រឿង​ ព្រះ​មហា​សីលវរាជ

(ពាក្យ​កាព្យ)
លោក ហេង – សំអាន រៀបរៀង
ចាក​មហា​សីលវ​ជាតក ឯកនិបាត អហឹសវគ្គ

ក្នុង​អតីតកាល ព្រះ​បាទ​មហា​សីលវរាជ ទ្រង់​សោយរាជ្យ​ក្នុង​ពារាណសី​នៃ​ដែន​កាសី ជា​មហា​ក្សត្រ​ប្រកប​ដោយ​សីល ថ្វាយ​ព្រះ​ជន្ម​នឹង​ព្រះ​ពុទ្ធសាសនា មាន​សេនាមាត្យ​ម្នាក់​ជា​សំណព្វ​គាប់​ព្រះ​ទ័យ​ក្រៃលែង តែ​សេនាមាត្យ​នោះ​ចិត្ត​ខ្មៅ​ទ្រុស្ត​អន្ធពាល ក្បត់​ព្រះ​អង្គៗ ទ្រង់​ជ្រាប​ហៅ​មក​ប្រដៅ​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើ​ថោកទាប​ទាំង​នោះ  ។

បទ​ពាក្យ ៧

(១)  ក្នុង​កាល​កន្លង​ដ៏​យូរ​ក្ដាត់  មាន​ព្រះ​មហា​ក្សត្រ​ទ្រង់​ខន្តី  ព្រះ​មហា​សីលវៈ​ថ្កើង​បារមី  គ្រង​ដែន​កាសី​ដោយ​សាទរ  ។  ប្រជាពលរដ្ឋ​គ្រប់​ទាំងអស់  ទាំង​ស្ត្រី​បុរស​ក្នុង​នគរ  សាមគ្គី​ព្រមព្រៀង​គ្នា​ឈូឆរ  ត្រេកអរ​ស្មោះ​សរ​នឹង​សីល​ទាន  ។  ប្រទេស​កាសី​ថ្កើង​ថ្លៃថ្លា  គ្មាន​អំណាច​ណា​អាច​នឹង​ហ៊ាន  ចូល​មក​បំផ្លាញ​វាត​រុករាន  ឲ្យ​អន្តរធាន​បាន​ឡើយ​ណា  ។  គ្រា​នោះ​មាន​សេនាបតី  ឈ្មោះ​កាឡ – បក្សី​មាន​ប្រាជ្ញា  កាន់​កាប់​ក្រសួង​ឃោសនាការ  ព្រះ​មហា​ក្សត្រា​គាប់​ព្រះ​ទ័យ  ។ 

(៥)  ដោយ​លោក​បក្សី​ចេះ​អែបអប  រណេប​រណប​យក​គាប់​ក្រៃ  ធ្វើ​បុណ្យ​ធ្វើ​ទាន​ស្ទើរ​រាល់​ថ្ងៃ  តម្រូវ​ព្រះ​ទ័យ​ព្រះ​រាជា  ។  បច្ច័យ​ចាត់ចែង​បុណ្យ​ទាំងអស់  គឺ​ជា​របស់​ពួក​ជន​នានា  ធ្វើ​ការ​នៅ​ក្រោម​បទ​បញ្ជា  អង្គាស​ចូល​គ្នា​ដោយ​ចិត្ត​ស្មគ្រ  ។  លោក​កាឡ – បក្សី​មិន​ចូល​ទេ  គ្រាន់​តែ​ជា​មេ​ទទួល​ប្រាក់  ខ្នះខ្នែង​ចាត់ចែង​បុណ្យ​ជាក់​លាក់  បន្លំ​លួច​ប្រាក់​បុណ្យ​នោះ​ទៀត  ។  គំនិត​មារយាទ​របស់​លោក  អាក្រក់​ស្មោក​គ្រោក​ខំ​ប្រឹង​ឆ្លៀត  ទាក់ទង​នឹង​សាសន៍​ផ្ដាស​ឯ​ទៀត  គំនិត​ចោល​ម្សៀត​ក្បត់​ជាតិ​ឯង  ។  ក្បត់​សាសនា​និង​រាជ​បល្លង្ក  ចង់​តាំង​ជា​ស្ដេច​ឥត​កោត​ក្រែង  ពឹង​ពួក​បរទេស​ឲ្យ​ចាត់ចែង  ដណ្ដើម​កន្លែង​ស្ដេច​ផែនដី  ។ 

(១០)  ថែម​ទាំង​ប្រព្រឹត្ត​ចរិយា  ផឹក​ស្រា​ហ៊ឺហា​ដើរ​លេង​ស្រី  កញ្ញា​ណា​ល្អ​រូប​ប្រិមប្រិយ  ល្អ​ស្រស់​ពិសី​ភ័យ​ក្រៃលែង  ។  ព្រោះ​លោក​បក្សី​ល្បី​កោងកាច  ចាប់​ទាំង​អំណាច​ឥត​ខ្លាច​ក្រែង  អំពើ​ថោកទាប​ទាំង​នេះ​ឯង  ខិតខំ​ប្រឹង​ប្រែង​ស្វែង​រាល់​ថ្ងៃ  ។  មាន​កម្លាំង​ខ្លាំង​ដូច​ជំនួយ  ពួក​បរទេស​ជួយ​អចិន្ត្រៃយ៍  មាស ប្រាក់ អាវុធ​ច្រើន​ក្រាស់​ក្រៃ  បញ្ជូន​រាល់​ថ្ងៃ​សុទ្ធ​តែ​ថ្មី  ។  មាន​ចារនារី​ស្រី​ឆើតឆាយ  កប​កាយ​បវរ​ល្អ​លើស​ស្រី  យក​ការណ៍​បាន​ពិត​ពី​បក្សី  ជា​ក្បត់​ផែនដី ក្បត់​សាសនា  ។  ក្បត់​រាជ​បល្លង្គ​ទី​គោរព  ជា​ម្លប់​ត្រជាក់​ដោយ​សីលា  ហើយ​នាង​ធ្វើ​សេចក្ដី​រាយការណ៍  ជូន​រាជរដ្ឋាភិបាល​ភ្លាម  ។ 

(១៥)  កុង្សីយ៍​​ក្រសួង​សន្តិសុខ​ជាតិ  ខ្មី​ឃ្មាត​អង្កេត​មិន​វីមវាម  ឃើញ​ពិត​ប្រាកដ​ចាប់​ចង​ភ្លាម  មិន​ឲ្យ​សង្គ្រាម​កើត​ឡើង​ទាន់  ។  នាំ​ចូល​ទៅ​ថ្វាយ​ព្រះ​ចក្រី  ជា​ម្ចាស់​ផែនដី​យ៉ាង​រួសរាន់    ទូល​ពី​អំពើ​រឹប​ជិះ​ជាន់  រាស្ត្រ​រាប់​ម៉ឺន​ពាន់​ក្ដៅ​ក្រហាយ  ។  ពី​អំពើ​ក្បត់​ពុទ្ធសាសនា  ធ្វើ​រដ្ឋ​ប្រហារ​ប្រុង​កម្ចាយ  ព្រះ​រាជ​បល្លង្គ​ឲ្យ​អន្តរាយ  ឧបាយ​កល​នេះ​ជាតិ​ដទៃ  ។  ជួយ​ឧបត្ថម្ភ​សម្ភារៈ  មាស​ប្រាក់​កាំភ្លើង​ច្រើន​ក្រាស់​ក្រៃ  កាំភ្លើង​តូច – ធំ កាំភ្លើង​ដៃ  បញ្ជូន​ច្រើន​ក្រៃ​គ្រប់​ទិវា  ។  ព្រះ​ចៅ​កាសី​ទ្រង់​សីល​ទាន  ព្រះ​អង្គ​ទ្រង់​មាន​ព្រហ្មវិហារ  អាណិត​មនុស្ស​សត្វ​គ្រប់ៗគ្នា  តូច – ធំ​ម្ដេចម្ដា​ល្អ – អាក្រក់  ។ 

(២០)  ព្រះ​ចៅ​ទ្រង់​ត្រាស់​ថា “មែន​ពិត  អំពើ​ទុច្ចរិត​ដ៏​ក្រខ្វក់  ក្បត់​ជាតិ​ឯង​នេះ​សែន​អាក្រក់  ក្រខ្វក់​ប្រៀប​ដូច​ជា​ឆ្កែ​​ស្រុក  ។  នែ​លោក​បក្សី ! ឃើញ​ទេ​ឆ្កែ  មាន​ច្រើន​ហូរហែ​ដើរ​រើ​រុក  រក​ស៊ី​ក្រោម​ផ្ទះ​នៃ​អ្នក​ស្រុក  ឃើញ​គ្នា​សម្រុក​ខាំ​ក្រញី  ។  អំពើ​ថោកទាប​ដ៏​ស្មោកគ្រោក  ដែល​លោក​គ្រោងការណ៍​នេះ​ថ្មីៗ  ដូចជា​ឆ្កែ​ស្រុក​ដណ្ដើម​ឆី  ខាំ​គ្នា​ក្រញី​ដូច្នោះ​ឯង  ។  នែ​លោក​បក្សី ! អំពើ​ក្បត់  ប្រជាពលរដ្ឋ​ឃើញ​ជាក់ស្ដែង  ភស្ដុតាង​មាន​ច្បាស់​ស្រឡះ​ទែង  ក្នុង​ទី​កន្លែង​របស់​លោក  ។  ហេតុ​នេះ​ចូរ​លោក​ឈប់​ប្រព្រឹត្ត  អំពើ​ទុច្ចរិត​ដ៏​ស្មោកគ្រោក  តែ​ខំ​ក្អេងក្អាង​ចាង​ប្រាជ្ញ​ព្រោក  នោះ​លោក​រាស្ត្រ​ជូន​ទៅ​ភព​ថ្មី”  ។ 

(២៥)  ព្រះ​មហា​ក្សត្រ​កាត់​ព្រះ​ទ័យ  អភ័យ​ទោស​ពៃរ៍​ដល់​បក្សី  ឲ្យ​មាន​សិទ្ធិ​និង​មាន​សេរី  ដូច​ជន​ប្រុស​ស្រី​ក្នុង​រដ្ឋា  ។  បក្សី​បាន​ចួបជុំ​កូន​ចៅ  តែ​ចិត្ត​មួម៉ៅ​ទោមនស្សា  មិន​បាន​សម្រេច​ដូច​ប្រាថ្នា  គ្រោងការណ៍​គេ​ដឹង​ឮ​សុស​សាយ  ។  លោក​កាឡ – បក្សី​អង្គុយ​ធ្មឹង  ត្រិះរិះ​សញ្ជឹង​គិត​កម្ចាយ  ព្រះ​រាជ​បល្លង្ក​ឲ្យ​ខ្ចាត់ខ្ចាយ  សាប​សូន្យ​អន្តរាយ​ប៉ុណ្ណោះ​ឯង  ។  គិត​ហើយ​ពោល​ថា “ដែន​កាសី  មាន​គិញ​ស្រីៗចិត្ត​ខែងរ៉ែង  ទោះ​យប់​ទោះ​ថ្ងៃ​ខំ​ស្វះស្វែង  គ្រប់​ទី​កន្លែង​ដើរ​ស៊ើបការណ៍  ។  បើ​ចាត់​ការ​នេះ​តទៅ​ទៀត  មុខ​ជា​ភ្លាត់ស្នៀត​ក្ស័យ​ជីវ៉ា  នឹង​ដៃ​រាស្ត្រ​នៅ​ក្នុង​រដ្ឋា  ត្រូវ​តែ​អាត្មា​រត់​ចោល​ស្រុក  ។ 

