រឿង ទេវទត្តនិងពោធិសត្វកើតជាស្វា

សាស្ត្រាចារ្យ ឈឹម – ស៊ុម តែងជាកាព្យ
បទពំនោល 

រឿង  ទេវទត្តនិងពោធិសត្វកើតជាស្វា  បទពំនោល 

(១)  អតីតកាលកន្លង  ភពកាន់រំលង  វែងឆ្ងាយយូរយារហើយណា  ។  កាលណោះមែនមានសត្វស្វា  ច្រើនក្រៃត្រៀបត្រា  នៃព្រៃហេមវាក្បាលស្ទឹង  ។  គង្គាជលធាធំល្វឹង  ហូរចុះសន្ធឹង  ធំល្វឹងកម្រឆ្លងបាន  ។  ពានរិន្ទពុនពូជហនុមាន  កិរិយាឈ្លានពាន  ទន្ទ្រានជិះជាន់ដណ្ដើម  ។ 

(៥)  យកទីជាស្ដេចស្វាឆ្នើម  ហើយហ៊ានហែកថ្លើម  ពួកស្វាណាមិនគោរព  ។  តាំងខ្លួនជាម្ចាស់ពិភព  ព្រឹក្សាព្រៃជប់  ព្រៃជាំជំនាប់ហេមវន្ត  ។  ស្វាឈ្មោលទាំងរយទាំងពាន់  ត្រូវពានរិន្ទជាន់  ចាប់ជិះសំឡេះ​សម្លាប់  ។  នៅតែស្វាញីតាន់តាប់  រស់នៅសម្រាប់  ធ្វើប្រពន្ធវាម្នាក់ឯង  ។  ស្វាញីកើតកូនរទែង  កូនញីវាលែង  លោះលាឲ្យមានជីវិត  ។ 

(១០)  កូនឈ្មោលវាពុំអាណិត  ធ្វើហាក់ផ្ដេកផ្ដិត  ហើយគិតគ្រញិចក្ស័យអស់  ។  មានមេស្វាមួយសប្បុរស  ចង់ឲ្យកូនរស់  ក៏ភៀសហែលទឹកឆ្លងទៅ  ។  តាំងពីកូននោះឋិតនៅ  ក្នុងផ្ទៃមើលទៅ  ពុំដឹងជាឈ្មោលឬញី  ។  លុះផ្ទៃគ្រប់ខែពេញទី  ទើបនាងស្វាញី  ប្រសូតកូនឈ្មោលល្អក្ដាត់  ។  គឺជាព្រះពោធិសត្វ  ដែលត្រាច់រង្គាត់  មកចាប់ជាតិជាកូនស្វា  ។ 

(១៥)  លោកនៅជាមួយមាតា  ដឹងក្ដីកាលណា  សួររកបិតាបានដឹង  ។  ជាបិតាអាក្រក់ម្ល៉ឹង  ទើបលោកខំប្រឹង  ហាត់ប្រាណបានស្ទាត់កីឡា  ។  ព្រឹកឡើងឡើងបេះផលា  មកឲ្យមាតា  ភោក្ដាខ្លួនឯងសម្រន់  ។  ល្មមតែមានកម្លាំងគ្រាន់  ក៏ស្ទុះបំភាន់  ឲ្យមាតាដេញតាមចាប់  ។  ឡើងចុះលោតផ្លោះប្រញាប់  ឲ្យម្ដាយដេញចាប់  ប្រញាប់លោតហក់គេចកែ  ។ 

(២០)  ឈមមុខខាងណេះហើយបែរ  បត់ប្រាសគេចកែ  បែរមកខាងណេះវិញភ្លែត  ។  មាតាស្រវាចាប់ឃែត  កូនគេចចេញភ្លែត  ម្ដាយហត់ម្ហ៊ែតៗនៅស្ងៀម  ។  ធ្វើយ៉ាងនេះជាទំនៀម  ពុំដែលនៅស្ងៀម  ពេលព្រឹកណាមួយសោះឡើយ  ។  ទាល់តែចម្រើនធំហើយ  ក៏ពុំកន្តើយ  ខំហាត់អត្តពលកម្ម  ។  អស់កាលយូរខែយូរឆ្នាំ  អត្តពលកម្ម  ចងចាំគ្រប់ល្បិចកិច្ចល្បង  ។ 

