នាយកធម៌ប្រាំមួយប្រការ

សាស្ត្រាចារ្យ ឈឹម – ស៊ុម តែងជាកាព្យ
បទកាកគតិ

(១)  ១ គឺខមា  ការទប់កិរិយា  អំណត់អត់ធន់  ឆ្ពោះហេតុក្នុងក្រៅ  ទោះស្រាលទោះធ្ងន់  ខមាការធ្ងន់  មានបីប្រការ  ។  ការអត់ធន់កាយ  មិនប្រទូសរ៉ាយ  វាយដំប្រហារ  ដាល់តប់ទាត់ធាក់  យុកយាក់ដូចមារ  មិនឲ្យអសារ  បង់ការព្រោះកាយ  ។  ការអត់វាចា  មិនជេរផ្ដាសា  បញ្ចោរហុយហាយ  ស្ដីដៀលដល់ពូជ  ប្រដូចដល់ម្ដាយ  មិនឲ្យអន្តរាយ  ព្រោះតែសម្ដី  ។  ការអត់ធន់ចិត្ត  មិនឲ្យវិបរិត  កើតចិត្តអប្រីយ៍  ខឹងឃោរឆុរឆេវ  ប៉េវដូចអគ្គី  មិនឲ្យធរណី  ឆេះព្រោះភ្លើងចិត្ត  ។  (៥)  ២ ជាគរិយៈ  គឺសម្បជញ្ញៈ  នឹកឃើញការណ៍​ពិត  គឺភ្ញាក់ស្មារតី  សម្ភីពិនិត្យ  ការក្រឆ្ងាយជិត  ពិនិត្យឥតធ្វេស  ។  ៣ ឧដ្ឋានៈ  គឺវីរិយៈ  ក្រវើនក្រោកក្រេស  ខំធ្វើការងារ  ក្នុងក្រៅប្រទេស  មិនលង់ទ្រនេស  ក្នុងការទ្រមក់  ។   ៤ សំវិភាគ  គឺការលះលាក  តាមបែបទាយក  ការចែករំលែក  ដល់បដិគ្គាហក[១]  សូម្បីទឹកជ្រក់  ក៏ចែកតាមមាន  ។  ៥ គឹទយា  អាណិតគ្នីគ្នា  ជាញាតិសន្ដាន  យល់តាមសណ្ដាប់  ធ្លាប់ពីបុរាណ  និយមរាប់អាន  ឲ្យបានក្ដីសុខ  ។  ៦- ឥក្ខណា  ការគន់ត្រួតត្រា  ពិចារណាជ្រើសមុខ  កិច្ចការគ្រប់យ៉ាង  មិនយោកគ្រលុក  រៀបឲ្យដឹងមុខ  សម្រាំងសម្រេច  ។

(១០)  ធម៌ប្រាំមួយនេះ  ជនណាចាំចេះ  កាន់កាប់ជាប់ស្រេច  ជននោះថ្លៃថ្លា  ឧបមាដូចពេជ្រ  គួរតាំងសម្រេច  ជានាយយើងបាន  ។  តែជនទាំងឡាយ  នាលោកិយអាយ  ច្រើនតែទន្ទ្រាន  ដណ្ដើមតំណែង  ហើយតែងឈ្លានពាន  រំលោភពុំមាន  មេត្តាករុណា  ។  ច្រើនតែឈ្នានីស  កិរិយាជាន់ជិះ  ដោយចិត្តឫស្យា  ច្រណែនខ្លាចស្មើ  ខ្លាចលើអាត្មា  ម្ល៉ោះហើយផ្ដន្ទា  ពង្រឹលពង្រេច  ។  ហេតុនេះបុរាណ  ពោលតាមលំអាន  ជាភាសិតស្រេច  ថារីនាយល្អ  ក្រមានដូចពេជ្រ  នាយក្លាហានស្រេច  កិច្ចការសុខសាន្ត  ។  គឺថានាយល្អ  ពិតជាមហាក្រ  កម្ររកបាន  ព្រោះលំបាកជ្រើស  រើសរកកល្យាណ  គ្រប់លក្ខណ៍ដូចបាន  សម្ដែងមកនេះ  ។

(១៥)  បើបានកល្យាណ  ល្អហើយក្លាហាន  មានទាំងចំណេះ  ចំណាំចាំច្រើន  ក្រវើនតាមចេះ  នាយកយ៉ាងនេះ  ទើបយើងជ្រកបាន  ។  ខ្ញុំសូមស្រដី  តាមបទបាលី  ជារឿងនិទាន  ដើម្បីបញ្ជាក់  នាយល្អក្លាហាន  កម្ររកបាន  បើមានបានសុខ  ។ 

[១] អានថា បៈដិកគាហ៊ក់ (អ្នកទទួល)  ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៦