(៣០)  ទៅ​ពឹង​ព្រះ​ចៅ​ដែន​កោសល  ឲ្យ​រៀប​រេហ៍ពល​ចូល​លុយលុក  បង្កើត​ចលាចល​ក្នុង​ស្រុក  ហើយ​វាយ​សម្រុក​យក​សីមា  ។  ព្រះ​បាទ​មហា​សីលវៈ ទ្រង់​ហៅ​សេនាមាត្យ​ក្បត់​នោះ​មក​ប្រដៅ តែ​សេនាមាត្យ​នោះ​រឹង​រឹត​តែ​ខឹង​នឹង​ព្រះ​អង្គ លួច​រត់​ទៅ​ពឹង​ព្រះ​ចៅ​ដែន​កោសល ញុះញង់​ព្រះ​ចៅ​ដែន​កោសល​​ឲ្យ​លើក​ទ័ព​ចូល​មក​លុកលុយ​មាតុភូមិ​វិញ  ។    ជន​អកតញ្ញូ​អាក្រក់​ក្រៃ  ស្វែង​រក​ទោសពៃរ៍​ជា​ធម្មតា  ទោះបី​គេ​ឲ្យ​ភូមិ​ថ្លៃថ្លា  នៅ​ក្នុង​ទ្វីបា​គ្រប់​ទាំងអស់  ។  យ៉ាង​នេះ​ក៏​ដោយ​គង់​មិន​អាច  ធ្វើ​ចិត្ត​កំណាច​អសប្បុរស  ឲ្យ​បាន​រីករាយ​សប្បាយ​ស្រស់  ចំពោះ​របស់​នោះ​បាន​ឡើយ  ។  បក្សី​ក្បត់​ជាតិ​មាតុភូមិ​ឯង  រឹង​រឹត​ចំបែង​ទុក្ខ​គ្មាន​ស្បើយ  ប្រែ​គ្រោងការណ៍​ថ្មី​ម្ដង​ទៀត​ហើយ  មិន​ឈប់​ខាន​ឡើយ​អំពើ​ក្បត់  ។  ជន​អកតញ្ញូ​ទ្រុស្ត​អន្ធពាល  ថ្លើម​ធំ​ពាស​វាល​រម្លាយ​រដ្ឋ  ព្រះ​ប្រិយ​មហា​ក្សត្រ​ទ្រង់​អំណត់  ខន្តី​ហ្មត់ចត់​មាន​មេត្តា  ។ 

(៣៥)  ទូន្មាន​ប្រដៅ​ច្បាប់​ក្រមក្រឹត្យ  ឲ្យ​ឈប់​ប្រព្រឹត្ត​ឥច្ឆាចារ  ហើយ​ទ្រង់​អភ័យ​នូវ​ទោសា  ឲ្យ​ធ្វើ​រាជការ​ប្រាក់​ខែ​មាន  ។  ព្រះ​រាជ​ហឫទ័យ​ដ៏​ត្រជាក់  រក​នរណា​ម្នាក់​ប្រដូច​គ្មាន  បក្សី​អន្ធពាល​នៅ​តែ​ហ៊ាន  រុករាន​ក្បត់​ទៀត​មិន​អៀន​ខ្មាស  ។  ពេល​រាត្រី​ស្ងាត់​ជិត​អធ្រាត្រ  ជន​ពាល​ក្បត់​ជាតិ​ត្រូវ​ព្រាត់​ប្រាស  ចោល​ប្រពន្ធ​កូន​ចៅ​ដេរដាស  រត់​ប្រាស​ទៅ​ជ្រក​ជាតិ​ដទៃ  ។  ប្រឹងប្រែង​ស្វះស្វែង​ខំ​ដើរ​ដល់  ប្រទេស​កោសល​គិត​រំពៃ  លក់​ខ្លួន​បម្រើ​ជាតិ​ដទៃ  ចិត្ត​គិត​មមៃ​តែ​រឿង​ក្បត់  ។  ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​គាល់  ព្រះ​ចៅ​ទ្រង់​ស្គាល់​ពិត​ប្រាកដ  ព្រះ​ចៅ​ជា​ម្ចាស់​កោសល​រដ្ឋ  មហា​ក្សត្រ​ទ្រង់​ទត​បើក​ឱង្ការ  ។ 

(៤០)  ថា “លោក​បណ្ឌិត​កាឡ – បក្សី  មក​មាន​ការ​អ្វី​ចូរ​ចរចា  ប្រាប់​មក​ឆាប់ៗឥឡូវ​រ៉ា  មាន​ទុក្ខ​ម្ដេចម្ដា​តូចឬធំ ?”  ។  រី​ជន​អន្ធពាល​អកតញ្ញូ  លើក​ដៃ​ទាំង​គូ​ថ្វាយ​បង្គំ  ទូល​ថា “ព្រះ​ចៅ​អំណាច​ធំ  ទូល​ព្រះ​បង្គំ​សុំ​ស្នើ​ការ  ។  ដ្បិត​ព្រះ​ចៅ​ក្រុង​ពារាណសី  ស្ដេច​ទ្រង់​ខន្តី​រៀន​ធម៌​អាថ៌  ទំនុក​បម្រុង​ពុទ្ធសាសនា  ដោយ​គ្មាន​ប្រាថ្នា​ការ​លោកិយ  ។  សូម​ទ្រង់​បញ្ជា​ពល​តិចតួច  ចូល​ទៅ​ក្របួច​កុំ​ប្រណី  រឹប​យក​សម្បត្តិ​ពារាណសី  នឹង​ថ្កើង​បារមី​ល្បី​ខ្ចរខ្ចាយ”  ។  ព្រះ​ចៅ​កោសល​ទ្រង់​ស្រុះ​ស្រួល  មាន​ព្រះ​សម្រួល​ឮ​ក្អាកក្អាយ  ថា “លោក​បណ្ឌិត​ពិត​ប្រាជ្ញ​ប្រាយ  យើង​ចូល​កម្ចាយ​មិន​បាន​ទេ  ។ 

(៤៥)  ពារាណសី​ជា​រាជធានី  នៃ​ដែន​កាសី​ល្បី​មាន​រេហ៍  សេនាច្រើន​ណាស់​លើស​លើ​គេ  មិន​ទន់​ខ្សោយ​ទេ​លោក​បណ្ឌិត”  ។  ជន​ពាល​ក្បត់​ជាតិ​ឱន​សិរសា  បង្គំ​ទូល​ថា “ព្រះ​ទ្រង់​ឫទ្ធិ  សូម​ទ្រង់​ពិសោធ​និង​ពិនិត្យ  នឹង​បាន​ជ្រាប​ពិត​មិន​វីមវាម  ។  សូម​ទ្រង់​បញ្ជូន​ពល​ទាហាន  ចូល​ទៅ​រុករាន​បច្ចន្តគ្រាម  ទន្ទ្រាន​លុក​ចូល​ដោយ​ភ្លាមៗ  ទាហាន​ចាប់​ឆ្ពាម​ថ្វាយ​ក្សត្រា  ។  ព្រះ​បាទ​ព្រះ​មហា​សីលវៈ  នឹង​ប្រទាន​ប្រាក់​ភោជនាហារ  សម​តាម​បំណង​ដែល​ប្រាថ្នា  រួច​ស្រេច​ហើយ​ណា​ឲ្យ​ទៅ​ផ្ទះ  ។  រឿង​ក្រាប​ទូល​នេះ​បើ​មិន​ពិត  សូម​ថ្វាយ​ជីវិត​សម្ដេច​ម្ចាស់  សូម​ទ្រង់​ពិសោធ​នឹង​ឃើញ​ច្បាស់  ពិត​ប្រាកដ​ណាស់​ព្រះ​ចក្រី”  ។ 

(៥០)  ព្រះ​ចៅ​កោសល​ញញឹម​ស្រស់  ចាត់​រាជ​បុរស​ឫទ្ធី​ល្បី  ឲ្យ​ចូលទៅ​ឡោម​ដែន​កាសី  កាប់​ចាក់​វក់វី​យក​មាស​ប្រាក់  ។  ទាហាន​កាសី​ចិត្ត​ក្លាហាន  ចូល​ចាប់​ចោរ​បាន​គ្មាន​សល់​ម្នាក់  នាំ​ចូល​ទៅ​ថ្វាយ​ព្រះ​សីលវៈ  ព្រះ​ចៅ​បញ្ជាក់​សួរ​ចោរ​ថា  ។  “នែ​អ្នក​ទាំងឡាយ​កុំ​ភិត​ភ័យ  យើង​អត់​ទោស​ពៃរ៍​ឲ្យ​គ្រប់​គ្នា  ម្ដេច​អ្នក​ប្រព្រឹត្ត​អទិន្នាទាន៍  លួច​ប្លន់​ទ្រព្យា​មិន​ខ្លាច​បាប ?”  ។  ក្រុម​ចោរ​បង្គំ​ថា “បពិត្រ  សូម​ព្រះ​ទ្រង់​ឫទ្ធិ ស្ដេច​ទ្រង់​ជ្រាប  ទូល​ព្រះ​បង្គំ​ក្រ​ដុនដាប  លួច​ប្លន់​ដរាប​រៀងរាល់​ថ្ងៃ  ។  បើ​ឈប់​លួច​ប្លន់​កូន​ប្រពន្ធ  នឹង​កើត​ទុក្ខ​ធ្ងន់​ពន់ពេក​ក្រៃ  អត់​បាយ​អត់​ទឹក​ជីវិត​ក្ស័យ  កែខៃ​ក្រៅ​ពី​នេះ​ពុំ​បាន”  ។ 

(៥៥)  ព្រះ​បាទ​ព្រះ​មហា​សីលវៈ  ប្រទាន​មាស​ប្រាក់ ឆ្នាំង​ជើងក្រាន  ស្រូវ​ខ្សាយ​ដំណើប ប៉ាន់​ពែង​ចាន  របស់​ដែល​បាន​សុទ្ធ​សឹង​ថ្មី  ។  ប្រទាន​នង្គ័ល​និង​រនាស់  សម្រាប់​ភ្ជួរ​រាស់​ដោយ​ក្របី  គោ​ញី​គោ​ឈ្មោល​និង​ដំរី  ចក្រី​ទ្រង់​ចែក​ស្មើៗគ្នា  ។  ព្រះ​រាជ​អំណោយ​ប្រទាន​ស្រេច  ទើប​អង្គ​សម្ដេច​ចម​យោធា  ស្ដេច​ទូន្មាន​ថា “អ្នក​រាល់​គ្នា  ចូរ​វៀរ​វេរា​អាក្រក់​ក្រៃ  ។  តាំង​ចិត្ត​យក​ជា​សរណៈ  ទីពឹង​ពំនាក់​រតនត្រៃ  ព្រះ​ពុទ្ធ​ព្រះ​ធម៌​ព្រះ​សង្ឃ​ថ្លៃ  ចាប់​តាំង​ពី​ថ្ងៃ​នេះ​កុំ​ខាន  ។  ចូរ​អ្នក​ទាំងឡាយ​ថែរក្សា  បញ្ចសីលា​ល្អ​កល្យាណ  ជា​កម្ម​ប្រសើរ​អាច​នាំ​ប្រាណ  ទៅ​កើត​ក្នុង​ស្ថាន​សួគ៌​វិចិត្រ  ។ 

(៦០)  ក្រុម​ចោរ​ទាំងឡាយ​លើ​ហត្ថា  បង្គំ​ទូល​ថា “ព្រះ​ទ្រង់​ឫទ្ធិ  ទូល​ព្រះ​បង្គំ​ឈប់​ប្រព្រឹត្ត  អំពើ​ទុច្ចរិត​យ៉ាង​នេះ​ហើយ  ។  នឹង​យក​ព្រះ​រតនត្រៃ  ពឹងពាក់​អាស្រ័យ​មិន​ខាន​ឡើយ  ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ  មិន​ឲ្យ​ខាន​ឡើយ​ព្រះ​ករុណា  ។  ព្រះ​មហា​សីលវៈ​ស្ដេច​លែង​ទៅ  ដល់​ទី​លំនៅ​គ្រប់​អាត្មា  ក្រុម​ចោរ​ក៏​ខំ​ចរ​យាត្រា  ចូល​ដល់​សីមា​រាជធានី  ។  បង្គំ​ព្រះ​ចៅ​ដែន​កោសល  ថា “សូម​កុំ​ឆ្ងល់​ព្រះ​ចក្រី  ពី​រឿង​ព្រះ​ចៅ​ដែន​កាសី  ស្ដេច​ទ្រង់​ខន្តី​និង​សច្ចៈ  ។  កាល​ទូល​បង្គំ​ចូល​លុយលុក  លួច​ប្លន់​ក្នុង​ស្រុក​បច្ចន្តៈ  អ្នក​ស្រុក​រួម​គ្នា​ជា​ច្រើន​នាក់​  ស្ទុះ​ស្ទាក់​ចាប់​ទូល​បង្គំ​បាន  ។ 