(២៥)  ស្ទុះលោលោតផ្លោះរំលង  លង្វែកមែកផង  មិនបាច់មានបង្គងសួ  ។  ហែលទឹកមិនបាច់មានស្នួ  ហ៊ានហែលឆ្លងជួរ  ទឹកជ្រោះហូរចុះចំហុង  ។  រំលិចទឹកជ្រៅសន្លុង  ហ៊ានលោតប្លោតប្លុង[៥]  ទៅក្នុងជលធារធ្នារទឹក  ។  មុជលើកដុំថ្មសន្ធឹក  ស្រង់ផុតពីទឹក  ឥតពូជស្វាណាធ្វើដូច  ។  ព្រោះហេតុលោកគិតពីតូច  ថានឹងបង្ខូច  គំនិតអាក្រក់បិតា  ។ 

(៣០)  បើអញទៅដល់កាលណា  ពានរិន្ទស្ដេចស្វា  ស្រវាចាប់អញអញគេច  ។  បើចាប់អញបានហើយឈ្លេច  អញមិនរត់គេច  អញប្រឹងឲ្យដឹងកម្លាំង  ។  បើបិតាក្លៀវក្លាខ្លាំង  អញនឹងប្រឆាំង  រុញចែវឲ្យចូលក្នុងស្ទឹង  ។  បើម្ល៉ឹងហើយគាត់នៅប្រឹង  គង់ធ្លាក់ក្នុងស្ទឹង  លង់ឈ្លក់ផ្សេសៗពុំខាន  ។  ច្នេះគាត់នឹងទ្រាំពុំបាន  នឹងបន្ទន់ប្រាណ  អញបានឱកាសប្រដៅ  ។ 

(៣៥)  ឲ្យគាត់កម្ចាត់ក្ដីក្ដៅ  ជម្រះកម្លៅ  ឲ្យនៅជាសុខសប្បាយ  ។  លុះដល់ឥទ្ធិពលពណ្ណរាយ  ទើបលោកនាំម្ដាយ  ឆ្លងចូលទៅក្នុងហ្វូងធំ  ។  ពានរិន្ទពិនរាជឧត្ដម  នៅក្នុងហ្វូងធំ  បានឃើញភរិយាមកដល់  ។  មានទាំងកូនឈ្មោលវិមល  ដែលពុំធ្លាប់យល់  ក៏ស្ទុះមកសាកសួរថា  ។  អានេះឯងមកពីណា  ឯងជាពូជស្វា  ក្រៅវង្សចង់រករឿងឬ  ។ 

(៤០)  ព្រះពោធិសត្តបានឮ  ឆ្លើយថាខ្ញុំគឺ  ជាបុត្របិតានេះឯង  ។  កាលមាតាដាច់សង្វែង  ព្រាត់ទៅម្នាក់ឯង  បានប្រសូតខ្ញុំឯណោះ  ។  ខ្ញុំពុំស្គាល់បិតាសោះ  ទើបត្រាច់ចរឆ្ពោះ  មករកបិតាហ្នឹងឯង  ។  ពានរិន្ទឈានជើងចំទែង  លូកដៃប្រឡែង  ថាឯងជាបុត្របិតា  ។  ឥឡូវឪសុំថើបបា  ជាទីស្នេហា  ចូរបាមកអាយណា៎ពៅ  ។ 

(៤៥)  ពោធិសត្តលុតលូនទៅ  ហត្ថប្រណម្យនៅ  នែបនិត្យជិតជាប់ឱរា  ។  ពានរិន្ទឱបក្ដោបកាយា  រួបរឹតហត្ថា  ប្រាថ្នាគ្រញិចឲ្យស្លាប់  ។  ជើងជាន់ដៃឱបយ៉ាងខ្ជាប់  ម្រាមនិងម្រាមចាប់  ចាក់ស្រេះប្រឡេះពុំបាន  ។  មាត់ហាចង្គ្រុងប្រុងប្រាណ  នឹងខាំបំពាន  ទន្ទ្រានកកេរឲ្យស្លាប់  ។  ពោធិសត្តសោតប្រញាប់  លើកដៃជ្រោងចាប់  បំពង់កជាប់ដូចច្បោះ  ។ 

