ការ​វិនាស​នៃ​ភព​ផែនដី និងការកកើត​ជា​ថ្មី​សាឡើង​វិញ

លោក ញូង-សឿង និពន្ធ
បានទទួល  រង្វាន់លើកទឹកចិត្ត  ផ្នែកកវីនិពន្ធ
ក្នុងការប្រឡងអក្សរសាស្ត្រ  របស់សមាគមអ្នកនិពន្ធខ្មែរ នៅឆ្នាំ១៩៦០
សេចក្ដីផ្ដើម
ពាក្យ ៧

(១) ខ្ញុំសូមលើកហត្ថថ្វាត់ប្រណម្យ  ឆ្ពោះព្រះបរមចមភពត្រៃ  ទ្រង់សាងសម្ភារបួនអសង្ខេយ្យ  កម្រៃសល់សែនកេណ្ឌកល្យា ។  ដើម្បីលើកស្ទួយជួយយោងសត្វ  ដែលកើតវិបត្តិកាត់ខ្លាំងក្លា  ឲ្យបានដល់ត្រើយកើយព្រះមហា  និព្វានសុខាថ្លាឯកន្ត[១] ។  បង្គំព្រះធម៌បវរសុទ្ធ  វិសេសបំផុតដុតមោហន្ធ  អវិជ្ជាកិលេសនិងកងត-  ណ្ហាដែលពទ្ធព័ន្ធសត្វលោក ។  ឲ្យខ្សោយសាបសូន្យអូនអាប់អស់  រលាយរលស់រលីងគោក  ទុកដូចប្រទីបទ្វីបត្រៃលោក  ដែលព្រះមានជោគយោគ[២]សម្ដែង ។ 

(៥) បង្គំព្រះសង្ឃអង្គសាវ័ក  សីលសេយ្យនគ្ឃ[៣] ឥតថ្លឹងថ្លែង  ឱរសគោតខំស្វះស្វែង  ប្រិតប្រៀនប្រឹងប្រែងតែងស្មិងស្មាធិ៍ ។  រៀនសូត្រធម៌អាថ៌អត្ថបាលី  បរលោកលោកិយតាមឱវាទ  ទុកជាស្រែបុណ្យមានគុណស្អាត  នៃអ្នកសង្វាតជឿកម្មផល ។  ដោយគុណតេជៈព្រះត្រ័យរត្ន  សូមឃាត់ឧបទ្រពមេរំបល់  ទុក្ខសោករោគភ័យក្ដីកង្វល់  សូមលាញឥតសល់កុំបីខាន ។  សូមឲ្យភ្នក់ភ្លើងជើងសង្គ្រាម  ពួកមេឧទ្ទាមអម្បាលម៉ាន  រលត់រលាយពាយសព្វឋាន  សាកលលោកបានស្រីសួស្ដី !  តទៅសូមថ្លែងចែងបរិយាយ  ដោះស្រាយជាបែបសង្ខេបខ្លី  ពីការរលាយភពផែនដី  ហើយកើតជាថ្មីសាឡើងទៀត ។ 

(១០) និងដើមកំណើតកកើតមនុស្ស  ជាភេទស្រីប្រុសពេញចង្អៀត  សមុទ្រតូចធំភ្នំប្របៀត  ស្កឹមស្កៃស៊កសៀតជ្រៀតដីដែន ។  ឈើព្រៃព្រឹក្សាលតាវល្លិ  ទាបខ្ពស់គ្រប់ពណ៌ពាសពេញណែន  ទាំងគ្រប់ធម្មជាតិធាតុរាប់សែន  ចម្រើនកើនកេណ្ឌដល់សព្វថ្ងៃ ។  ថ្លែងតាមបាលីអដ្ឋកថា[៤]  ខាងពុទ្ធសាសនាដ៏ថ្លាថ្លៃ  ដែលព្រះសព៌េជស្ដេចចមត្រៃ  ទ្រង់ត្រាស់កែខៃសម្ដែងមក ។  ហើយដែលសាវ័កថ្នាក់អរហន្ត  ជាន់ក្រោយគិតគន់គ្នេរលៃលក  ពិនិត្យស្រាវជ្រាវរាវរិះរក  បន្ថែមយោលយកមកពន្យល់ ។  រឿងនេះប្រសិនបើមានល្អៀង  លើសខ្វះមិនទៀងតាមឫសគល់  បណ្ឌិតអង់អាចប្រាជ្ញនិម្មល  សូមយល់ថាមកពីចុងចួន ។ 

(១៥) ព្រោះពាក្យកាព្យឃ្លោងយោងទំនុក  ដាក់ខ្យល់ក្រោយមុខទុកប្រថួន  ប្រថុយយកត្រូវតម្រូវក្បួន[៥]  ឰយ៉ា ! កប់ចួនពិបាកលៃ ។  ម្ល៉ោះហើយតោងស៊ែមថែមឃ្លាល្បះ  យោបល់ខ្លួនខ្លះរះបំភ្លៃ  បំផ្លើសបំភ្លាត់វាត់កែន័យ  រវៃសម្រួលឲ្យស្រួលស្ដាប់ ។  មួយទៀតជើងកាព្យបើតក់ឆ្គង  មិនត្រូវទំនងសូរសព្ទ  ដោយខ្យល់ឆក់យារឃ្លាចួនចាប់  ខុសច្បាប់ពាក្យកាព្យកំណាព្យខ្មែរ ។  នុ៎ះសូមបណ្ឌិតពិតកវី  ទាំងជាន់ចាស់ថ្មីស្ទាត់កាព្យដែរ  សូមជួយរិះគន់កុំត្អូញត្អែរ  តម្រង់បំបែរកែឲ្យទាន ។  ប៉ុន្តែរឿងនេះទោះយ៉ាងណា  ខ្ញុំនឹកស្មានថាគង់នឹងមាន  សារៈប្រយោជន៍ខ្លះពុំខាន  ដល់លោកអ្នកអានបានពិនិត្យ ។ 

(២០) ដែលមានប្រាជ្ញាថ្លាវៃឆ្លាត  ចូលចិត្តសង្វាតរកការណ៍​ពិត  គ្រប់បានជាគោលយោបល់គំនិត  គៃគិតប្រៀបធៀបក្នុងលោកិយ ។

ការរលាយនៃពិភពលោក

ផ្ដើមរឿងសត្រូវបំផ្លាញលោក  តាមបទប្រយោគក្នុងបាលី  អ្នកប្រាជ្ញបុរាណនិទានស្ដី  ថាមែនមានបីពិតដូច្នេះ ។  ទីមួយគឺទឹកសន្ធឹកលិច  ពីរភ្លើងបំផ្លិចបំផ្លាញឆេះ  បីខ្យល់កំហល់បក់ប្រឡេះ  ប្រល័យជាផេះគ្មានសេសសល់ ។  តែមានកប្បខ្លះឆេះដោយភ្លើង  កប្បខ្លះរលើងទៅដោយខ្យល់  កប្បខ្លះដោយទឹកពន្លឹកខ្វល់  មិនមែនច្របល់ប្រួតទាំងបី ។  កប្បណាសព្វសត្វជាប់ចិត្តឈ្លក់  ញៀនញ៉ាមជោកជក់វក់ប្រុសស្រី  កាមរាគក្លាខ្លាំងបាំងស្មារតី  កប្បនោះគប្បីឆេះដោយភ្លើង ។ 

(២៥) កប្បណាទោសោដុះដាលខ្លាំង  កាប់ចាក់ប្រឆាំងតាំងពើតពើង  ស្ដាប់គ្នាលែងបានទាំងគេយើង  កប្បនោះរលើងដោយទឹកពិត[៦] ។  កប្បណាមោហោសោសែនសល់  វង្វេងងងល់វល់ចរិត  កប្បនោះអ្នកប្រាជ្ញបានពិនិត្យ  ថាសូន្យដោយឫទ្ធិនៃខ្យល់ខ្លាំង ។  តែក្នុងទីនេះទឹកនិងខ្យល់  ដែលនាំកង្វល់ផលខ្មៅខ្មាំង  ទុកមួយចំណែកចែកខាន់ខាំង  សូមតាំងគិតតែអំពីភ្លើង ។  ឱលោកអ្នកអើយចូរប្រុងស្ដាប់  កាលភ្លើងឆេះកប្បមុនកប្បយើង  ភពលោកទាំងបីត្រូវរលើង  ដោយភ្លើងប្រល័យក្ស័យឥតសល់ ។  លោកថានៅខ្វះមួយសែនឆ្នាំ  នឹងកើតរងកម្មកោលាហល  កាលណោះទេព្ដាផ្អើលរចល់  ខ្វាយខ្វល់សាសព្ទប្រាប់ឲ្យដឹង ។ 

(៣០) ដំបូងសម្ដេចព្រះកោសិយ  ទ្រង់ជ្រាបសេចក្ដីពីរឿងហ្នឹង  ក៏ព្រួយបារម្ភខំជញ្ជឹង  ទើបងាកប្រែប្រឹងប្រកាសហៅ ។  ពួកទេពនិករទាំងអស់គ្នា  ក្នុងឋានសួគ៌ាទាំងក្នុងក្រៅ  ឲ្យមកប្រញាប់ឆាប់គាល់ហ្វៅ  ដើម្បីចមចៅទ្រង់ចាត់ការ ។  គ្រានោះទេវលោក៦ជាន់  ទេព្ដាផ្អើលលាន់ភាន់ខ្ញៀវខ្ញារ  ទទួលស្របតាមព្រះឱង្ការ  ទើបនាំបរិវារថ្កានប្រញាប់ ។  ក្នុងទេវសភាចង្អៀតណែន  ទេព្ដាម៉ឺនសែនមីរតាន់តាប់  អ្នកមានបុណ្យសក្ដិថ្នាក់លំដាប់  ប្រញាប់រួសរាន់ទាន់វេលា ។  ស្រីទេពអប្សរបវរឆើត  ដំណើររពើតស្ទើតមាយា  ញ៉ិកញ៉ក់ញ៉ាំញ៉ើបណ្ដើរគ្នា  ខ្លះខំស្ទុះស្ទារត់ខ្វាត់ខ្វែង ។ 

(៣៥) ខ្លះដើរអើតងើតនៅខាងក្រៅ  ខ្លះលឿនស្លុងស្លៅរកកន្លែង  ខ្លះចូលប្របៀតជ្រៀតគេឯង  ញញឹមចាត់ចែងទទួលភ្ញៀវ ។  ទេវបុត្រជើងខិលរអិលមាត់  សម្ដីភ្លយភ្លាត់ពទ្ធខ្សិបខ្សៀវ  ថានាងនុ៎ះអេះចង្កេះរាវ  ប៉ះសាច់អញស្រៀវញាក់ដល់ថ្លើម ។  មួយថាស្អីនុ៎ះនៅក្រោយអញ  ក្រអូបឈ្ងុយឆ្ងាញ់យ៉ាងសម្បើម  អញស្ទើរស្រយុតផុតដង្ហើម  នេះចំល្អឆ្នើមក្នុងត្រៃត្រិង្ស ។  មួយទៀតឆ្លៀតឆ្លើយយ៉ាងប្រញាប់  អាចោរគេកាប់ស្លាប់មិនដឹង  របស់គេទេមេម្នាក់ហ្នឹង  ប្រយត្នគេប្ដឹងលៀនភ្នែកត្អែរ ។  នុ៎ះន៍ៈឯណោះមានមួយក្រុម  សុទ្ធសឹងក្រមុំនិងសាវកែ  រាងទាបកន្ទ្រែតស្ទែតមាន់ចែ  ភ្នែកដាលតែវ៉ែក្រឡេកសព្វ ។ 

(៤០) មើលចុះនាងនុ៎ះបើបានចួប  និយាយមួយខួបមិនចេះចប់  ប៉ប៉ាច់ប៉ប៉ោចបោចវ៉ៃតប់  មិនងាយស្កល់ស្កប់ពីរឿងនុ៎ង ។  កេះហើយកេះទៀតឆ្លៀតមិនឈប់  ទាំងថ្ងៃទាំងយប់វង្វេងស៊ុង  ប្រគងប្រគាក់ធ្លាក់ធ្លាយមុង  អាធុង[៧] ចង់បានអញគិតឲ្យ ។  ទេៗ ! ខ្លួនអញមិនចូលដៃ  អាចោរចង្រៃកុំដង្ហោយ  បើសិនជានាងនៅខាងក្រោយ  ឯងជួយគិតឲ្យអញអរគុណ ។  យី ! អា ងងើលព្រើលពកថ្ងាស  កុំមាត់ផ្ដេសផ្ដាសឲ្យស៊យស៊ុន  អញបានប្រាប់ហើយតាំងពីមុន  កុំលេងចូលហ៊ុនស្រីញីគេ ។  ប្រយត្នគេខឹងប្ដឹងព្រះឥន្ទ  ព្រះអង្គនឹងកិនមុខដូចភេ  ពិបាកដោះស្រាយមិនងាយទេ  រិះរេមិនរួចកួចកើតហេតុ ។ 

