នាយ​ល្អ​ក្រ​រក​បាន នាយ​ក្លាហាន​បាន​ស្រេច​ការ

អធិប្បាយ​ភាសិត
សាស្ត្រាចារ្យ ឈឹម – ស៊ុម តែង​ជា​កាព្យ
ពាក្យ ៧

(១)  ពាក្យ​ថា “នាយ​ល្អ​ក្រ​រក​បាន  រី​នាយ​ក្លាហាន​បាន​ស្រេច​ការ”  ពីរ​ឃ្លោង​យោង​ឃ្លា​ជា​វោហារ  បូរាណា​ចារ្យ​ចែង​ចង​ទុក  ។  ខ្ញុំ​សូម​អធិប្បាយ​ស្រាយ​សេចក្ដី  ប្រយោជន៍​ដើម្បី​ជា​ទំនុក  ត​តាម​ទំនៀម​ត្រា​ត្រៀម​ទុក  ធ្វើ​ជា​ទំនុក​តំណ​ទៅ  ។  ឲ្យ​បច្ឆាជន​ជាន់​អនា-  គត​កាល​គ្រប់​គ្នា​ជា​កូន​ចៅ  ជា​សិស្ស​ជា​គណ​ជា​ពូជ​ផៅ  តទៅ​ក្រែង​ត្រូវ​រើស​នាយ​កោយ  ។  ព្រោះ​ថា​ធម្មតា​ជន​ប្រុស​ស្រី  កើត​លើ​ផែនដី​ទោះ​មុន​ក្រោយ  ការ​ក្រ​នៅ​លើ​អ្នក​នាយ​កោយ  តែ​នាយ​ថ្លោះ​ធ្លោយ​ធ្លាយ​ខូច​ការ  ។ 

(៥)  ទាល់​តែ​នាយ​កោយ​កើត​កាក់កប  របៀប​របប​អ្នក​សង្ហារ[១]  ទើប​នាំ​ប្រយោជន៍​គ្រប់​កិច្ចការ  នាំ​ផល​ខ្លឹមសារ​យក​មក​បាន  ។  រី​ពាក្យ​ថា​នាយ​ងាយ​យល់​ទេ  គឺ​ជន​ជា​មេ​យើង​គ្រប់​ប្រាណ  មេ​វត្ត​មេ​វ៉ា​ទាំង​ប៉ុន្មាន  មេ​គ្រួសារ​ឋាន​មេ​ភូមិ​ស្រុក  ។  បើ​គេ​ពុំ​ពោល​ពាក្យ​ថា​នាយ  ពោល​ថា​ចៅហ្វាយ​ក៏​ស្រណុក  គឺ​ចៅហ្វាយ​ខេត្ត​ចៅហ្វាយ​ស្រុក  ចៅហ្វាយ​ឃ្លាំង​គុក​ចៅហ្វាយ​រដ្ឋ  ។  បើ​ពុំ​ពោល​ពាក្យ​ថា​ចៅហ្វាយ  ពាក្យ​ថ្មី​នៅ​អាយ​មាន​ប្រាកដ  ហៅ​ថា​ប្រមុខ​មាន​មុខ​មាត់  ប្រាកដ​ជា​ពាក្យ​វប្បធម៌  ។  ដូច​ពាក្យ​ថា​លោក​ប្រមុខ​ខេត្ត  រុងរឿង​ត្រដែត​ដ៏​បវរ  ប្រមុខ​យោធា​ក្រុង​នគរ  ប្រមុខ​រដ្ឋ​បវរ​ធំ​បំផុត  ។ 

(១០)  រី​នាយ​គ្រួសារ​ធម្មតា​ចែក  ចាត់ចែង​វែកញែក​ឲ្យ​បរិសុទ្ធ  ឬ​ឲ្យ​សៅហ្មង​មោះ​ស៊ុតទ្រុឌ  នោះ​ផុត​វិស័យ​យើង​ជ្រើស​រក  ។  គឺ​ថា​បើ​យើង​បាន​កសាង  យើង​មាន​សំណាង​ពី​មុន​មក  គង់​តែ​កុសល​ផ្ដល់​ឲ្យ​ជ្រក  ឲ្យ​មក​ចាប់​ជាតិ​ក្នុង​មេ​ល្អ  ។  ចិត្ត​ថ្លើម​ត្រជាក់​ទន់​ល្អូកល្អូន  ចេះ​ថ្និត​ថ្នម​កូន​ចេះ​បី​ទ្រ  ចេះ​ផ្ចុង​ផ្ដើម​កូន​ឲ្យ​បាន​ល្អ  ស្ទួយ​ផុត​ពី​ក្រ​ទៅ​ជា​មាន  ។  បើ​យើង​ឥត​បុណ្យ​ពី​បុព្វេ  ពុំ​បាន​រក​ទេ​ផ្លូវ​សីល​ទាន  មុខ​ជា​អកុសល​ផ្ដល់​រុញ​ច្រាន  ឲ្យ​កើត​ក្នុង​ឋាន​មេ​អប្រីយ៍  ។  ឥត​មាន​អាណិត​ចិត្ត​ឫស្យា  ឥត​មាន​មេត្តា​ត្រា​ប្រណី  ឥត​ចេះ​សង្គ្រោះ​កូន​ប្រុស​ស្រី  ទ្រឹស្ដិ៍អន្យតិរ្ថិយ​ខុស​ជា​គាប់  ។ 

