ប្រហែស​បាត់ ប្រយត្ន​គង់

អធិប្បាយ​ភាសិត
បណ្ឌិត​មហា ឈឹម – ស៊ុម សាស្ត្រាចារ្យ
ក្នុង​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត
តែង​តាម​សមត្ថភាព​ខ្លួន​ឯង​ក្នុង​កាល
ព. ស. ២៥០៥ – គ. ស. ១៩៦២
បណ្ដាំ

អធិប្បាយ​ភាសិត     ខ្ញុំ​តែង​ប្រឌិត  ខ្លួន​ឯង​តែ​ម្ដង  បើ​លោក​ណា​ចង់   ស្រង់​ឬ​ចម្លង   ដាក់​ឈ្មោះ​ខ្ញុំ​ផង   កុំ​ឲ្យ​សាន់វ៉័ណ្ឌ ។   ក្រែង​អនាគត  ខ្ញុំ​ផុត​រលត់  កូន​ខ្ញុំ​ប្រកាន់   ដូច​គេ​មុនៗ   ស៊ុន​ខ្លួន​សាន់វ៉័ណ្ឌ  ម្ចាស់​គេ​ប្រកាន់  ជាប់​ទោស​មជ្ឈិម ។

នមស្ការ
បទ​កាគតិ

អហំនមេ ពុទ្ធជិនេ ជនុត្តមំ នមេធម្មុ – ត្តមសេដ្ឋំ នមេសង្ឃំ មមំសិរសា ។ ខ្ញុំ​សូម​បង្អោន លំអុត​លំទោន បន្ទន់​កាយា លើក​ហត្ថ​ទាំង​សង ផ្គង​លើ​សិរសា ក្រាប​ថ្វាយ​វន្ទា ចំពោះ​ព្រះ​ពុទ្ធ ។ ជាតិ​ជា​ជិនស្រី លើ​ភព​ផែនដី ប្រសើរ​បំផុត លើ​ជន​នានា យក្សា​នាគ​គ្រុឌ ទេវតា​ទេវបុត្រ ផុត​ប្រណាំង​បាន ។ បង្គំ​ព្រះ​ធម៌ ឧត្ដម​បវរ ដ៏​ជា​យន្តយាន សំពៅ​ភេត្រា ឆ្លង​ជលសា​ធ្យាន ទៅ​ព្រះ​និព្វាន ជា​យាន​ប្រសើរ ។ បង្គំ​ព្រះ​សង្ឃ ប្រសើរ​សឹង​ទ្រង់ ធម៌​តាម​ដំណើរ វិន័យ​ព្រះ​ពុទ្ធ បរិសុទ្ធ​ប្រសើរ ដែល​ជា​ដំណើរ ទៅ​សិវដ្ឋាន ។ ហើយ​ខ្ញុំ​ចាចែង ចរចា​សំដែង ថ្លែង​តាម​លំអាន ពាក្យ​ពោល​មាន​ពិត ភាសិត​បុរាណ ជា​ដម្បូន្មាន និទាន​តទៅ ។

ប្រហែស​បាត់ ប្រយត្ន​គង់
ពាក្យ ៩

ប្រហែស​បាត់​ប្រយត្ន​គង់​អង្គ​ភាសិត បុរាណ​គិត​ហើយ​ប្រតិដ្ឋ​ទុក​ប្រដៅ ដល់​បច្ឆាជន​ជាន់​ក្រោយ​ជា​កូន​ចៅ ជា​ពូជ​ផៅ​ជា​សិស្ស​គណ​ឲ្យ​កាន់​កាប់ ។ ពាក្យ​នេះ​ត្រង់​អង្គ​សេចក្ដី​ក៏​ងាយ​យល់ ប្រាជ្ញ​វិមល​យល់​ថា​គួរ​ជា​ទម្លាប់ ខ្ញុំ​ទម្លាយ​ស្រាយ​សេចក្ដី​ទុក​ជា​ច្បាប់ ជា​សណ្ដាប់​ដល់​សន្ដាន​ដូច​តទៅ ។