(៤៥) គ្រានោះទេពធីតាកញ្ញាឆើត  ក្រោកឈរចំអើតស្ដីច្រែតៗ  ប្រុសក្បាលកំប្លូចខូចដូចប្រេត  ភ្នែកស្លែតស្លាំងខ្មាំងអប្រិយ ។  ចូលចិត្តចំអកឡកក្អាកក្អាយ  ម៉ិតប្រាយកុបតិនប៉ិនសម្ដី  កេះកៀវគិតកែតែរឿងស្រី  ស្អប់អីសែនស្អប់ប្រុសបែបហ្នឹង ។  ឰយ៉ា ! តិចស្អប់ប្រសប់ចូល  ស្រីស្រស់បណ្ដូលតូចច្រឡឹង  បងឡកលេងទេពាក្យប៉ុណ្ណឹង  កុំអាលខេរខឹងប្រឹងប្រួតស្អប់ ។  ទេវតានិងមនុស្សក្នុងលោកិយ  រឿងប្រុសនិងស្រីមិនចេះចប់  កាប់ចាក់ប្រឆាំងច្បាំងវាយតប់  ព្រោះតែកំណប់មួយហ្នឹងហើយ ។  បើនាងរអើមខ្ពើមមុខបង  នួនល្អងប៉ងអ្វីស្រីត្រាណត្រើយ  ដែលនាងពេញចិត្តកិតកៀកកើយ  ប្រាប់ចុះនាងអើយរាងបែបណា ។ 

(៥០) ខ្ញុំរករូបល្អសគ្រប់លក្ខណ៍  វង់ភក្ត្រផូរផង់ខ្ញង់សង្ហា  សមរម្យ​ទាំងរូបឫកកិរិយា  សោយទាំងវាចាក៏ក្បោះក្បាយ ។  កុំក្បាលកំប្លូចដូចបងឯង  ភូតភរហុយផ្សែងក្លែងថែមក្លាយ  រូបរាងក្ងិតក្ដិតឆ្នាំងបាយ  មុខមុនសុសសាយចង្កាខ្លី ។  រាងរៅមើលទៅធំកន្ទ្រល  ជើងស្ទក់ស្ទោករលដូចដំរី  បែបនេះបើទុកជាខ្វះប្ដី  ស្រស់ស្រីសុំស្បថអត់រហូត ។  អុញនុ៎ះ មែនៗ ! ម៉េចអាធុង  កុំលេងនាងនុ៎ងមិនមែនស្លូត  អញថាត្រង់ហ្នឹងកុំប្រឹងស្រូត  អញទាញចង្កូតអាមិនស្ដាប់ ។  ទាល់តែគេខឹងប្រឹងប្រកាស  ស្ដីឲ្យផ្ដេសផ្ដាសខ្មាសយ៉ឺនយ៉ាប់  ល្អមុខណាស់អីស្រីបង្អាប់  អាចោរគេកាប់តិចធាក់ថែម ។ 

(៥៥) មិនបានទេវ៉ីស្រីតាវត្តិង្ស  នរណាមិនដឹងឃើញមាត់ក្រែម  ញញឹមពព្រាយលាយញញែម  តិចលោចង់ក្លែមមុខជាខក ។  អាឯងទេវតានៅស្រុកក្រៅ  សម្បុរអាប់ខ្មៅសៅសកញ៉ក  ល្ងីល្ងើភ្លឺភ្លើចង់ឡាយឡក  ប្រយត្នស្រីត្បកក្រែងឆកក្បាល ។  ទុកជាគ្រាន់ហើយដៀលប៉ុណ្ណឹង  បើសិនគេប្ដឹងតឹងដាលវ៉ាល  ព្រះឥន្ទកោះហៅទៅកណ្ដាល  ជំនុំផ្ចាញ់ផ្ចាលរឹតធ្ងន់ទៀត ។  អញជើងអ្នកក្រុងឥតភ័យសោះ  ធ្លាប់ស្គាល់កៀនកោះសព្វកន្លៀត  តែមានរឿងធំរត់បោលបៀត  ប្រជ្រៀតគេចបាត់ស្ងាត់ឥឡូវ ។  ចំណែកអាឯងនៅម្ន៉ែងអ៊ាក់  ពភ្លើពភ្លាក់កើតអាស្រូវ  ពីមពើមដូចចោរគេស្ទាក់ផ្លូវ  គង់ត្រូវគេឃាត់ពទ្ធចាប់ព្រឹប ។ 

(៦០) ម្ល៉េះសមល្អមើលមុខអាធុង  ហាមាត់ចង្គ្រុងបុកពោះភឹប  គេចោមចាប់ចងចំណងរឹប  ពួយធ្គាមគឹបៗជ្រុះធ្មេញរាយ ។  ចំអន់លេងទេអាពួកម៉ាក  ព្រោះអញចង់សាកលក្លែងក្លាយ  ពន្លើសពន្លូតភូតបរិយាយ  ឲ្យបានសប្បាយកែអផ្សុក ។  ខ្មោចអាគេដោតបញ្ឆោតអញ  ញ័រហាក់គ្រុនចាញ់ពោះប៉ផ្អុក  ភ័យភិតជិតងាប់ស្រពាប់មុខ  កើតទុក្ខតានតឹងរឹងចំបែង ។  អួតអាងជើងខ្លួននៅស្រុកក្រុង  ស្គាល់ល្បិចក្រៅក្នុងប្រុងស្នៀតខែង  មកភូតភរអញផ្ចាញ់ជាល្បែង  អាឯងតិចធាក់បំបាក់ស្មា ។  រឿងនេះបរិយាយបន្លាយហួស  ដោយខ្ញុំជ្រលួសចុងប៉ាកកា  រវៃន័យខ្លះពីទេព្ដា  ដើរលេងហ៊ឺហានៅត្រៃត្រិង្ស ។ 

(៦៥) សូមលោកអ្នកអានគ្រប់ជាន់ថ្នាក់  ដែលមានចិត្តស្មគ្រមើលរឿងហ្នឹង  កុំអាលមួម៉ៅក្ដៅខេរខឹង  សូមប្រឹងសង្កត់អត់ទោសផង ។  ខ្ញុំសូមបែរមករកដើមដាន  ទេព្ដាគ្រប់ប្រាណឥតផ្សូរផ្សង  នាំគ្នាចួបជុំផ្ដុំអឺងកង  ច្រើនក្រៃកន្លងមីរតាន់តាប់ ។  រង់ចាំទទួលព្រះកោសិយ  ទ្រង់ថ្លែងសេចក្ដីប្រកាសប្រាប់  ដោយមានបញ្ញត្តិចាត់ចេញច្បាប់  ប្រញាប់ធូរតឹងរ៉ឹងយ៉ាងណា ។  គ្រានោះសម្ដេចព្រះទេវរាជ  ទ្រង់ឫទ្ធិអំណាចអាចហានក្លា  មានស្រីអប្សរទេពកញ្ញា  និងពួកទេព្ដាហែអមអង្គ ។  ទ្រង់យាងចូលកាន់ទែនមណ្ឌល  ឆើតឆាយនិម្មលស្រស់បញ្ចង់  ភ្ញៀវក្រោកទទួលជ្រួលរហង់  គោរពដល់អង្គព្រះចេស្ដា ។ 

(៧០) សម្ដេចទេវិន្ទឥន្ទឯកអគ្គ  គង់រួចជៀងជាក់ទើបត្រាស់ថា  ហៃអស់កូនចៅផៅទេព្ដា  ដែលមកត្រៀបត្រាទាំងប៉ុន្មាន ។  យើងហៅមកនេះមានរឿងមួយ  នាំព្រួយស្ទើរប្រេះរលេះប្រាណ  ទោះខំប្រឹងប្រែកែកម្សាន្ត  ម្ដេចក៏ពុំបានធូរស្បើយសោះ ។  ចូរអ្នកទាំងឡាយចាំប្រុងស្ដាប់  យើងនឹងសាសព្ទប្រាប់ឲ្យស្មោះ  គឺរឿងភពលោកទទួលគ្រោះ  សូន្យសោះព្រោះអស់អាយុកប្ប ។  នៅខ្វះមួយសែនឆ្នាំប្រាកដ  កំណត់ភពបីរាសីអាប់  ត្រូវភ្លើងប្រល័យក្ស័យក្រឡាប់  មនុស្សសត្វនឹងស្លាប់ទាំងសាកល ។  តាំងពីមនុស្សលោកយោកទេព្ដា  ក្នុងឆកាមាខ្ទេចឥតសល់  ឆេវឆាបដាបឆេះប្រឡេះដល់  ព្រហ្មលោកមណ្ឌលខ្ពស់កន្លង ។ 

(៧៥) ដូច្នេះចូរអ្នកទាំងអស់គ្នា  តាំងចិត្តល្អជាថ្លាហ្មត់ហ្មង  ស៊ូទ្រាំទុក្ខព្រួយជួយចម្លង  ប្រាប់មនុស្សសត្វផងក្នុងលោកិយ ។  ឲ្យខំស្មិងស្មាធិ៍សម្អាតចិត្ត  សម្រិតសម្រាំងតាំងស្មារតី  ធ្វើបុណ្យឲ្យទានមានមេត្រី  គ្រប់រូបប្រុសស្រីកុំបីឃ្លាត ។  ចំណែកពួកយើងជាទេព្ដា  ក៏ចូររក្សាឫកមារយាទ  កុំឲ្យពព្រើមជ្រើមហួសមាឌ  ចូរខំខ្មីឃ្មាតសាងសុចរិត ។  ណ្ហើយចុះឥឡូវត្រូវនាំគ្នា  ម្នីម្នាវិលថ្កានទៅឋានឋិត  ដល់ហើយរៀបចំខំផ្ចង់ចិត្ត  ប្រព្រឹត្តចងចាំបណ្ដាំហ្នឹង ។  គ្រានោះទេព្ដាទាំងសែននាក់  ស្ដាប់ជាក់ស្រុះស្រួលទទួលដឹង  បង្គំរាជាលាវិលវឹង  សញ្ជឹងសញ្ជប់ជ្រប់ភក្ត្រា ។ 

(៨០) ឮភ្លើងឆេះកប្បស្រាប់តែព្រួយ  ផ្អូកផ្អើលរញ្ជួយឆកាមា  សន្ធៃសន្ធឹកនឹកអនិច្ចា  ស្លន់ស្លុតអាត្មាមុខក្រៀមក្រំ ។  ដល់ឋានវិមានរៀងខ្លួនហើយ  ពុំនៅកន្តើយពួនសម្ងំ  ញាប់ជើងញាប់ដៃលៃបង្ខំ  រៀបចំដំណើរដើរប្រាយប្រាប់ ។  រីពួកទេព្ដាទាំងនោះឯង  កាឡាខ្លួនក្លែងភេទអន់អាប់  រូបសាកប៉ត្រាកយ៉ាកយ៉ឺនយ៉ាប់  ស្លៀកពាក់ប្រដាប់ប្រហមឆ្អៅ ។  សក់វែងសំយាកធ្លាក់ហួសស្មា  រង្វង់ភក្ត្រាជាំហ្មងសៅ  ទង្គឹះខ្សឹកខ្សួលអួលមួម៉ៅ  ក្នុងប្រាណហាក់ក្ដៅស្ទើររលួយ ។  ដៃជូតទឹកភ្នែកយំបណ្ដើរ  យឺតយ៉ាវដំណើររាងមួយៗ  បញ្ជាក់កិរិយាអាការព្រួយ  ខិតខំប្រឹងជួយយកអាសា ។ 

