក្រអូបនិងផ្កាភ្ញីជាដើម ដូចអ្នកទាំងឡាយធ្លាប់ឃើញយើងទៅមករឿយៗ ។ ជនទាំងឡាយទទួលថាប្រពៃណាស់ព្រះអង្គ ។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា យើងបានបួងសួងទេវតាក្នុងកាលនោះថា បើយើងបានរាជសម្បត្តិសមដូចប្រាថ្នាហើយ យើងនឹងធ្វើពលិការថ្វាយទេវតា ឥឡូវនេះយើងបានរាជសម្បត្តិ ដោយអានុភាពទេវតានោះមែនហើយ បើដូច្នោះយើងនឹងធ្វើពលិការលាបំណន់ឲ្យរួចឆាប់ ចូរអ្នកទាំងឡាយចាត់ចែងរៀបគ្រឿងពលិការ ឲ្យឆាប់រហ័សរួសរាន់កុំបង្អែបង្អង់យូរយារឡើយ ។ ជនទាំងឡាយបានស្តាប់ហើយ ក៏យកសេចក្តីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព វត្ថុអ្វីដែលគួរនឹងកាន់យក ទៅធ្វើពលិការលាបំណន់នោះ ។ ព្រះមហាក្សត្រិយ៍ទ្រង់មានព្រះបន្ទូលថា នែអ្នកទាំងឡាយដ៏ចម្រើន យើងបួងបួសទេវតាកាលនោះថា បើយើងបានរាជសម្បត្តិដោយទេវតាជួយហើយ មនុស្សឯណាទ្រុស្តសីល៥និងមនុស្សប្រព្រឹត្តអកុសលកម្មបថ ១០ មានក្នុងរាជ្យ ក៏នឹងពិឃាដមនុស្សទាំងនោះចំនួន ១ ពាន់នាក់ យកពោះវៀននិងសាច់ឈាមសែនព្រេនលាបំណន់ ហេតុនោះអ្នកទាំងឡាយចូរធ្វើប៉ាវគងទូងភេរីប្រាប់អ្នកនគរឲ្យបានដឹងគ្រប់គ្នាថា ព្រះរាជាជាម្ចាស់យើងកាលនៅជាឧបរាជនៅឡើយ នោះបានបួងសួងទេវតាថា បើព្រះអង្គបានរាជសម្បត្តិដូចសេចក្តីប្រាថ្នា មនុស្សឯណាទ្រុស្តសីលក្នុងរាជព្រះអង្គ ទ្រង់នឹងឲ្យសម្លាប់មនុស្សទាំងអស់នោះ ធ្វើពលិការទេវតា ឥឡូវនេះព្រះអង្គដល់នូវរាជសម្បត្តិហើយមានព្រះតម្រាស់ត្រាស់បង្គាប់ឲ្យពិឃាដ មនុស្សទ្រុស្តសីល៥ ជំនួស ១ ពាន់នាក់ យកសាច់បេះដូងជាដើមសែនលាបំណន់ទេវតា នែអ្នកទាំងឡាយអើយចូរនិងគ្រប់គ្នា ។ នែអ្នកទាំងឡាយចាប់ដើមតាំងពីថ្ងៃនេះទៅ មនុស្សឯណាទ្រុស្តសីល៥ ក៏នឹងសម្លាប់មនុស្សនោះ ១ពាន់នាក់ សែនព្រេនលាបំណន់ទេវតា (មិនបង្អង់ខាន) ហើយព្រះអង្គទ្រង់ពោលនូវគាថានេះដូច្នេះថា ។

ទុមេធានិសហស្សេន               យញ្ញោមេឧបយាចិតោ

ឥទានិខោហំយជ្ជិស្សាមិ            ពហុអធម្មិកោជនោតិ ។

សេចក្តីថា បូជាដែលអញបន់ហើយ ដោយពាន់នៃជនទាំងឡាយដ៏មានប្រាជ្ញាអាក្រក់ អញទៅកាន់ទេវតានិងបូជាក្នុងកាលឥឡូវនេះ ជនមិនប្រកបដោយគន្លងធម៌ មានច្រើនលើសលប់ណាស់ ។

សេវកាមាត្យទាំងឡាយ បានស្តាប់ព្រះរាជឱង្ការដូច្នោះហើយ ក៏តាំងចាត់ការឲ្យប៉ាវគងទូងភេរី ក្នុងនគរពារាណសី ចម្ងាយ ១២ យោជន៍ ពួកជនដែលមានប្រក្រតីនៅក្នុងនគរពារាណសី បានដឹងឮដោយអំណាចស្គរដែលប្រព្រឹត្តទៅនោះហើយ (ក៏ស្ញប់ស្ញែងតក់ស្លុតរន្ធត់ញាប់ញ័រដោយមរណភ័យគ្រប់ៗគ្នា បណ្តា​ជនអស់ទាំងនោះ ទាល់គំនិតផុតពាក្យប្រកែក រក្សាសីលគ្រប់គ្នា ) ។ ក្នុងនគរនោះតាំងរក្សាសីលគ្រប់គ្នា សូម្បីរកតែមនុស្ស១នាក់នៅទ្រុស្តសីលក៏មិនបានផង ។

ព្រះបាទព្រហ្មទត្តរាជ ជាបរមពោធិសត្វ ព្រះអង្គទ្រង់រាជដរាបណា បណ្តាជនក្នុងនគររក្សាសីល៥ សីល៨ កុសលកម្មបថ១០ ដរាបនោះ មិនឲ្យមានលំបាកដល់សត្វឯណានីមួយ ព្រះអង្គទ្រង់រាជប្រកបដោយគន្លងធម៌ប្រពៃ ជានាយកណែនាំបណ្តាជនដែលនៅក្នុងដែនឲ្យប្រតិបត្តិប្រពៃ ព្រះអង្គទ្រង់បំពេញនូវបារមីទាំងឡាយ ជាខ្សែដឹកនាំនូវពួកបរិស័ទរបស់ព្រះអង្គទៅកាន់ស្ថានទេវតា ក្នុងកាលជាបំផុតនៃអាយុ ។