មនុស្ស​យើង​ដែល​កើត​ឡើង​លើ​ផែនដី ទាំង​ប្រុស​ស្រី​ទាំង​មាន​ក្រ​ទាំង​ប្រាជ្ញ​ខ្លៅ ទាំង​គ្រហស្ថ​ទាំង​អ្នក​បួស​ទាំង​ឆ្អិន​ឆៅ ទោះ​ពូជ​ផៅ​ដ៏​ថ្កើងថ្កាន​ឬ​ថោកទាប ។ សុទ្ធ​តែ​ចង់​រស់​រុង​រោចន៍​ដូច​ទេវតា ចង់​សង្ហា​ដោយ​សិរី​ជា​ដរាប ចង់​មាន​ទ្រព្យ​គាប់​ដោយ​បុណ្យ​ខ្ពស់​មិន​ទាប តែ​សភាព​ទាំងអស់​នេះ​ចេះ​តែ​ខ្វែង ។ ចេះ​តែ​ផ្ទុយ​ខុយ​ខុស​ខក​រក​បាន​បង់ រក​បាន​បាត់​មិន​គង់​ទ្រង់​ត្រង់​កន្លែង កន្លែង​ភ្លែត​ឃែត​កន្លះ​ខ្វះ​តំណែង ផ្ទះ​សម្បែង​ទ្រព្យ​សម្បត្តិ​ខ្ចាត់​រលាយ ។ ខ្លះ​រលើង​ប៉ើង​រលំ​ទាំង​យស​សក្តិ ខ្លះ​បង់​ប្រាក់​ធ្លាក់​ទាំង​មាស​ទាស​ខ្ចាត់ខ្ចាយ ខ្លះ​បង់​ឈ្មោះ​បង់​កេរ្តិ៍​កោះ​អន្តរាយ ខ្លះ​ខ្វះ​ចាយ​ខ្វះ​ទាំង​បាយ​បរិភោក្ដា ។ ខ្លះ​បង់​ស្រុក​បង់​ប្រទេស​រលាយ​បាត់ ខ្លះ​ស្លាប់​ព្រាត់​បាត់​ពី​ក្នុង​វង្ស​ពង្សា ពុំ​សល់​សេស​ព្រោះ​ប្រហែស​ជា​ចរិយា ត្រូវ​តម្រា​ដែល​លោក​ថា​ប្រហែល​បាត់ ។

មាន​ជន​ខ្លះ​បាន​ប្រទះ​ដូច​បំណង ដែល​ប៉ុនប៉ង​គិត​គូរ​ទុក​យ៉ាង​មធ្យ័ត បាន​អ្វី​មក​ចេះ​តែ​គង់​មិន​ដែល​បាត់ ព្រោះ​ប្រយត្ន​ចាត់​ការ​ប្រុង​ប្រក្រតី ។ គង់​ចំណេះ​គង់​វិជ្ជា​គង់​ទាំង​មន្ត គង់​ទ្រព្យ​ធន​ដ៏​ពិសិដ្ឋ​វិចិត្រ​ថ្មី គង់​យន្ត​យាន​ផ្ទះ​ពិមាន​ដ៏​ពិសី គង់​សិរី​យស​សក្ដានុភាព​ផង ។ គង់​ជីវិត​គង់​រាង​កាយ​គង់​កេរ្តិ៍​ឈ្មោះ ល្បី​ពីរោះ​ឥត​មាន​មោះមៃ​សៅហ្មង គង់​ស្រុក​ទេស​ថ្កើង​វិសេស​ក្រៃ​កន្លង ធំ​ចម្បង​ដោយ​អធិបតីភាព ។ ព្រោះ​ហេតុ​តែ​ក្ដី​ប្រយត្ន​ចាប់​បម្រុង ទាំង​ក្រៅ​ក្នុង​ទាំង​ឆ្ងាយ​ជិត​ជា​ដរាប ទាំង​ទិវា​ទាំង​រាត្រី​ត្រិះរិះ​រាប គិត​ស្ទង់​ស្ទាប​តាម​សភាព​នៃ​កិច្ចការ ។  ភាសិត​នេះ​អ្នក​ប្រាជ្ញ​ចេះ​ពិនិត្យ​រក រាវ​យក​មក​ពី​គម្ពីរ​ជា​ធម៌​អាថ៌ ដែល​សម្ដេច​ព្រះ​មុនិន្ទ​លោកាចារ្យ ទ្រង់​មេត្តា​ត្រាស់​ទេសនា​ដូច​តទៅ ៖

ពុទ្ធភាសិត
(អប្បមាទោ អមតំ បទំ)
(ការ​មិន​ធ្វេស​ប្រហែស​ស្មារតី ជា​ផ្លូវ​នៃ​ការ​មិន​ស្លាប់)
ពាក្យ ៧

(១)  ពាក្យ​ថា​មិន​ធ្វេស​ភ្លេច​ស្មារតី  ប្រែ​ពី​បាលី​អប្បវាទ  គឺ​មាន​សតិ​មិន​រវាត  មិន​ឃ្លាត​ពី​ខ្លួន​ដោយ​ការ​ភ្លេច ។  មិន​ឃ្លាត​ដោយ​ការ​ប្រហែស​ធ្លោយ  គឺ​មិន​បណ្ដោយ​ឲ្យ​ចិត្ត​ត្រាច់  រក​ក្ដី​សម្រើប​ស្រើប​ដល់​ភ្លេច  ខក​ខាន​សម្រេច​កិច្ច​ទាំងឡាយ ។  ពាក្យ​ថា​ស្មារតី​គឺ​សតិ  មាន​ក្នុង​អភិធម៌​ជ្រៅ​ឆ្ងាយ  ឥឡូវ​ខ្ញុំ​លើក​មក​ប្រែ​ស្រាយ  អធិប្បាយ​ពន្យល់​តាម​ការ​ចេះ ។  សតិ​និង​សម្បជញ្ញៈ  មនសិការៈ​ទាំង​បី​នេះ  មាន​ន័យ​តែ​មួយ​យ៉ាង​ដូច្នេះ  អ្នក​ចេះ​បារាំង​ថា​កុងស្យង់ [១]