(៥០)  គួយដៃគះគារំសោះ  ដើម្បីនឹងដោះ  ខ្លួនឲ្យរួចចេញទៅវិញ  ។  ម្រាមដៃពានរិន្ទនោះមិញ  គ្រេចចេញឈាមព្រិញ  ដោះវិញប្រញាប់លែងចាប់  ។  ឱរារកកល់ប្រេះស្លាប់  ញ័រមាត់ប៉ប្រ៉ាប់  ឈឺកស្លឈាមមួយគ្រា  ។  ប៉ុន្តែកម្លាំងក្រោធា  ធ្វើឲ្យស្ដេចស្វា  មិនព្រមចុះចាញ់សោះឡើយ  ។  ទ្រឹងមួយស្របក់នៅហើយ  ស្ទុះមកបង្កើយ  ថានៃអាហ្អើយបើចង់  ។ 

(៥៥)  ដឹងតេជះដៃពានរង្គ  ឯងកុំបង្អង់  កុំរាកុំរង់ឡើយណា  ។  ចូរប្រឹងប្រណាំងចេស្ដា  លើចុងព្រឹក្សា  បើថាអាឯងគ្រាន់បើ  ។  ពោធិសត្តឆ្លើយថាយើ  ឪខ្ញុំទេតើ  ម្ដេចធ្វើអំពើយ៉ាងហ្នឹង  ។  ទ្រមម្ល៉េះហើយចេះតែប្រឹង  ម្រាមដៃគ្រេចម្ល៉ឹង  ចង់ប្រឹងលើចុងព្រឹក្សា  ។  ប៉ុណ្ណឹងចុះណា៎បិតា  លើចុងព្រឹក្សា  ខ្ញុំរឹតក្លៀវក្លាជាងនេះ  ។ 

(៦០)  កុំថាលើគោកដូច្នេះ  បើជនណាចេះ  ច្បាំងក្នុងទឹកខ្ញុំក៏ហ៊ាន  ។  ហេតុនេះសុំឪអាក់ខាន  កុំធ្វើបំពាន  លើអ្នកឥតទោសដូច្នេះ  ។  ពានរិន្ទឮហើយស្ទើរប្រេះ  ឱរារបេះ  ថ្លើមធ្លាក់លើព្រះធរណី  ។  ខឹងឃោរក្ដៅដូចព្រះអគ្គី  ស្ទុះមកនឹងឈ្លី  ឲ្យខ្ទេចឲ្យខ្ទីជើងដៃ  ។  ប៉ុន្តែពោធិសត្តថ្លៃ  រហ័សពេកក្រៃ  ស្ទុះវៃថយផុតពីមុខ  ។ 

(៦៥)  ពានរិន្ទទង្គិចទង្គុក  នឹងគល់ឈើចុក  ទ្រ​ទាំងណែនគាំងអែនអន  ។  ទ្រឹងមួយស្របក់លោតភ្លន  ស្រវាតោងគន  ចាប់គល់កន្ទុយយ៉ាងមាំ  ។  ពោធិសត្តរត់អូសនាំ  ទង្គិចគល់គ្រាំ  ស្វាឪក្រញាំឈាមមាត់  ។  នៅតែតោងស្អិតពេកក្ដាត់  ទោះបីរត់កាត់  ព្រៃញៀតស្បាតក៏ពុំលែង  ។  តោងគ្នាឡើងដើមអញ្ចែង[៦]  និងដើមកម្រែង[៧]  បង្គាបបែកខ្នែងស្ញែស្ញុក  ។ 