(៦៥)  នាំ​ចូល​ទៅ​ក្រាប​បង្គំ​ថ្វាយ  មហា​ក្សត្រ​ឆើតឆាយ​ព្រះ​ទ័យ​ក្សាន្ត  ប្រទាន​មាស​ប្រាក់​កែវ – ប៉ាន់​ចាន  ទាំង​ឆ្នាំង​ជើងក្រាន​សុទ្ធ​សឹង​ថ្មី  ។  ប្រទាន​រួច​ស្រេច​ស្ដេច​ទូន្មាន  ឲ្យ​ធ្វើ​សីល​ទាន​ជា​ប្រក្រតី  វៀរ​ចាក​អំពើ​ទុច្ចរិត​បី  ហើយ​ព្រះ​ចក្រី​ចម​យោធា  ។  ព្រះ​អង្គ​សន្ដោស​អនុគ្រោះ  អភ័យ​ឥត​មោះ​គ្រប់ៗគ្នា  បពិត្រ​ព្រះ​ចៅ​ទ្រង់​ឫទ្ធា !  សេចក្ដី​ពណ៌នា​នេះ​ពិត​ណាស់”  ។  ព្រះ​ចៅ​មិន​ជឿ​ស្ដេច​ទ្រង់​ល្បង  ពិសោធ​ច្រើន​ដង​មិន​ផ្ដេសផ្ដាស  ទាល់​តែ​ឃើញ​ពិត​ប្រាកដ​ច្បាស់  ទើប​ត្រាស់​ឲ្យ​កេណ្ឌ​ពល​សេនា  ។

ព្រះ​ចៅ​ដែន​កោសល និង​អាចារ្យ​ក្បត់​ជាតិ​មាតុភូមិ លើក​ទ័ព​ចូល​វាយ​សម្រុក​លុកលុយ​ដែន​កាសី ពេល​នោះ​លោក​មេ​ទ័ព​នៃ​កង​សេត្យានុភាព​ដែល​កាសី ចេញ​បង្ក្រាប​កងទ័ព​នោះ​បាន ហើយ​ក្រាប​ថ្វាយ​បង្គំ​ទូល​ព្រះ​មហា​សីលវៈ​ពី​ព្រឹត្តិការណ៍​នោះ នឹង​សុំ​ចេញ​ទៅ​ចាប់​ព្រះ​ចៅ​កោសល​យក​មក​ទាំង​រស់ តែ​ព្រះ​ចៅ​កាសី​មិន​ព្រម​ព្រះ​រាជានុញ្ញាត ដោយ​ទ្រង់​មិន​ចង់​ឃើញ​នូវ​ការ​បង្ហូរ​ឈាម ហើយ​ទ្រង់​ចង់​ប្រដៅ​ស្ដេច​ល្មោភ​នោះ​ឲ្យ​មាន​សីលធម៌​ឡើង​ដោយ​សន្តិវិធី និង​ព្រះ​បញ្ញា​ញាណ​ដ៏​មុត​ថ្លា​របស់​ព្រះ​អង្គ  ។    ព្រះ​ចៅ​ជា​ម្ចាស់​ដែល​កោសល   ទ្រង់​លែង​ខ្វាយខ្វល់​ក្នុង​ចិន្ដា  ស្ដេច​លើក​យោធា​ពល​សេនា  ចូល​វាយ​ប្រហារ​គ្មាន​ប្រណី  ។ 

(៧០)  ពេល​នោះ​មេទ័ព​នាម​វិចិត្រ  មាន​ឫទ្ធិ​ក្លា​ខ្លាំង​ដែល​កាសី  ឃើញ​កងទ័ព​ខ្មាំង​ចោរ​អប្រិយ  ចូល​ប្លន់​ដែនដី​យ៉ាង​ក្លាហាន  ។  លោក​ខំ​ការពារ​ពេញ​កម្លាំង  កម្ចាត់​ពួក​ខ្មាំង​ទាំង​នោះ​បាន  ហើយ​ឡើង​ចូល​ទូល​មហា​ក្សត្រ​ក្សាន្ត  ថា “ចោរ​ឈ្លានពាន​ប្លន់​ផែនដី  ។  មេ​ចោរ​គឺ​ស្ដេច​ដែន​កោសល   លើក​ទ័ព​មក​ដល់​ជាយ​បុរី  ជា​មួយ​ជន​ក្បត់​រដ្ឋ​កាសី  ឈ្មោះ​កាឡ – បក្សី​អ្នក​នាំ​មុខ”  ។  សម្ដេច​ព្រះ​មហា​សីលវៈ  ស្ដេច​គ្មាន​ផ្អើល​ភ្ញាក់​វិតក្ក  ត្រាស់​ថា “លោក​សេនាប្រមុខ  ពួក​ខ្មាំង​លុយលុក​រុក​ពុះពារ  ។  ប្រាថ្នា​អ្វីៗយក​តាម​ចិត្ត  ចីរ​កុំ​ត​ឫទ្ធិ​កុំ​រាំងរា  កុំ​ច្បាំង​ត​ដៃ​នឹង​ពួក​វា  បើក​ទ្វារ​ឲ្យ​ចូល​តាម​ហឫទ័យ  ។ 

(៧៥)  កងទ័ព​ព្រះ​ចៅ​ដែន​កោសល  ចាញ់​ឧបាយកល​បរាជ័យ  បាក់​ទ័ព​បែក​ខ្ញែក​គ្នា​ទីទៃ  រត់​ចូល​ពួន​ព្រៃ​ទាំង​តូច – ធំ  ។  ព្រះ​ចៅ​កោសល​ខ្វល់​ខ្លាំង​ណាស់  ទ្រង់​ត្រាស់​ឲ្យ​ផ្លុំ​ត្រែ​ប្រជុំ  ទាហាន​រត់​មក​ទាំង​តូច – ធំ  ចូល​មក​ប្រជុំ​ជួរ​ក្នុង​ព្រៃ  ។  ចួប​ជុំ​គ្នា​ហើយ​ពិភាក្សា  អំពី​ស្ថានការណ៍​សង្គ្រាម​ជ័យ  ជា​មួយ​មេទ័ព​ឆ្លាស​វាងវៃ  ធ្លាប់​មាន​ជោគជ័យ​ក្នុង​ចម្បាំង  ។  ពិភាក្សា​ស្រេច​ស្ដេច​កោសល  លើក​កង​រេហ៍ពល​ចូល​តតាំង  ចូល​ទៅ​រហូត​ដល់​រាជវាំង  គ្មាន​គូ​ប្រឆាំង​ច្បាំង​ឡើយ​ណា  ។  ព្រះ​ចៅ​កោសល​ស្ដេច​អបលក្ខណ៍  ឃើញ​ព្រះ​សីលវៈ​និង​សេនា  ដែល​គ្មាន​កំហុស​គ្មាន​ទោសា  សេនាមាត្យ​គាល់​ជា​សុខសាន្ត  ។ 

(៨០)  ព្រះ​ចៅ​កោសល​និង​បក្សី  ចូល​ចាប់​មន្ត្រី​និង​ក្សត្រ​ក្សាន្ត  នាំ​យក​ទៅ​ក្នុង​ព្រៃ​ស្មសាន  ជីក​ដី​កប់​ប្រាណ​ទុក្ខ​ត្រឹម​ក  ។  ឯ​ពលរដ្ឋ​អ្នក​ស្រែ​ចម្ការ  ទាំង​ពល​សេនា​ក្នុង​នគរ  ឃើញ​ពួក​ក្បត់​ជាតិ​បាន​បង្ក  បង្កើត​វឹកវរ​ចលាចល  ។  ចាប់​ព្រះ​មហា​ក្សត្រ​និង​មេទ័ព  ចង​យក​ទៅ​កប់ ព្រួយ​កង្វល់  ប្រុង​វាយ​ពួក​ក្បត់ ស្ដេច​កោសល  តែ​បាន​គិត​ដល់​ព្រះ​បណ្ដាំ  ។  សម្ដេច​ព្រះ​មហា​សីលវៈ  ស្ដេច​ទ្រង់​សច្ចៈ​បាន​ផ្ដែផ្ដាំ  មិន​ឲ្យ​តតាំង​រាស្ត្រ​នៅ​ចាំ  ជា​រាជ​បណ្ដាំ​មាន​សីលា  ។

កាល​ព្រះ​ចៅ​ដែល​កោសល និង​អាមាត្យ​ក្បត់​ជាតិ ចាប់​ចង​ព្រះ​មហា​សីលវៈ និង​សេនាមាត្យ​យក​ទៅ​ជីក​ដី​កប់​ទុក​ត្រឹម​ក​ក្នុង​ព្រៃ​ស្មសាន តែ​ដោយ​ព្រះ​បញ្ញា​ដ៏​មុត និង​ព្រះ​វិរយភាព​របស់​ព្រះ​អង្គ ៗ បាន​រួច​រស់​ព្រះ​ជន្ម ព្រម​ទាំង​សេនាមាត្យ​ទាំងអស់  ។  ព្រះ​បាទ​ព្រះ​មហា​សីលវៈ  ទ្រង់​មាន​សច្ចៈ​និង​មេត្តា  ព្រះ​អង្គ​ត្រូវ​ចុះ​ក្នុង​អាជ្ញា  នៃ​មហា​ក្សត្រា​ដែន​កោសល  ។ 

(៨៥)  ទ្រង់​ព្រះ​រាជទាន​ដំបូន្មាន  ដល់​ក្រុម​ទាហាន​មិន​ឲ្យ​ខ្វល់  ថា “លោក​មេទ័ព​និង​រេហ៍ពល  ចូរ​លោក​តម្កល់​ចិត្ត​ឲ្យ​ស្អាត  ។  កុំ​ចង​គំនុំ​គុំ​ព្រះ​ចៅ  កោសល​ចិត្ត​ខ្មៅ​និង​អាមាត្យ  ចូរ​អ្នក​តាំង​ចិត្ត​ឲ្យ​ល្អ​ស្អាត  ផ្សាយ​ដល់​ព្រះ​បាទ​កោសល​ចុះ”  ។  ដល់​ពេល​រាត្រី​យន់​យប់​ស្ងាត់  ហ្វូង​ចចក​សត្វ​បោល​ចម្រុះ  ចូល​មក​ប្រាថ្នា​ស៊ី​សាច់​មនុស្ស  ដែល​ជន​ស្រី​ប្រុស​នាំ​ទៅ​ចោល  ។  ព្រះ​មហា​សីលវៈ​ក្សត្រា  និង​ពល​សេនា​ឃើញ​ស្រមោល  ហ្វូង​សត្វ​ចចក​កំពុង​បោល  ចូល​ទាំង​កម្រោល​លឿន​អស្ចារ្យ  ។  ប៉ង​ខាំ​ក្រញី​ឆី​អង្គ​ប្រាណ  ព្រះ​អង្គ​ក៏​បាន​ស្រែក​កម្លា  គំរាម​បោល​ចូល​ព្រៃ​ព្រឹក្សា  តែ​គ្មាន​នរណា​ម្នាក់​ដេញ​ចាប់  ។ 