(១៥)  ហេតុ​នេះ​ឃើញ​ថា​នាយ​គ្រួសារ  អភិសង្ខារ​ចាត់​មក​ស្រាប់  មាន​ល្អ​អាក្រក់​ទុក​សម្រាប់  អ្នក​មាន​បុណ្យ​ភព្វ​ឬ​ឥត​បុណ្យ  ។  តែ​ទោះ​ជា​យ៉ាង​ដូចម្ដេច​ក្ដី  យើង​ទាំង​ប្រុស​ស្រី​ត្រូវ​ដឹង​គុណ  នាយ​គ្រួសារ​នេះ​ទុក​ជា​មុន  សឹម​យើង​ដឹង​គុណ​អ្នក​ដទៃ  ។  រី​នាយ​ចៅហ្វាយ​ក្រៅ​ពី​នេះ  យើង​ត្រូវ​តែ​ចេះ​គិត​លក​លៃ  សម្រាំង​សម្រិត​ស្រិត​ហើយ​ស្ទៃ  លក​លៃ​ស្ទៃ​យក​តែ​មនុស្ស​ល្អ  ។  នាយ​នេះ​លំបាក​រើស​រក​បាន  ទើប​ចាស់​បុរាណ​ពោល​ថា​ក្រ  ព្រោះ​ពុំ​សូវ​មាន​ជន​ជាតិ​ល្អ  កម្រ​គ្រប់​លក្ខណ៍​ជា​នាយ​គេ  ។  ផល​ល្អ​មិន​ត្រឹម​តែ​អ្នក​ឲ្យ  អ្នក​ធ្វើ​អំណោយ​ដល់​យើង​ទេ  មិន​ត្រឹម​តែ​ញាតិ​យើង​ញាតិ​គេ  ឲ្យ​តែ​ជន​នោះ​ពេញ​លក្ខណៈ  ។ 

(២០)  ល្មម​ទាញ​ប្រយោជន៍​ចែក​គេ​ឯង  ទៅ​តាម​តំណែង​តាម​ឋានៈ  អាច​ទ្រទ្រង់​បាន​នូវ​ភារៈ  ឋានៈ​ដែល​ខ្លួន​ត្រូវ​រ៉ាប់រង  ។  ចិត្ត​ថ្លើម​ក៏​ធ្លាប់​មាន​ពិសោធន៍  មិន​ខឹង​ច្រឡោត​ខុស​ទំនង  មិន​លុះ​អគតិ​ទាំង​បួន​ផង  ឬ​មិន​ជួជង​មិន​ខូច​ឈ្មោះ  ។  ចំណោះ​វិជ្ជា​ស្រប​ករណីយ៍  ទាំង​ពាក្យ​សម្ដី​ក៏​ពីរោះ  ព្យាយាម​ម៉ឺងម៉ាត់​មិន​ឡេះឡោះ  មុខ​មិន​ក្រៀម​ក្រោះ​ស្រស់​ប៉ប្រៃ  ។  ជន​នោះ​ទើប​ពេញ​ជា​មនុស្ស​ជា  ឥន្ទ​ព្រហ្ម​ទេព្តា​លោក​បាន​ឆ្នៃ  បាន​គិត​រំពឹង​រឹង​រំពៃ  ហើយ​លៃ​ចាត់​មក​ឲ្យ​មេ​វា  ។  បើ​ផ្ទុយ​ពី​នេះ​ពុំ​មែន​ជា  ពុំ​មែន​ទេព្តា​ចាត់​មក​ទេ  បើ​យើង​ជ្រើសរើស​យក​ជា​មេ  ពុំ​បាន​ស្រួល​ទេ​គង់​មាន​មោះ  ។  ចំណែក​ខាង​នាយ​ផ្លូវ​សាសនា  មេ​វត្ត​មេ​វ៉ា​ក៏​ដូច្នោះ  លោក​ណា​មាន​កិត្តិសព្ទ​ពីរោះ  កាន់​ក្រឹត្យ​ឥត​ខ្ចោះ​ចាក​វិន័យ  ។ 

(២៥)  ចេះ​ចាំ​ធម៌​អាថ៌​ពិត​ប្រាកដ  ទាំង​ឥរិយាបថ​ទាំង​ព្រះ​ទ័យ  ស្រប​ផ្លូវ​សិក្ខា​ផ្លូវ​វិន័យ  ទាំង​អធ្យាស្រ័យ​ទន់​ត្រជាក់  ។  ចូល​ចិត្ត​ខាង​កិច្ចការ​សម្រប  សម្រួល​ឲ្យ​ស្រប​មិន​ឲ្យ​អាក់  មិន​ឲ្យ​មាន​អន់​ឲ្យ​រាក់ទាក់  ស្មោះ​ស្មគ្រ​រក​គ្នា​ជា​ប្រក្រតី  ។  ចូល​ចិត្ត​គោចរ​បិណ្ឌបាត  សង្វាត​ត​ពុទ្ធ​វេណី  មិន​ប្រកាន់​ឫក​ដូច​ប្រុស​ស្រី  ស៊ីវិល័យ​ជាន់​ថ្មី​បង់​សាសនា  ។  ចូល​ចិត្ត​ដឹកនាំ​បរិស័ទ  ឲ្យ​កាត់​តម្លា​ថ្លា​សទ្ធា  ជឿជាក់​ក្នុង​ព្រះ​ពុទ្ធសាសនា  ស្មា​ទាន​លីលា​សាង​កុសល  ។  ចូល​ចិត្ត​ផ្ចុង​ផ្ដើម​ការ​សិក្សា  ផ្លូវ​ពុទ្ធសាសនា​​ឲ្យ​ដឹង​យល់  ឲ្យ​ចេះ​ចូល​ចិត្ត​ដល់​ឫសគល់  ឲ្យ​យល់​ច្បាស់​ផ្លូវ​ទៅ​និព្វាន  ។ 