(៧០)  កូនរុលរួចជាប់ឪពុក  ក្នុងបង្គាបស្មុគ  ស្មូញស្មាញបូញបាញធ្មេញស្ញេញ  ។  កូនគិតអាណិតដោះចេញ  លំអុតលំគេញ  សូមឲ្យបន្ថយកំហឹង  ។  ស្វាឪក្រញូវខ្ញូវខ្ញឹង  ទោះបីទ្រមម្ល៉ឹង  ក៏ប្រឹងស្រវាឱបទៀត  ។  ប្រចាប់ប្រជែងជ្រែងជ្រៀត  បំបែរបំបៀត  ពានរិន្ទភ្លាត់ស្នៀតធ្លាក់ស្ទឹង  ។  ខំស្ទុះលោតពេញទំហឹង  ឡើងពីមាត់ស្ទឹង  ខំប្រឹងឥតមានសំចៃ  ។ 

(៧៥)  កូនចាប់ជើងជាប់ខ្វៃៗ  ដៃម្ខាងចាប់ដៃ  ផ្អោបជាប់ផ្ទាប់ជិតឱរា  ។  បីទ្រពនាំស្ដេចស្វា  ចុះក្នុងគង្គា  សួរថាប៉ាចង់មុជទឹក  ។  ឬមួយក៏ប៉ាចង់ផឹក  ទឹកសួរ្ស៍[៨]សន្ធឹក  ហូរចេញពីរូងថ្មដា  ។  អ្ហ៎ៈឥឡូវខ្ញុំនាំប៉ា  មុជជ្រែកគង្គា  ចូលរូងថ្មដាផឹកទឹក  ។  ពានរិន្ទភិតភ័យពន្លឹក  ឮថាមុជទឹក  ក៏នឹកថាឱអញស្លាប់  ។ 

(៨០)  ទើបអង្វរករប្រញាប់  ថាកូនកុំចាប់  ប៉ាសូមចុះចាញ់ហើយកូន  ។  ពោធិសត្តសោតលំអូន  លំអុតទន្ទោន  ថាកូនឥតមានប្រទូស្ត  ។  ប៉ុន្តែឪឯងរឹងរូស  ខំប្រឹងប្រទូស្ត  នឹងខ្ញុំដែលឥតទោសសោះ  ។  តទៅកុំធ្វើដូច្នោះ  នាំខូចកេរ្តិ៍ឈ្មោះ  ពីព្រោះខុសច្បាប់អ្នកធំ  ។  បិតាជានាយឧត្ដម  ធម្មជាតិរៀបចំ  ឲ្យជានាយកលើកូន  ។ 

(៨៥)  ច្បាប់ថាត្រូវតែល្អូកល្អូន  ចិត្តស្ងួនទន្ទោន  រកកូនជានិច្ចប្រក្រតី  ។  ឪមិនត្រឹមតែជាបិ-  តាយើងប្រុសស្រី  ជាព្រះចក្រីថែមទៀត  ។  ហេតុនេះគួរតែប្រឹងឆ្លៀត  កុំឲ្យរវាត  ពីច្បាប់សម្រាប់នាយក  ។  បើនាយប្រើចិត្តតក់ម៉ក់  ជាធម៌គម្រក់  ឈ្លីឈ្លក់ជិះជាន់ពលឯង  ។  ឲ្យខ្មោចណាវាកោតក្រែង  នាយជាន់ពលឯង  អាយូសមិនវែងទេឪ  ។ 

(៩០)  ហេតុនេះតាំងពីឥឡូវ  ឪត្រូវស្វែងត្រូវ  តាមខ្ញុំនាំផ្លូវកុំខាន  ។  ស្ដេចស្វាថាឱកល្យាណ  អ្នកពោលទូន្មាន  មកទាំងប៉ុន្មានឪតាម  ។  ថាហើយនាំគ្នាវិលភ្លាម  ចរត្រាច់ទៅតាម  រកហ្វូងស្នំស្និទ្ធស្រឹង្គារ  ។  ចៅជិតចៅចមបរិពារ  ចេញមកខ្ញៀវខ្ញារ  មេនាងមេចៅចួបជុំ  ។  នៅនិត្យចួបជិតជាក្រុម  ជាសុខពិតពុំ  មានមោះគ្រោះថ្នាក់អ្វីឡើយ  ។ 