(៥)  បើ​ពោល​តាម​ន័យ​បាលី​ចែង  អ្នក​ប្រាជ្ញ​បាន​បែង​ជា​បី​ខ្ទង់  បន្ត​បន្ទាប់​គ្នា​ក្នុង​វង្ស  គ្រាន់​តែ​ទម្រង់​លើសៗគ្នា ។  ស្មារតី​ទន់​ខ្ចី​ហៅ​សតិ  សតិ​រឹង​ហៅ​សម្បជញ្ញា  មនសិការ​គឺ​សតិ​ក្លា  ភ្លឺ​ថ្លា​ប្រាកដ​ក្នុង​ចិត្ត​ជាប់ ។  សតិ​ប្រែ​ថា​ការ​រឭក  ឬ​ភ្ញាក់​ឬ​នឹក​ឃើញ​ឆាប់ៗ  នូវ​ស្នាម​តម្រាយ​តម្រុយ​ស្រាប់  សម្បជញ្ញៈ​ចាប់​អារម្មណ៍​ជាប់ ។  យក​មក​ត្រិះរិះ​ដោយ​ប្រាជ្ញា  មនសិការា​ដឹង​ខុស​គាប់  ស្ទៃ​ចោល​កំហុស​កាន់​ត្រូវ​ជាប់  នឹក​ឃើញ​ញឹកញាប់​ហៅ​មិន​ធ្វេស ។  ការ​មិន​ប្រហែស​ធ្វេស​ស្មារតី  ជិនស្រី​សម្ដែង​ថា​វិសេស  ជា​ផ្លូវ​ឧបាយ​ឯកទេស  និរនេស​ចេញ​ផុត​ពី​ក្ដី​ស្លាប់ ។

(១០)  រី​កិច្ចការ​ដែល​ប្រុស​ស្រី  ត្រូវ​តាំង​ស្មារតី​នឹង​ឲ្យ​ជាប់  ឲ្យ​ជា​ចំណាំ​ហើយ​ប្រញាប់  ធ្វើ​ឲ្យ​ឆាប់ៗនោះ​មាន​ពីរ [២] ។ ១- គឺ​កិច្ចការ​ផ្លូវ​លោកិយ  ដែល​ជន​ប្រុស​ស្រី​ត្រូវ​សម្ភី  ធ្វើ​ឲ្យ​បាន​មួយ​កើត​ជា​ពីរ  សម្ភី​ឲ្យ​ខាង​តែ​ចម្រើន ។  ធ្វើ​តូច​ឲ្យ​បាន​ទៅ​ជា​ធំ  ថោក​ឲ្យ​ឧត្ដម​តិច​ឲ្យ​ច្រើន  ទុក្ខ​ឲ្យ​បាន​សុខសាន្ត​ចម្រើន  ច្រើន​ហើយ​រឹត​ច្រើន​ជា​ភិយ្យោ ។  ២- គឺ​កិច្ចការ​ផ្លូវ​បរលោក  មាន​ច្រើន​គគោក​ដូច​ទឹក​ជោ  ដែល​ជន​ខ្លះ​ខ្លៅ​ជាតិ​ពាលោ  មោហោ​បាំង​បិទ​គិត​មិន​យល់ ។  ផ្លូវ​ទី២នេះ​គេ​ត្រូវ​តាំង  ស្មារតី​សម្រាំង​ជា​វិមល  កប​ដោយ​ប្រាជ្ញា​ទើប​បាន​យល់  យល់​ហើយ​គាស់​គល់​នៃ​អវិជ្ជា ។