(៨៥) ចរច្រប់សព្វឋានក្នុងមនុស្សលោក  ទោះទីទឹកគោកកន្លែងណា  ពេលនោះគេឃើញតែទេព្ដា  ក្លែងក្លាយកាយាយ៉ាងនេះឯង ។  ដំបូងពួកមនុស្សទាំងក្មេងចាស់  ឃើញភ្លាមខ្លាចណាស់ព្រឺស្ញប់ស្ញែង  ស្លន់ស្លោឆោឡោរត់ខ្វាត់ខ្វែង  ប្រាប់គ្នីគ្នាឯងថាខ្មោចលង ។  ខ្លះភ័យរន្ធត់រត់ចោលផ្ទះ  អ្នកខ្លះអ៊ឹះអ៊ះចង់សំពង  ខ្លះថាឰយ៉ាអាខ្មោចលង  ពួយពឺតវាម្ដងឲ្យដឹងដៃ ។  ខ្លះថាទេៗកុំលេងវ៉ី  មិនដឹងសត្វអ្វីគួរសង្ស័យ  ខោអាវស៊ុលគឃុលយុររយ៉ៃ  ចូលស្រុកទាំងថ្ងៃពេលថ្មើរហ្នឹង ។  គ្រានោះទេព្ដាថ្លែងសាសព្ទ  រួសរាន់ប្រញាប់ប្រាប់ឲ្យដឹង  នែអ្នកទាំងឡាយកុំខេរខឹង  កុំភ័យស្លោស្លឹងប្រឹងរត់បាត់ ។ 

(៩០) ខ្លួនយើងនេះជាទេពបម្រើ  ព្រះឥន្ទចាត់ប្រើតាមសង្កាត់  ឲ្យចុះមកជួយស្ទួយយោងសត្វ  ប្រាប់រឿងវិបត្តិក្នុងលោកិយ ។  ឥឡូវចូរអ្នកចាំប្រុងស្ដាប់  យើងនឹងរ៉ាយរ៉ាប់ប្រាប់សេចក្ដី  ឲ្យដឹងដើមដានទាំងប្រុសស្រី  ដ្បិតអីលោកនេះត្រូវវិនាស ។  នៅខ្វះមួយសែនឆ្នាំទៀតទេ  ទាំងយើងទាំងគេនឹងនិរាស  ដោយភ្លើងឆេះកប្បស្លាប់ពេញពាស  ទោះឈ្លាសដូចម្ដេចគេចមិនបាន ។  សូម្បីទោះទាំងមហាសមុទ្រ  ធំជ្រៅបំផុតពីបុរាណ  គង់ត្រូវរីងហួតស្ងួតពុំខាន  បព៌តប៉ុន្មានក៏រលាយ ។  ដំបូងផ្ដើមឆេះឋានមនុស្សា  ឆាបដល់ទេព្ដាស្លាប់រពាយ  រហូតព្រហ្មលោកយោកទម្លាយ  ឆេះធ្លាយទល់នឹងអាភស្សរា ។ 

(៩៥) ដូច្នេះអស់អ្នកទាំងឡាយអើយ  ចូរកុំកន្តើយត្រូវឧស្សាហ៍  ធ្វើបុណ្យចែកទានមានមេត្តា  រាប់រកគ្នីគ្នាជាដរាប ។  ត្រូវតមចៀសវាងអកុសល  ដែលតែងឲ្យផលផ្ដល់នូវបាប  គឺកម្មអាក្រក់ល្អក់ឆ្អេះឆ្អាប  កុំឲ្យដិតដាបដាមដល់ខ្លួន ។  ចូរខំបម្រើមាតាបិតា  ដោយចិត្តជ្រះថ្លាយ៉ាងខ្ជាប់ខ្ជួន  គោរពចាស់ទុំឲ្យមាំមួន  ប្រព្រឹត្តសមសួនតាមលំដាប់ ។  ពេលនោះរីមនុស្សទាំងប្រុសស្រី  បានឮសម្ដីទេព្ដាប្រាប់  អំពីរឿងភ្លើងរម្លើងកប្ប  សត្វលោកនិងស្លាប់ឥតសេសសល់ ។  នាំគ្នាកើតទុក្ខមុខស្រងូត  តាំងចិត្តល្អស្លូតស្រូតខ្វាយខ្វល់  សន្សំកសាងស្អាងមគ្គផល  តម្កល់ចិត្តខ្លួនតាមឱវាទ ។ 

(១០០) លុះដល់ពេលស្លាប់ចាប់ភពថ្មី  តាមលោកស្រដីក្នុងក្បួនខ្នាត  បានកើតក្នុងសួគ៌គួរស្រស់ស្អាត  សង្វាតបរិកម្មចាំកសិណ ។  ផ្ចិតផ្ចង់តម្រង់ទប់អារម្មណ៍  ខិតខំចម្រើនឲ្យកើនឆ្អិន  វិលច្រាសត្រឡប់សព្វត្រឡិន  សង្កិនបញ្ជាន់រាប់ពាន់សា ។  ដរាបដល់បានសម្រេចឈាន  អាចទុកជាស្ពានយានថ្លៃថ្លា  លុះអស់អាយុពីទេព្ដា  កាលណាបានកើតក្នុងឋានព្រហ្ម ។  ដល់មានកំណើតកើតទីនោះ  តាំងចិត្តស្មគ្រស្មោះប្រឹងសន្សំ  បានឈានមានធម៌ជាអារម្មណ៍  ឡើងថ្នាក់ឧត្ដមព្រហ្មជាន់លើ ។  គេខំសាងចិត្តប្រិតដរាប  តាំងពីជាន់ទាបខ្ពស់គ្រាន់បើ  បន្តបន្ទាប់ជាប់វគ្គស្នើ  រហូតថ្នាក់លើផុតអន្តរាយ ។ 

(១០៥) បន្ទាប់ពីរឿងទេព្ដាប្រាប់  ឲ្យមនុស្សប្រញាប់ឆាប់ខ្វល់ខ្វាយ  ធ្វើបុណ្យរឿយៗកុំនឿយណាយ  នុ៎ះមានអធិប្បាយទៅទៀតថា ។  ដើមហេតុដំបូងគឺទេសកាល  មានភ្លៀងបណ្ដាលធំមហិមា[៨]  បង្អុរស្រោចស្រប់សព្វពសុធា  ភពផែនភារាចក្កវាឡ ។  ហៀវហូរពោរពេញគ្មានចន្លោះ  កន្លៀតកៀនកោះត្រពាំងថ្នាល  រុក្ខជាតិលំពាស់លាស់ដុះដាល  មនុស្សត្រេកត្រអាលពេញផែនដី ។  នាំគ្នាម្នីម្នាខំភ្ជួររាស់  ធ្វើការកាប់គាស់ទាំងប្រុសស្រី  សាបព្រោះពង្រោះស្រូវសាលី  ធញ្ញជាតិអ្វីៗទាំងប៉ុន្មាន ។  តែកាលសន្ទូងលូតបន្តិច  ល្មមគោប្របិចក្ដិចស៊ីបាន  ស្រាប់តែមហាមេឃរោទ៍សព្វឋាន  ប្រៀបបានដូចជាសត្វលាស្រែក ។ 

(១១០) លាន់ឮគ្រលួចកួចខ្ទារខ្ទ័រ  រំពើកញាប់ញ័រអស្ចារ្យប្លែក  ដូចជាប្រផ្នូលបូលចម្លែក  ផ្សាយចែកដំណឹងឲ្យដឹងថ្នាក់ ។  ថាផុតអស់ភ្លៀងត្រឹមនេះហើយ  អ្នកអើយចូរចាំចំណាំជាក់  សូម្បីមួយគ្រាប់ក៏គ្មានធ្លាក់  ដាច់សូន្យហើយអ្នកកុំសង្ស័យ ។  ពិតមែនដូចមេឃឲ្យដំណឹង  មនុស្សខំទន្ទឹងទាំងយប់ថ្ងៃ  ក្រែងបានទឹកភ្លៀងគ្រាន់អាស្រ័យ  ធ្វើស្រែកែខៃលៀងជីវិត ។  តែការទន្ទឹងឥតប្រយោជន៍  សន្ទូងក្ដៅខ្លោចហិនហោចស្វិត  ពួកមនុស្សព្រួយប្រាណរំខានចិត្ត  ព្រោះដ្បិតគ្មានភ្លៀងទៀងជាងាប់ ។  ឯការរាំងនោះមិនតិចឆ្នាំ  លំបាករងកម្មរ៉ាំអភព្វ  ក្ដៅស្ទើរឆេះខ្លួនប្រថួនជាប់  គ្មានភ្លៀងមួយគ្រាប់ទាល់តែសោះ ។ 

(១១៥) ថ្លុកអូរត្រពាំងបឹងបួស្ទឹង  រីងហួតស្ងួតរឹងក្រឹងក្រៀមក្រោះ  រីត្រីអណ្ដើកខ្វើកកៀនកោះ  ងាប់ឥតចន្លោះសោះសល់អ្វី ។  ចំណែកប៉ែកខាងពួកមនុស្សវិញ  កើតទុក្ខទោម្នេញពេញផែនដី  ខ្វាយខ្វល់ច្របល់ទាំងប្រុសស្រី  ឃ្មាតខ្មីពីព្រោះតែពោះឃ្លាន ។  ណាមួយព្រួយចិត្តដ្បិតអត់បាយ  ណាមួយរូបកាយរោគទន្ទ្រាន  ជំងឺឈឺស្លាប់អន្តរធាន  បន្តស្ទើរគ្មានសល់ថ្ងៃណា ។  ម៉ែស្លាប់ចោលកូនសូន្យជីវិត  ឪទាល់គំនិតអនាថា  ខ្លះកូនស្លាប់ទៅនៅមេបា  យំសោយសោកាទួញក្ដែងៗ ។  ទោះចង់ជួយគ្នារាមិនកើត  មុខស្លក់ភ្នែកស្លើតទ្រូងចំបែង  ខ្លួនទ្រមស្គមស្គាំងទាំងគេឯង  ស្លាប់គ្មានគេសែងយកទៅកប់ ។ 

(១២០) ភូមិស្រុកមួយៗក្លិនអសោច  ព្រោះសុទ្ធតែខ្មោចធុំស្អុយឡប់  អ្នកស្លាប់ក្រោយគេញ័រចំប្រប់  ដេកឈឺកើយសពខ្មោចអ្នកមុន ។  នឹងថ្លែងឯសត្វគោក្របី  ទាំងសេះដំរីក៏ឈឺគ្រុន  ឆ្កែឆ្មាមាន់ទាគ្នាដាបដុន  តត្រុនស្គាំងស្គមទ្រមគ្មានសល់ ។  វាឈឺព្រោះពោះឃ្លានគ្មានអាហារ  ពិរាពិការផ្ងាររចល់  ប្រកិនប្រកាច់ដេកដាច់ខ្យល់  ម្ចាស់ឥតរវល់មើលជំងឺ ។  មានពេលឯណានឹងជួយសត្វ  បើមនុស្សវិបត្តិពឺតតែឈឺ  ព្រឹកទល់ព្រលប់យប់ទើសភ្លឺ  ស្រែកថ្ងូរហ៊ឹះហ៊ឺពេញតែស្រុក ។  ឱលោកអ្នកអើយគ្រានោះឯង  មនុស្សសត្វចំបែងរែងជាទុក្ខ  ផ្ទៃលោកទាំងមូលគ្មានបានសុខ  សំកុករងកម្មចាំតែស្លាប់ ។ 

(១២៥) ប៉ុន្តែអ្នកស្លាប់ជាន់នោះកូវ  សុទ្ធសឹងមានផ្លូវល្អចំណាប់  គម្ពីរបានចែងសម្ដែងប្រាប់  ថាស្លាប់ភ្លាមកើតក្នុងសួគ៌ា ។  ដោយបានកាន់តាមដំបូន្មាន  ទេព្ដាប្រទានដូចពណ៌នា  ខាងដើមមកហើយប៉ុន្មានឃ្លា  អ្នកអានរាល់គ្នាគង់ជ្រាបហើយ ។  តពីរាំងភ្លៀងយូរអង្វែង  ផែនដីស្ងួនហែងក្ដៅឥតស្បើយ  ព្រះអាទិត្យមិនពិតតែមួយឡើយ  ទីពីរអ្នកអើយរះឡើងទៀត ។  មួយលិចមួយរះបន្តគ្នា  ឯព្រះចន្ទ្រាមិនហ៊ានបៀត  ពុំដឹងជាមានឬភ្លាត់ស្នៀត  ប្រជ្រៀតស៊កសៀតទៅណាបាត់ ។  ទិវារាត្រីមិនប្រាកដ  លែងមានកំណត់តាមសង្កាត់  មិនដឹងត្រឹមណាជាយប់ស្ងាត់  ត្រឹមណាបញ្ញត្តចាត់ជាថ្ងៃ ។ 

(១៣០) ពីព្រោះសកលចក្រវាល  ភ្លឺទែងសព្វកាលអចិន្ត្រៃយ៍  រស្មីចែងចាំងខ្លាំងពេកក្រៃ  មានសុទ្ធតែថ្ងៃក្ដៅឥតស្រាក ។  ក្ដៅហែងបែប​នេះយូរសែនយូរ  ឥតមានពេលធូរថយសម្រាក  សុរិយាទីបីថ្មីចេញចាក  រះខ្វាកមួយទៀតជ្រៀតបន្ត ។  ទន្លេតូចធំនៅក្នុងលោក  រីងអស់កើលគោកដីស្ងួតស  ក្រៀមក្រោះសោះសឹងរឹងដូចថ្ម  ប្រែប្រេះច្រហបែកក្រហែង ។  មិនតែប៉ុណ្ណឹងតឹងប្រថួន  សុរិយាទីបួនរះចាំងចែង  បញ្ចេញឫទ្ធីគួរស្ញប់ស្ញែង  ក្ដៅសព្វកន្លែងពន់ប្រមាណ ។  គ្រានោះមហាស្រះប្រាំពីរពិត[៩]  តាំងពីព្រេងព្រឹទ្ធជាន់បុរាណ  ដែលហូរពីភ្នំហិមពាន្ត  រីងអន្តរធានគ្មានសេសសល់ ។ 

(១៣៥) បន្តពីហ្នឹងសឹងយូរឆ្នាំ  សុរិយាទីប្រាំចាំជួយផ្ដល់  រះភ្លែតភ្លឺចាំងទាំងសាកល  ឲ្យផលក្ដៅក្ដួលឆួលអនេក ។  ទឹកមហាសមុទ្រជ្រៅរាប់យោជន៍  លន្លាមលន្លោចធំចម្លែក  កញ្ជ្រោលដូចទឹកក្នុងខ្ទះដែក  ពពុះព្យុះបែកក្ដៅឧឡារ  ។  ឯសត្វឆ្លាមមករក្នុងសមុទ្រ  ដូចគេស្ងោរដុតស្លុតអស្ចារ្យ  ប្រកិនប្រកាច់ដាច់សង្ខារ  ស្លាប់បង់អសារគួរអាណិត ។  ទឹកច្រើនសន្ធឹករីងរាល់ថ្ងៃ  ដោយគ្រឿងប្រល័យព្រះអាទិត្យ  បញ្ចេញកម្លាំងខ្លាំងពេកពិត  ពង្រឹតពង្រីងរលីងស្ងួត ។  តទៅសុរិយាទីប្រាំមួយ  រះថែមឡើងជួយពួយតម្រួត  ហាក់ដូចមួម៉ៅក្ដៅប្រកួត  ប្រឹងប្រួតត្រួតគ្នាជាលំដាប់ ។ 

(១៤០) គ្រានោះសែនកោដិចក្រវាល  ខ្លោចឈ្ងៀមបណ្ដាលហុយផ្សែងអព្ទ  ខ្មៅខ្មួលរំជួលស្ទើរក្រឡាប់  គឺភ្លើងឆេះកប្បជិតដល់ហើយ ។  ក្ដៅងំរង្គំអស្ចារ្យខ្លាំង  ដូចឡដុតឆ្នាំណាអ្នកអើយ  ដែលគេបិទជិតទុករន្ធផើយ  ផ្សែងហុយឥតស្បើយគួរឲ្យស្បើម ។  ក្ដៅងំយ៉ាងនេះយូរឆ្នាំណាស់  ផែនដីធំក្រាស់តាំងពីដើម  ដែលធ្លាប់មានធាតុដីជាតិសើម  គង់ត្រូវភ្លើងឆ្នើមផ្ដើមឲ្យខ្លោច ។  សុរិយារះទីប្រាំពីរក្រោយ  មិនមែនអន់ខ្សោយកម្លាំងហោច  សឹងមានតេជះត្បះរុងរោចន៍  អាចឆេះកម្លោចឲ្យខ្ទេចម៉ដ្ឋ ។  សូមអស់លោកអ្នកគ្រប់ថ្នាក់ជាន់  ប្រុងស្ដាប់ឲ្យទាន់ជាក់ប្រាកដ  នូវកាលវេលាគ្រាកំណត់  ផែនដីកម្សត់នឹងសូន្យសោះ ។ 

(១៤៥) រឿងហេតុនេះឯងដូច្នោះពិត  ព្រោះព្រះអាទិត្យប្រាំពីរស្មោះ  រះភ្លែតប្រកួតប្រួតប្រកោះ  ឆេះឥតចន្លោះសោះសល់ទី ។  គ្រានោះកណ្ដាប់ចក្កវាឡ  ឆាបភឹបធ្លោដាលដោយអគ្គី  សន្ធោឆ្អិនឆ្អៅក្ដៅសែនទ្វី  ពាសពេញប្រឹថពីទីលោកធាតុ ។  កំពូលភ្នំធំខ្ពស់គ្រលួច  ត្រូវខ្យល់ក្របួចកួចឲ្យឃ្លាត  បក់បោកកម្ចាត់ផាត់ព្រោងព្រាត  ប៉ើងខ្ទាតទៅលើនភាល័យ ។  សូរសព្ទគគឹកសន្ធឹកញ័រ  ខ្ទារខ្ទ័រអស្ចារ្យឧឡារក្រៃ  អគ្គីស៊ីរេចខ្ទេចហិនហៃ  ឥតមានសំច័យដល់ប៉ុនសក់ ។  ឆេះនេះហៅឆេះសែនអនេក  ឆេះឆួលសញ្ជែកសត្វនរក  នៅក្នុងរណ្ដៅជ្រៅផុងភក់  ប្រកាច់វីវក់ស្លាប់រចល់ ។ 

(១៥០) រួចពីមនុស្សលោកយោកទេព្ដា  សួគ៌ឆកាមាខ្ទេចឥតសល់[១០]  អណ្ដាតភ្លើងឆាបដាបឆេះដល់  ព្រហ្មលោកមណ្ឌលទាំងប្រាំជាន់[១១] ។  គឺឆេះទល់នឹងអាភស្សរា  ទេព្ដានិងព្រហ្មយំស្រែកលាន់  តែខំទប់ចិត្តប្រិតឥតភាន់  ចូលឈានឲ្យទាន់ពេលវេលា ។  ស្លាប់ភ្លាមកើតភ្លែតព្រហ្មជាន់លើ[១២]  ដោយប្រុងអើពើទាំងអស់គ្នា  ទាំងពួកទេព្ដានិងព្រហ្មា  រួចពីវេទនាគ្រាអាសន្ន ។  ភ្លើងកើតពីថ្ងៃប្រល័យកប្ប  បានឆេះសម្លាប់ឆាប់ទាន់ហន់  ផែនដីពិភពគ្រប់តំបន់  រួចទើបបង្អន់រលត់អស់ ។  ឥតមានសេសសល់កំញមផេះ  ប្រៀបដូចភ្លើងឆេះប្រេងថ្លាស្រស់  កាលណាឆេះរីងស្ងួតរលស់  ក៏អស់គ្មានអ្វីសល់ឲ្យដឹង ។ 

(១៥៥) គ្រានោះអស្ចារ្យឱឡារិក  គ្មានដីគ្មានទឹកសែនល្វើយល្វឹង  សុទ្ធតែអាកាសដាសនិត្យនិង  ងងឹតសូន្យឈឹងយូរអង្វែង ។  ឯព្រះអាទិត្យនិងព្រះចន្ទ  ដែលមានលក្ខខណ្ឌធ្លាប់ចាំងចែង  ទាំងពួកតារាថ្លារះស្ដែង  ទាំងអស់នេះឯងលែងប្រាកដ ។  រីកាលបរិច្ឆេទសង្កេតចាំ  ថ្ងៃខែនិងឆ្នាំតាមបែបបទ  ឥតមានចំណែកចែកកំណត់  រាប់កត់គិតគូរទូរឲ្យយល់ ។  បានអ្នកឯណានឹងគ្នេររាប់  បើមនុស្សសត្វងាប់គ្មានសេសសល់  ទាំងព្រះអាទិត្យចន្ទមណ្ឌល  គឺផុតឫសគល់ត្រឹមហ្នឹងហើយ ! 

ការកកើតឡើងវិញនៃពិភពលោក

តពីនេះទៅយូរអនេក  ពេលមួយមោហាមេឃស្រែកឆ្លងឆ្លើយ  ផ្គរលាន់តន្ថើនកើនឥតស្បើយ  គគ្រេងល្វេងល្វើយហាក់ស្រណោះ ។ 

(១៦០) ហាក់ដូចស្រណោកសោករឭក  អាសូរដីទឹកសព្វកៀនកោះ  ទីឋានប៉ុន្មានដែលឆេះនោះ  ដោយដីអាឡោះស្មោះពេកក្រៃ ។  រួចតាំងបង្អុរភ្លៀងរលឹម  ទូទឹមជានិច្ចអចិន្ត្រៃយ៍  ផ្សើមគ្រប់កន្លែងភ្លើងប្រល័យ  ទូទៅទាំងផ្ទៃគួរអស្ចារ្យ ។  គ្រាប់ភ្លៀងដំបូងដូចគេសាច  សក្បុសភ្លឺស្ងាចតូចល្អិតឆ្មារ  ហើយគ្រាន់តែទ្រើសលើសប៉ុនខ្នារ  យូរយារធារធំប៉ុនឈើទាល ។  ភ្លៀងក្នុងគ្រានេះមិនដូចមុន  ភ្លៀងទៀងទ្វេគុណដ៏ត្រកាល  ភ្លៀងនាំបង្កើតចក្រវាល  ភ្លៀងនាំបណ្ដាលស្រីសួស្ដី ។  ភ្លៀងមិនដាច់គ្រាប់ជាប់ជានិច្ច  ភ្លៀងទាល់តែលិចគ្មានសល់អ្វី  ភ្លៀងយូរអង្វែងក្នុងលោកិយ  ភ្លៀងពេញភពបីទើបរាំងស្ងាត់ ។ 

(១៦៥) កាលភ្លៀងបង្អុរពោរពេញហើយ  អ្នកអើយមានខ្យល់បក់បោកផាត់  គឺខ្យល់អស្ចារ្យឧឡារក្ដាត់  បក់ពុះពារកាត់កណ្ដាលទឹក ។  បក់បៀតជ្រៀតជ្រែកបែកពពុះ  បក់ប៉ុនគេព្យុះសូរគគឹក  បក់ហើយបក់ទៀតឆ្លៀតពន្លឹក  បក់ទាល់តែទឹកឡើងកករឹង ។  បក់ខ្លាំងប្រថួនផ្ទួនយ៉ាងញាប់  បក់ថែមសន្ធាប់វូវឹងៗ  បក់មិនសម្រាកផ្អាកត្រឹមហ្នឹង  ខ្យល់នៅតែប្រឹងតឹងចម្លែក ។  ខ្យល់បក់ចំហៀងឆៀងទៅក្រោម  ពទ្ធឡោមជុំវិញគ្រប់ចំណែក  គាំទ្រជុំទឹកមិនឲ្យបែក  ខន់ខាប់អនេកទើរលើខ្យល់ ។  ប្រៀបដូចទឹកដក់លើស្លឹកឈូក  ប្លេងប្លោងឥតភ្លូកនៅសល់វ៉ល់  វាយោខ្ទាំងខ្ទប់គ្រប់មណ្ឌល  ដូចគេតម្កល់ជាប់ដរាប ។ 

(១៧០) រួចហើយខ្យល់បក់ជាលំដាប់  រុញច្រានប្រញាប់កាន់ទីទាប  ដើម្បីបង្កើតផែនដីរាប  ទៅតាមសភាពដីបុរាណ ។  គ្រានោះព្រហ្មលោកកើតឡើងវិញ  ទាំងឋានសួគ៌មិញក៏កើតបាន  តាមដោយទំនងទងដើមដាន  គ្រប់ជាន់ថ្នាក់ឋានដូចធម្មតា ។  ចំណែកប៉ែកឋានមនុស្សលោកថ្មី  មិនទាន់មានដីព្រៃព្រឹក្សា  មានសុទ្ធតែទឹកសន្ធឹកថ្លា  ល្ហល្ហាចក្រៃណាលន្លាមសាយ ។  ស្រាប់តែមានខ្យល់ខ្វល់គគ្រឹក[១៣]  បក់បិទខ្ទប់ទឹកខ្លាំងមាល្បាយ  ធ្វើទឹកឲ្យខាប់ស្អិតអន្លាយ  ឲ្យកើតខ្ទិះក្លាយមានរសឆ្ងាញ់ ។  ខ្ទិះដីនោះឯងអណ្ដែតត្រា  លើទឹកធម្មតាហាក់ដូចខ្លាញ់  ឬដូចទឹកដោះច្រោះចម្រាញ់  ផ្អែមឆ្ងាញ់មិនចាញ់រសជាតិស្ករ ។ 