ព្រះបរមលោកនាថសាស្តាចារ្យ ទ្រង់មានព្រះពុទ្ធដីកាថា នែភិក្ខុទាំងឡាយ តថាគត ប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោកមិនតែក្នុងកាលឥឡូវនេះទេ តថាគតប្រព្រឹត្តដើម្បីប្រយោជន៍សត្វលោកដូច្នេះតាងពីដើមមក ហើយទ្រង់សម្តែងនូវប្រជុំជាតកថា ។

នែភិក្ខុទាំងឡាយ បរិស័ទទាំងឡាយក្នុងកាលនោះបានមកជាបរិស័ទក្នុងកាលឥឡូវនេះ ព្រះរាជាៗ កំពូលក្រុងពារាណសី មិនគឺអ្នកឯណាដ៏ទៃឡើយ គឺអង្គអញតថាគតនេះឯងហោង ។

ទុមេធជាតិកំនិដ្ឋិតំ

អត្តនោមត្យាធិប្បាយ

រឿងរ៉ាវទី ៣ នេះ ខ្ញុំខំកាត់កម្ចាត់បង់នូវសេចក្តីខ្ជិលប្រអូស ឆ្លៀតប្រែរៀបរៀង ដោយសេចក្តីជ្រះថ្លារីករាយ ក្នុងគុណសម្បត្តិរបស់ព្រះបរមពោធិសត្វជាម្ចាស់ ដែលព្រះអង្គខំធ្វើសេចក្តីល្អរបស់ព្រះអង្គហើយមិនបិទបាំងទុក ព្រះអង្គលើកសម្ញែងបង្ហាញសត្វបណ្តាជនដែលដេកត្រាំក្នុងភក់ល្បាប់ ពោលគឺចិត្តដែលប្រឡាក់ប្រឡូស ក្នុងបញ្ចវេរាកម្មនិងទសអកុសលកម្មបថ ព្រះអង្គធ្វើបណ្តាជនទាំងនោះ ឲ្យទាល់គំនិតផុតពាក្យប្រកែកឲ្យរលាស់ខ្លួនឡើងពីភក់ល្បាប់ មកតម្កល់ខ្លួនក្នុងសីល៥ សីល៨ កុលសកម្មបថ ១០ វិញដោយងាយ មិនឲ្យមានសេចក្ដី​លំបាកដល់ជនឯណានីមួយឡើយ មានគួរនាដូចគ្រូពេទ្យដែលកាន់យកនូវបន្លាចាក់ជោះបន្លាដែលមុតសរីរៈឆ្កឹះដកចេញឲ្យរួចដោយងាយ មិនឲ្យមានស្នាមរបួសតទៅទៀត នេះហើយមុខគួរឲ្យខ្ញុំមានចិត្តព្រឺព្រួចផូរផង់យ៉ាងខ្ពស់បំផុត ។ សេចក្តីប្រព្រឹត្តរបស់ព្រះបរមពោធិសត្វ នោះសមនឹងសុភាសិតក្នុងគម្ពីរជីរសារត្ថថា ។

សំសំទត្វាបរេសំសំ    សក្កាបរត្ថកាមកោ

សំសំសារេលភេសំសំ     បច្ឆិមេអត្តភាវកេតិ ។

សេចក្តីថា អ្នកប្រាជ្ញជាសប្បុរសមានប្រាថ្នាប្រយោជន៍របស់ខ្លួនផង ប្រយោជន៍របស់អ្នកដទៃផង តែងឲ្យនូវទ្រព្យដ៏ប្រពៃដល់ជនដ៏ទៃជាសប្បុរស គប្បីបាននូវសេចក្តីសុខដ៏បរិបូណ៌ ហើយមានទ្រព្យសម្បត្តិប្រសើរក្នុងសង្សារវដ្ត គប្បីបាននូវព្រះនិព្វានក្នុងមច្ឆិមភព (មិនឃ្លៀងឃ្លាតឡើយ) ។

បណ្តាជនដែលទាល់គំនិតផុតពាក្យប្រកែក ខំប្រតិបត្តិតាមព្រះបរមពោធិសត្វ កើតផលប្រយោជន៍ធំអំពីទៅមកសេពគប់ នោះសមនឹងសុភាសិតក្នុងគម្ពីរនោះដែរថា ។

សទាសមេតិសតាសំ   សមេតិអសតាអសំ

វាយសោកុលាបំយាតិ  កុសុមំយាតិឆប្បទោតិ ។

សេចក្តីថា សត្វក្អែកតែងហើរទៅកាន់ទីសាកអសុភ សត្វកន្លង់តែងហើរទៅកាន់គុម្ពផ្កា យ៉ាងណា សប្បុរសតែងទៅមករកពួកសប្បុរសប្រាជ្ញាល្អ  អសប្បុរសតែងទៅមករកពួកអសប្បុរសប្រាជ្ញាអាក្រក់ យ៉ាងនោះឯង ៕

អាចារ្យហឹម ក្រុមជំនុំប្រែព្រះត្រៃបិដក
ប្រែពីបាលីមកជាភាសាខ្មែរ

ប្រភព ៖ ទស្សនាវដ្ដី កម្ពុជសុរិយា ឆ្នាំ១៩៣៤