(៩៥)  ដោយសារបានទីពឹងហើយ  ដូចអ្នកដល់ត្រើយ  បានស្បើយចាកភ័យអន្តរាយ  ។  ពួកស្វាលុះសុខសប្បាយ  កូនដូចគេរាយ  រស់នៅទាំងញីទាំងឈ្មោល  ។  ពោធិសត្តជាបង្គោល  ឲ្យស្វាញីឈ្មោល  ពឹងផ្អែកជ្រកកោនគ្រប់គ្នា  ។  សាមគ្គីសាមគ្គា  រួមរស់រាល់គ្នា  មានសេរីភាពស្មើមុខ  ។  តមកស្ដេចស្វាជាទុក្ខ  គិតថាទៅមុខ  អញអស់អំណាចសូន្យឈឹង  ។ 

(១០០)  ព្រោះតែអាដែងកូនហ្នឹង  វាជាទីពឹង  នៃពួកពលស្វាទាំងអស់  ។  កូននេះបើវានៅរស់  វាឲ្យអញអស់  ជន្មាយុផងពុំដឹង  ។  ដូច្នោះគួរឲ្យទៅស្ទឹង  រំលិចធំល្វឹង  ព្រៃស្ដុក[៩]ស្រោងស្រឹងមានស្រះ  ។  ឈូកផ្កាត្រៀបត្រាក្រៃក្រាស់  អារក្សកាចណាស់  នោះច្បាស់ជាវានឹងស្លាប់  ។  គិតស្រេចស្ដេចស្វាប្រញាប់  ហៅកូនមកឆាប់  ប្រាប់ថាកូនស្ងួនឪពុក  ។ 

(១០៥)  អ្នកឯងតែងបំបាត់ទុក្ខ  ធ្វើឲ្យបានសុខ  ដល់ពួកពលស្វាគ្រប់គ្នា  ។  ប៉ុន្តែមាសមិត្រពុំងា  ពុំទាន់បានជា  ស្ដេចស្វាពេញមុខនៅឡើយ  ។  ដូច្នេះកូនកុំកន្តើយ  កុំផ្សូរផ្សងឡើយ  ចូរកូនទៅរកឧប្បល[១០]  ។  នោះហ្នដែលមើលទៅយល់  ព្រៃស្ដុកមណ្ឌល[១១]  មានស្រះឧប្បលនៅនោះ  ។  ត្រូវកូនមាសស្ងួនចូលឆ្ពោះ  ចុះក្នុងស្រះនោះ  បេះផ្កាឧប្បលប្លែកៗ  ។ 

(១១០)  ឈូកសក្រហមចម្លែក  ស្បង្ក័ជផ្កាបែក  ត្របកមួយរយស្រទាប់  ។  ឲ្យបានផ្កានោះមកឆាប់  ឪនឹងរណ្ដាប់  រៀបអភិសេកឲ្យបា  ។  បានសោយរាជ្យ​ជាស្ដេចស្វា  កបដោយចេស្ដា  ថ្លៃថ្លាឧត្ដមសមសក្តិ  ។  ព្រះពោធិសត្តស្ដាប់ជាក់  ក្រពុំហត្ថដាក់  លើត្បូងសិរសាប្រណម្យ  ។  ចំពោះសម្ដេចបរម  បិតាជាធំ  ហើយទៅសំដៅស្រះស្រង់  ។ 

(១១៥)  លោកមានស្មារតីតម្រង់  សម្បជញ្ញៈផ្ចង់  ឥតធ្វេសប្រហែសឡើយណា  ។  ពិនិត្យមើលស្នាមបាទា  សត្វផងនានា  ឃើញសុទ្ធតែស្នាមជើងចុះ  ។  ឥតឃើញស្នាមជើងឡើងសោះ  យល់ថាមានគ្រោះ  អាក្រក់ក្នុងស្រះនោះឯង  ។  ស្រះនោះពិតជាកន្លែង  អារក្សទឹកតែង  តែចាប់សត្វបរិភោក្ដា  ។  យល់ច្បាស់ឥតមានសង្កា  លោកក៏រេរា  ពុំហ៊ានឈានចុះចូលទឹក  ។ 