(១៥)  កាប់​ឆ្ការ​​បណ្ដេញ​គឺ​លោភោ  ទោសោ​មោហោ​និង​តណ្ហា  ធ្វើ​ឲ្យ​រេចរឹល​ហឹរ​ក្រិនក្រា  មាត្រា​នេះ​ទុក​ពុំ​អធិប្បាយ ។  គឺ​ថា​ខ្ញុំ​សូម​បញ្ឈប់​ស្លេះ  ទុក​មាត្រា​នេះ​ពុំ​បរិយាយ  ទាញ​ផ្លូវ​ទី១មក​អធិប្បាយ  ដូច​បាន​ត្រួសត្រាយ​បន្តិច​ហើយ ។  រី​ផ្លូវ​ទី១នា​លោកិយ  ដែល​ជន​ប្រុស​ស្រី​ពុំ​កន្តើយ  គេ​តាំង​ស្មារតី​ពុំ​ធ្វេស​ឡើយ  នឹក​ហើយ​នឹក​ទៀត​នឹក​ញឹកៗ ។  នឹក​ដឹង​ខ្លួន​គេ​ឋានៈ​អ្វី  ជា​រាស្ត្រ​មន្ត្រី​ជា​ស្ដេច​សឹក  គេ​ដឹង​ខ្លួន​គេ​រាល់​យប់​ព្រឹក  គេ​នឹក​ហើយ​នឹក​ច្រាស​ទៅ​ក្រោយ ។  គឺ​នឹក​ប្រវត្តិ​នៃ​ខ្លួន​គេ  ប្រវត្តិ​នៃ​មេបា​ដែល​ធ្លោយ  ដែល​ថ្លោះ​ខូច​ការ​ព្រោះ​ទម្លោយ  គេ​មិន​ឲ្យ​ធ្លោយ​ដូច​មុន​ទៀត ។

(២០)  គេ​នឹក​ឃើញ​ហេតុ​ក្ដី​ចម្រើន  គេ​ខំ​ក្រវើន​ក្រតើន​ឆ្លៀត  នឹង​ហើយ​នឹក​ធ្វើ​ៗ​​នឹក​ទៀត  ខំ​ឆ្លៀត​ទាល់​តែ​បាន​ចម្រើន ។  កិរិយា​គេ​នេះ​ហៅ​ថា​ប្រុង  ប្រយត្ន​បម្រុង​ប្រុង​ទុក​ច្រើន  មិន​ធ្វេស​ប្រហែស​ចេះ​ក្រវើន  ក្រតើន​ទាល់​តែ​រស់​ជីវ៉ា ។  ជីវិត​នៃ​ខ្លួន​ក៏​បាន​រស់  ជីវិត​សក្តិ​យស​ពុំ​មរណា  ជីវិត​ឥទ្ធិពល​ក៏​ខ្លាំងក្លា  ជន​ជាតិ​ណាៗក៏​កោត​ខ្លាច ។  ជីវិត​ផែនដី​ក្រោម​អំណាច  សត្រូវ​ពុំ​អាច​បៀតបៀន​បាន  ជន​ណា​មាន​សម្បជញ្ញៈ  មនសិការៈ​នៅ​ក្នុង​ប្រាណ  ព្រោះ​មាន​សតិ​ជា​ប្រធាន  ជន​នោះ​តែង​បាន​ការ​សម្រេច ។  អ្វីៗដែល​បាន​សម្រេច​ហើយ  ពុំ​វិនាស​ឡើយ​ទុក​ជា​ស្រេច  កុំ​ឲ្យ​តែ​ធ្វេស​ប្រហែស​ភ្លេច  ការ​ស្រេច​ប្រាកដ​ជា​គង់​នៅ ។

(២៥)  ជន​នោះ​តែង​រួច​ពី​គ្រោះ​កាច  រួច​ពី​អំណាច​ពាល​ឃោរឃៅ  អាយុ​យឺនយូរ​អង្វែង​នៅ  អស់​ជន្មជីព​ទៅ​ទុក​ជា​រស់ ។  ដូច​រឿង​និទាន​មាន​មក​ស្រាប់  ខ្ញុំ​សូម​សាសព្ទ​សព្វ​ទាំងអស់  ជូន​ជន​ប្រុស​ស្រី​ជា​សប្បុរស  អ្នក​ប្រយត្ន​រស់​ដូច​តទៅ ។

រឿ​ងពោធិសត្វ​កើត​ជា​ស្វា
(វានរិន្ទជាតក ក្នុង​ឯកនិបាត)
បទ​បន្ទោកាក

(១)  គ្រា​កាល​កន្លង  ភព​ភាន់​​រំលង​ហើយ​ណា  កាល​នោះ​មាន​ស្វា  ក្នុង​ព្រៃ​ព្រឹក្សា​ស្រោង​ស្រឹង ។  នា​ភ្នំ​ហេមវា  អម​មេ​គង្គា​ក្បាល​ស្ទឹង  ជ្រោះ​ជ្រៅ​ធំ​ល្វឹង  បែក​បត់​ជា​ស្ទឹង​ជា​កោះ ។  ជា​ជួរ​ចំហុង  ទឹក​ធ្លាក់​ឆុងៗតាម​ជ្រោះ  ច្រោះ​ដី​ក្បែរ​កោះ  ដល់​បាត​ស្ទឹង​នោះ​សុទ្ធ​ថ្ម ។  សិលា​ធំៗ  ដូច​គេ​សន្សំ​មក​គរ  រៀប​ជា​គំនរ  តាម​ពោះ​ជ្រោះ​ស្ទឹង​នោះ​ណា ។  ព្រះ​ពោធិសត្វ  បាន​ជា​មហា​ក្សត្រ​នៃ​ស្វា  ពួក​ពានរា  សន្មត​នាម​ថា​ពានរិន្ទ ។