(១៧៥) មានក្លិនក្រអូបយ៉ាងឈ្ងុយឈ្ងប់  ពណ៌ស្រស់លើសលុបដ៏បវរ  ជាទឹកឥតមានលាយកករ  គួរឲ្យត្រេកអរចាប់ចិត្តចង់ ។  ក្នុងគ្រានោះឯងថ្លែងឯសត្វ  ដែលកើតវិបត្តិខ្ចាត់ស្លាប់បង់  ទៅកើតព្រហ្មលោកទាំងផៅពង្ស  អង្វែងយូរលង់មុនឆេះកប្ប ។  ខ្លះអស់អាយុខ្លះអស់បុណ្យ  រាសីដាបដុនគឺត្រូវស្លាប់  ក៏ចេរវិលវឹងចុះក្រឡាប់  កើតក្នុងលំដាប់ក្នុងលោកិយ ។  ដោយឧបបាតិកកំណើត  ស្រាប់តែកកើតធំដឹងក្ដី  ហើយមានពន្លឺភ្លឺរស្មី  សិរីច្រាលឆ្វាំងចាំងខ្លួនឯង ។  ជាសត្វមានឫទ្ធិពិតឧត្ដម  រុងរឿងថ្កើងថ្កុំសមចិញ្ចែង  ឋិតលើអាកាសដាសជាក់ស្ដែង  ហោះធ្យានខ្វាត់ខ្វែងភ្លឺព្រោងព្រាយ ។ 

(១៨០) មានតែបីតិជាអាហារ  មិនទាន់ត្រូវការចេះឃ្លានបាយ  នាំគ្នាផ្លេកផ្លោះហោះប្រញាយ  កញ្ជ្រៀវក្អាកក្អាយបានតាមចិត្ត ។  ប៉ុន្តែចំណែកគ្រឿងប្រដាប់  ខោអាវសម្រាប់ស្លៀកបាំងបិទ  គ្មានទេអ្នកអើយបើតាមពិត  ថ្វីបើមានឫទ្ធិឋិតលើមេឃ ។  ទាំងភេទសង្កេតទៀងប្រាកដ  គឺគោលកំណត់កត់ចំណែក  ជាប្រុសឬស្រីផ្សេងដោយឡែក  ក៏ឥតមានប្លែកចែកសញ្ញា ។  គ្រាន់តែមានរាងពិតជាមនុស្ស  មិនដឹងស្រីប្រុសខុសត្រង់ណា  ស្អាតធេងត្រងិលស្រិលគ្មានត្រា  មិនអាចទាយថាឲ្យត្រូវម៉ក ។  ត្រគាកត្រគះកន្ធីងធីង  រលោងរលីងដូចគេបក  សាច់ម៉ដ្ឋជិតស្និទ្ធឥតស្រុតស្រក  កុញកកប្រឡែងលេងកម្សាន្ត ។ 

(១៨៥) វេលាគ្រានោះមានសត្វមួយ  មិនសូវចេះព្រួយក្លៀវក្លាហាន  ឡេះឡោះជាងគេទាំងប៉ុន្មាន  ឃើញខ្ទិះដីស្មានស្អីគេនេះ ។  អណ្ដែតដេរដាសក្រាស់លើទឹក  ពាសពេញសន្ធឹកច្រើនអីម្ល៉េះ  ក៏តាំងលូកដៃលៃកកេះ  កកាយឆ្កឹះបេះញាត់មាត់ប្លប់ ។  រសជាតិនោះឯងសែនឆ្ងាញ់ក្រៃ  សរសៃប៉ុន្មានជ្រួតជ្រាបសព្វ  ភ្លក្សមើលប៉ុណ្ណោះមិនទាន់ស្កប់  រឡិបរឡប់ចេះតែថែម ។  រីសត្វឯទៀតឆ្លៀតត្រាប់តាម  ជញ្ជក់មាត់ញ៉ាមលិឍប្លែមៗ  ពីព្រោះខ្ទិះដីមានរសផ្អែម  ស្រាប់តែផ្អើលក្លែមគ្មានសល់ម្នាក់ ។  ឆ្កឹះស៊ីតិចៗមិនអស់ចិត្ត  ព្រោះដ្បិតក្ដីល្មោភជាប់ជំពាក់  មិនកាយខាងលើសើរាក់ៗ  លេងលូកដល់ថ្នាក់ប្រឡាក់ដៃ ។ 

(១៩០) ពូតជាពំនូតស៊ីឃ្មមៗ  ស៊ីនោះមិនល្មមទេអ្នកប៉ៃ  ដូចមនុស្សអត់បាយឃ្លានយូរថ្ងៃ  ពឺតឥតសំច័យទាល់តែឆ្អែត ។  ព្រោះតែបរិភោគយោកខ្ទិះដី  រស្មីដែលធ្លាប់ភ្លឺក្រឡែត  ក៏ស្រាប់តែបាត់ស្ងាត់មួយភ្លែត  បណ្ដាលកើតហេតុងងឹតឈឹង ។  តាំងផ្អើលរចល់ខ្វល់ជ្រួលជ្រើម  ពពីមពពើមភ័យស្លោស្លឹង  ពពាក់ពពូនលូនប្រែប្រឹង  មិនដឹងជាទៅទិសខាងណា ។  ធ្លាប់មានពន្លឺភ្លឺខ្លួនឯង  ចិញ្ចាចចិញ្ចែងដូចតារា  ឥឡូវខ្ចាត់បាត់ពីកាយា  ព្រោះតែតណ្ហាលោភលើសលន់ ។  សត្វទាំងប៉ុន្មានខានសប្បាយ  កើតក្ដៅក្រហាយស្ដាយពេកពន់  ជំនុំគ្នាព្រួយជួយគិតគន់  បែរបន់នឹករកពន្លឺថ្មី ។ 

(១៩៥) គ្រានោះមានភព្វគាប់មង្គល  សុរិយាមណ្ឌលរឿងរង្សី  បំបាត់ភ័យសត្វក្នុងលោកិយ  ទើបបើករស្មីភ្លឺច្បាស់ទែង ។  រីឯពួកសត្វកំពុងព្រួយ  ងើបក្បាលរងួយអរក្រៃលែង  បានឃើញពន្លឺភ្លឺចិញ្ចែង  ផ្អើលរត់ខ្វាត់ខ្វែងងើយមើលមេឃ ។  កញ្ឆេងកញ្ឆាត់បាត់ក្ដីទុក្ខ  រីកមុខប៉ប្រិមញញឹមត្រេក  លោតហ៊ោកញ្ជ្រៀវខ្ញៀវអនេក  សប្បាយចម្លែកស្រែកហេហា ។  ទើបតាំងសន្មតនាមពន្លឺ  មណ្ឌលដែលភ្លឺថា “សុរិយា[១៤]”  ព្រោះហេតុញ៉ាំងសត្វព្រួយចិន្ដា  ឲ្យបានក្លៀវក្លាបាត់ភិតភ័យ ។  ក្នុងកាលនោះឯងព្រះអាទិត្យ  សម្ដែងរុងឫទ្ធិពេញមួយថ្ងៃ  ក៏អស្ដង្គតរលត់ក្ស័យ  ទៅតាមសម័យលោកនិយម ។ 

(២០០) ពួកសត្វនិករទាំងនោះឯង  តឹងទ្រូងចំបែងរែងបារម្ភ  ងងឹតចូលលុកមុខក្រៀមក្រំ  នាំគ្នាខិតខំអធិដ្ឋាន ។  ឱះឱគុណបុណ្យព្រះអង្គអើយ  ម្ដេចឡើយមកនាំឲ្យព្រួយប្រាណ  ម្ដងមានពន្លឺម្ដងអាក់ខាន  ក្សេមក្សាន្តមិនបានហូរហែរសោះ ។  ប្រសិនបើមានពន្លឺទៀត  យើងអស់ចង្អៀតព្រួយក្រៀមក្រោះ  មុខជារីករាយសប្បាយស្មោះ  រំដោះកង្វល់ខ្វល់តានតឹង ។  កាលនោះរីឯចន្ទមណ្ឌល  ឆើតឆាយនិម្មលហាក់យល់ដឹង  សេចក្ដីប៉ុនប៉ងបំណងហ្នឹង  ដែលសត្វរំពឹងទន្ទឹងខ្លាំង ។  បញ្ចេញរស្មីពិសីថ្កើង  រះលេចភ្លែតឡើងពន្លឺចាំង  ត្រចះត្រចង់ខ្ញង់សម្រាំង  ភ្លឺឆ្វាំងស្រទន់ពេកពណ្ណរាយ ។ 

(២០៥) ពពួកសព្វសត្វទាំងប៉ុន្មាន  កំពុងតឹងតានប្រាណធុញណាយ  ស្រាប់តែត្រឡប់ជាប្រែក្លាយ  ញញឹមក្អាកក្អាយសប្បាយក្រៃ ។  នាំគ្នាសន្មតកត់តាំងតែង  ពន្លឺនោះឯងថាចន្ទ[១៥]ថ្លៃ  ព្រោះរះបំពេញអធ្យាស្រ័យ  ពួកសត្វដែលភ័យឲ្យធូរស្រាល ។  ពីនេះទៅជាលំដាប់  កើតផ្កាយតាន់តាប់ដ៏ត្រកាល  ជារូបផ្សេងៗគួរត្រអាល  ព្រោងព្រាយដាសដាលពេញមេឃា ។  ចាប់តាំងពីនោះជាដើមហេតុ  បរិច្ឆេទរាត្រីនិងទិវា  កើតមានប្រាកដកំណត់ឃ្លា  ទៀងពេលវេលាជាដរាប ។  រីឯរដូវនឹងខែឆ្នាំ  មានគ្រឿងចំណាំតាមសភាព  កម្រិតលក្ខខណ្ឌកាន់រៀងរាប  ឥតសាបរលាបដល់សព្វថ្ងៃ ។ 

(២១០) ចំណែកភពផែនដែនប្រឹថពី  បព៌តគិរីធំស្កឹមស្កៃ  សិនេរុរាជហិមាល័យ  កើតក្នុងសម័យជាន់នោះ[១៦]ឯង ។  តិណជាតិធាតុស្មៅដុះដេរដាស  លូតលាស់ពេញពាសសព្វកន្លែង  ទាំងព្រៃព្រឹក្សាលតាវែង  ប្រជែងដុះដែរជាលំដាប់ ។  នឹងថ្លែងឯពួកសត្វទាំងឡាយ  លែងព្រួយខ្វល់ខ្វាយណាយយ៉ឺនយ៉ាប់  បរិភោគខ្ទិះដីឆ្ងាញ់ចំណាប់  ដែលមានស្រេចស្រាប់សម្រាប់ខ្លួន ។  លុះកាលកន្លងយូរអង្វែង  កម្លាំងកំហែងក៏មាំមួន  ប៉ុន្តែសម្បុរលែងខ្ជាប់ខ្ជួន  ខ្លះនៅសមសួនខ្លះសៅហ្មង ។  អ្នកមានរូបល្អសពណ្ណរាយ  មើលងាយអ្នកអន់ឯទៀតផង  ដៀមដាមចាក់ឆ្កៀលដៀលឌឺដង  ថាអាប់ពេកហោងសាច់គគ្រើម ។ 

(២១៥) មើលទៅគគ្រាតមិនស្អាតស្អំ  សម្បុរមិនសមដូចពីដើម  រាងបែបខួរគួរឲ្យខ្ពើម  កុំមកទីមទើមនៅក្បែរអញ ។  ព្រោះមើលងាយគ្នាជាបច្ច័យ  នាំឲ្យចង្រៃកើតគ្នាន់​ក្នាញ់  ខ្ទិះដីដែលមានរសជាតិឆ្ងាញ់  ស្រាប់តែច្រាលចាញ់វិនាសបាត់ ។  នាំគ្នាជំនុំជុំខ្វល់ខ្វាយ  មិនសូវសប្បាយស្ដាយពេកក្ដាត់  ពុំគួរមានអ្វីមកផ្ដាច់កាត់  កម្ចាត់ចំណីឆ្ងាញ់ពិសា ។  ពេលនោះស្រាប់តែក្រមរដី  កើតឡើងថ្មោងថ្មីមានឧបមា  ដូចផ្សិតក្បាលពស់ស្រស់ថ្លៃថ្លា  មានរសឱជាឆ្ងាញ់ពេកក្រៃ ។  បានជាចំណីសត្វទាំងឡាយ  ចែកគ្នាប្រញាយគ្រាន់អាស្រ័យ  ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ  តជាបច្ច័យយូរអង្វែង ។ 

(២២០) កើតមានកម្លាំងខ្លាំងស្វាហាប់  រឹងប៉ឹងចំណាប់យ៉ាងខែងរ៉ែង  រីឯសម្បុរក៏ផ្លាស់ប្លែង  តាំងដៀលគ្នាឯងដូចមុនទៀត ។  លុះក្រមរដីវិនាសទៅ  ពពួកសត្វនៅព្រួយចង្អៀត  ចេះតែគិតគៃលៃឈ្លាសឆ្លៀត  ពិគ្រោះរកស្នៀតលៀងជីវិត ។  វេលាគ្រានោះបទាលតា[១៧]  ច្រើនក្រៃណាស់ណាដុះជុំជិត   មានរសផ្អែមល្អែមយ៉ាងប្រណីត  ជាទីពេញចិត្តសត្វទាំងឡាយ ។  កាលយកវល្លិនោះជាអាហារ  សឹងមានហេតុការណ៍ដូចបរិយាយ  ខាងដើមមកហើយដោយត្រួសត្រាយ  គឺនាំប្រែក្លាយជាលំដាប់ ។  លុះកាលតមកក៏យូរលង់  វល្លិនោះមិនគង់អស់កាលកប្ប  សូម្បីសម្បូរដាសតាន់តាប់  ក៏ប្រែក្រឡាប់ពាយសូន្យសោះ ។ 

(២២៥) សព្វសត្វកើតទុក្ខមុខក្រៀមក្រំ  រឹងព្រួយបារម្ភស្ដាយស្រណោះ  ស្មានបានវល្លិឆ្ងាញ់ជាកេរ្តិ៍កោះ  តែមិនដូច្នោះខុសបំណង ។  គ្រានោះឯងកូវស្រូវសាលី  ពណ៌ស្រស់ពិសីដុះឡើងស្នង  ផ្លែជាអង្ករសហ្មត់ហ្មង  ស្អាតស្រេចតែម្ដងមិនបាច់ស្រិត ។  មានក្លិនក្រអូបយ៉ាងប្រសើរ  ឈ្ងុយឈ្ងប់ប្រហើរក្រៃពេកពិត  គឺជាវត្ថុគួរចាប់ចិត្ត  ដើមដុះជិតស្និទ្ធឋិតពាសវាល ។  រីសត្វទាំងឡាយបានឃើញភ្លាម  ប្រឹងស្ទុះរវាមដោយស្រើបស្រាល  ប្រឡេះបេះស្រូវថ្មីត្រកាល  ធ្វើជាអាហារយ៉ាងរីករាយ ។  តាមក្នុងគម្ពីរមានសម្ដែង  ថាពេលនោះឯងកើតឆ្នាំងបាយ  សព្វសត្វទាំងអស់មុខស្រស់ស្រាយ  ចែកចាយប្រើប្រាស់គ្រប់គ្នីគ្នា ។ 

(២៣០) គេយកអង្ករដាក់ក្នុងឆ្នាំង  រួចតាំងតម្កល់លើថ្មដា  មានភ្លើងឆេះឯងស្ដែងណាស់ណា  ក្ដៅពីថ្មដានោះឆ្អិនស្រេច ។  គេគ្មានត្រូវការដោយសម្ល  ដែលផ្សំគ្រឿងស្លពីត្រីសាច់  ឬម្ហូបឯទៀតមិនចាំបាច់  សម្រេចមានតែបាយនោះឯង ។  ចិត្តអ្នកបរិភោគចងជូរប្រៃ[១៨]  មិនចាំកែខៃព្រួយខ្នះខ្នែង  រសជាតិបាយនោះអាចផ្លាស់ប្លែង​  ក្លាយភ្លាមទៅឯងតាមចិត្តនឹក ។  ចំណែកផ្លែស្រូវមានធម្មតា  បោចបោះត្រង់ណាក្នុងពេលព្រឹក  ពេលល្ងាចមានវិញពេញសន្ធឹក  ទ្រុបទ្រុលណែនញឹកដូចប្រក្រតី ។  អស់លោកអ្នកអានបានពិនិត្យ  ត្រិះរិះគន់គិតពីមនុស្សថ្មី  ប្រហែលសង្ស័យដែរឬអ្វី  បរិភោគចំណីគ្មានជុះនោម ។ 

(២៣៥) ស៊ីហើយស៊ីទៀតឆ្លៀតចម្រុះ  ចេះតែបញ្ចុះច្រកទាំងគោម  បើគ្មានទ្វារចេញដេញទៅក្រោម  របស់នោះទ្រោមទៅឯណា ។  រីរឿងត្រង់ហ្នឹងសឹងជ្រាបស្រាប់  ដូចខ្ញុំសាសព្ទខាងដើមថា  សត្វមានកំណើតពីព្រហ្មា  ដំបូងគឺគ្នាគ្មានទ្វារមគ្គ ។  ឥឡូវខ្ញុំសូមលៃជម្រាប  ឲ្យលោកអ្នកជ្រាបដោយជាក់លាក់  ទៅតាមហេតុភេទលំដាប់ថ្នាក់  កុំឲ្យវាន់វាក់ទាក់សេចក្ដី ។  អាហារជាន់នោះខ្ពស់បំផុត  ដូចទិព្វបរិសុទ្ធក្នុងលោកិយ  ដំបូងគឺរសជាតិខ្ទិះដី  ដែលកើតថ្មោងថ្មីសម្រាប់សត្វ ។  រហូតមកដល់បទាលតា  វិសេសថ្លៃថ្លាឆ្ងាញ់ពេកក្ដាត់  កាលលេបចូលភ្លាមរលាយបាត់  ជ្រួតជ្រាបសូន្យស្ងាត់សព្វសរសៃ ។ 

(២៤០) គ្មានសេសសល់កាកជាលាមក  ក្លិនស្អុយគគ្រក់អសោចក្រៃ  លំបាកបត់ជើងរៀងរាល់ថ្ងៃ  ដូចក្នុងសម័យយើងនេះឡើយ ។  ប៉ុន្តែមកដល់ស្រូវសាលី  រីភេទប្រុសស្រីណាអ្នកអើយ  មុខជាកើតមានប្រាកដហើយ  គម្ពីរបានឆ្លើយយ៉ាងជាក់ស្ដែង ។  ព្រោះជាតិអាហារមិនមែនជ្រាយ  មិនឆាប់រលាយភ្លាមឯងៗ  កាលលេបចូលទៅនៅត្រាំត្រែង  នាំកើតតឹងតែងរែងវឹកវរ ។  គ្រានោះសព្វសត្វព្រួយចិត្តខ្វល់  ព្រោះណែនហួលហល់ឆ្អល់ឧទរ  តឹងពោះភ្លុងៗហាក់ដូចស្គរ  បញ្ឈរភ្នែកស្លឹងប្រឹងភិតភ័យ ។  ប៉ុន្តែដោយមានភព្វវាសនា  រាសីជតាថ្លាជោគជ័យ  គឺធម៌ធម្មជាតិមកជួយលៃ  រវៃសម្រួលពីរឿងហ្នឹង ។ 

(២៤៥) ពេលនោះអស្ចារ្យការចម្លែក  ស្រាប់តែធ្លាយបែកចែកជាលិង្គ[១៩]  មួយពួកលេចលូតស្អីឆ្កុយឆ្កឹង  ទ្រលីងទីងតឹងហាក់ដូចប៉ោល ។  មួយទៀតស្រកូកៗក្រាបគល់  នរណាមិនយល់កុំដេញដោល  ប្រយត្នខ្ញុំភ័យខ្លាំងរត់ចោល  គេចបាត់ស្រមោលខានតរឿង ។  កើតទ្វារមួយទៀតផ្សេងដោយឡែក  ទុកជាចំណែកបញ្ចេញគ្រឿង  លាមកអួអាប់ខន់ខាប់លឿង  កុំឲ្យកក​កឿងទើបសុខស្រួល ។  កាលបានកើតទ្វារទាំងពីរភ្លាម  អ្នកដែលទីមទាមតឹងណែនអួល  បត់ជើងតូចធំតាមសម្រួល  អស់ក្ដីចុកហួលស្រួលធម្មតា ។  តែប៉ែកប្រុសៗឆ្ងល់មិនដឹង  អីវ៉ាន់ខ្លួនហ្នឹងពិបាកថា  ស្រាប់តែកើតភ្លាមមកពីណា  ឰយ៉ារាងបែបក្ងក់ង៉ក់ ។ 

(២៥០) ទើបមើលនាយអាយដោយអឹមអៀម  មិនស្ងាត់បាត់ស្ងៀមលបសម្លក់  សម្លឹងភិនស្រីភ្នែកម៉ក់ៗ  ហាក់មានអ្វីឆក់ប្រទាញចិត្ត ។  រីឯស្រីៗដូច្នោះដែរ  ក៏តាំងងាកបែរមើលបញ្ឆិត  បញ្ឆៀងដៀងវិញដោយស្នេហ៍ស្និទ្ធ  យូរៗវិបរិតលែងឃ្លានបាយ ។  ខាង​នេះ​ងាកទៅននលគក  ខាងណោះភ្លែតមកត្រគាកសាយ  រាគៈរោលរាលដាលក្នុងកាយ  បបូរមាត់ស្វាយភ្នែកមមី ។

ពាក្យ ៩

មេឃទូទឹមរលឹមលាយព្រះពាយផាត់  ព្យុះកម្ចាត់កាត់កំចោកបោកសព្វទី  ឈើតូចធំរលំខ្ទេចរេចវក់វី  ខ្យល់យាយីទីប៉ុន្មានគ្មានកំបាំង ។  ផ្គរគគ្រឹកភ្លឹកគគ្រេងលេងខ្ទ័រមេឃ  លាន់អនេកផ្លេកបន្ទោរធ្លោឆ្វាចឆ្វាំង  កាំរន្ទះរះរន្ទឺឮឆូងឆាំង  បាញ់ម៉ាំងៗចាំងភ្លឺច្រាលដាលច្រវាត់ ។ 

(២៥៥) គួរឲ្យភិតគិតឲ្យភ័យលៃខ្លាចងាប់  ផ្អើលដូចទ័ពញាប់រចល់ខ្វល់ទាំងសត្វ  សូរសម្រែកស្រែកទ្រហឹងប្រឹងប្រយត្ន  ខ្លះបោលបាត់ខ្ចាត់ទៅឆ្ងាយផាយបះជើង ។  ខ័្ទរកក្រើកកម្រើកដល់ទល់ភុជង្គ  នាគរឿងរុងពង់ពពារភ្ងារងើបឡើង  ខឹងឆុរឆេវក្រេវពិរោធក្រោធដូចភ្លើង  ក្បាលទ្រមើងដំឡើងឫទ្ធិឥតស្ញប់ស្ញែង ។  ទើបស្ដេចនាគងាកងោកត្បុរសសុលចូល  ជ្រែកក្នុងស្នូលបណ្ដូលកោះស្មោះចិញ្ចែង  កន្ទុយញាប់ជាប់ប្រកិតរឹតខឹងខែង  ក្បាលប្រឡែងរែងប្រឡូកចូកព្រៃស្នាប់ ។  សូរសន្ធឹកគគឹកញ័រខ្ទ័រចម្លែក  រឹងសញ្ជែកបែកផ្កាត្រែងដូចផ្សែងអព្ទ  វារីខ្ចាយសាយសព្រាតខ្ទាតខន់ខាប់  នាគស៊ូស្លាប់យ៉ាប់ដូចម្ដេចមិនគេចរា ។  ដល់បាតកោះស្ដោះព្រួសពិសទ្រឹស្ដិទ្រនង់  ហាក់បង្អង់ចង់ស្រងល់ឆ្អល់អាត្មា  ញ័រចំប្រប់ថប់យ៉ាកកាយណាយចិន្ដា  ទើបនាគារាក្រឡាប់ឆាប់វឹងខ្មី ។

ពាក្យ ៧

(២៦០) គ្រានោះអ្នកមានការស្រើបស្រាល  ភ្លើតភ្លើនត្រអាលប្រុសនិងស្រី  ឥតគិតប្រិតប្រៀនអៀនខ្មាសអ្វី  យោលយោកដាសដីកណ្ដាលវាល ។  ចំណែកអ្នកមានក្ដីអៀនខ្មាស  ឃើញរឿងផ្ដេសផ្ដាសអំពើពាល  នៃពួកអ្នកត្រេកដេកទ្រោបទ្រាល  ននលពាសវាលគួរឲ្យស្ញែង ។  តាំងរើសដុំដីនិងដំបង  គ្រវែងចោលខ្នងពួកនោះឯង  ហើយដៀលដោយពាក្យជូរចត់ស្លែង  សម្ដែងនូវការមិនពេញចិត្ត ។  ពួកអ្នកស្រើបស្រាលទាំងប៉ុន្មាន  ស្ដាប់ពាក្យនោះបានក៏រិះគិត  ឃើញថាពុំគួរគប្បីពិត  ទើបរៀបបាំងបិទធ្វើផ្ទះនៅ ។  ម្យ៉ាងទៀតឯរឿងគ្រឿងស្លៀកពាក់  ខ្លះក្រងប្រទាក់វល្លិក្រចៅ  ខ្លះខ្ទាស់ស្លឹកឈើឬក្រងស្មៅ  ប៉ឹងពទ្ធពីក្រៅការកេរ្តិ៍ខ្មាស ។ 