(៩០)  ហ្វូង​សត្វ​ចចក​សង្ស័យ​គិត  ថា “ពិត​ជា​មនុស្ស​ទោស​ដល់​ស្លាប់  បាន​ជា​ស្រែក​ហើយ​មិន​ដេញ​ចាប់  ស្រាប់​តែ​បាត់​ស្ងាត់​គ្មាន​ឮ​អ្វី”  ។  គិត​ហើយ​ចចក​ខំ​ប្រឹង​ឆ្លៀត  រួម​គ្នា​មក​ទៀត​សា​ជា​ថ្មី  ក្លាហាន​អង់អាច​លែង​ខ្លាច​អ្វី  ប្រុង​នឹង​ក្រញី​ឆី​ឲ្យ​បាន  ។  ព្រះ​បាទ​សីលវៈ​និង​សេនា  ខំ​ស្រែក​កម្លា​ខ្លាំង​ក្លាហាន  តែ​ហ្វូង​ចចក​មិន​ងាក​ប្រាណ  ចូល​យ៉ាង​ក្លាហាន​មិន​រេរា  ។  នាយ​ក្រុម​ចចក​ជា​មេ​ធំ  ស្ទុះ​ចូល​មក​ចំ​ព្រះ​រាជា  ព្រះ​អង្គ​ទត​ច្បាស់​មិន​រួញរា  ព្រះ​ចម​យោធា​ងើយ​ប្រុង​ចាំ  ។  នាយ​ក្រុម​មក​ដល់​សង្កត់​ទុក៍  នឹង​ព្រះ​ហនុ[1] មិន​ឲ្យ​ខាំ  កម្លាំង​ខ្លាំង​ដូច​ដំរី​ប្រាំ  ឆ្លៀត​ខាំ​មិន​បាន​ខំ​បម្រះ  ។ 

(៩៥)  រើ​ខ្លួន​មិន​រួច​ខំ​ប្រឹង​ស្រែក  សូរសព្ទ​សម្រែក​ឮ​ខ្លាំង​ណាស់  ចចក​ឯ​ទៀត​ឮ​សូរ​ច្បាស់  ភិត​ភ័យ​ខ្លាំង​ណាស់​បោល​ចូល​ព្រៃ  ។  រី​ឯ​មេ​ក្រុម​ស្ដេច​ថ្កៀប​រឹង  ខំ​ប្រឹង​បម្រះ​រើ​យក​ជ័យ  ជើង​បួន​កកាយ​ដោយ​ភិត​ភ័យ  ទាល់​តែ​ខូង​ដៃ​រូង​យ៉ាង​ជ្រៅ  ។  ព្រះ​អង្គ​ជ្រាប​ថា​ដី​ធូរ​ហើយ  ទ្រង់​ពុំ​កន្តើយ​ស្ដេច​លែង​ទៅ    នាយ​ក្រុម​រួច​ខ្លួន​បោល​សំដៅ  តម្រង់​ព្រៃ​ជ្រៅ​លែង​ងាក​ក្រោយ  ។  ឯ​អង្គ​សម្ដេច​បារមី​សាយ  រង្កៀស​ព្រះ​កាយ​តាម​បណ្ដោយ  ដីដែល​ចចក​កកាយ​ឲ្យ  ទ្រង់​យោង​ឡើង​ដោយ​ព្រះ​ហត្ថា  ។  ហើយ​កាយ​ដី​យក​លោក​វិចិត្រ  មេ​ទ័ព​មាន​ឫទ្ធិ​ព្រម​សេនា  យក​បាន​ទាំងអស់​ហើយ​ក្សត្រា  ព្រម​ដោយ​សេនា​ប្រថាប់​នៅ  ។

ដោយ​បារមី​ព្រះ​មហា​សីលវៈ ដែល​ប្រកប​ដោយ​សីលា​ទិគុណ ព្រះ​អង្គ​បាន​យាង​ចូល​ក្នុង​ព្រះ​រាជ​បន្ទំ​ព្រះ​ចៅ​កោសល ដោយ​ឫទ្ធានុភាព​នៃ​មហា​យក្ស ក្នុង​រាត្រី​យប់​នោះ​ហើយ​ដែល​ព្រះ​អង្គ​ធ្វើ​សង្គ្រាម​សន្តិវិធី​ជា​មួយ​ព្រះ​ចៅ​ដែន​កោសល ញ៉ាំង​ព្រះ​ចៅ​ដែន​កោសល​ឲ្យ​ស្នេហា​សន្តិភាព ស្គាល់​តម្លៃ​នៃ​សន្តិភាព​សាកល  ។ 

(១០០)  ព្រះ​មហា​សីលវៈ​រាជា  កកាយ​យោធា​ពី​រណ្ដៅ  យក​បាន​អស់​ហើយ​ទើប​ព្រះ​ចៅ  ស្ដេច​ប្រថាប់​នៅ​ព្រៃ​ស្មសាន  ។  ជា​មួយ​នឹង​ក្រុម​សេនាមាត្យ  គ្មាន​អ្វី​ប្រមាទ​ព្រះ​អង្គ​បាន  ព្រះ​អង្គ​គង់​នៅ​ជា​សុខសាន្ត  សេនា​ក៏​បាន​សុខ​សប្បាយ  ។  ក្នុង​ពេល​រាត្រី​នោះ​មាន​យក្ខ  ពីរ​នាក់​កំពុង​តែ​ប្រតាយ  ដណ្ដើម​សាកសព​គ្នា​ប្រញាយ  ប្រទង់​ប្រតាយ​ទាញ​វក់វី  ។  យក្ខ​ដណ្ដើម​គ្នា​មួយ​សន្ទុះ  ក៏​អង្គុយ​ចុះ​ផ្ទាល់​ធរណី  និយាយ​គ្នា​ថា “យើង​ទាំង​ពីរ  កុំ​ដណ្ដើម​ស៊ី​យ៉ាង​នេះ​ណា”  ។  នាំ​តែ​ឈ្លោះ​គ្នា​ខាត​ប្រយោជន៍  ហិនហោច​សាច់​ខ្មោច​បង់​អសារ  គួរ​តែ​យើង​ចូល​គាល់​ក្សត្រា  ព្រះ​នាម​ព្រះ​មហា​សីលវៈ  ។ 

(១០៥)  ព្រះ​អង្គ​ទ្រង់​សីល​ល្អ​បវរ  ទ្រង់​យុត្តិធម៌​ល្អ​អនគ្ឃ  ដូច្នេះ​ត្រូវ​យើង​ទាំង​ពីរ​នាក់  ទៅ​កាន់​សម្នាក់​ស្ដេច​ឥឡូវ”  ។  យក្ខ​ទាំង​ពីរ​នាក់​បាន​ស្រុះស្រួល  បបួល​គ្នា​សែង​សាកសព​ទៅ  កាន់​ទី​សម្នាក់​ព្រះ​ចមចៅ  ដល់​ហើយ​ចូល​ទៅ​ថ្វាយ​បង្គំ  ។  ទូល​ថា “បពិត្រ​ព្រះ​សីលវៈ  ខន្តី​សច្ចៈ​ដ៏​ឧត្តម  សូម​ទ្រង់​ចែក​សាច់​ឲ្យ​សមរម្យ  ដល់​ទូល​បង្គំ​ទាំង​ពីរ​ប្រាណ”  ។  ព្រះ​មហា​សីលវៈ​ទ្រង់​ត្រាស់​ថា  “នែ​មហា​យក្សា ! យើង​ចែក​បាន  តែ​សំពត់​យើង​ទាំង​ប៉ុន្មាន  ដែល​បិទ​បាំង​ប្រាណ​វា​ស្មោកគ្រោក  ។  ស្មោកគ្រោក​ក្រខ្វក់​ទាំង​កាយា  ព្រម​ទាំង​អាហារ​គ្មាន​បរិភោគ  ទាំង​គ្មាន​ព្រះ​ខ័ន​ឫទ្ធិ​ជ័យជោគ  កាត់​សាច់​ជូន​លោក​ទាំង​ពីរ​ប្រាណ  ។ 

(១១០)  ចូរ​អ្នក​ទាំង​ពីរ​យក​របស់  សព្វ​គ្រប់​ទាំងអស់​នេះ​ឲ្យ​បាន  យើង​នឹង​ចែក​ឲ្យ​ទាំង​ពីរ​ប្រាណ  ឲ្យ​ស្មើ​គ្នា​បាន​ដូច​ប្រាថ្នា”  ។  ក្រុង​យក្ខ​ទាំង​ពីរ​ស្ទុះ​ហោះ​ស្លៅ  សំដៅ​ពារាណសី​សីមា  នាំ​យក​ទឹក​ស្អាត​អប់​ដោយ​ផ្កា  និង​ភោជនាហារ​រស​ប្រពៃ  ។  ហើយ​នឹង​សាដក – ផ្តិល – ពែង​ប៉ាន់  ព្រម​ទាំង​ព្រះ​ខ័ន​រាជ្យ​ជោគជ័យ  របស់​ប្រណីត​ល្អ​ប្រពៃ  មាន​អ្នក​ឈ្លាសវៃ​ប្រកប​ការ  ។  ចាត់ចែង​ផ្ចិតផ្ចង់​ទុក​តម្កល់  ថ្វាយ​ស្ដេច​កោសល​នោះ​ឯង​ណា  យក្ខ​ពីរ​នាំ​មក​ថ្វាយ​ក្សត្រា  ព្រះ​មហា​សីលវៈ​មាន​បារមី  ។  ព្រះ​អង្គ​ស្រង់​ទឹក​រួច​ទ្រង់​គ្រឿង  រុងរឿង​ឆើតឆាយ​ផ្សាយ​រស្មី  ស្ដេច​សោយ​ព្រះ​ស្ងោយ​ដោយ​ថ្មោងថ្មី  សោយ​រួច​ចក្រី​ទ្រង់​ប្រទាន  ។ 

(១១៥)  ដល់​សេនាមាត្យ​នៃ​ព្រះ​អង្គ  គង់​គាល់​រហង់​ដោយ​ស្រេក​ឃ្លាន  ហេតុ​តែ​បារមី​ព្រះ​អង្គ​មាន  កង​ពល​ទាំងហាន​ឆ្អែត​គ្រប់​គ្នា  ។  រួច​ស្រេច​ទើប​ស្ដេច​ហូត​ព្រះ​ខ័ន  ដក​ចេញ​មក​កាន់​ហើយ​រាជា  កាត់​សាច់​សាកសព​មិន​រេរា  ចែក​ស្មើៗគ្នា​ទាំង​ពីរ​នាក់  ។  យក្ខ​បរិភោគ​ឆ្អែត​ស្កប់ស្កល់​ហើយ  ពុំ​នៅ​កន្តើយ​ទូល​បញ្ជាក់  “បពិត្រ​ព្រះ​មហា​សីលវៈ  តើ​មាន​ធុរៈ​យ៉ាង​ណា​ខ្លះ ?  ។  ទូល​ព្រះ​បង្គំ​សូម​ធានា”  ព្រះ​ចម​យោធា​ស្ដេច​ទ្រង់​ត្រាស់  “អ្នក​នាំ​អាមាត្យ​ទៅ​ទុក​ផ្ទះ  កុំ​ឲ្យ​សល់​ខ្វះ​ទោះ​តូច – ធំ  ។  ហើយ​អ្នក​នាំ​យើង​ទៅ​ឲ្យ​ដល់  ព្រះ​ចៅ​កោសល​ក្នុង​បន្ទំ”  យក្ខ​នាំ​អាមាត្យ​ទាំង​តូច – ធំ  ដល់​ផ្ទះ​ចួប​ជុំ​ក្រុម​គ្រួសារ  ។ 

(១២០)  ហើយ​យក្ស​មក​យាង​ព្រះ​សីលវៈ  ចូល​ក្នុង​ដំណាក់​ទី​សយនា  ព្រះ​ចៅ​កោសល​ជា​បច្ចា-  មិត្រ​នៃ​ក្សត្រា​ក្នុង​យប់​នោះ  ។  ស្ដេច​ហូត​ព្រះ​ខ័ន​កាន់​យ៉ាង​ខ្ញង់  ភ្ជង់​ចុង​ចំ​ត្រង់​ក​ហើយ​គោះ  ព្រះ​ចៅ​កោសល​មុខ​ដូច​ងោះ  ភិត​ភ័យ​ផឺត​ពោះ​ញ័រ​ញាក់​ប្រាណ  ។  ក្រោក​ឡើង​ក្រាប​ថ្វាយ​បង្គំ​ថា  “បពិត្រ​ក្សត្រា​ព្រះ​ទ័យ​ក្សាន្ត  ព្រះ​អង្គ​យាង​ចូល​ដល់​សយនដ្ឋាន  តើ​យាង​មក​បាន​ដោយ​សារ​អ្វី ?”  ។  ព្រះ​មហា​សីលវៈ​ប្រាប់​សព្វ​គ្រប់  ពី​ដើម​ដល់​ចប់​ផុត​សេចក្ដី  ព្រះ​ចៅ​កោសល​ភ្ញាក់​ស្មារតី  ត្រេកអរ​មេត្រី​ស្មោះ​ចំពោះ  ។  ទូល​ថា “បពិត្រ​ក្សត្រ​ឧត្តម  ទូល​ព្រះ​បង្គំ​មនុស្ស​មាន​ទោស  សូម​សម្ដេច​ម្ចាស់​ទ្រង់​សន្ដោស  អត់​ទោស​ដល់​ទូល​បង្គំ​ផង  ។ 