(៥)  គឺ​ជា​ស្វា​ត្រោស  ធាត់​ធំ​យ៉ាង​ថ្លោស​ធ្លាប់​ប៉ិន  ប្រសប់​សង្កិន  សង្កត់​បច្ចាមិត្រ​ផង ។  កប​ដោយ​ប្រាជ្ញា  វាងវៃ​ថ្លៃថ្លា​កន្លង  ស្មារតី​ចាំចង  ចំណាំ​ចាំ​បាន​ជុំ​ខ្លួន ។  ដឹង​ទេស​ដឹង​កាល[៣]  ចាត់​ការ​អភិបាល​ថែ​ថួន  នូវ​បរិស័ទ​ខ្លួន  ពុំ​ឲ្យ​ដល់​ក្ដី​អន្តរាយ ។  ពានរា​ពានរី  ទាំង​ឈ្មោល​ទាំង​ញី​សប្បាយ  កើត​កូន​រពាយ  ច្រើន​ដូច​គេ​រាយ​ពេញ​ព្រៃ ។  ព្រោះ​តែ​តបះ  អំណាច​តេជះ​ក្រាស់​ក្រៃ  នៃ​ការ​វាងវៃ  របស់​ស្វា​ព្រៃ​ជា​ធំ ។

(១០)  លុះ​បាន​ចម្រើន  គ្នា​កាន់​តែ​ច្រើន​ពេញ​ភ្នំ  ស្វា​ដ៏​ជា​ធំ  គិត​ស្វែង​កន្លែង​ផ្សេង​ទៀត ។  ដើម្បី​បំបែក  គ្នា​ខ្លះ​ដោយ​ឡែក​រក​ស្នៀត  កុំ​ឲ្យ​ចង្អៀត  ទើប​ឆ្លៀត​អំពៀរ​មើល​កោះ ។  ក្រឡឹង​ក្រវែល  បម្រុង​នឹង​ហែល​បណ្ដោះ  គ្នា​ខ្លះ​ទៅ​កោះ  ហែល​ពុំ​រួច​សោះ​ទឹក​ជ្រៅ ។  មាន​តែ​មួយ​ច្រក  ស្ទឹង​រួម​តូច​មក​ល្មម​ទៅ  ប៉ុន្តែ​ទឹក​ជ្រៅ  ចម្លង​គ្នា​ទៅ​ពុំ​បាន ។  ទើប​លោ​លោត​ល  មួយ​ផ្លោត​ជាន់​ថ្ម​ថ្កល់ថ្កាន  មួយ​ផ្លោត​ទៀត​បាន  ដល់​ត្រើយ​ខាង​កោះ​ម្នាក់​ឯង ។

(១៥)  ពានរិន្ទ​ពិន​នរា  បាន​ចរ​លីលា​ត្រាច់​ស្វែង  ពិនិត្យ​កន្លែង  ទៅ​តែ​ម្នាក់​ឯង​ជុំ​កោះ ។  ឃើញ​ព្រឹក្សា​សាន្ត  ច្រើន​ហួស​ប្រមាណ​ឥត​ខ្ចោះ  ក្រឡាញ់​ក្រកោះ  មាក់ប្រេង​មាក់ប្រាង​មាក់បែន ។  ភោជ្ជផល​ទាំងឡាយ  ច្រើន​មា​ល្បាយ​សល់​សែន  គួរ​សប្បាយ​មែន  តែ​ទាស់​នឹង​គ្មាន​ស្ពាន​ឆ្លង ។  ទន់​ទាប​សុរិយា  ទើប​ពានរា​វិល​ផ្គង  តែង​លោត​រំលង  ឆ្លង​ស្ទឹង​កន្លែង​ដដែល ។  ទៅ​មក​រាល់​ថ្ងៃ  ចួន​កាល​ស្វា​ព្រៃ​ចុះ​ហែល  ត្រង់​ទី​ដដែល  ទាល់​តែ​ថ្នឹក​ស្ទាត់​ឥត​ខ្លាច ។