(២៦៥) ពេលនោះរីផលស្រូវសាលី  ដែលដុះពេញដីមុនដេរដាស  មិនទាន់ប្រែប្រួលឬវិនាស  នៅតែពោរពាសដូចប្រក្រតី ។  ប៉ុន្តែលុះយូរតមកទៀត  ពួកមនុស្សខំឆ្លៀតទាំងប្រុសស្រី  នាំគ្នាបេះបូតច្រូតដាក់ល្អី  ហើយក៏ឃ្មាតខ្មីយកទៅទុក ។  ដើម្បីបរិភោគឲ្យបានយូរ  ជាការស្រួលធូរខ្លួនស្រណុក  គ្រាន់មានពេលខ្លះដេកសំកុក  កុំឲ្យត្រុកៗរាល់តែថ្ងៃ ។  ដោយហេតុពួកមនុស្សកើតគំនិត  ឧបាយរិះគិតចេះសំច័យ  រីស្រូវទុំទិព្វមានតម្លៃ  ក៏ពាយហិនហៃបន្តិចម្ដង ។  មានផ្លែមិនញឹកសន្ធឹកស្កះ  កន្លែងទីខ្លះដូចគេចង  ប្រមូលជាគុម្ពជាគុម្ពផង  ហើយថែមមានល្អងកន្ទក់រុំ ។ 

(២៧០) មានទាំងអង្កាមពណ៌ហ្មងសៅ  ក្ដោបពទ្ធពីក្រៅដាសជិតជុំ  គឺស្រោបអង្ករដូចគេហ៊ុម  ហើយមានខ្ចីទុំទៅតាមកាល ។  ពេលនោះផ្ដើមមានអង្រែត្បាល់  បែនបុកដំដាល់មិនធូរស្រាល  យូរទៅកាន់តែនាំបណ្ដាល  ឲ្យកើតចិត្តពាលខូចអប្រិយ ។  ទើបតាំងលៃលកវាយចំណែក  វាស់វែងចាយចែកស្រូវសាលី  ឲ្យស្មើភាគគ្នាទាំងប្រុសស្រី  ចៀសវាងកើតក្ដីឈ្លោះទាស់ទែង ។  រួចហើយក៏បោះព្រំប្រទល់  កម្រិតមណ្ឌលសព្វកន្លែង  បង្កើតជាស្រែក្រឡាខ្វែង  ស្រណុកហួងហែងផ្សេងដោយឡែក ។  ពួកអ្នកទាំងនោះក៏ប្រកាន់  នាទីកំណាន់ខណ្ឌចំណែក  ទៅតាមកម្រិតស្រែគេចែក  ឃើញថាស្រួលឯកប្លែកក្នុងចិត្ត ។ 

(២៧៥) ប៉ុន្តែមិនយូរប៉ុន្មានសោះ  មានខ្លះឡេះឡោះខូចទុច្ចរិត  បានលួចស្រូវគេៗតាមកិត  ចាប់យកទៅប្រិតប្រៀនប្រដៅ ។  មួយលើកពីរលើកមិនរាងចាល  នាំឲ្យដាលរ៉ាលកើតមួម៉ៅ  អ្នកខ្លះចាប់បានរំពាត់ផ្ដៅ  ចិត្តឆៅខឹងខ្លាំងតាំងវាយដំ ។  អ្នកខ្លះដែលគ្មានកាន់រំពាត់  ក៏ឃើញធាក់ទាត់លាត់លោតច្រំ  ទាល់តែអ្នកនោះឈឺខ្លួនក្រំ  ធ្ងន់យ៉ាងដំណំស្ទើរជិតស្លាប់ ។  មិនមែនតែរឿងលួចមួយទេ  អកុសលកើតទ្វេជាលំដាប់  បន្តិចនេះនោះឈ្លោះអឺងអាប់  គ្មានមេស្ដីប្រាប់ឲ្យស្ដាប់បាន ។  ទើបហៅប្រមូលគ្នាចួបជុំ  ជំនុំរើសរកអ្នកក្លាហាន  ដែលមានរូបល្អសសមប្រាណ  សក្ដិខ្ពស់ថ្កើងថ្កានមានប្រាជ្ញា ។ 

(២៨០) ជាអ្នកទៀងត្រង់ផូរផង់ពិត  មារយាទគំនិតវិសេសថ្លា  ប្រតិភាណយល់ច្បាស់ចាស់ក្លៀវក្លា  លើកជាមេបារបស់ខ្លួន ។  ដើម្បីទូន្មានប្រៀនប្រដៅ  អ្នកដែលល្ងង់ខ្លៅឲ្យមាំមួន  ដាក់ទោសទណ្ឌកម្មចាំប្រថួន  ដល់អ្នករុកកួនឲ្យខ្លាចខ្លប ។  លុះបានពិគ្រោះអស់ពេលវែង  ឥតមានទាស់ខ្វែងក៏យល់ស្រប  ឃើញថារឿងនេះជារបប  សមសួនប្រកបតាមបំណង ។  គ្រានោះក៏បានបបួលគ្នា  រួសរាន់ម្នីម្នាទៅអឺងកង  ពពាក់ពពូនប្រុសស្រីផង  យកអ្នកចម្បងធ្វើជាមេ ។  ដល់ទីលំនៅបុរសម្នាក់  រូបរាងសមសក្ដិឆើតជាងគេ  ហាក់មានបុណ្យសាងពីបុព្វេ  ក៏តាំងរិះរេប្រាប់ដំណឹង ។ 

(២៨៥) តាមដោយដំណើរតាមខ្លួនប៉ង  មានគោលបំណងរកទីពឹង  អង្វរសូមយកជាពំនឹង  បង្អែកមាំរឹងតវែងឆ្ងាយ ។  បុរសបានស្ដាប់យល់ឃើញល្មម  ទទួលស្មគ្រព្រមដោយស្រស់ស្រាយ  រីមនុស្សទាំងអស់ក៏រីករាយ  ស្រែកហ៊ោសប្បាយលោតទះដៃ ។  រួចហើយទើបតាំងរៀបអភិសេក  សន្មតជាឯកអតិរេកក្រៃ  ឲ្យនៅស្រណុកសុខរាល់ថ្ងៃ  គឺលើកតម្លៃទុកជាមកុដ ។  កាលនោះពាក្យថា “មហាសម្មត”[២០]  ថ្លៃថ្លាអគ្គៈដ៏បរិសុទ្ធ  ក៏បានកើតឡើងមុនបំផុត  ពួកមនុស្សលំអុតតាំងតម្កល់ ។  នាមនេះបុរសបានទទួល  ស្រុះស្រួលសម្រួលតាមយោបល់  ដែលគេព្រមព្រៀងប្រឹងខ្វាយខ្វល់  តែងតាំងប្រគល់ក្នុងជាន់នោះ ។ 

(២៩០) កាលបានទទួលងារសក្ដិហើយ  មិននៅកន្តើយទទេសោះ  មហាសម្មតកត់ហៅឈ្មោះ  អ្នកមានរឿងឈ្លោះកាត់សេចក្ដី ។  ផ្សះផ្សាឲ្យបានជានឹងគ្នា  ផុតទោសនិន្ទាពុំគប្បី  អ្នកណាខុសល្មមបន្ទោសស្ដី  ណាធ្ងន់អប្រិយបំបរបង់ ។  តាមដោយដំណើររឿងពិតៗ  ត្រឹមត្រូវសុចរិតចិត្តផូរផង់  ឥតមានលម្អៀងឆៀងខ្វៀនខ្វង់  តម្រង់កែមនុស្សឲ្យសុខសាន្ត ។  ចំណែកខាងរឿងគ្រឿងបាយទឹក  ពេលល្ងាចនិងព្រឹកទាំងប៉ុន្មាន  ឥតមានលំបាកព្រួយ​រំខាន  បុរសនោះបានស្រួលជានិច្ច ។  ព្រោះគេតែងជូនស្រូវសាលី  ទាំងតៅទាំងល្អីតាមច្រើនតិច  ជាសួយអាករបំពេញកិច្ច  គ្មានពុតកលល្បិចក្រឡិចប្រែ ។ 

(២៩៥) ដោយមានទំនងទាក់ទងហេតុ  ប្រមុខលើខេត្តគឺស្រូវស្រែ  បុរសមានយសខ្ពស់ពូកែ  ស្រាប់តែបាននាមមួយទៀតថ្មី ។  ថា “ខត្តិយៈ[២១] ” វរៈវង្ស  ប្រសើរទ្រើសទ្រង់ខ្ពស់ពិសី  ពិសេសឧត្ដមសមល្បាញល្បី  មហាជនប្រុសស្រីស្រឡាញ់គ្រប់ ។  តមកបាននាមក្រោយបង្អស់  ឧត្ដុង្គឆើតស្រស់ដ៏លើសលប់  គឺនាម “រាជា[២២]” កំពូលភព  សឹងបានជាម្លប់យ៉ាងសាខា ។  អស់លោកអ្នកអានបានជ្រាបទេ  អ្នក “មេធំ” នេះគឺនរណា  ដែលឡើងជាស្ដេចសាច់ភ្លឺថ្លា  គ្រប់គ្រងរដ្ឋាកប្បបឋម ។  មិនមែនមនុស្សផ្ដាសសាសន៍វិបត្តិ  គឺពោធិសត្វគោត្ត-គោតម  ជាតិដែលព្រះអង្គផ្ចង់ខិតខំ  ស្វះស្វែងសន្សំសាងបារមី ។ 

(៣០០) ជាន់នោះទ្រង់យោនយកកំណើត  អន្ទោលកកើតក្នុងកប្បថ្មី  នៅក្នុងចំណោមជនប្រុសស្រី  ទ្រង់មានសិរីខ្ពស់បណ្ដាច់ ។  គេមានសេចក្ដីលំបាកចិត្ត  ព្រោះកើតវិបរិតមិនចេះស្រេច  ទើបលើកតាំងទ្រង់គង់ជាស្ដេច  ដើម្បីសម្រេចការក្នុងស្រុក ។  ចាប់តាំងពីនោះដូចថ្លែងហើយ  អ្នកអើយពួកជនដែលកើតទុក្ខ  ប្រកបការងារនៅជាសុខ  ផុតក្ដីអុកឡុកមុខស្រស់ស្រាយ ។  លុះវណ្ណៈក្សត្រកើតមុនរួច  ទើបផ្ដួចវណ្ណៈផ្សេងទាំងឡាយ  កើតឡើងបន្តពេញសុសសាយ  មានជាន់ថ្នាក់ក្លាយជាលំដាប់ ។  ព្រាហ្មណ៍ៈវេស្សៈសុទ្ទៈផង[២៣]  ជាពួកជាកងច្រើនតាន់តាប់  មានមុខរបរត្រូវកាន់កាប់  សម្រាប់ពួកក្រុមរៀងៗខ្លួន ។ 

(៣០៥) រីរឿងរលាយភពផែនដី  ហើយកើតជាថ្មីវិញមាំមួន  ដែលបានបរិយាយស្រាយតាមក្បួន  ប្រកបពាក្យចួនផ្ទួនហូរហែ ។  ព្រមទាំងបន្ថែមស៊ែមពាក្យពេចន៍  ឲ្យលាស់លូតលេចមានផ្កាផ្លែ  ជាគ្រឿងកម្សាន្តបានល្ហើយល្ហែ  សន្មតចប់តែប៉ុណ្ណេះហោង ។  បន្ទាប់ពីនេះសូមបញ្ជាក់  ដល់អស់លោកអ្នកទាំងពួងផង  អំពីរឿងនេះត្រូវទាក់ទង  តាមដោយទំនងដែលគួរយល់ ។  មនុស្សយើងកើតឡើងដំបូងផុត  ចិត្តថ្លាបរិសុទ្ធស្អាតនិម្មល  អាហារទិព្វឆើតកើតជួយផ្ដល់  ស្រេចស្រាប់ឥតខ្វល់អំពល់អ្វី ។  ប៉ុន្តែលុះតលំដាប់មក  តណ្ហាជ្រៀតជ្រកក្នុងចិត្តថ្មី  ធ្វើចិត្តឲ្យល្អក់ខូចអប្រិយ  ទូទាំងប្រុសស្រីគ្មានសល់ម្នាក់ ។ 