(៣០)  មិន​លោត​ច្រឡោត​តាម​លោកធម៌ [២]  មិន​សូវ​ត្រេកអរ​ខាង​មាន​បាន  មិន​ខំ​សន្សំ​បន្ទំ​ប្រាណ  ស្វែង​តែ​និព្វាន​ជា​ត្រី​មុខ  ។  មិន​មាន​កំណាញ់​គិត​តែ​បាន  អ្វីៗដែល​មាន​មិន​ក្ដាប់​ទុក  ចេះ​ក​ចេះ​សាង​ខាង​ទំនុក  បម្រុង​ផ្ចុងផ្ចុក​ក្នុង​សាសនា  ។  មិន​លុះ​ក្នុង​អគតិ[៣]បួន  ស្មារតី​ជុំ​ខ្លួន​ថួន​ប្រាថ្នា  ចូល​ចិត្ត​ធ្វើ​ការ​ផ្លូវ​សាសនា  មិន​ប្រឹង​ស្រវា​ការ​ព្រៃផ្សៃ  ។  មិន​ដូច​ជា​សត្វ​បរោខោ  ទំ​លើ​មែក​ពោធិ៍​ស៊ី​ផ្លែ​ជ្រៃ  ជ្រក​ក្នុង​សាសនា​ធ្វើ​ការ​ព្រៃ  ហួស​ក្រឹត្យ​វិន័យ​ត្រៃ​សិក្ខា  ។  លោក​នោះ​ទើប​ជា​សង្ឃ​ប្រាកដ  គួរ​ជា​មេ​វត្ត​ជា​មេ​វ៉ា  ដឹកនាំ​ឧបាសក​​សិកា  ត្រួតត្រា​ភិក្ខុ​សាមណេរ​ផង  ។ 

(៣៥)  រី​នាយ​ឬ​មេ​ពីរ​ផ្នែក​នេះ  រើស​ធុន​ដូច្នេះ​ទើប​ហ្មត់ហ្មង  ទើប​នាំ​យើង​ជា​បរិស័ទ​ឆ្លង  រំលង​ចាក​ក្ដី​អន្តរាយ​បាន  ។  មួយ​ទៀត​បើ​ពោល​តាម​បាលី  ដែល​ព្រះ​ជិនស្រី​ទ្រង់​ទូន្មាន  ជា​ច្បាប់​សម្រាប់​នាយ​ប្រធាន  ថា​ត្រូវ​ឲ្យ​មាន​ធម៌​ប្រាំមួយ  ។  មាន​ឈ្មោះ​ថា​នាយក​ធម៌  ជា​ច្បាប់​បវរ​សម្រាប់​ស្ទួយ  នូវ​អ្នក​ជា​នាយក​មួយៗ  ធម៌​ទាំង​ប្រាំមួយ​ដូច​តទៅ  ។ 

នាយក​ធម៌​ប្រាំមួយ​ប្រការ
បទ​កាកគតិ

(១)  ១- គឺ​ខមា  ការ​ទប់​កិរិយា  អំណត់​អត់​ធន់  ឆ្ពោះ​ហេតុ​ក្នុង​ក្រៅ  ទោះ​ស្រាល​ទោះ​ធ្ងន់  ខមា​ការ​ធ្ងន់  មាន​បី​ប្រការ  ។  ការ​អត់​ធន់​កាយ  មិន​ប្រទូសរ៉ាយ  វាយ​ដំ​ប្រហារ  ដាល់​តប់​ទាត់​ធាក់  យុក​យាក់​ដូច​មារ  មិន​ឲ្យ​អសារ  បង់​ការ​ព្រោះ​កាយ  ។  ការ​អត់​វាចា  មិន​ជេរ​ផ្ដាសា  បញ្ចោរ​ហុយ​ហាយ  ស្ដី​ដៀល​ដល់​ពូជ  ប្រដូច​ដល់​ម្ដាយ  មិន​ឲ្យ​អន្តរាយ  ព្រោះ​តែ​សម្ដី  ។  ការ​អត់​ធន់​ចិត្ត  មិន​ឲ្យ​វិបរិត  កើត​ចិត្ត​អប្រីយ៍  ខឹង​ឃោរ​ឆុរឆេវ  ប៉េវ​ដូច​អគ្គី  មិន​ឲ្យ​ធរណី  ឆេះ​ព្រោះ​ភ្លើង​ចិត្ត  ។  ២- ជា​គរិយៈ  គឺ​សម្បជញ្ញៈ  នឹក​ឃើញ​ការណ៍​ពិត  គឺ​ភ្ញាក់​ស្មារតី  សម្ភី​ពិនិត្យ  ការ​ក្រ​ឆ្ងាយ​ជិត  ពិនិត្យ​ឥត​ធ្វេស  ។

(៥)  ៣- ឧដ្ឋានៈ    គឺ​វីរិយៈ  ក្រវើន​ក្រោក​ក្រេស  ខំ​ធ្វើ​ការងារ  ក្នុង​ក្រៅ​ប្រទេស  មិន​លង់​ទ្រនេស  ក្នុង​ការ​ទ្រមក់  ។  ៤- សំវិភាគ  គឺ​ការ​លះ​លាក  តាម​បែប​ទាយក  ការ​ចែក​រំលែក  ដល់​បដិគ្គាហក[៤]  សូម្បី​ទឹក​ជ្រក់  ក៏​ចែក​តាម​មាន  ។  ៥- គឺទយា  អាណិត​គ្នីគ្នា  ជា​ញាតិ​សន្ដាន  យល់​តាម​សណ្ដាប់  ធ្លាប់​ពី​បុរាណ  និយម​រាប់អាន  ឲ្យ​បាន​ក្ដី​សុខ  ។  ៦- ឥក្ខណា  ការ​គន់​ត្រួតត្រា  ពិចារណា​ជ្រើស​មុខ  កិច្ចការ​គ្រប់​យ៉ាង  មិន​យោក​គ្រលុក  រៀប​ឲ្យ​ដឹង​មុខ  សម្រាំង​សម្រេច  ។  ធម៌​ប្រាំមួយ​នេះ  ជន​ណា​ចាំ​ចេះ  កាន់​កាប់​ជាប់​ស្រេច  ជន​នោះ​ថ្លៃថ្លា  ឧបមា​ដូច​ពេជ្រ  គួរ​តាំង​សម្រេច  ជា​នាយ​យើង​បាន  ។