(២០)  កាល​នោះ​មែន​មាន  ក្រពើ​ពីរ​ប្រាណ​អង់អាច  ចង់​ប្រើ​អំណាច  ចាប់​ស្វា​យក​ថ្លើម​ភោក្ដា ។  ក្រពើ​ឈ្មោល​ប្ដី  ប្រាប់​ក្រពើ​ញី​ភរិយា  ថា​បង​ធានា  យក​ថ្លើម​ពានរា​ឲ្យ​បាន ។  ទើប​ទៅ​ក្រាប​ទ្រោប  សន្ធឹង​ស្រប៉ោប​ទ្រោប​ប្រាណ  ក្នុង​ជលសា​សាន្ត  លើ​ខ្នង​ថ្ម​ធំ​ក្នុង​ស្ទឹង ។  ដែល​ព្រះ​ពង្ស​ពោធិ  តែង​តែ​លោ​លោត​យ៉ាង​ប្រឹង  ជាន់​លើ​ថ្ម​ហ្នឹង  ក្រពើ​សន្ធឹង​ចាំ​គោះ ។  ពានរិន្ទ​វិល​ដល់  ក្រឡេក​ទៅ​យល់​ថ្ម​នោះ  ពើង​ខ្ពស់​ដូច្នោះ  ក៏​កើត​ពិភាល់​ក្នុង​ចិត្ត ។

(២៥)  ថា​ដុំ​ថ្ម​នេះ  ម្ដេច​ក៏​វា​ចេះ​វិបរិត  ប្លែក​ពី​ដើម​ពិត  ទើប​សាកសួរ​ឆ្ពោះ​ទៅ​ថា ។  ថ្ម​អើយ​បង​ថ្ម  បង​ឯង​ចិត្ត​ល្អ​ណាស់​ណា៎  ចង់​យក​អាសា  ឲ្យ​ខ្ញុំ​ឆ្លង​ស្ទឹង​បាន​ស្រួល ។  មែន​ឬ​បង​ថ្ម  ខ្នង​បង​ឯង​ល្អ​ទំនួល  ទំនង​ឆ្លង​ស្រួល  ខ្ញុំ​អរគុណ​ណាស់​ណា៎​បង ។  ក្រពើ​ឮ​ហើយ  តែ​ពុំ​មាន​ឆ្លើយ​ឆ្លាស់​ឆ្លង  ស្វា​សួរ​ថែម​ម្ដង  ទៀត​ថា​នែ​អ្នក​បង​ថ្ម ។  ថ្ងៃ​នេះ​ម្ដេច​ឆ្មើង  ម្ដេច​ស្អប់​គ្នា​យើង​មិត្រ​ល្អ  កម្សត់​កម្រ  នឹង​គ្នា​យូរយារ​ណាស់​ហើយ ។

(៣០)  ក្រពើ​គិត​ថា  ថ្ម​ហើយ​និង​ស្វា​ធ្លាប់​ឆ្លើយ  ឆ្លង​គ្នា​យូរ​ហើយ  ទើប​ឆ្លើយ​ថា​អើ​អា​ស្វា ។  អញ​ចេះ​សំឡេះ  ជីវិត​ឯង​នេះ​ហើយ​ណា៎  លោត​មក​អា​ស្វា  រារង់​ដល់​ណា​អា​ភ្លើ ។  ស្វា​នឹក​ឃើញ​ថា[៤]  ទំនៀម​ធម្មតា​ក្រពើ  តែ​ក្បាល​ងើប​លើ  មាត់​ហា​នេត្រា​តែង​ធ្មេច ។  ស្វា​ចាក់​បណ្ដោយ  ដើម្បី​ឲ្យ​ធ្លោយ​ឲ្យ​ភ្លេច  ឲ្យ​ធ្មេច​ភ្នែក​ស្រេច  ន្អាលនឹង​លោត​ជាន់​ចំ​ក្បាល ។  ថា​ហៃ​អ្នក​បង  ខ្ញុំ​អរ​កន្លង​ត្រកាល  សូម​បង​កុំ​អាល  បង្ខំ​ចាំ​ខ្ញុំ​ពណ៌នា ។

(៣៥)  រីឯ​ខ្ញុំ​បាទ  តាំង​ពី​ចាប់​ជាតិ​កើត​ជា  ស្វា​នេះ​កាល​ណា  ប្រាថ្នា​ចង់​តែ​ឲ្យ​ទាន ។  បើ​មាន​គេ​សុំ  អ្វីៗដែល​ខ្ញុំ​ធ្លាប់​មាន  ខ្ញុំ​តែង​ឲ្យ​ទាន  មិន​ឲ្យ​បង់​សម្ដី​សុំ ។  ឥឡូវ​អ្នក​បង  ចង់​ចំ​ទំនង​ដែល​ខ្ញុំ  ទន្ទឹង​អ្នក​សុំ  ន្អាល​នឹង​ឲ្យ​ឥត​រា ។  ហេតុ​នេះ​សូម​បង  ប្រុងប្រៀប​ខ្លួន​ផង​បង​ណា  មាត់​បង​ត្រូវ​ហា  ងើប​ក្បាល​ឲ្យ​ផុត​ពី​ទឹក ។  ខ្ញុំ​លោត​ឲ្យ​ចំ  មាត់​បង​ហា​ធំ​សន្ធឹក  កុំ​ឲ្យ​ធ្លាក់​ទឹក  ក្រែង​បង​លំបាក​រាវ​រក ។