(៣១០) នាំឲ្យរបស់ស្រស់នោះឯង  ទៅជាតឹងតែងក្លែងអាប់អាក់  ដរាបសាបសូន្យអូនចុះធ្លាក់  យូរៗដល់ថ្នាក់លំបាកខ្លាំង ។  រាគៈទោសៈមោហៈប្រួត  លោភៈប្រកួតអួតប្រណាំង  នាំឲ្យរោលរាលដាលប្រឆាំង  ក្លាយជាចម្បាំងកាប់ចាក់គ្នា ។  សម្រុះសម្រួលលែងកើតសោះ  កញ្ជ្រោលបោលហោះគ្រប់ទិសា  ពុំដឹងជាស្ដាប់អ្នកខាងណា  ស្រវាយកត្រូវតែរៀងខ្លួន ។  គ្មាននរណាមួយអាចសម្រេច  កាត់ក្ដីឲ្យស្រេចល្មមសមសួន  អកុសលចេះតែកើតផ្ទួនៗ  រឹតថែមប្រថួនជាដរាប ។  លុះពេលវេលាកន្លងយូរ  ឥតមានស្រាលធូរកាន់តែដាប  ទាល់តែត្រូវភ្លើងឆួលឆេះឆាប  បង្ក្រាបកាត់ក្ដីទើបបានចប់ ។ 

(៣១៥) គឺច្បាប់ធម្មជាតត្រូវលាងលោក  ឲ្យជ្រះស្មោកគ្រោកកខ្វក់សព្វ  រួចហើយទើបតាំងសាត្រឡប់  បង្កើតពិភពវិញជាថ្មី ។  ថ្មីនេះយូរទៅៗជាចាស់  បាបកាន់តែក្រាស់ពាសពេញដី  ដរាបចុះយ៉ាប់អាប់សិរី  វិនាសវិញខ្មីទៀតជៀងជាក់ ។  វិលចុះវិលឡើងគ្មានចុងចប់  ត្រឡិនត្រឡប់ឥតឈប់អាក់  នេះឯងហៅថាសង្សារចក្រ  វិលដូចច្រវាក់គ្រឿងយានយន្ត ។  ពីស្លាប់ទៅកើតៗទៅស្លាប់  ច្របល់ផ្ងារផ្កាប់ច្រើនពេកពន់  សូម្បីពុទ្ធញ្ញាណមានលើសលន់  ស្ទើរតែគិតគណន៍រាប់ពុំបាន ។  ម្យ៉ាងទៀតរឿងនេះគួរយល់ថា  សព្វសង្ខារាអម្បាលម៉ាន  ដែលកកើតឡើងជារូបប្រាណ  យើងពុំគួរស្មានថាថេរឋិត ។ 

(៣២០) កុំថាតែសត្វក្នុងលោកិយ  មនុស្សទាំងប្រុសស្រីមានជីវិត  សូម្បីផែនដីធំក្រាស់ពិត  បព៌តរឿងឫទ្ធិយ៉ាងស្កឹមស្កៃ ។  សមុទ្រជ្រាលជ្រៅដ៏ឧឡារ  ធំធេងអស្ចារ្យសម្បើមក្រៃ  គង់តែមានកាលត្រូវហិនហៃ  ដោយភ្លើងប្រល័យក្ស័យឥតសល់ ។  យើងឃើញតែមនុស្សស្លាប់ញឹកញាប់ សត្វតិរច្ឆានងាប់ក៏ធ្លាប់យល់  លុះឮដីស្លាប់ស្រាប់តែឆ្ងល់  ហាក់ដូចអែកអល់ខ្វល់ចិន្ដា ។  ព្រោះធ្លាប់រស់នៅតែលើដី  តពូជប្រុសស្រីពីដូនតា  មិនដែលចាប់ភ្លឹកនឹកស្មានថា  ដីត្រូវមរណាស្លាប់ដែរសោះ ។  រឿងហ្នឹងមានតែព្រះជាម្ចាស់  ព្រះអង្គជ្រាបច្បាស់ប្រាកដស្មោះ  ជ្រាបទូទាំងភពគ្រប់កៀនកោះ  ឥតមានចន្លោះសោះសល់អ្វី ។ 

(៣២៥) ព្រះអង្គបានត្រាស់សម្ដែងហើយ  អ្នកអើយសង្ខារក្នុងលោកិយ  ទោះឥតវិញ្ញាណឬមានក្ដី  ធំតូចវែងខ្លីសុទ្ធតែស្លាប់ ។  ខុសគ្នាតែត្រង់កំណត់កាល  ខ្លះពាក់កណ្ដាលខ្លះយូរឆាប់  ចំណែកផែនដីយូររាប់កប្ប  គង់ត្រូវឱនអាប់ស្លាប់ដូចគ្នា ។  ធម៌នេះតែងមានសម្រាប់លោក  ដូចរោគដិតដាមតាមធម្មតា  តែមានជាតិហើយត្រូវចាំថា  គង់មានមរណាចៀសពុំបាន ។  យោបល់យ៉ាងខ្លីស្ដីប៉ុណ្ណេះ  បញ្ចប់ឈប់ស្លេះជាអវសាន  បើមាននៅខ្វះខ្លះសល់ខាន  សូមលោកអ្នកអានគិតផងចុះ !

  • [១]– យ៉ាងក្រៃលែង, ណាស់, បំផុត ។
  • [២]– ព្យាយាម, ខិតខំ ។
  • [៣]– ដែលកាត់ថ្លៃមិនបាន, ប្រសើរខ្ពង់ខ្ពស់ ។
  • [៤]– អត្តញ្ញសូត្រ
  • (សុត្តន្តបិដកភាគ ១៨ ទីឃនិកាយ បាដិកវគ្គ) ព្រមទាំងអដ្ឋកថា ។ សត្តសុរិយសូត្រ
  • (សុត្តន្តបិដកភាគ ៤៧ អង្គុត្តរនិកាយ សត្តកនិបាត) ព្រមទាំងអដ្ឋកថា ។ វិសុទ្ធិមគ្គ អភិញ្ញានិទ្ទេស ។
  • [៥]– “ក្បួន” ក្នុងទីនេះ សំដៅយកគម្ពីរបាលីដែលនិយាយពីរឿងពិភពលោក មិនមែនសំដៅយកក្បួនកាព្យទេ ។
  • [៦]– អ្នកប្រាជ្ញបុរាណខ្លះយល់ថា កប្បណាដែលមនុស្សលោកមានទោសៈខ្លាំង ត្រូវឆេះដោយភ្លើង ។ ដែលមានរាគៈខ្លាំងត្រូវរលាយដោយទឹក ។  [៧]– ទេវបុត្រម្នាក់ ហៅគូកនរបស់ខ្លួនដែលមានរាងរលកន្ទ្រលដូចធុង ហើយដែលនៅស្រុកក្រៅឆ្ងាយពីទីក្រុង ។  [៨]– កប្បវិនាសកមហាមេឃ
  • (ភ្លៀងធំបំផ្លាញកប្ប) ។
  • [៩]– សីហបាតគនៈ ហំសបាតនៈ កណ្ណមុណ្ឌកៈ រថការទហៈ អនោតត្តទហៈ, ធទ្ទន្តទហៈ, កុណាលទហៈ ។
  • [១០]– ឆកាមាវចរសួគ៌ឬទេវលោក ៦ ជាន់គឺ បាតុម្មហារាជិកា តាវត្តិង្សា យាមា តុសិតា និម្មានរតី បរនិម្មិតវសវតី ។
  • [១១]– ព្រហ្មលោក ១៦ ជាន់គឺៈ ព្រហ្មបរិសជា, ព្រហ្មបរោហិតា មហាព្រហ្មា បរិត្តាភា អប្បមាណាភា អាភស្សរា បរិត្តិសុភា អក្បមាណសុភា សុភកិណ្ហា វេហប្ផលា អសញ្ញិសត្តា អវិហា អតប្បា សុទស្សា សុទស្សី អកនិដ្ឋកា ។ ភ្លើងប្រល័យអស់ ៥ ជាន់គឺពីព្រហ្មបរិសជាដល់អប្បមាណាភា ។
  • [១២]– រាប់តាំងពីថ្នាក់អាភស្សរាឡើងទៅដែលភ្លើងឆេះមិនដល់ ។
  • [១៣]– ខ្យល់ផ្សេងមួយលើកទៀត ។
  • [១៤]– សន្មតនាមថា “សុរិយា” ព្រោះពន្លឺនោះក្នុងពេលដែលរះឡើងអាចបំបាត់នូវភ័យព្រួយរបស់សត្វ ហើយញ៉ាំងសូរភាពគឺសេចក្ដីក្លៀវក្លាឲ្យកើតឡើង ។
  • [១៥]– កំណត់នាមថា “ចន្ទ” ព្រោះពន្លឺនោះហាក់ដូចជាដឹងនូវ “ឆន្ទៈ”
  • (បំណងឬអធ្យាស្រ័យ) របស់សត្វទើបរះឡើង ។
  • [១៦]– កើតដំណាលគ្នាក្នុងថ្ងៃកំណើតនៃព្រះអាទិត្យនិងព្រះចន្ទ ។
  • [១៧]– ឈ្មោះវល្លិម្យ៉ាងមានរសជាតិផ្អែម មានសណ្ឋានដូចវល្លិត្រកួន ។
  • [១៨]– មានរសជូរប្រៃជាដើម ។
  • [១៩]– ភេទ លក្ខណៈ ឬ គ្រឿងសម្គាល់ថាប្រុសស្រី ។ អ្នកដែលធ្លាប់មានភេទជាប្រុសពីដើម គឺក្នុងកាលមុនភ្លើងឆេះកប្ប ពេលនោះបានទទួលភេទជាប្រុសវិញ ឯអ្នកដែលធ្លាប់ជាស្រីពីដើម ក៏មានទំនងដូចគ្នាដែរ ។
  • [២០]– មានន័យថា “អ្នកដែលមហាជនបានសន្មតតាំងឡើង ។
  • [២១]– ជាអធិបតីនៃខេត្តគឺស្រែចម្ការ ។
  • [២២]– អ្នកគ្រប់គ្រងបណ្ដាជនឲ្យបានសេចក្ដីរីករាយសប្បាយតាមគន្លងធម៌ ។ នាមទាំង ៣ គឺ “មហាសម្មត, ខត្តិយៈ, រាជា ” តាមក្នុងអគ្គញ្ញសូត្រហៅថា “អក្ខរៈ” បានសេចក្ដីថា “ពាក្យសម្រាប់កំណត់ដាក់ឈ្មោះ ឬសម្រាប់បញ្ញត្តហៅ ។ ពាក្យទាំងនេះ មិនមែនទើបនឹងកើតមានថ្មីក្នុងបឋមកប្បនេះទេ គឺជាច្បាប់ចាស់មានមកតាំងពីបុរាណកាល
  • (តាំងពីកប្បមុនៗ) លុះដល់មកក្នុងកប្បថ្មីនេះ គឺជាកាលសម្បត្តិ ឬ កាលៈទេសៈ នាំបណ្ដាឲ្យពពួកសត្វនឹកឃើញអក្ខរៈដើមនោះយកមកសន្មតកំណត់ដាក់នាមដល់អ្នកដែលត្រូវបានឡើងជាស្ដេចជាដំបូង ។ សព្វថ្ងៃនេះនៅប្រទេសយើងនាមទី ១ គឺមហាសម្មតៈ មិនដែលឃើញប្រើទេ មានប្រើតែនាមទី ២ គឺ ខត្តិយៈ ឬ ខត្តៈ
  • (បា) ក្សត្រិយ៍ ឬ ក្សត្រ
  • (សំ) និងនាមទី ៣ គឺរាជាតែប៉ុណ្ណោះ ។
  • [២៣]– ព្រាហ្មណ៍ៈ
  • (ព្រាហ្មណ៍ គឺអ្នកបង្ហាត់បង្រៀនវេទមន្ត) វេស្សៈ ឬវៃស្យៈ
  • (អ្នកប្រកបការងារផ្សេង ៗ មានពាណិជ្ជកម្មជាដើម) សុទ្ទៈ ឬសូត្រៈ អ្នកស៊ីឈ្នួលលីសែង គឺកម្មករ) ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦២    

បញ្ចេញយោបល់ ៖