(១០)  តែ​ជន​ទាំងឡាយ  នា​លោកិយ​អាយ  ច្រើន​តែ​ទន្ទ្រាន  ដណ្ដើម​តំណែង  ហើយ​តែង​ឈ្លានពាន  រំលោភ​ពុំ​មាន  មេត្តា​ករុណា  ។  ច្រើន​តែ​ឈ្នានីស  កិរិយា​ជាន់​ជិះ  ដោយ​ចិត្ត​ឫស្យា  ច្រណែន​ខ្លាច​ស្មើ  ខ្លាច​លើ​អាត្មា  ម្ល៉ោះ​ហើយ​ផ្ដន្ទា  ពង្រឹល​ពង្រេច  ។  ហេតុ​នេះ​បុរាណ  ពោល​តាម​លំអាន  ជា​ភាសិត​ស្រេច  ថា​រី​នាយ​ល្អ  ក្រ​មាន​ដូច​ពេជ្រ  នាយ​ក្លាហាន​ស្រេច  កិច្ចការ​សុខសាន្ត  ។  គឺ​ថា​នាយ​ល្អ  ពិត​ជា​មហា​ក្រ  កម្រ​រក​បាន  ព្រោះ​លំបាក​ជ្រើស  រើស​រក​កល្យាណ  គ្រប់​លក្ខណ៍​ដូច​បាន  សម្ដែង​មក​នេះ  ។   បើ​បាន​កល្យាណ  ល្អ​ហើយ​ក្លាហាន  មាន​ទាំង​ចំណេះ  ចំណាំ​ចាំ​ច្រើន  ក្រវើន​តាម​ចេះ  នាយក​យ៉ាង​នេះ  ទើប​យើង​ជ្រក​បាន  ។

(១៥)  ខ្ញុំ​សូម​ស្រដី  តាម​បទ​បាលី  ជា​រឿង​និទាន  ដើម្បី​បញ្ជាក់  នាយ​ល្អ​ក្លាហាន  កម្រ​រក​បាន  បើ​មាន​បាន​សុខ  ។

រឿង​ទេវទត្ត​និង​ពោធិសត្វ​កើត​ជា​ស្វា
បទ​ពំនោល

(១)  អតីតកាលកន្លង ភពកាន់រំលង វែងឆ្ងាយយូរយារហើយណា  ។  កាលណោះមែនមានសត្វស្វា ច្រើនក្រៃត្រៀបត្រា នៃព្រៃហេមវាក្បាលស្ទឹង  ។  គង្គាជលធាធំល្វឹង ហូរចុះសន្ធឹង ធំល្វឹងកម្រឆ្លងបាន  ។  ពានរិន្ទពុនពូជហនុមាន កិរិយាឈ្លានពាន ទន្ទ្រានជិះជាន់ដណ្ដើម  ។ 

(៥)  យកទីជាស្ដេចស្វាឆ្នើម ហើយហ៊ានហែកថ្លើម ពួកស្វាណាមិនគោរព  ។  តាំងខ្លួនជាម្ចាស់ពិភព ព្រឹក្សាព្រៃជប់ ព្រៃជាំជំនាប់ហេមវន្ត  ។  ស្វាឈ្មោលទាំងរយទាំងពាន់ ត្រូវពានរិន្ទជាន់ ចាប់ជិះសំឡេះ​សម្លាប់  ។  នៅតែស្វាញីតាន់តាប់ រស់នៅសម្រាប់ ធ្វើប្រពន្ធវាម្នាក់ឯង  ។  ស្វាញីកើតកូនរទែង កូនញីវាលែង លោះលាឲ្យមានជីវិត  ។ 

(១០)  កូនឈ្មោលវាពុំអាណិត ធ្វើហាក់ផ្ដេកផ្ដិត ហើយគិតគ្រញិចក្ស័យអស់  ។  មានមេស្វាមួយសប្បុរស ចង់ឲ្យកូនរស់ ក៏ភៀសហែលទឹកឆ្លងទៅ  ។  តាំងពីកូននោះឋិតនៅ ក្នុងផ្ទៃមើលទៅ ពុំដឹងជាឈ្មោលឬញី  ។  លុះផ្ទៃគ្រប់ខែពេញទី ទើបនាងស្វាញី ប្រសូតកូនឈ្មោលល្អក្ដាត់  ។  គឺជាព្រះពោធិសត្វ ដែលត្រាច់រង្គាត់ មកចាប់ជាតិជាកូនស្វា  ។ 

(១៥)  លោកនៅជាមួយមាតា ដឹងក្ដីកាលណា សួររកបិតាបានដឹង  ។  ជាបិតាអាក្រក់ម្ល៉ឹង ទើបលោកខំប្រឹង ហាត់ប្រាណបានស្ទាត់កីឡា  ។  ព្រឹកឡើងឡើងបេះផលា មកឲ្យមាតា ភោក្ដាខ្លួនឯងសម្រន់  ។  ល្មមតែមានកម្លាំងគ្រាន់ ក៏ស្ទុះបំភាន់ ឲ្យមាតាដេញតាមចាប់  ។  ឡើងចុះលោតផ្លោះប្រញាប់ ឲ្យម្ដាយដេញចាប់ ប្រញាប់លោតហក់គេចកែ  ។ 

