ពាក្យ​ព្រេង​ប្រដៅ

កាព្យពាក្យ  ៧

នេះពាក្យទំនៀមបូរាណមុន  ទូន្មានមហាជនតទៅមុខ  ឲ្យអស់កូនចៅផងចាំទុក  ទើបបានទីសុខមកដល់ខ្លួន  កុំឲ្យលួចគេវាធ្លាប់ដៃ  កុំដេកថ្ងៃវាធ្លាប់ខ្លួន  កុំឲ្យស្ដីញាប់វាធ្លាប់ស្ទួន  កុំឲ្យថ្មមខ្លួនវាធ្លាប់ខ្ជិល  កុំឲ្យស៊ីច្រើនវាច្រើនខ្ជិល  កុំឲ្យកកិលវាធ្លាប់ឫក  កុំឲ្យស្ងៀមដៃវាធ្លាប់ល្ងង់  កុំឱបជង្គង់វាធ្លាប់ស្ពឹក  កុំឲ្យជួរួវាទ្រមឹក  កុំឲ្យឆ្មើងឫកគេស្អប់ខ្លួន  កុំឲ្យរួសពេកវាបែកបាក់  កុំឲ្យថ្មមថ្នាក់វាបាត់ស្ងួន  កុំឲ្យជួជោកវាថោកខ្លួន  កុំឲ្យវេះពួនវាបាត់មុខ  កុំឲ្យម្នះពេកវាបែកមិត្រ  កុំឲ្យទ្រុស្តស្និទ្ធវាបាត់សុខ  កុំឲ្យលើកខ្លួនវាស្ទួនទុក្ខ  កុំឲ្យស្ដីចាក់រុកវាអប្រីយ៍  កុំធ្វើឲ្យវាស្នេហាវាបែរឃ្លាត  កុំឲ្យទ្រុស្តញាតិវាបង់ក្ដី  កុំឲ្យហ៊ានហួសអាយុខ្លី  កុំឲ្យជេរស្រីវាបង់ទ្រព្យ  កុំឲ្យស៊ីពេកវាបែកពោះ  កុំឲ្យឡេះឡោះវាខានគាប់  កុំឲ្យខុសរឿយវាអភព្វ  កុំឲ្យលេលាប់វាធ្លាប់ចិត្ត  បើម្ង៉ៃនឹងចេះឲ្យគេកោត  បើម្ង៉ៃនឹងឆោតឲ្យគេអាណិត  បើម្ង៉ៃនឹងហ៊ានឲ្យមានចិត្ត  បើម្ង៉ៃនឹងគិតឲ្យបានការ  បើម្ង៉ៃនឹងឲ្យកាចឲ្យពេញវង់  បើម្ង៉ៃនឹងល្ងង់ឲ្យផុតថា  បើម្ង៉ៃនឹងប្រាជ្ញាឲ្យបានការ  បើម្ង៉ៃនឹងគេថាឲ្យបានខ្នាត  ។

ឲ្យរៀនអត់ឱនពាក្យដូនតា  ឲ្យរៀនវិជ្ជាការសិល្បសាស្រ្ត  ឲ្យរៀនចិត្តធ្ងន់កុំប្រមាទ  ឲ្យខំសង្វាតរកទ្រព្យធន  ឲ្យរៀនតម្រាសណ្ដាប់ធី  ឲ្យខំរកស៊ីកុំលួចប្លន់  ឲ្យសង្រ្គោះញាតិមានអាសន្ន  ឲ្យចេះអត់ធន់កុំក្រេវក្រោធ  ឲ្យចេះត្រង់ណាឲ្យមាំមួន  ឲ្យចាំច្បាប់ក្បួនតម្រាសោត  ឲ្យពេញជាប្រាជ្ញលោកិយកោត  ឫកសោតឲ្យសមជាប្រាជ្ញប្រាយ  ឲ្យចងឲ្យចាំទំនៀមព្រេង  ឲ្យចេះចាំចែងបទបរិយាយ  ឲ្យរាប់ព្រេងលានញាតិជិតឆ្ងាយ  ឲ្យផ្សាយមេត្តានឹងផលផង  ឲ្យស្គាល់ទាបខ្ពស់ដរាបទៅ  ឲ្យស្គាល់ប្រាជ្ញខ្លៅនូវរៀមច្បង  ឲ្យចងចាំចិត្តគិតខ្លាចហ្មង  ឲ្យត្រងឲ្យត្រាប់ច្បាប់ជាធម្មតា  ឲ្យមានមេត្តាប្រយត្នទោស  ឲ្យខំសន្ដោសលស់វេរា  ឲ្យមានមេត្រីប្រណីគ្នា  ឲ្យជាប់ឲ្យជាធម៌ខន្តី  ។

បទកាកគតិ  តពីសេចក្ដីខាងលើ

បណ្ដាំព្រេងព្រឹទ្ធ  ចំណានមែនពិត  តែអស់អ្នកផង  មើលហើយចូរពិ-  ចារណាត្រាប់ត្រង  បូរាណលោកចង  ជាបីស្ថាន  ។  ន័យមួយលោកហាម  កុំឲ្យធ្វើតាម  អំពើសាមាន្យ  ត្រូវប្រុងប្រយត្ន  ចៀសវៀងឲ្យបាន  នោះទើបសន្និដ្ឋាន  ថាជាអ្នកល្អ  ។  ន័យពីររំឭក  មនោត្រូវនឹក  សព្វកាលនិរន្តរ  ចូរចាំចងទុក  ជាផ្លូវគោចរ  ន័យនេះកម្រ  អ្នកផងធ្វើបាន  ។  ន័យបីប្រើធ្វើ  កិច្ចការសារពើ  ឲ្យតាមលំអាន  ជាបែបជាបទ  ចំណាប់ចំណាន  ជាផ្លូវនាំប្រាណ  ជាប្រសើរអើយ  ។

សម្គាល់ពាក្យបណ្ដាំព្រេងជាបទពាក្យ  ៧  ខាងលើនេះកើតឡើងក្នុងរាជព្រះករុណាបរមកោដ្ឋ  គឺព្រះបាទសម្ដេចហរិរក្សរាមាឥស្សរាធិបតីព្រះអង្គដួង  ទ្រង់ត្រាស់បង្គាប់ឲ្យអ្នកប្រាជ្ញរាជបណ្ឌិតចារិកទុក  ឯពាក្យបទកាកគតិខាងក្រោមគឺក្រមការ  (កង-  ជា)  បានរិះគិតបញ្ចូលជាមួយដោយសេចក្ដីពេញចិត្តនឹងទំនៀមព្រេងខាងលើនេះ  ទុកជាផ្លូវពិចារណា  ។

ប្រភព  ៖  ទស្សនាវដ្ដីកម្ពុជសុរិយា  ឆ្នាំ១៩៣៥

បញ្ចេញយោបល់ ៖