(៤០)  ក្រពើ​ឆ្លើយ​ថា  នែ​វ៉ឺយ​អា​ស្វា​លោត​មក  អញ​ហា​ត្រង​យក  អា​ឯង​ដោយ​មាត់​តែ​ម្ដង ។  ហើយ​ហា​ចង្គ្រាង  ងើប​ក្បាល[៥] ច្រងាង​ពើង​ខ្នង  ពានរិន្ទ​លោត​គ្រាំ  ជើង​ពីរ​ជាន់​ចំ​ភ្នែក​ហ្នឹង ។  ដៃ​ពីរ​ខំ​ប្រឹង  ចាក់​ក្រឡេក​វា​ឲ្យ​ភ័យ ។  ហើយ​លោត​ទៅ​ទៀត  ដល់​ជ្រោង​ហើយ​ឆ្លៀត​ប្រស្រ័យ  ថា​បង​កុំ​ភ័យ  ប្អូន​ប្រឡែង​លេង​ទេ​តើ ។  ក្រពើ​ទីមទាម  ថា​បើ​នឹង​តាម​ទៅ​លើ  មុខ​ជា​ស្វា​ធ្វើ  ឲ្យ​ភ័យ​ជាង​នេះ​ទៅ​ទៀត ។

(៤៥)  ទើប​វា​តុះតុញ  ត្រូវ​ស្វា​សង្ខុញ​ឲ្យ​ឆ្លៀត  ឆ្លើយ​ឆ្លង​ទៅ​ទៀត  ក្រពើ​ខំ​ឆ្លៀត​សរសើរ ។

(សម្ដី​ក្រពើ​សរសើរ​ថា)

យស្សេតេ ចតុរោ ធម្មា  វានរិន្ទ យថា តវ  សច្ចំ ធម្មោ ធីតិ ចាគោ  ទិដ្ឋំ សោ អតិវត្តតិ ។  បពិត្រ​ពានរិន្ទ  អ្នក​ឯង​នេះ​ប៉ិន​ណាស់​តើ  ព្រោះ​អ្នក​បាន​ធ្វើ​  តាម​គន្លង​ធម៌ ៤ យ៉ាង ។  ១- គឺ​សច្ចៈ  អ្នក​ពោល​វាទៈ​សំអាង  សម្អាត​អស់​យ៉ាង  ថា​ដូចម្ដេច​ធ្វើ​ដូច្នោះ ។  ២- គឺ​ធម្មៈ  ច្បាប់​ដ៏​វរៈ​ឥត​ខ្ចោះ  ការ​កាន់​ច្បាប់​នោះ  ឥត​លោះ​មាត្រា​មួយ​ឡើយ ។

(៥០)  ៣- គឺ​ធីតិ [៦]  បញ្ញា​អធិ​ជា​ត្រើយ  នៃ​អ្នក​ប្រាជ្ញ​ហើយ  ឥត​ធម៌​អ្វី​ឡើយ​ប្រៀប​បាន ។  ៤- គឺ​ចាគៈ  ចេតនា​វរៈ​អាច​ហាន  លះបង់​ខ្លួន​ប្រាណ  បំពាន​ពុះពារ​ឧបសគ្គ ។  ធម៌ ៤ មាតិកា  នេះ​បើ​ជន​ណា​ដូច​អ្នក  កាន់​ឲ្យ​ជៀង​ជាក់  ជន​នោះ​ឥត​គេ​ជាន់​បាន ។  រឿង​នេះ​ខ្ញុំ​ថ្លែង  សម្ដែង​ត​តាម​និទាន    ជាតក​ដែល​មាន  ក្នុង​ព្រះ​គម្ពីរ​ស្រេច​ស្រាប់ ។  ជា​ឧទាហរណ៍  នៃ​ធម៌​បវរ​ចំណាប់  គឺ​ស្មារតី​ខ្ជាប់  ដែល​រាប់​ថា​ប្រុង​ប្រយត្ន ។

(៥៥)  ផ្ទុយ​នឹង​ការ​ធ្វេស  គឺ​ការ​ប្រហែស​បាន​បាត់  ស្មារតី​ប្រយត្ន  ផ្ទុយ​ពី​ការ​បាត់​បាន​គង់ ។  រឿង​នេះ​ចែង​ចប់  សេចក្ដី​សព្វ​គ្រប់​ចប់​ត្រង់  ការ​ប្រយត្ន​គង់  បរិបូណ៌​ប៉ុណ្ណេះ​ឯង​ហោង ៕