(២០)  ឈមមុខខាងណេះហើយបែរ បត់ប្រាសគេចកែ បែរមកខាងណេះវិញភ្លែត  ។  មាតាស្រវាចាប់ឃែត កូនគេចចេញភ្លែត ម្ដាយហត់ម្ហ៊ែតៗនៅស្ងៀម  ។  ធ្វើយ៉ាងនេះជាទំនៀម ពុំដែលនៅស្ងៀម ពេលព្រឹកណាមួយសោះឡើយ  ។  ទាល់តែចម្រើនធំហើយ ក៏ពុំកន្តើយ ខំហាត់អត្តពលកម្ម  ។  អស់កាលយូរខែយូរឆ្នាំ អត្តពលកម្ម ចងចាំគ្រប់ល្បិចកិច្ចល្បង  ។ 

(២៥)  ស្ទុះលោលោតផ្លោះរំលង លង្វែកមែកផង មិនបាច់មានបង្គងសួ  ។  ហែលទឹកមិនបាច់មានស្នួ ហ៊ានហែលឆ្លងជួរ ទឹកជ្រោះហូរចុះចំហុង  ។  រំលិចទឹកជ្រៅសន្លុង ហ៊ានលោតប្លោតប្លុង[៥] ទៅក្នុងជលធារធ្នារទឹក  ។  មុជលើកដុំថ្មសន្ធឹក ស្រង់ផុតពីទឹក ឥតពូជស្វាណាធ្វើដូច  ។  ព្រោះហេតុលោកគិតពីតូច ថានឹងបង្ខូច គំនិតអាក្រក់បិតា  ។ 

(៣០)  បើអញទៅដល់កាលណា ពានរិន្ទស្ដេចស្វា ស្រវាចាប់អញអញគេច  ។  បើចាប់អញបានហើយឈ្លេច អញមិនរត់គេច អញប្រឹងឲ្យដឹងកម្លាំង  ។  បើបិតាក្លៀវក្លាខ្លាំង អញនឹងប្រឆាំង រុញចែវឲ្យចូលក្នុងស្ទឹង  ។  បើម្ល៉ឹងហើយគាត់នៅប្រឹង គង់ធ្លាក់ក្នុងស្ទឹង លង់ឈ្លក់ផ្សេសៗពុំខាន  ។  ច្នេះគាត់នឹងទ្រាំពុំបាន នឹងបន្ទន់ប្រាណ អញបានឱកាសប្រដៅ  ។ 

(៣៥)  ឲ្យគាត់កម្ចាត់ក្ដីក្ដៅ ជម្រះកម្លៅ ឲ្យនៅជាសុខសប្បាយ  ។  លុះដល់ឥទ្ធិពលពណ្ណរាយ ទើបលោកនាំម្ដាយ ឆ្លងចូលទៅក្នុងហ្វូងធំ  ។  ពានរិន្ទពិនរាជឧត្ដម នៅក្នុងហ្វូងធំ បានឃើញភរិយាមកដល់  ។  មានទាំងកូនឈ្មោលវិមល ដែលពុំធ្លាប់យល់ ក៏ស្ទុះមកសាកសួរថា  ។  អានេះឯងមកពីណា ឯងជាពូជស្វា ក្រៅវង្សចង់រករឿងឬ  ។ 

(៤០)  ព្រះពោធិសត្តបានឮ ឆ្លើយថាខ្ញុំគឺ ជាបុត្របិតានេះឯង  ។  កាលមាតាដាច់សង្វែង ព្រាត់ទៅម្នាក់ឯង បានប្រសូតខ្ញុំឯណោះ  ។  ខ្ញុំពុំស្គាល់បិតាសោះ ទើបត្រាច់ចរឆ្ពោះ មករកបិតាហ្នឹងឯង  ។  ពានរិន្ទឈានជើងចំទែង លូកដៃប្រឡែង ថាឯងជាបុត្របិតា  ។  ឥឡូវឪសុំថើបបា ជាទីស្នេហា ចូរបាមកអាយណា៎ពៅ  ។ 

(៤៥)  ពោធិសត្តលុតលូនទៅ ហត្ថប្រណម្យនៅ នែបនិត្យជិតជាប់ឱរា  ។  ពានរិន្ទឱបក្ដោបកាយា រួបរឹតហត្ថា ប្រាថ្នាគ្រញិចឲ្យស្លាប់  ។  ជើងជាន់ដៃឱបយ៉ាងខ្ជាប់ ម្រាមនិងម្រាមចាប់ ចាក់ស្រេះប្រឡេះពុំបាន  ។  មាត់ហាចង្គ្រុងប្រុងប្រាណ នឹងខាំបំពាន ទន្ទ្រានកកេរឲ្យស្លាប់  ។  ពោធិសត្តសោតប្រញាប់ លើកដៃជ្រោងចាប់ បំពង់កជាប់ដូចច្បោះ  ។ 

(៥០)  គួយដៃគះគារំសោះ ដើម្បីនឹងដោះ ខ្លួនឲ្យរួចចេញទៅវិញ  ។  ម្រាមដៃពានរិន្ទនោះមិញ គ្រេចចេញឈាមព្រិញ ដោះវិញប្រញាប់លែងចាប់  ។  ឱរារកកល់ប្រេះស្លាប់ ញ័រមាត់ប៉ប្រ៉ាប់ ឈឺកស្លឈាមមួយគ្រា  ។  ប៉ុន្តែកម្លាំងក្រោធា ធ្វើឲ្យស្ដេចស្វា មិនព្រមចុះចាញ់សោះឡើយ  ។  ទ្រឹងមួយស្របក់នៅហើយ ស្ទុះមកបង្កើយ ថានៃអាហ្អើយបើចង់  ។ 