(១២៥)  ទូល​ព្រះ​បង្គំ​អន្ធពាល​ខ្លៅ  ចិត្ត​ខ្មៅ​អាក្រក់​ល្អក់​សៅហ្មង  មិន​ដឹង​ព្រះ​គុណ​ព្រះ​អង្គ​ផង  គុណ​ធ្ងន់​កន្លង​ឥត​ឧបមា  ។  សូម្បី​តែ​យក្ខ​កក្ខឡ​ជាតិ  ស៊ី​ខ្មោច​សត្វ​ធាតុ​ជា​អាហារ  គង់​ដឹង – ស្គាល់​គុណ​ព្រះ​ករុណា  ទ្រទ្រង់​សីលា​ស្អាត​ផូរផង់  ។  ចាប់​ពី​ថ្ងៃ​នេះ​ទូល​បង្គំ  លែង​ចង​គំនុំ​នឹង​ព្រះ​អង្គ  សូម​តាម​បម្រើ​ដោយ​ស្មោះ​ត្រង់  ចំពោះ​ព្រះ​អង្គ​មួយ​ជីវិត  ។  ទូល​ហើយ​ក៏​ថ្វាយ​រាជ​បន្ទំ  ទៅ​ព្រះ​អង្គ​ផ្ទំ​យ៉ាង​ស្នាល​ស្និទ្ធ  ព្រះ​ចៅ​កោសល​ស្ដេច​អន់​ឫទ្ធិ  ផ្ទំ​ទាប​ជាង​ពិត​ប្រាកដ​ច្បាស់  ។  ព្រឹក​ឡើង​ព្រះ​ចៅ​ដែន​កោសល  ប្រជុំ​រេហ៍ពល​ហើយ​ទ្រង់​ត្រាស់  ថា “អ្នក​ទាំងឡាយ​ស្ដាប់​ឲ្យ​ច្បាស់  ព្រះ​ចៅ​ជា​ម្ចាស់​ដែន​កាសី  ។ 

(១៣០)  ព្រះ​នាម​មហា​សីលវៈ  ស្ដេច​ទ្រង់​សច្ចៈ​និង​ខន្តី  ស្ដេច​រក្សា​សីល​ជា​ប្រក្រតី  សីល​ប្រាំ ប្រាំបី​ស្អាត​ផូរផង់  ។  ហេតុ​នេះ​អស់​លោក​អ្នក​ទាំងឡាយ  ចូរ​ថ្វាយ​ជីវិត​នឹង​ព្រះ​អង្គ  ថ្វាយ​ខ្លួន​បម្រើ​ដោយ​ស្មោះ​ត្រង់  ផ្ចិតផ្ចង់​គោរព​ព្រះ​ចក្រី”  ។  ប្រកាស​រួច​ស្រេច​ស្ដេច​កោសល  បម្រើ​គង់​គាល់​ព្រះ​ចេស្ដា  ជា​មួយ​មន្ត្រី​ពល​សេនា  ហើយ​ក្រាប​ទូល​ថា “ព្រះ​មហារាជ  ។  ចាប់​តាំង​ពី​ថ្ងៃ​នេះ​តទៅ  បើ​មាន​សត្រូវ​ចិត្ត​កោងកាច  ចូល​មក​បៀតបៀន​ទាំង​អំណាច  ទូល​បង្គំ​អាច​ហ៊ាន​ធានា  ។  ទទួល​អាសា​ចេញ​តតាំង  កម្ចាត់​ពួក​ខ្មាំង​គ្រប់​វេលា  មិន​ឲ្យ​ចូល​ដល់​ព្រំ​ភារា  មិន​ឲ្យ​រាជា​ទ្រង់​កង្វល់”  ។ 

(១៣៥)  ព្រះ​មហា​សីលវៈ​ទ្រង់​ត្រាស់​ថា  “អរគុណ​ហើយ​ណា​ស្ដេច​កោសល  តើ​ទ្រង់​ធ្លាប់​ឮ​ឬ​ធ្លាប់​ស្គាល់  លោក​នាយ​ពល​ចម ច. វិចិត្ត  ។  ជា​មេទ័ព​ធំ​ដែន​កាសី  ក្លា​ខ្លាំង​ល្បាញ​ល្បី​កប​ដោយ​ឫទ្ធិ  ទោះ​យក្ខ​ទោះ​គ្រុឌ​ខ្លាច​វិចិត្រ  មិន​ហ៊ាន​ត​ឫទ្ធិ​ត​ចេស្ដា  ។  បើ​ខ្ញុំ​ជា​មនុស្ស​ល្មោភ​ចង់​បាន  ដែន​ទាំង​ប៉ុន្មាន​ក្នុង​លោកា  ប្រើ​តែ​មេទ័ព​ចេញ​តវ៉ា  ស្ដេច​ក្នុង​កោលា​ថ្វាយ​អាករ  ។  ស្ដេច​គ្រប់​រដ្ឋ​ដែល​មាន​ឫទ្ធិ​ក្រៃ  ខ្លបខ្លាច​ថ្វី​ដៃ​មិន​ហ៊ាន​ត  ខ្ញុំ​មិន​ត្រូវ​ការ​សួយ​អាករ  ជា​មេ​បង្ក​អសន្តិសុខ  ។  បពិត្រ​ព្រះ​ចៅ​ដែន​កោសល  សូម​ទ្រង់​កុំ​ឆ្ងល់​ឲ្យ​វិតក្ក  បើ​ធ្វើ​ឲ្យ​គេ​រង​ទោស​ទុក្ខ  យើង​មិន​បាន​សុខ​យូរ​ប៉ុន្មាន  ។ 

(១៤០)  ព្រោះ​រដ្ឋ​ទាំងអស់​ទោះ​តូច – ធំ  តែង​តែ​ខិតខំ​ប្រឹងប្រែង​ប្រាណ  ស្ទួយ​ប្រទេស​គេ​ខាង​តែ​បាន  រុងរឿង​ថ្កើងថ្កាន​គ្រប់ៗគ្នា  ។  ជាតិ​ណា​ធ្លាក់​ចុះ​អំណាច​គេ  ជាតិ​នោះ​ខំ​គ្នេរ​មិន​រេរា  រក​ឧបាយ​កល​គ្រប់​វេលា  ដក​ខ្លួន​ពី​ទាសក៍​គេ​នោះ​បាន  ។  បើ​ហេតុ​ដូច្នោះ​ព្រះ​ចមចៅ  ទ្រង់​ចង់​គង់​នៅ​ជា​សុខ​សាន្ត  សូម​ទ្រង់​កុំ​ធ្វើ​ឲ្យ​រំខាន  អន្តរាយ​សុខសាន្ត​ណា​ភូមី  ។  ដូច​មាន​ភាសិត​សម្ដែង​ថា  សុខា សង្ឃស្ស សាមគ្គី [2]  ជា​សុភាសិត​ព្រះ​មុនី  មាន​ក្នុង​គម្ពីរ​ពុទ្ធសាសនា  ។  បាន​សេចក្ដី​ថា​កាល​មូលមិត្រ  ស្រុះ​ស្រួល​គំនិត​ជា​គ្រួសារ  រវាង​ជាតិ​មនុស្ស​ក្នុង​លោកា  មិន​ឲ្យ​ប្រេះឆា​ជា​និកាយ  ។ 

(១៤៥)  នឹង​ជា​បច្ច័យ​ឲ្យ​កើត​បាន  សន្តិភាព​សាន្តត្រាណ​បាន​សប្បាយ  ផុត​ពី​ញុះញង់​ប្រទូសរ៉ាយ  កម្ចាត់​កម្ចាយ​មនុស្ស​និង​មនុស្ស  ។  សូម​ព្រះ​មហារាជ​ស្ដេច​ទ្រង់​ជ្រាប  សន្តិភាព​បំណង​ជន​ស្រី​ប្រុស​  ជា​កំពូល​ស្នេហ៍​នៃ​ជាតិ​មនុស្ស  ក្នុង​លោក​ចិត្ត​ស្រុះ​ស្រប​ស្នេហា”  ។  ព្រះ​អង្គ​ទូន្មាន​ជា​សាកល  ព្រះ​ចៅ​កោសល​និង​សេនា  ទទួល​ប្រតិបត្តិ​តាម​ឱង្ការ  ប្ដេជ្ញា​លុះត្រា​អវសាន  ។  សម្ដេច​ព្រះ​មហា​សីលវៈ  យាង​ចូល​ដំណាក់​សយនដ្ឋាន  ព្រះ​អង្គ​ផ្ទំ​នៅ​ជា​សុខសាន្ត  ទាំង​រាស្ត្រ​ក៏​បាន​ដេក​សប្បាយ  ។  រី​ឯ​ព្រះ​ចៅ​ដែន​កោសល  ព្រះ​អង្គ​នឹង​ដល់​គ្រា​អន្តរាយ  ថា “អញ​លំបាក​យ៉ាង​ព្រះ​កាយ  ទាំង​រាស្ត្រ​ជិត​ឆ្ងាយ​រង​ទុក្ខា  ។ 

(១៥០)  នេះ​ព្រោះ​បក្សី​អប្រិយ​ក្រៃ  ពាល​ក្បត់​ចង្រៃ​ញុះញង់​ណា  បង្កើត​សង្គ្រាម​ក្នុង​រដ្ឋា  មនុស្ស​រង​ទុក្ខា​ជា​ប្រក្រតី  ។  វិនាស​មាស​ប្រាក់​សព្វ​ធនធាន  វិនាស​ថ្នល់​ស្ពាន​គោ​ក្របី  នង្គ័ល​រនាស់​រាស់​ភ្ជួរ​ដី  ទាំង​សេះ​ដំរី​នឹង​មាត់​ទា  ។ល។  អឺ​ហ្ន៎ ! អំពើ​ញុះញង់​នេះ  អាច​ញ៉ាំង​ប្រទេស​ឲ្យ​វេទនា  ស្លាប់​រាស្ត្រ​រាជការ​ពល​យោធា  សូន្យ​ទាំង​ទ្រព្យា​ពេជ្រ​មាស​ប្រាក់  ។  ហេតុ​នោះ​បាន​ជា​ព្រះ​ពុទ្ធ​ម្ចាស់  ព្រះ​អង្គ​ទ្រង់​ត្រាស់​ទេសន៍​បញ្ជាក់  អំពី​បិសុណា​វាទៈ  ក្លា​ខ្លាំង​អនគ្ឃ​ឥត​ឧបមា”  ។  ទ្រង់​នឹក​ឃើញ​ហើយ​ព្រះ​ចមចៅ  បើក​បន្ទូល​ទៅ​កាន់​សេនា  ថា “វើយ​ប្រញាប់​ឆាប់ៗរ៉ា  លើក​ពល​សេនា​មាន​ថ្វី​ដៃ  ។ 

(១៥៥)  ចូល​ទៅ​ចាប់​ចង​កាឡ – បក្សី  អន្ធពាល​អប្រិយ​ចោរ​ចង្រៃ  យក​មក​ឲ្យ​ឆាប់​ទាន់​នៅ​ថ្ងៃ  កាត់​ក​ប្រល័យ​ថ្ងៃ​នេះ​ឯង  ។