ដំបូន្មាន​ដល់​យុវជន

អ្នក​នាង​ប្រុស​ស្រី  ត្រូវ​ហាត់​ស្មារតី  ឃ្មាតខ្មី​ប្រយត្ន  តែ​ភ្លេច​ស្មារតី  ហៅ​ប្រហែស​បាត់  ស្មារតី​ប្រយត្ន  ផ្ទុយ​បាត់​បាន​គង់ ។   ត្រូវ​ដឹង​ប្រវត្តិ  អវតារ​ប្រាកដ  អម្បូរ​ពូជពង្ស  ជនជាតិ​នានា  គ្រា​បាន​គ្រា​បង់  យើង​ច្បិច​យក​ត្រង់  គ្រា​បាន​មក​ត្រាប់ ។  គ្រា​បាន​យើង​បោះ  ចោល​ឲ្យ​រលស់  កុំ​យក​តម្រាប់  ស្មារតី​នឹក​ឃើញ  ការ​បាន​បង់​ឆាប់  នេះ​ហើយ​ជា​ច្បាប់  នៃ​ការ​ប្រយត្ន ។  អ្នក​មិន​ប្រហែស  មិន​ធ្វើ​ក្រអែស  តែង​ខ្មី​ឃ្មាត​ចាត់  ការ​តាម​ដែល​ចេះ  យ៉ាង​នេះ​មធ្យ័ត  ពិត​ជា​មិន​បាត់  ហៅ​ប្រយត្ន​គង់ ។  អ្នក​ចេះ​ប្រយត្ន  ទោះបី​ស្លាប់​បាត់  ពី​ក្នុង​ពូជពង្ស  កេរ្តិ៍​ឈ្មោះ​រស់​នៅ  ប្រសើរ​យូរលង់  ហេតុ​នេះ​គួរ​ផ្ចង់  ស្មារតី​គ្រប់​គ្រា ។  រី​អប្បមាទ  នេះ​ពិត​ជា​ខ្នាត  ជា​ផ្លូវ​មាគ៌ា  នៃ​ការ​មិន​ស្លាប់  មិន​បង់​ជន្មា  រស់​នៅ​យូរ​គ្រា  ទោះ​ស្លាប់​ទៅ​ហើយ ។

ចប់ ប្រហែស​បាត់ ប្រយត្ន​គង់ តែ​ប៉ុណ្ណេះ ។

  • [១]LA CONSCIENCE ។
  • [២]មិន​ប្រហែស​ក្នុង​កិច្ចការ​នា​លោកិយ (ការងារ​ផ្លូវ​លោក) ដែល​ត្រូវ​ធ្វើ​ឲ្យ​ចម្រើន​ពី​តិច​ទៅ​ច្រើន​ ១, មិន​ប្រហែល​ក្នុង​កិច្ចការ​ផ្លូវ​បរលោក (ការងារ​ផ្លូវ​ធម៌) ដែល​ត្រូវ​ធ្វើ​ឲ្យ​កិលេស​និង​តណ្ហា​វឹលរេច​ពី​ច្រើន​ទៅ​តិច ពី​តិច​ទៅ​ជា​អស់​រលីង ១, រួម​សេចក្ដី​ថា ការងារ​ទាំង​ផ្លូវ​លោក – ផ្លូវ​ធម៌ សុទ្ធ​តែ​គេ​ត្រូវ​ធ្វើ​ដោយ​ការ​តាំង​ស្មារតី​ខ្ជាប់ មិន​មាន​ការ​ធ្វេស​ប្រហែស​ទើប​សម្រេច ។
  • [៣]ពាក្យ​នេះ សព្វ​ថ្ងៃ​ប្រើ​ជា​កាលៈទេសៈ ។ បុរាណ​ខ្មែរ​ពី​ដើម​ថា​ទេសកាល ។ ទាំង​សៀម​ក៏​ថា​ទេសកាល​ដែរ ប៉ុន្តែ​សៀម​មិន​ចង់​ឲ្យ​ដូច​ខ្មែរ សៀម​កែ​ថា កាលៈទេសៈ ។ ឥឡូវ​ខ្មែរ​កែ​តាម​សៀម​ដែរ គួរ​ឲ្យ​ខ្មាស​សៀម​ណាស់ ។
  • [៤]ការ​នឹក​ឃើញ​របស់​ស្វា​នេះ ហៅ​ថា​សតិ ដែល​ជា​គួរ​នៃ​ការ​ប្រយត្ន ។
  • [៥]ការ​ងើប​ក្បាល​ឡើង​នៃ​ក្រពើ​ដោយ​មិន​ដឹង​សូម្បី​ត្រឹម​តែ​ប្រវត្តិ​ខ្លួន​ឯង​យ៉ាង​នេះ ហៅ​ថា ការ​ខ្វះ​សតិ ឬ​ភ្លេច​ស្មារតី ដែល​រាប់​បញ្ចូល​ក្នុង​ការ​ប្រហែស ។
  • [៦]ធិតិ​នេះ ប្រែ​ថា ប្រាជ្ញា ឬ​ស្មារតី​រឹងប៉ឹង ឬ​ការ​នឹក​ឃើញ​យ៉ាង​រហ័ស ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៦

បញ្ចេញយោបល់ ៖