(៥៥)  ដឹងតេជះដៃពានរង្គ ឯងកុំបង្អង់ កុំរាកុំរង់ឡើយណា  ។  ចូរប្រឹងប្រណាំងចេស្ដា លើចុងព្រឹក្សា បើថាអាឯងគ្រាន់បើ  ។  ពោធិសត្តឆ្លើយថាយើ ឪខ្ញុំទេតើ ម្ដេចធ្វើអំពើយ៉ាងហ្នឹង  ។  ទ្រមម្ល៉េះហើយចេះតែប្រឹង ម្រាមដៃគ្រេចម្ល៉ឹង ចង់ប្រឹងលើចុងព្រឹក្សា  ។  ប៉ុណ្ណឹងចុះណា៎បិតា លើចុងព្រឹក្សា ខ្ញុំរឹតក្លៀវក្លាជាងនេះ  ។ 

(៦០)  កុំថាលើគោកដូច្នេះ បើជនណាចេះ ច្បាំងក្នុងទឹកខ្ញុំក៏ហ៊ាន  ។  ហេតុនេះសុំឪអាក់ខាន កុំធ្វើបំពាន លើអ្នកឥតទោសដូច្នេះ  ។  ពានរិន្ទឮហើយស្ទើរប្រេះ ឱរារបេះ ថ្លើមធ្លាក់លើព្រះធរណី  ។  ខឹងឃោរក្ដៅដូចព្រះអគ្គី ស្ទុះមកនឹងឈ្លី ឲ្យខ្ទេចឲ្យខ្ទីជើងដៃ  ។  ប៉ុន្តែពោធិសត្តថ្លៃ រហ័សពេកក្រៃ ស្ទុះវៃថយផុតពីមុខ  ។ 

(៦៥)  ពានរិន្ទទង្គិចទង្គុក នឹងគល់ឈើចុក ទ្រ​ទាំងណែនគាំងអែនអន  ។  ទ្រឹងមួយស្របក់លោតភ្លន ស្រវាតោងគន ចាប់គល់កន្ទុយយ៉ាងមាំ  ។  ពោធិសត្តរត់អូសនាំ ទង្គិចគល់គ្រាំ ស្វាឪក្រញាំឈាមមាត់  ។  នៅតែតោងស្អិតពេកក្ដាត់ ទោះបីរត់កាត់ ព្រៃញៀតស្បាតក៏ពុំលែង  ។  តោងគ្នាឡើងដើមអញ្ចែង[៦] និងដើមកម្រែង[៧] បង្គាបបែកខ្នែងស្ញែស្ញុក  ។ 

(៧០)  កូនរុលរួចជាប់ឪពុក ក្នុងបង្គាបស្មុគ ស្មូញស្មាញបូញបាញធ្មេញស្ញេញ  ។  កូនគិតអាណិតដោះចេញ លំអុតលំគេញ សូមឲ្យបន្ថយកំហឹង  ។  ស្វាឪក្រញូវខ្ញូវខ្ញឹង ទោះបីទ្រមម្ល៉ឹង ក៏ប្រឹងស្រវាឱបទៀត  ។  ប្រចាប់ប្រជែងជ្រែងជ្រៀត បំបែរបំបៀត ពានរិន្ទភ្លាត់ស្នៀតធ្លាក់ស្ទឹង  ។  ខំស្ទុះលោតពេញទំហឹង ឡើងពីមាត់ស្ទឹង ខំប្រឹងឥតមានសំចៃ  ។ 

(៧៥)  កូនចាប់ជើងជាប់ខ្វៃៗ ដៃម្ខាងចាប់ដៃ ផ្អោបជាប់ផ្ទាប់ជិតឱរា  ។  បីទ្រពនាំស្ដេចស្វា ចុះក្នុងគង្គា សួរថាប៉ាចង់មុជទឹក  ។  ឬមួយក៏ប៉ាចង់ផឹក ទឹកសួរ្ស៍[៨]សន្ធឹក ហូរចេញពីរូងថ្មដា  ។  អ្ហ៎ៈឥឡូវខ្ញុំនាំប៉ា មុជជ្រែកគង្គា ចូលរូងថ្មដាផឹកទឹក  ។  ពានរិន្ទភិតភ័យពន្លឹក ឮថាមុជទឹក ក៏នឹកថាឱអញស្លាប់  ។ 

(៨០)  ទើបអង្វរករប្រញាប់ ថាកូនកុំចាប់ ប៉ាសូមចុះចាញ់ហើយកូន  ។  ពោធិសត្តសោតលំអូន លំអុតទន្ទោន ថាកូនឥតមានប្រទូស្ត  ។  ប៉ុន្តែឪឯងរឹងរូស ខំប្រឹងប្រទូស្ត នឹងខ្ញុំដែលឥតទោសសោះ  ។  តទៅកុំធ្វើដូច្នោះ នាំខូចកេរ្តិ៍ឈ្មោះ ពីព្រោះខុសច្បាប់អ្នកធំ  ។  បិតាជានាយឧត្ដម ធម្មជាតិរៀបចំ ឲ្យជានាយកលើកូន  ។ 