លោក កាឡ – បក្សី មេ​ក្បត់​ជាតិ ព្រម​ទាំង​សហការី​ទាំងអស់​ត្រូវ​ព្រះចៅ​ដែន​កោសល​ប្រហារ​ជីវិត​បង់ ដោយ​លោក​ជា​មេ​ញុះញង់​បញ្ឆេះ​ភ្លើង​សង្គ្រាម  ។  រី​ឯ​បក្សី​ពាល​ក្បត់​ជាតិ  កំពុង​ខ្មីឃ្មាត​ប្រិត​ប្រឹងប្រែង  ប្រមូល​ញាតិ​មិត្រ​ឲ្យ​ដើរ​ស្វែង  គ្រប់​ទី​កន្លែង​គ្មាន​ចន្លោះ  ។  ចាប់​រដ្ឋ​បុរស​ដែល​ធ្លាប់​ល្បី  បម្រើ​ផែនដី​ដោយ​ស្មគ្រ​ស្មោះ  ដែល​លោក​គ្មាន​ទោស​បន្តិច​សោះ  គ្មាន​សល់​ចន្លោះ​លោក​ណា​ឡើយ  ។  ចាប់​យក​មក​ចង​ប៉ង​ប្រាថ្នា  ប្រហារ​ជីវិត​ប្រាកដ​ហើយ  ពួក​ក្បត់​ទាំងអស់​ពុំ​កន្តើយ  ខំ​ប្រឹង​បង្ហើយ​នូវ​គ្រោងការណ៍  ។  គឺ​ដើរ​លួច​ប្លន់​យក​ធនធាន  គ្រប់​ផ្ទះ​អ្នក​មាន​ក្នុង​សីមា  ថែម​ទាំង​ប្រព្រឹត្ត​អនាចារ  ចាប់​យក​ធីតា​មហា​សេដ្ឋី  ។ 

(១៦០)  ធីតា​មន្ត្រី​រាស្ត្រ​ប្រជា  មាន​រូប​សោភា​ស្រស់​ប្រិមប្រិយ  ចាប់​ទាំង​អំណាច​កាច​តិរ្ថិយ  រួម​រស​មេត្រី​ឥត​កោត​ក្រែង  ។  ពួក​ក្បត់​កំពុង​តែ​ប្រព្រឹត្ត  អំពើ​ទុច្ចរិត​ទាំង​នេះ​ឯង  ដោយ​មាន​បក្សី​ជា​តួ​ស្ដែង  ជា​អ្នក​ចាត់ចែង​និង​ប្រហារ  ។  ស្រាប់​តែ​ពេជ្ឈឃាដ​ដែន​កោសល  ដើរ​ចូល​មក​ដល់​ជម្រាប​ថា  “ខ្ញុំ​បាន​ទទួល​ព្រះ​អាជ្ញា  ពី​មហា​ក្សត្រា​ដែន​កោសល  ។  ឲ្យ​ចាប់​ពួក​លោក​ជើង​ឆើតៗ  ជា​មេ​បង្កើត​ចលាចល  មនុស្ស​ជាតិ​ទាំងអស់​ជា​សាកល  ជ្រួល​ជ្រើម​រចល់​ខ្វល់​សៅហ្មង”  ។  ថា​តែ​ប៉ុណ្ណោះ​ចាប់​ចង​ភ្លាម  មិន​ឲ្យ​ទាក់ទាមនាំ​សំដៅ  ចូល​រាជធានី​ថ្វាយ​ព្រះ​ចៅ  កោសល​គង់​នៅ​លើ​ទែន​ទី  ។ 

(១៦៥)  មាន​សេនាមាត្យ​បុរោហិត  កវី​បណ្ឌិត​រដ្ឋមន្ត្រី  គង់​នៅ​ត្រៀបត្រា​ពេល​រាត្រី  ក្នុង​ដែន​កាសី​ជំនុំ​ការណ៍  ។    ព្រះ​ចៅ​ទ្រង់​ទត​ក្រុម​ពេជ្ឈឃាដ  នាំ​ក្រុម​ក្បត់​ជាតិ​ចូល​តាម​ការណ៍  ព្រះ​អង្គ​ទ្រង់​បើក​ព្រះ​ឱង្ការ  ត្រាស់​ថា “ចូរ​មក​កុំ​ភិត​ភ័យ  ។  នៃ​លោក​បក្សី ! រាស្ត្រ​ប្រជា  រង​ទុក្ខ​វេទនា​រត់​ចូល​ព្រៃ  ព្រាត់​កូន​ប្រពន្ធ​ទៅ​ទីទៃ  ភិត​ភ័យ​យំ​ស្រែក​ទាំង​ប្រុស​ស្រី  ។  នេះ​ព្រោះ​តែ​រូប​លោក​ឯង​មួយ  ឲ្យ​កើត​ទុក្ខ​ព្រួយ​ប្រទេស​ពីរ  ប្រទេស​ជិត​ខាង​ជ្រួល​វក់វី  ខំ​ការពារ​ទី​ដី​គ្រប់​គ្នា  ។  ដូច្នេះ​ពួក​ក្បត់​គ្រប់​ទាំងអស់  អ្នក​កុំ​នៅ​រស់​ធ្ងន់​ពសុធា  ស្លាប់​ចុះ​ណា៎​អ្នក​រាល់ៗគ្នា  ឲ្យ​រាស្ត្រ​ប្រជា​បាន​សុខសាន្ត  ។ 

(១៧០)  និង​កុំ​ឲ្យ​មនុស្ស​ជា​សាកល  កើត​ចលាចល​នាំ​រំខាន  ព្រោះ​មនុស្ស​ឥឡូវ​ស្នេហ៍​សាន្ត​ត្រាណ  ចង់​បាន​គ្រប់​គ្នា​ទាំង​ប្រុស​ស្រី”  ។  បន្ទូល​រួច​ស្រេច​ស្ដេច​កោសល  សួរ​នាយ​ចម​ពល​ដែន​កាសី  ថា “លោក​មេទ័ព​ឫទ្ធី​ល្បី  កាត់​ទោស​បក្សី​បែប​យ៉ាង​ណា ?”  ។  លោក ច. វិចិត្រ​ទូល​ប្រញាប់  “សូម​ទ្រង់​សណ្ដាប់​ច្បាប់​មាត្រា  បាន​ចែង​រួច​ហើយ​ព្រះ​ករុណា  ច្បាប់​ត្រូវ​ប្រហារ​ជីវិត​បង់”  ។  បក្សី​ដឹង​ថា​ខ្លួននឹង​ស្លាប់  ក្នុង​ពេល​ឆាប់ៗមិន​បង្អង់  ក៏​ទូល​ពិតៗតាម​ត្រង់ៗ  ថា “សូម​ព្រះ​អង្គ​ប្រោស​ប្រណី  ។  ទូល​ព្រះ​បង្គំ​ខុស​ពិតៗ  ទោស​អស់​ជីវិត​ក្បត់​ផែនដី  មុន​នឹង​សម្លាប់​សូម​ប្រណី  អាណិត​បក្សី​មន្ត្រី​ចាស់  ។ 

(១៧៥)  សូម​គាល់​ទៅ​ចូល​ព្រះ​ករុណា  ព្រះ​មហា​សីលវៈ​ជា​អម្ចាស់  បង្គំ​លា​ស្លាប់​ប្រាកដ​ច្បាស់  ខ្ញុំ​មន្ត្រី​ចាស់​ដែន​កាសី  ។  ព្រះ​ចៅ​ត្រាស់​ថា “មិន​បាន​ទេ  ព្រោះ​ឯង​ជា​មេ​ក្បត់​ចក្រី  បង្កើត​សង្គ្រាម​ឈាម​ពាស​ដី  ស្លាប់​រាស្ត្រ​ប្រុស​ស្រី​ទាំង​រាជការ  ។  ព្រះ​ចៅ​កោសល​ស្ដេច​ទ្រង់​ត្រាស់  បង្គាប់​ច្បាស់ៗឲ្យ​ប្រហារ  វើយៗពេជ្ឈឃាដ​ចាប់​ចង​រ៉ា  យក​ទៅ​ប្រហារ​កាត់​សិរសី  ។  ពេជ្ឈឃាដ​ឮ​ហើយ​ស្ទុះ​ប្រញាប់  ចរ​ចូល​ទៅ​ចាប់​ចង​បក្សី  ព្រម​ទាំង​ពួក​បក្ស​សហការី  អូស​គ្មាន​ប្រណី​ទៅ​ប្រហារ  ។  – ៧ –  ព្រះ​ចៅ​ដែល​កោសល ឡើង​គាល់​ព្រះ​មហា​សីលវៈ ​ដើម្បី​ថ្វាយ​បង្គំ​លា​ទៅ​ប្រទេស​វិញ ព្រះ​មហា​សីលវៈ​បាន​ថ្វាយ​ដំបូន្មាន​ដល់​ព្រះ​ចៅ​ដែន​កោសល អំពី​ទោស​នៃ​បញ្ច​វេរា​និង​អានិសង្ស​នៃ​បញ្ចសីលា  ។  ព្រឹក​ឡើង​ព្រះ​ចៅ​ដែន​កោសល  ព្រម​ទាំង​រេហ៍ពល​កង​យោធា  ឡើង​គាស់​សម្ដេច​ធម្មរាជា  ថ្វាយ​បង្គំ​លា​ទៅ​បុរី  ។ 

(១៨០)  ដល់​ហើយ​ព្រះ​ចៅ​អភិវាទ  សម្ដេច​នរនាថ​ដែន​កាសី  ទូល​ថា “បពិត្រ​ព្រះ​នរបតី  សូម​ទ្រង់​ប្រណី​ប្រោស​មេត្តា  ។  ទូល​ព្រះ​បង្គំ​លា​ព្រះ​អង្គ  ព្រម​ទាំង​ចតុរង្គ​ពល​សេនា  ត្រឡប់​ចូល​ទៅ​រាជ​សីមា  គ្រប់គ្រង​រក្សា​រាស្ត្រ​ប្រជា  ។  ឯ​រដ្ឋ​កោសល​និង​កាសី  ចង​ស្ពាន​មេត្រី​ជិតស្និទ្ធ​គ្នា  ពង្រឹង​មិត្តភាព​គ្រប់​វេលា  ឲ្យ​រឹង​រឹត​គ្នា​ជា​អង្វែង  ។  ព្រះ​មហា​សីលវៈ​ទ្រង់​ត្រាស់​ថា  សូម​មហា​ក្សត្រា​កុំ​គិត​ក្រែង  លើក​ទ័ព​ទៅ​ចុះ​ហើយ​ចាត់ចែង  ស្វះស្វែង​ប្រឹងប្រែង​រក​សន្តិភាព  ។  ឲ្យ​ប្រជាជន​ជា​សាកល  បាន​យល់​បាន​ស្គាល់​រស់​ខ្ពស់​ទាប  លទ្ធផល​តម្លៃ​នៃ​សន្តិភាព  មនុស្ស​ទោះ​ខ្ពស់​ទាប​ស្រេក​ចង់បាន  ។ 

(១៨៥)  ទាំង​កុំ​ប្រព្រឹត្ត​បញ្ចវេរា  ជា​កម្ម​វេទនា​ស្និទ្ធ​ជាប់​ប្រាណ  សូម​ទ្រង់​សណ្ដាប់​សព្ទ​ឲ្យ​បាន  ដោយ​ប្រិត​ប្រឹង​ប្រាណ​ឲ្យ​ផ្ចិតផ្ចង់  ។  ១- អំពើ​បាណាតិបាត  នរណា​នេសាទ​ចង​ចិត្ត​ចង់  ពិឃាដ​មនុស្ស​ដោយ​ចំណង់  ឲ្យ​ស្លាប់​បាត់បង់​នូវ​ជន្មា  ។  ឃាតក​នោះ​ឯង​តែង​ឆេះ​ក្ដៅ  យ៉ាក​យ៉ាប់​មួម៉ៅ​ឆេះ​នៅ​នា  សញ្ជីព​​នរក​ទុរន់​ទុរា  រង​ទុក្ខ​វេទនា​យូរយារ​ក្រៃ  ។    និរ​យមបាល​ចាប់​បោះ​ទៅ  ក្នុង​ភ្នក់​ភ្លើង​ជ្រៅ​ឆេះ​ក្សិណក្ស័យ  កើត​ឡើង​វិញ​ភ្លាម​ប្រឹង​កែខៃ  វា​លូន​លឿន​ក្រៃ​ទៅ​ខាង​ក្រៅ  ។  និរ​យមបាល​បាន​ឃើញ​ជាក់  ស្ទុះ​ចោម​រោម​ចាក់​នឹង​ដែក​ក្ដៅ  ឬ​នឹង​លំពែង​រុញ​បោះ​ទៅ  ចូល​ក្នុង​រណ្ដៅ​នៅ​ទុរទុក្ខ  ។ 