(១២០)  គន់ឃើញផ្កាឈូកសន្ធឹក  ដុះក្បែរមាត់ទឹក  ទើបទៅបេះកាច់មកគរ  ។  បានផ្កាច្រើនមួយគំនរ  បម្រុងត្រាច់ចរ  យាត្រាត្រឡប់វិលវឹង  ។  អារក្សទឹកនៅជិតហ្នឹង  នេត្រាសម្លឹង  សម្លក់ពិនិត្យចរិយា  ។  យល់ជាអ្នកមានប្រាជ្ញា  ស្មារតីថ្លៃថ្លា  ឫកពាកិរិយាក្លាហាន  ។  ទើបយក្សប្លែងភេទផ្លាស់ប្រាណ  ជាមនុស្សសាមាន្យ  បានដើរចរចូលមកជិត  ។ 

(១២៥)  សម្លឹងហើយរឹងពេញចិត្ត  ព្រោះហេតុឃើញពិត  ជាអង្គបណ្ឌិតគ្រប់លក្ខណ៍  ។  នឹងបានជានាយសោភគ្គ  ជាទីពឹងពាក់  នៃពូជពង្សវង្សពានរ  ។  ទើបសូត្រស្លុតី[១២]បវរ  សរសើរពានរ  ដោយបទព្រះគាថាថា  ៖  យស្សេតេ  ច  តយោ  ធម្មា    វានរិន្ទ  យថា  តវ  ទក្ខិយំ  សុរិយំ  បញ្ញា    ទិដ្ឋំ  សោ  អតិវត្តតិ  ។

  • [៥]  ប្លុង  ជាភាសាបារាំង  ។  កិរិយាសព្ទ  គេសរសេរ  PLONGER,  នាមសព្ទ  គេសរសេរ  PLONGEON  ដូចគ្នានឹងភាសាខ្មែរថា  ៖  ប្លោង,  ការប្លោង  ។ 
  • [៦]  ឈ្មោះឈើមួយយ៉ាងដើមធំខ្ពស់  មែកសាងញ៉ាង  ។ 
  • [៧]  ឈ្មោះឈើមួយយ៉ាងដើមធំខ្ពស់  សាច់រឹងដូចគ្នានឹងដើមកែស  ស្លឹកដូចស្លេកក្រាមរមាស  មែកបែកខ្នែងក្លិកក្លក់ដង្គុំសាងញ៉ាង  ។ 
  • [៨]  សួរ្ស៍  ភាសាបារាំង  សរសេរ  Source  អានថា  សួក  ។  គឺទឹកស្អាតហូរចេញពីរូងថ្មជ្រោះភ្នំ  ។  បាលីហៅថា  វភវោទក  ។ 
  • [៩]  ព្រះស្ដុក  (ជើង  ដ)  គឺព្រៃញៀតស្បាតដុះរួបរឹតជិតឈើធំ  ៗ  ក្នុងទីទំនាប  ។  ត្រពាំងឬបឹងដែលមានដុះឈើពេញក្នុងទឹក  ក៏គេហៅថាស្ដុកដែរ  (ត្រពាំងស្ដុក,  បឹងស្ដុក)  ។ 
  • [១០]  ឧប្បល  គួរអានថា  ឧបបល់  ប៉ុន្តែទម្លាប់អានថា  ឧបុល  ដូចភទ្របទ  ទម្លាប់អានថា  ភាត់ទ្រះបុត,  វិតក្ក  ទម្លាប់អានថា  វិតុក្ក,  ឧសភ  ទម្លាប់អានថា  ឧសុប  ។ 
  • [១១]  មណ្ឌល  ប្រែថា  មូលដង្គុំ  ។ 
  • [១២]  បា.  ថុតិ,  សំ.  ស្តុតិ  ;  ខ្មែរស្លុតី  អានថា  ស្លុតដី (សេចក្ដីសរសើរ)  ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៦