(៨៥)  ច្បាប់ថាត្រូវតែល្អូកល្អូន ចិត្តស្ងួនទន្ទោន រកកូនជានិច្ចប្រក្រតី  ។  ឪមិនត្រឹមតែជាបិ- តាយើងប្រុសស្រី ជាព្រះចក្រីថែមទៀត  ។  ហេតុនេះគួរតែប្រឹងឆ្លៀត កុំឲ្យរវាត ពីច្បាប់សម្រាប់នាយក  ។  បើនាយប្រើចិត្តតក់ម៉ក់ ជាធម៌គម្រក់ ឈ្លីឈ្លក់ជិះជាន់ពលឯង  ។  ឲ្យខ្មោចណាវាកោតក្រែង នាយជាន់ពលឯង អាយូសមិនវែងទេឪ  ។ 

(៩០)  ហេតុនេះតាំងពីឥឡូវ ឪត្រូវស្វែងត្រូវ តាមខ្ញុំនាំផ្លូវកុំខាន  ។  ស្ដេចស្វាថាឱកល្យាណ អ្នកពោលទូន្មាន មកទាំងប៉ុន្មានឪតាម  ។  ថាហើយនាំគ្នាវិលភ្លាម ចរត្រាច់ទៅតាម រកហ្វូងស្នំស្និទ្ធស្រឹង្គារ  ។  ចៅជិតចៅចមបរិពារ ចេញមកខ្ញៀវខ្ញារ មេនាងមេចៅចួបជុំ  ។  នៅនិត្យចួបជិតជាក្រុម ជាសុខពិតពុំ មានមោះគ្រោះថ្នាក់អ្វីឡើយ  ។ 

(៩៥)  ដោយសារបានទីពឹងហើយ ដូចអ្នកដល់ត្រើយ បានស្បើយចាកភ័យអន្តរាយ  ។  ពួកស្វាលុះសុខសប្បាយ កូនដូចគេរាយ រស់នៅទាំងញីទាំងឈ្មោល  ។  ពោធិសត្តជាបង្គោល ឲ្យស្វាញីឈ្មោល ពឹងផ្អែកជ្រកកោនគ្រប់គ្នា  ។  សាមគ្គីសាមគ្គា រួមរស់រាល់គ្នា មានសេរីភាពស្មើមុខ  ។  តមកស្ដេចស្វាជាទុក្ខ គិតថាទៅមុខ អញអស់អំណាចសូន្យឈឹង  ។ 

(១០០)  ព្រោះតែអាដែងកូនហ្នឹង វាជាទីពឹង នៃពួកពលស្វាទាំងអស់  ។  កូននេះបើវានៅរស់ វាឲ្យអញអស់ ជន្មាយុផងពុំដឹង  ។  ដូច្នោះគួរឲ្យទៅស្ទឹង រំលិចធំល្វឹង ព្រៃស្ដុក[៩]ស្រោងស្រឹងមានស្រះ  ។  ឈូកផ្កាត្រៀបត្រាក្រៃក្រាស់ អារក្សកាចណាស់ នោះច្បាស់ជាវានឹងស្លាប់  ។  គិតស្រេចស្ដេចស្វាប្រញាប់ ហៅកូនមកឆាប់ ប្រាប់ថាកូនស្ងួនឪពុក  ។ 

(១០៥)  អ្នកឯងតែងបំបាត់ទុក្ខ ធ្វើឲ្យបានសុខ ដល់ពួកពលស្វាគ្រប់គ្នា  ។  ប៉ុន្តែមាសមិត្រពុំងា ពុំទាន់បានជា ស្ដេចស្វាពេញមុខនៅឡើយ  ។  ដូច្នេះកូនកុំកន្តើយ កុំផ្សូរផ្សងឡើយ ចូរកូនទៅរកឧប្បល[១០]  ។  នោះហ្នដែលមើលទៅយល់ ព្រៃស្ដុកមណ្ឌល[១១] មានស្រះឧប្បលនៅនោះ  ។  ត្រូវកូនមាសស្ងួនចូលឆ្ពោះ ចុះក្នុងស្រះនោះ បេះផ្កាឧប្បលប្លែកៗ  ។ 

(១១០)  ឈូកសក្រហមចម្លែក ស្បង្ក័ជផ្កាបែក ត្របកមួយរយស្រទាប់  ។  ឲ្យបានផ្កានោះមកឆាប់ ឪនឹងរណ្ដាប់ រៀបអភិសេកឲ្យបា  ។  បានសោយរាជ្យ​ជាស្ដេចស្វា កបដោយចេស្ដា ថ្លៃថ្លាឧត្ដមសមសក្តិ  ។  ព្រះពោធិសត្តស្ដាប់ជាក់ ក្រពុំហត្ថដាក់ លើត្បូងសិរសាប្រណម្យ  ។  ចំពោះសម្ដេចបរម បិតាជាធំ ហើយទៅសំដៅស្រះស្រង់  ។ 

(១១៥)  លោកមានស្មារតីតម្រង់ សម្បជញ្ញៈផ្ចង់ ឥតធ្វេសប្រហែសឡើយណា  ។  ពិនិត្យមើលស្នាមបាទា សត្វផងនានា ឃើញសុទ្ធតែស្នាមជើងចុះ  ។  ឥតឃើញស្នាមជើងឡើងសោះ យល់ថាមានគ្រោះ អាក្រក់ក្នុងស្រះនោះឯង  ។  ស្រះនោះពិតជាកន្លែង អារក្សទឹកតែង តែចាប់សត្វបរិភោក្ដា  ។  យល់ច្បាស់ឥតមានសង្កា លោកក៏រេរា ពុំហ៊ានឈានចុះចូលទឹក  ។ 