(១៩០)  លុះ​អស់​បាប​កម្ម​ទើប​រដោះ  ពី​នរក​នោះ​ក៏​មិន​សុខ  កើត​ជា​មាន់​ទា​នៃ​អ្នក​ស្រុក  ប្រាំរយ​ជាតិ​ទុក្ខ​ប្រាកដ​ជាក់  ។  ទើប​កើត​ជា​មនុស្ស​អាក្រក់​ក្រៃ  ក្ងែង​ក្ងង់​ជើង​ដៃ​ខ្វិន​គម​គាក់  កើត​ឃ្លង់​ដំបៅ​ស្រែង​ភ្នែក​ខ្វាក់  លំបាក​ឥត​អាក់​អាយុ​ខ្លី  ។  ប្រសិន​ជា​បាន​បុណ្យ​សក្តិយស  ថ្កំថ្កើង​ខ្ពង់ខ្ពស់​ក្នុង​លោកិយ  កម្ម​តាម​មក​ផ្ដល់​អាយុ​ខ្លី  មិន​បាន​នៅ​ស៊ី​ស្លាប់​បង់​បាត់  ។  នរណា​ខ្មាស​បាប​ឬខ្លាច​បាប  វៀរ​ចាក​ដរាប​ជីវិត​សត្វ  មិន​ហ៊ាន​បៀតបៀន​ឬ​កម្ចាត់  សម្លាប់​បង់​បាត់​ផ្ដាច់​ជីវ៉ា  ។  នរ​នោះ​បាន​កើត​នៅ​លើ​ស្ថាន  សួគ៌​ទិព្វ​ថ្កើងថ្កាន​មាន​អាស្នា  ឈ្មោះ​ចាតុម្មហារាជិកា  មាន​ទេព​ធីតា​គាល់​រាល់​ថ្ងៃ  ។ 

(១៩៥)  សោយ​សម្បត្តិ​ទិព្វ​សុខ​សប្បាយ  ទាំង​រូប​រាង​កាយ​ល្អ​ល្អះ​ក្រៃ  ប្រាំរយ​ឆ្នាំ​ទិព្វ​ច្យុត​ឰ  ត្រកូល​ថ្លាថ្លៃ​មាន​សម្បត្តិ  ។  មាន​កម្លាំង​ខ្លាំង​ក្លា​លើស​លន់  ចិន្តា​ទោរទន់​ប្រណី​សត្វ  ប្រពន្ធ​កូន​ចៅ​នៅ​មិន​ព្រាត់-  ប្រាស​ចាក​ខ្ចាត់​ភ្លាត់​សុខ​ដល់​ចាស់  ។  កើត​មក​ជា​មនុស្ស​ពុំ​ក្សិណក្ស័យ  ជីវិត​ប្រល័យ​គ្រឿង​សហ័ស  មាន​មនុស្ស​បម្រើ​ទាំង​ក្មេង​ចាស់  សុខ​សប្បាយ​ណាស់​រង​ទុក្ខ​គ្មាន  ។  ២- គឺ​អទិន្នា​ទានៈ  នរណា​លួច​ប្រាក់​ទ្រព្យ​ធនធាន  ដើរ​លួច​ដើរ​ប្លន់​វាត​រុករាន  រឹប​ជាន់​ឈ្លានពាន​ក្លា​ឃោរឃៅ  ។  នរ​នោះ​ស្លាប់​ទៅ​ធ្លាក់​រហូត  ចុះ​ដល់​កាឡ​សូត្រ​នរក​ជ្រៅ  និរ​យមបាល​ចាប់​ចង​ទៅ  ចាក់​នឹង​ដែក​ក្ដៅ​ឈឺ​ខ្លោច​ផ្សា  ។ 

(២០០)  ហើយ​ទើប​ពួក​ខ្លះ​យក​បន្ទាត់  ដែល​ក្ដៅ​មក​ផ្ទាត់​សព្វ​កាយា  ខ្លះ​យក​រណា​ភ្លើង​មក​អារ  ពុះ​ពី​សិរសា​រង​ទុក្ខ​ទណ្ឌ  ។  រយះ​ដាច់​សាច់​ឈាម​សស្រាក់  ស្រែក​យំ​ឥត​អាក់​ភ័យ​ភាំង​ភាន់  នៅ​ក្នុង​នរក​ទុរទុក្ខ​ទណ្ឌ  កំណត់​មួយពាន់​ឆ្នាំ​រដោះ  ។  ក្នុង​មួយ​ពាន់​ឆ្នាំ​នៃ​ស្ថាន​ត្រៃ-  ត្រិង្ស​ទើប​មួយ​ថ្ងៃ​នរក​នោះ  យូរ​អង្វែង​ណាស់​ទើប​រដោះ  ពី​នរក​នោះ​មក​កើត​បាន  ។  ជា​ប្រេត​កម្ពស់​ដើម​ត្នោតលៃ  រង​ទុក្ខ​ទោស​ពៃរ៍​ជា​ប្រមាណ  អត់​បាយ​អត់​ទឹក​ស្គាំង​ស្គម​ប្រាណ  គ្មាន​បាន​អ្វី​ឆី​ចម្អែត​ផ្ទៃ  ។  ប្រាំរយ​ជាតិ​ទើប​ចាប់​កំណើត  មក​កើត​ជា​មនុស្ស​ក្រីក្រ​ក្រៃ  ដើរ​សូម​ទាន​គេ​អចិន្ត្រៃយ៍  លំបាក​យ៉ាង​ក្រៃ​នៅ​ខ្ញុំ​គេ  ។ 

(២០៥)  ប្រសិន​នរណា​បញ្ញា​ឆ្លាត  ចិត្ត​ផូរផង់​ស្អាត​គិត​រិះរេ  វៀរ​ចាក​អំពើ​លួច​ទ្រព្យ​គេ  ដែល​មិន​ឲ្យ​ទេ​ក្នុង​លោកា  ។  នរ​នោះ​រមែង​តែង​តែ​បាន  ទៅ​កើត​នៅ​ស្ថាន​ត្រៃត្រិង្សា  មាន​ទេពអប្សរ​បវរ​កញ្ញា  គង់​គាល់​ត្រៀបត្រា​នៅ​រហង់  ។  សោយ​សម្បត្តិ​ទិព្វ​ជា​សុខ​សាន្ត  មួយពាន់​ឆ្នាំ​បាន​ច្យុត​បាត់បង់  មក​កើត​ជា​ក្សត្រ​ភក្ត្រ​ផូរផង់  ឬ​សេដ្ឋី​ខ្ញង់​បុណ្យ​ថ្កើងថ្កាន  ។  សម្បូណ៌​មាស​ប្រាក់​កែវកង​ពេជ្រ  ចោរ​ចូល​កម្ទេច​យក​ពុំ​បាន  ប្រពន្ធ​កូន​ចៅ​ទាំង​ប៉ុន្មាន  បាន​សុខ​សាន្តត្រាណ​គ្មាន​គិត​ក្រែង  ។  ៣- គឺ​កាមេសុមិច្ឆា  នរណា​ព្រហើន​ចិត្ត​វង្វេង  លួច​ប្រពន្ធ​កូន​គេ​ឥត​ក្រែង  ឬ​ផិត​ប្ដី​ឯង​តែង​រង​ទុក្ខ  ។ 

(២១០)  នរ​នោះ​លុះ​ស្លាប់​បាត់បង់​ទៅ  ធ្លាក់​ចុះ​ទៅ​នៅ​ស្ថាន​នរក  ឈ្មោះ​សង្ឃាតៈ​រង​ទោស​ទុក្ខ  ភ្លើង​ឆេះ​គគុក​ក្ដៅ​ខ្លោច​ផ្សា  ។  និរ​យមបាល​ឈរ​ចាំ​ឈាម  ក្រឡេក​ឃើញ​ភ្លាម​ស្ទុះ​ប្រហារ  ដេញ​ចាក់​ឲ្យ​ឡើង​ដើម​រកា  ដែក​មាន​បន្លា​ស្រួច​ដុះ​ជ្រោង  ។  មេ​ស្រី​ផិត​ក្បត់​ឡើង​មុន​ប្រុស  មុត​ខ្លួន​សព្វ​សុស​ស្រែក​យំ​ង៉ោង  ហើយ​ហុច​ដៃ​ឲ្យ​អា​ប្រុស​តោង  ចាប់​យោង​ទាញ​ឡើង​យំ​សស្រាក់  ។  ខាង​ក្រោម​មាន​ឆ្កែ – និរ​យមបាល  ជា​ច្រើន​ត្រអាល​ខាំ​ត្របាក់  ខាង​លើ​មាន​ត្មាត​ចឹក​កន្ត្រាក់  ធ្លុះ​ធ្លាក់​ដល់​ដី​ខ្លួន​ដេក​ផ្ងារ  ។  ចង្កូម​ឆ្កែ​ចំពុះ​សត្វ​ត្មាត  សុទ្ធ​តែ​ដែក​ស្អាត​ស្រួច​មុត​ថ្លា  ត្របាក់​ខាំ​ចឹក​ដួល​ដេក​ផ្ងារ  ឆេះ​ក្ដៅ​កាយា​ផ្សា​វេទនា  ។ 

(២១៥)  នរក​នោះ​អាយុ​វែង​ក្រៃ  ពីរ​ពាន់​ឆ្នាំ​នៃ​ស្ថាន​យាមា  ទើប​បាន​មួយ​ថ្ងៃ​ស្ថាន​សង្ឃាត៍  អស់​កម្ម​វេរា​ទើប​រដោះ  ។  មក​កើត​បាន​មក​ជា​សត្វ​តិរច្ឆាន  គេ​គ្រៀវ​គ្មាន​បាន​សប្បាយ​សោះ  គ្រប់​ប្រាំរយ​ជាតិ​ទើប​រដោះ  ពី​គម្រៀវ​នោះ​ទើប​នឹង​បាន  ។  កើត​ជា​មនុស្ស​ខ្ទើយ​ប្រាំរយ​ជាតិ  ទើប​ក្លាយ​ខ្លួន​ឃ្លាត​ជា​ប្រុស​ប្រាណ  ឬ​ស្រី​ប្ដី​ក្បត់​ផិត​សាមាន្យ  ប្រាំរយ​ជាតិ​បាន​ជា​មនុស្ស​ម្នា  ។  បើ​នរណា​មាន​ប្រាជ្ញ​អាច​រិះរេ  វៀរ​ចាក​កាមេ​សុមិច្ឆាចារ  នរ​នោះ​នឹង​បាន​កើត​សួគ៌ា  ឈ្មោះ​ស្ងាន​យាមា​ទិព្វ​ថ្លាថ្លៃ  ។  រស្មី​ពន្លឺ​ភ្លឺ​ចិញ្ចាច  ចិញ្ចែង​ត្រដាច​រុងរឿង​ក្រៃ  ស្រី​ទេពអប្សរ​គាល់​រាល់​ថ្ងៃ  ឆើត​ឆោម​ល្អ​ក្រៃ​កាយ​បរិសុទ្ធ  ។ 