(១២០)  គន់ឃើញផ្កាឈូកសន្ធឹក ដុះក្បែរមាត់ទឹក ទើបទៅបេះកាច់មកគរ  ។  បានផ្កាច្រើនមួយគំនរ បម្រុងត្រាច់ចរ យាត្រាត្រឡប់វិលវឹង  ។  អារក្សទឹកនៅជិតហ្នឹង នេត្រាសម្លឹង សម្លក់ពិនិត្យចរិយា  ។  យល់ជាអ្នកមានប្រាជ្ញា ស្មារតីថ្លៃថ្លា ឫកពាកិរិយាក្លាហាន  ។  ទើបយក្សប្លែងភេទផ្លាស់ប្រាណ ជាមនុស្សសាមាន្យ បានដើរចរចូលមកជិត  ។ 

(១២៥)  សម្លឹងហើយរឹងពេញចិត្ត ព្រោះហេតុឃើញពិត ជាអង្គបណ្ឌិតគ្រប់លក្ខណ៍  ។  នឹងបានជានាយសោភគ្គ ជាទីពឹងពាក់ នៃពូជពង្សវង្សពានរ  ។  ទើបសូត្រស្លុតី[១២]បវរ សរសើរពានរ ដោយបទព្រះគាថាថា ៖  យស្សេតេ ច តយោ ធម្មា   វានរិន្ទ យថា តវ  ទក្ខិយំ សុរិយំ បញ្ញា   ទិដ្ឋំ សោ អតិវត្តតិ  ។

———————-

  • [១]អាន​ថា ៈ សង់ហា ។ (សំ.ម. សំហារ) ។ អ្នក​សង្ហារ គឺ​អ្នក​នាំ, អ្នក​មាន​ការ​រួបរួម, អ្នក​ទម្លាយ​បង់, អ្នក​បំផ្លាញ, អ្នក​ផ្ដាច់ផ្ដិល​នូវ​បច្ចាមិត្រ ។ កុំ​ច្រឡំ​នឹង​ពាក្យ សង្ហា ដែល​ប្រែ​ថា មាន​រូប​ឆើតឆាយ ….. ឡើយ ។
  • [២]អាន​ថា ៈ លោកៈ​ធម៌ ។ ធម៌​សម្រាប់​ធ្វើ​សត្វ​លោក​ឲ្យ​មាន​ឫក​ប៉ោង​ឡើង ព្រម​ទាំង​ឲ្យ​មាន​ឫក​ជ្រប់​ស្រពោន មាន ៨ យ៉ាង​គឺ លាភោ ការ​បាន ១, អលាភោ ការ​បង់ ១, យសោ ការ​បាន​យស ១, អយសោ ការ​បង់​យស ១, និន្ទា ការ​រិះគន់ ១, បសំសា ការ​សរសើរ ១, សុខំ សេចក្ដី​សុខ ១, ទុក្ខំ សេចក្ដី​ទុក្ខ ១ ។
  • [៣]ការ​លម្អៀង ៤ យ៉ាង​គឺ ចន្ទាគតិ លម្អៀង​ទៅ​តាម​ស្រឡាញ់ ១, ទោសោគតិ លម្អៀង​ទៅ​តាម​ស្អប់ ១, មោហាគតិ លម្អៀង​ទៅ​តាម​សេចក្ដី​ល្ងង់​របស់​ខ្លួន ១, ភយាគតិ លម្អៀង​ទៅ​តាម​ការ​ខ្លាច ១ ។
  • [៤]អាន​ថា បៈដិកគាហ៊ក់ (អ្នក​ទទួល) ។
  • [៥] ប្លុង ជាភាសាបារាំង ។  កិរិយាសព្ទ គេសរសេរ PLONGER, នាមសព្ទ គេសរសេរ PLONGEON ដូចគ្នានឹងភាសាខ្មែរថា ៖ ប្លោង, ការប្លោង ។  [៦] ឈ្មោះឈើមួយយ៉ាងដើមធំខ្ពស់ មែកសាងញ៉ាង ។
  •  [៧] ឈ្មោះឈើមួយយ៉ាងដើមធំខ្ពស់ សាច់រឹងដូចគ្នានឹងដើមកែស ស្លឹកដូចស្លេកក្រាមរមាស មែកបែកខ្នែងក្លិកក្លក់ដង្គុំសាងញ៉ាង ។
  • [៨] សួរ្ស៍ ភាសាបារាំង សរសេរ Source អានថា សួក ។  គឺទឹកស្អាតហូរចេញពីរូងថ្មជ្រោះភ្នំ ។  បាលីហៅថា វភវោទក ។ 
  • [៩] ព្រះស្ដុក (ជើង ដ) គឺព្រៃញៀតស្បាតដុះរួបរឹតជិតឈើធំ ៗ ក្នុងទីទំនាប ។  ត្រពាំងឬបឹងដែលមានដុះឈើពេញក្នុងទឹក ក៏គេហៅថាស្ដុកដែរ (ត្រពាំងស្ដុក, បឹងស្ដុក) ។ 
  • [១០] ឧប្បល គួរអានថា ឧបបល់ ប៉ុន្តែទម្លាប់អានថា ឧបុល ដូចភទ្របទ ទម្លាប់អានថា ភាត់ទ្រះបុត, វិតក្ក ទម្លាប់អានថា វិតុក្ក, ឧសភ ទម្លាប់អានថា ឧសុប ។
  • [១១] មណ្ឌល ប្រែថា មូលដង្គុំ ។ 
  • [១២] បា. ថុតិ, សំ. ស្តុតិ ; ខ្មែរស្លុតី អានថា ស្លុតដី (សេចក្ដីសរសើរ) ។    

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៦៦

បញ្ចេញយោបល់ ៖