(២២០)  ស្ថាន​មាយា​អាយុ​បីពាន់-  ឆ្នាំ​ទិព្វ​គ្រប់គ្រាន់​ទើប​ចុះ​ច្យុត  មក​ចាប់​កំណើត​ជា​រាជបុត្រ  ភរិយា​បរិសុទ្ធ​កប​កាយ​ល្អ  ។  ៤- គឺ​មុសាវាទា​ជាក់  នរណា​ចិត្ត​ស្មគ្រ​ពោល​ភូតភរ  ឲ្យ​កើត​ចលាចល​វឹកវរ  ខាត​ខូច​របរ​អ្នក​ដទៃ  ។  នរ​នោះ​ធ្លាក់​ចុះ​រោរព​នរក  រង​ទោស​រង​ទុក្ខ​អចិន្ត្រៃយ៍  និរ​យមបាល​កាត់​ជើង​ដៃ  រៀង​រាល់​ថ្ងៃៗដួល​ដេក​នៅ  ។  កាត់​មាត់​អណ្ដាត​ឈាម​សស្រាក់  ហើយ​ទាញ​កន្ត្រាក់​បោះ​ចោល​ទៅ  ចូល​ក្នុង​រណ្ដៅ​ឆេះ​សន្ធៅ  រង​ទោស​ទណ្ឌ​នៅ​ទុក្ខ​រួមរឹត  ។  រោរព​អាយុ​យូរយារ​ក្រៃ  មួយ​ពាន់​ឆ្នាំ​នៃ​ស្ថាន​តុសិត  ទើប​បាន​មួយ​ថ្ងៃ​នរក​ពិត  អស់​កម្ម​អតីត​ទើប​រដោះ  ។ 

(២២៥)  មក​កើត​ជា​ប្រេត – អសុរកាយ  ក្រហល់​ក្រហាយ​គ្មាន​ចន្លោះ  ភ្លើង​ឆេះ​អណ្ដាត​ចេញ​មាត់​ស្មោះ  ស៊ី​ឈាម​ស៊ី​ខ្ទុះ​ជា​អាហារ  ។  អស់​កម្ម​ទើប​កើត​មក​ជា​មនុស្ស  បាន​ជា​ស្រី​ប្រុស​មាត់​ឆែបឆា  ងងឹត​ល្ងង់​ល្ងីល្ងើ​អាប់​បញ្ញា  ដល់​ពោល​វាចា​ស្អុយ​សក្តិសិទ្ធ  ។  នរណា​វៀរ​ចាក​មុសាវាទ  មិន​ឲ្យ​ឃ្លៀងឃ្លាត​ចាក​ពាក្យ​ពិត  នរ​នោះ​បាន​កើត​ស្ថាន​តុសិត  រុងរឿង​ថ្កើង​ឫទ្ធិ​រស្មី​សាយ  ។  បួន​ពាន់​ឆ្នាំ​ទិព្វ​ទើប​ច្យុត​ចុះ  មក​កើត​ជា​មនុស្ស​រូប​ឆើតឆាយ  ជា​ពហុស្សូត​ព្រោក​ប្រាជ្ញ​ប្រាយ  ល្បីល្បាញ​ខ្ចរខ្ចាយ​ក្នុង​លោកិយ  ។  ៥- គឺ​សុរាមេរយា  នរណា​ផឹក​ស្រា​ទឹក​អប្រិយ  ស្រវឹង​ប្រមឹក​ចិត្ត​តិរ្ថិយ  វង្វេង​ស្មារតី​ភ្លេច​ធម្មា  ។ 

(២៣០)  នរ​នោះ​លុះ​ស្លាប់​បាត់បង់​ទៅ  ធ្លាក់​នរក​ជ្រៅ​ស្ថិត​នៅ​នា  ស្ថាន​បាត​នរក​ទុក្ខ​មហិមា  ទុរន់​ទុរា​យូរយារ​ណាស់  ។  ដោយ​ហេតុ​ប្រមឹក​ចិត្ត​វង្វេង  ផឹក​ទឹក​ទង់ដែង​ពុះ​ពេញ​ខ្ទះ  ឆេះ​ថ្លើម​ប្រមាត់​ឆេះ​ក្រពះ  ស្រែក​យំ​ខ្លាំង​ណាស់​ឥត​ឧបមា  ។  ប្រាំបី​ពាន់​ឆ្នាំ​និម្មានរតី  បាន​មួយ​រាត្រី​ស្ថាន​បាតា  អស់​កម្ម​ទើប​កើត​ជា​យក្សា  ឬ​មនុស្ស​លីលា​ឆ្កួត​ចង្រៃ  ។  នរណា​មាន​ប្រាជ្ញ​ដ៏​ក្លៀវក្លា  វៀរ​សេព​សុរា​និង​មេរ័យ  នរ​នោះ​នឹង​កើត​ស្ថាន​សួគ៌​ថ្លៃ  ខ្ពស់​ក្រៃ​ឈ្មោះ​និម្មានរតី  ។  ស្ថិត​ខ្ពស់​នៅ​លើ​ប្រាង្គ​ប្រាសាទ  វិចិត្រ​ស្អាង​ស្អាត​សុទ្ធ​តែ​ស្រី  ស្រី​ទេពអប្សរ​ល្អ​ប្រិមប្រិយ  គង់​គាល់​ប្រក្រតី​មិន​ដែល​ខាន  ។ 

(២៣៥)  សោយ​សុខ​ជា​យូរ​ទើប​ច្យុត​ចុះ  មក​កើត​ជា​មនុស្ស​ខ្ពស់​ថ្កើងថ្កាន  មាន​ប្រាជ្ញ​អង់អាច​យ៉ាង​ក្លាហាន  ដោះ​ប្រស្នា​បាន​ក្នុង​លោកា  ។  ព្រះ​ចៅ​កោសល​ក្រាប​អភិវាទ  សម្ដេច​នរនាថ​ក្នុង​លោកា  ទទួល​ប្រតិបត្តិ​តាម​ឱង្ការ  ហើយ​លើក​សេនា​ចូល​បូរី  ។

សេចក្ដី​សង្ខេប​រឿង

១­­­­­­- ព្រះ​មហា​សីលវៈ  ខន្តី​សច្ចៈ  ទ្រង់​សីល​ធម៌​អាថ៌  ពលរដ្ឋ​ប្រុស​ស្រី  មេត្រី​ស្នេហា  នាំ​គ្នា​រក្សា  សីល​ទាំង​ប្រុស​ស្រី  ។  ចេះ​រួបរួម​គ្នា  ទាំង​រាស្ត្រ​ប្រជា  នាហ្មឺន​កុង្សីយ៍  ស្រឡាញ់​គ្នា​ស្និទ្ធ  រួមរឹត​មេត្រី  ទាំង​ប្រុស​ទាំង​ស្រី  រួម​គ្នា​ជិតស្និទ្ធ  ។  ប្រទេស​កាសី  រុងរឿង​ល្បាញល្បី  គ្រប់​ទិស​ឆ្ងាយ​ជិត  ក្រោម​កិច្ច​ដឹកនាំ  ឧត្តម​ពិតៗ  ប្រទេស​ឆ្ងាយ​ជិត  ខ្លបខ្លាច​ចេស្ដា  ។  ព្រះ​មហា​សីលវៈ  ជា​មហា​វីរៈ  ក្សត្រ​ឆ្នើម​លោកា  ព្រះ​អង្គ​ចេញ​ច្បាំង  តតាំង​ចេស្ដា  ជា​មួយ​ក្សត្រា  ប្រទេស​កោសល  ។  ទ្រង់​ធ្វើ​សង្គ្រាម  គ្មាន​បង្ហូរ​ឈាម  ឲ្យ​ចលាចល  ចម្បាំង​ឈ្នះ​ស្រេច  ទើប​ស្ដេច​កោសល  ឱន​សិរសា​ដល់  ផែនដី​បង្គំ  ។  ព្រះ​មហា​សីលវៈ  ព្រះ​ទ័យ​ស្មោះ​ស្មគ្រ  ស្នេហ៍​រាស្ត្រ​តូច – ធំ  ទូន្មាន​ប្រដៅ  ព្រះ​ចៅ​ឲ្យ​ខំ  លះបង់​គំនុំ  គុំ​គួន​ព្យាបាទ  ។  ឲ្យ​ថែរក្សា  បញ្ចសីលា  បាន​ផូរផង់​ស្អាត  ឲ្យ​ចេះ​ស្រឡាញ់  មិន​ឲ្យ​ប្រមាទ  បៀតបៀន​ព្យាបាទ  ជាតិ​មនុស្ស​ដូច​គ្នា  ។

២-  ព្រះ​ចៅ​កោសល  ស្ដេច​លើក​សាកល  សេនា​យោធា  ចូល​មក​សម្រុក  លុយលុក​ពុះពារ  ញាំញី​ភារា  ពារាណសី  ។  លុះ​បរាជ័យ  កោសល​ភិត​ភ័យ  សិរសា​ដល់​ដី  ក្រួញក្រាប​អភិវាទ  នរនាថ​កាសី  ថ្វាយ​ខ្លួន​ទឹក​ដី  ថ្វាយ​ពល​សេនា  ។   ហើយ​បាន​តាំង​ចិត្ត  លះបង់​ទុច្ចរិត  ទាំង​បី​ប្រការ  លែង​ដើរ​រាត​ត្បាត  ព្យាបាទ​ប្រហារ  បង្កើត​ចលា-  ចល​លើ​ផែនដី   ។  ព្រះ​ចៅ​ប្រព្រឹត្ត  អំពើ​សុចរិត  សព្វ​គ្រប់​ទាំង​បី  បញ្ចសីលា  រក្សា​ប្រក្រតី  ទាំង​ប្រុស​ទាំង​ស្រី  មេត្រី​ស្មោះ​សរ  ។  ព្រះ​ចៅ​ប្រព្រឹត្ត  អំពើ​សុចរិត  បរិសុទ្ធ​បវរ  ទើប​ស្ដេច​ទ្រង់​ត្រាស់  តម្រាស់​ស្មោះ​សរ  ឲ្យ​ប្រជា​ករ  និង​អ្នក​រាជការ  ។  ប្រព្រឹត្ត​ទាំងអស់  មិន​ឲ្យ​ចន្លោះ  សល់​ខាន​លោក​ណា  ដោយ​ព្រះ​គំនិត  យល់​ពិត​ច្បាស់​ថា  អាច​ញ៉ាំង​លោកា  បាន​សន្តិភាព  ។  ព្រះ​ចៅ​កោសល  ជា​ឆ្នើម​លើ​ពល  សេនា​ខ្ពស់​ទាប  ព្រះ​ទ័ន​មិន​ក្នាញ់  ស្រឡាញ់​សន្តិភាព  យស​សក្តិ​ខ្ពស់​ទាប  ទ្រង់​រាប់​ស្មើ​គ្នា  ។

៣-  លោក កាឡ – បក្សី  សេនាបតី  លោភលន់​មហិមា  ប្រាថ្នា​សម្បត្តិ  មហា​ក្សត្រ​សោភា  ចង់​តាំង​ខ្លួន​ជា  ស្ដេច​គ្រង​ផែនដី  ។  បំបះ​បំបោរ  បង្កើត​ទ័ព​ចោរ  ក្នុង​អរញ្ញី  ឲ្យ​ដើរ​រាតត្បាត  ព្យាបាទ​ប្រុស​ស្រី  ញាប់ញ័រ​ផែនដី  កាសី​រដ្ឋា  ។  បក្សី​អន្ធពាល  ថ្លើម​ធំ​ពាស​វាល  ចាក់​រុក​ព្រះ​មហា  ក្សត្រ​ដែល​កោសល  លើក​ពល​សេនា  ចូល​ប្លន់​រដ្ឋា  ប្រហារ​ប្រុស​ស្រី  ។  បង្កើត​សង្គ្រាម  បង្ហូរ​តែ​ឈាម  ជាតិ​ខ្លួន​ឯង​ខ្មី  ឲ្យ​ជាតិ​វេទនា  កំព្រា​បាត់​ប្ដី  បាត់​កូន​ប្រុស​ស្រី  បាត់​យាយ​បាត់​តា  ។  បក្សី​អបលក្ខណ៍  ក្បត់​ព្រះ​សីលវៈ  ក្បត់​ជាតិ​សាសនា  ដល់​នូវ​អន្តរាយ  រូប​កាយ​មតា  ស្លាប់​ដូច​ឆ្កែ​ឆ្មា  អាហារ​ឆ្កែ​ត្មាត !  ។

[១]ព្រះ​ហនុ ចង្កា  ។

[២]ចាក​ធម្មបទដ្ឋកថា ខុទ្ទកនិកាយ

ភាសិត

លោក​ហួស​ខ្នាត  នាំ​ខាត​ដើម

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣

បញ្ចេញយោបល់ ៖