រឿង ​បុរស​ម្នាក់​មាន​កូន​៤​នាក់ សិក្សា​ជំនាញ​ស្ទាត់​នូវវេទវិជ្ជា​៤​បទ

មានបុរសម្នាក់មានកូនប្រុស ៤ នាក់សិក្សាជំនាញស្ទាត់ក្នុងវេទជារៀងខ្លួន ម្នាក់ចេះស៊ី ម្នាក់ចេះដេក ម្នាក់ចេះកាត់ក្តី និងម្នាក់ទៀតចេះចង់ស្រី ឳពុកក៏យកកូនទាំង ៤ នាក់ទៅថ្វាយស្តេច ទូលពីវិជ្ជាកូននីមួយៗ ក្នុងខណៈដែលថ្វាយនោះ ស្តេចក៏ទទួលរក្សាទុក មានថ្ងៃមួយ​ស្តេចពិសោធម្នាក់ដែលចេះស៊ីជាមុន ឲ្យរៀបភោជនាហារជាច្រើនមុខ មានសម្ល​មួយ​ចាន ស្តេច​ដួសទឹកឆៅមួយ​ក្រចកដាក់ទៅក្នុងនោះហើយស្តេចប្រាប់ទៅបុរសនោះ ថាឲ្យស៊ីភោជនាហារឲ្យគ្រប់មុខទាំងអស់ បុរសនោះក៏បរិភោគតាមព្រះរាជឱង្ការ ដល់ទៅសម្លមួយ​មុខដែលស្តេចយកទឹកឆៅមួយក្រចកដាក់ទៅក្នុងនោះ បុរសនោះ មិនបរិភោគ ស្តេចសួរទៅបុរសនោះថា ហេតុម្តេចចៅឯងមិនបរិភោគសម្លនេះ បុរសនោះទូលទៅស្តេចវិញថា សម្លនេះមានទឹកឆៅមួយក្រចកនៅក្នុងនោះ បានជាទូលព្រះបង្គំជាខ្ញុំមិនទទួលព្រះរាជទាន ស្តេច​ក៏នឹកក្នុងព្រះទ័យថា បុរសនេះចេះវិជ្ជាខាងស៊ីស្ទាត់មែន អំពីនោះទៅស្តេចពិសោធ​បុរសចេះដេកទៀត ស្តេចឲ្យរៀបទីកន្លែងយ៉ាងស្អាតហើយមានពូកនិងកម្រាលពីលើ ស្តេចយកសក់មួយ​សរសៃទៅដាក់ក្រោមកម្រាលលើពូកនោះ ដល់ពេលយប់ហៅបុរសនោះឲ្យទៅទទួលទានដំណេក បុរសនោះប្រះដេកទៅក្រោកឡើងវិញ ស្តេចក៏សួរថា ហេតុម្តេចឲ្យដេកហើយក្រោកវិញ បុរសនោះក៏ទូលទៅស្តេចថា មានសក់មួយ​សរសៃនៅក្នុងដំណេកនោះបានជាទូលបង្គំជាខ្ញុំក្រោក ស្តេចក៏នឹកសរសើរក្នុងព្រះទ័យថា បុរសនេះស្ទាត់ខាងវិជ្ចាដេកជាប្រាកដមែន មានថ្ងៃមួយ មានបុរសម្នាក់ស្លាប់នៅកណ្តាលវាល គ្មានភិនភាគស្លាកអ្វីនៅរូបកាយនោះសោះ ស្តេចជ្រាបបង្គាប់ឲ្យតុលាការមុខក្រសួងស៊ើបសួរទៅរកហេតុនោះក៏ពុំឃើញ ស្តេចមានសេចក្តីវិតក្ក​ក្នុងព្រះរាជហឫទ័យ ស្តេចនឹកឃើញបុរសដែលនៅប្រើក្រោមបុណ្យដែលចេះវិជ្ជាខាងផ្លូវតុលាការនោះ ក៏មានព្រះរាជឱង្ការហៅចូលមក ហើយមានព្រះរាជតម្រាស់ចាត់ប្រើឲ្យទៅស៊ើបពិរុទ្ធរឿងនោះ បុរសនោះសូមព្រះរាជអនុញ្ញាតអំណាចក្នុងវេលាដែលស៊ើបសួរយកការនោះ ស្តេចក៏ព្រះរាជទានពរឲ្យតាមសុំ បុរសនោះចេញទៅដល់ទីកន្លែងដែលខ្មោចនោះស្លាប់ តាំងចាត់ការហៅអ្នកស្រុកទាំងអស់មកប្រជុំមិនឲ្យសល់ដល់ម្នាក់ បុរសនោះហាមប្រាមថាក្នុងវេលាថ្ងៃស្អែកមិនឲ្យទៅណាមកណាក្រៅពីទីភូមិខ្លួន ឲ្យចូលទៅទាំងអស់គ្នាមើលគេធ្វើបុណ្យបូជាសពបុរសអនាថាដែលស្លាប់នៅកណ្តាលវាលស្រែ លើកតែមនុស្សខ្វាក់និងខ្វិនមិនត្រូវឲ្យទៅមើល ក្រៅពីនោះទាំងប្រុស-ស្រី ចាស់ក្មេងឲ្យចូលទៅមើលទាំងអស់នៅខណៈដែលរៀបចំបូជាសពនោះ បុរសដែលជានាក់ស៊ើបសួរបានចាត់មនុស្សជាច្រើននាក់ដែលបានពន្យល់ពីកិច្ចហេតុដែលរកការណ៍ពីក្នុងរឿងនោះ ឲ្យយកឈ្មោះនោះមកប្រគល់ឲ្យបុរសជានាយក្នុងមួយ​រំពេច ដល់យូរទៅបូជាទៅភ្លើងពេញកំលោះមានស្រ្តីម្នាក់ក្រមុំស្រក់ទឹកភ្នែក ក៏បុរសជានាយគយគន់មើលហេតុនាំយកខ្លួននាងនោះទៅប្រគល់ឲ្យនាយខ្លួនបុរសជានាយ ក៏យកខ្លួននាងក្រមុំទៅស៊ើបរកហេតុដំណើរដែលនាងយំនោះ ដោយហេតុយោបល់ដ៏ល្អិត នាងក្រមុំរកផ្លូវគេចកែដោះសាទៅពុំបានក៏ទទួលប្រាប់បុរសនោះដោយត្រង់ ថាខ្លួននាងក្រមុំនោះបានសាហាយនឹងបុរសដែលស្លាប់ ទើបបានគ្នាក្នុងយប់ដែលស្លាប់នោះ ថាបណ្តាលឲ្យស្លាប់នោះគ្មានអ្នកឯណាវាយដំធ្វើបាបអ្វីទេ វេលាដែលចូលដំណេកបុរសនោះប្រើនាងឲ្យទៅរកទឹកឲ្យផឹក នាងក្រមុំមិនហ៊ានចេញទៅដងទឹកឯក្រៅខ្លាចឳពុកដឹង ក៏យកផ្តិលត្រង់ទឹកភ្លៀងដែលហូរធ្លាក់តាមស្បូវប្រក់ផ្ទះនោះឲ្យផឹក ដល់ផឹកហើយក៏បណ្តាលឲ្យដល់នៅសេចក្តីមរណភាពក្នុងខណៈនោះទៅ បុរសដែលជាអ្នកស៊ើបសួរក៏យល់ច្បាស់ក្នុងចិត្ត ថានាងក្រមុំនេះមិនមានសន្តានចិត្តជាទុច្ចរិតនឹងបុរសដែលស្លាប់នោះទេ ព្រោះទើបស្រឡាញ់បាន​ចួបគ្នាក្នុងមួយ​ខណៈនេះ គឺមានសត្វអាសិរ្ពិសអ្វីនៅលើដំបូលផ្ទះនោះ បានជាបណ្តាលឲ្យមានពិសពស់ដល់បុរសនោះស្លាប់ បុរសជានាយទើបចាត់ឲ្យទៅមើលលើដំបូលផ្ទះនោះ ត្រង់ល្វែងដែលនាងក្រមុំនោះទទូលទានដំណេក ឃើញពស់នាគរាជមួយ​នៅលើដំបូលផ្ទះ បុរសនោះក៏ឲ្យយកពស់នោះមកថ្វាយស្តេច ឯនាងក្រមុំនោះក៏លែងទៅ ហើយទូលស្តេចតាមដំណើរដែលស៊ើបសួរឃើញការណ៍នោះ អាសិរ្ពិសដែលបណ្ដាលឲ្យបុរសនោះស្លាប់មកពីនាគរាជនោះ ដែលពិសហូរតាមទឹកភ្លៀង នាងក្រមុំត្រងយកមកឲ្យបុរសនោះផឹក ស្តេចក៏មានសេចក្តីសរសើរថាបុរសនេះមានវិជ្ចាស្ទាត់ក្នុងការស៊ើបសួរខាងផ្លូវតុលាការមែន ។

មានថ្ងៃមួយ សេដ្ឋីម្នាក់ស្លាប់ មានប្រពន្ធនោះល្អហើយនៅក្មេង នាងនោះប្តេជ្ញាថា មិនយកប្តីទៀត ដំណឹងនោះជ្រាបដល់ស្តេច ៗ ក៏ឲ្យនាហ្មឺនសព្វមុខមន្រ្តីនោះចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋី នោះនាហ្មឺនទាំងអស់ទៅចង់មិនបានស្តេចគិតថា នាងនេះប្រហែលជាមិនយកប្តីដូចដំណឹងដែលបានជ្រាបនោះមែន តែស្តេចគិតក្នុងព្រះរាជហឫទ័យថា បើនាហ្មឺនសព្វមុខមន្រ្តីទាំងនោះ ប្រហែលមិនពេញសេចក្តីប្រាថ្នានាងមេម៉ាយនេះ បើអង្គស្តេចប្រហែលជានាងនេះព្រម ស្តេចយាងទៅកាន់ផ្ទះនាងមេម៉ាយនោះហើយ មានព្រះរាជឱង្ការថា ល្ងាចនេះស្តេចមកផ្ទុំនឹងនាង ឲ្យនាងរៀបទីកន្លែងចាំទទូល នាងមេម៉ាយក៏ទទូលតាមព្រះរាជឱង្ការមិនប្រកែក ដល់ពេលល្ងាចក៏រៀបក្រឡាបន្ទំហើយតែងនាងស្រីបម្រើម្នាក់ នាងនោះមានកើតស្រែងនៅខ្លួនផង រចនានូវគ្រឿងប្រដាប់ដែលសម្រាប់តាក់តែងរូបកាយស្រ្តី ដោយគ្រឿងមាសពេជ្រនិងគ្រឿងក្រអូបគ្រប់ប្រដាប់ហើយ ឲ្យនាងនោះចូលទៅក្នុងទីក្រឡាបន្ទំដែលរៀបចំទទូលស្តេចតាមព្រះរាជឱង្ការ ដល់ស្តេចយាងមកក៏មិនបានគិតពិនិត្យឲ្យសព្វគ្រប់ យល់ថាទីនេះហើយជាទីសម្រាប់នាងមេម៉ាយមែន មនុស្សទាំងឡាយមិនហ៊ានមកនៅទីនេះមែន ក៏ដាក់អង្គផ្ទំអែប សម្គាល់ថានាងមេម៉ាយនោះ ប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នា របស់ស្តេចគ្រប់ប្រការ វេលាដែលស្តេចអស់សេចក្តីតម្រេកនឹងនាងនោះ ហើយក៏ទ្រង់ព្រះចិន្តាគិតថា ស្តេចមកចង់នាងនេះបានហើយគប្បីធ្វើឲ្យឃើញសេចក្តីសម្គាល់ដល់ភ្នែកអ្នកទាំងពួងផង ស្តេចក៏ខាំថ្ពាល់នាងនោះ ជាសេចក្តីសម្គាល់ រួចក៏យាងត្រឡប់មកព្រះបរមរាជវាំងវិញ មានព្រះរាជឱង្ការផ្តាំថា ព្រឹកស្អែកនេះ ឲ្យនាងចូលទៅគាល់ស្តេចកុំឲ្យខាន ខណៈស្តេចយាងមកដល់ព្រះបរមរាជវាំង ស្តេចក៏មានព្រះរាជឱង្ការប្រាប់អស់នាហ្មឺនសព្វមុខមន្រ្តីថា ព្រះអង្គស្តេចទៅចង់នាងនោះបានមានទាំងសម្គាល់ស្នាមព្រះទន្តនៅថ្ពាល់នាងនោះផង ហើយបានប្រាប់ឲ្យចូលមកគាល់ក្នុងពេលឥឡូវនេះ ឲ្យនាហ្មឺនសព្វមុខមន្រ្តីទាំងអស់ចាំមើល ដល់នាងមេម៉ាយចូលមកគាល់យកទាំងនាងស្រីបម្រើដែលរៀបតាក់តែងកាយទទួលស្តេចពីយប់នោះ មកជាមួយផង លុះចូលមកគាល់អង្គុយតាមមុនក្រោយនាងមេម៉ាយអង្គុយមុខ នាងស្រីបម្រើអង្គុយក្រោយ ស្តេចឲ្យនាហ្មឺនទៅពិនិត្យមើលកន្លែងសម្គាល់ដែលស្តេចបានប្រាប់ហើយនោះដល់ភ្នាក់ងារដែលទទួលព្រះរាជឱង្ការទៅពិនិត្យ ត្រឡប់មកវិញទូលស្តេចថា នាងអង្គុយក្រោយនោះមានស្នាមជាសម្គាល់នៅថ្ពាល់ ជាសម្គាល់ដោយធ្មេញ ឯនាងមេម៉ាយគ្មានស្នាមរាជឱង្ការ បានទៅដល់លើសាលាដែលនាងមេម៉ាយធ្វើបុណ្យខ្មោចប្តី ជាសម្រេចនៅវេលាព្រឹកស្អែកនេះ ហើយតាំងសេចក្តីសោយសោកនឹកដល់ខ្មោចប្រពន្ធដែលស្លាប់ មានធាតុស្ពាយជាប់នឹងខ្លួននេះ ជាសម្គាល់ដោយ​សេច​ក្តីទុក្ខយ៉ាងខ្លាំង ក៏បណ្តាអ្នកដែលជាពួកក្រុមបរិស័ទនាងមេម៉ាយដែលនៅលើសាលានោះទាំងប៉ុន្មានមានសេចក្តីឆ្ងល់ភាន់ភាំងគ្រប់គ្នា ហើយសួរទៅបុរសនោះថា “ហេតុអ្វីក៏អ្នកមកយំសោកអីនៅទីនេះជាខ្លាំងម៉្លេះ” បុរសនោះប្រាប់ទៅអ្នករក្សាសាលាទាំងអស់ថា “ខ្ញុំឃើញគេធ្វើបុណ្យខ្មោចលោកសេដ្ឋីនោះ ខ្ញុំនឹកដល់ខ្មោចប្រពន្ធខ្ញុំដែលស្លាប់ដោយសេចក្តីសង្វេគទុក្ខវេទនា និងព្រាត់ប្រាស់ជាថ្មីមួយ​ជាន់ទៀត ខ្លួនខ្ញុំតាំងពីប្រពន្ធស្លាប់ទៅជាយូរហើយលះបង់ការងារចោលអស់ ស្ពាយតែធាតុប្រពន្ធដើរដោយសេចក្តីអាឡោះអាល័យ” ហើយបុរសនោះក៏សុំអ្នកចាំសាលាស្នាក់មួយ​យប់ បុរសដែលចាំសាលាមិនហ៊ានសម្រេចដោយខ្លួនឯងក៏យកសេចក្តីនោះ ទៅជម្រាបនាងមេម៉ាយជាចៅហ្វាយតាមដំណើរ ដែលបុរសនោះអធិប្បាយពីសេចក្តីកម្សត់របស់ខ្លួន ហើយនឹងសុំសាលាស្នាក់ នាងមេម៉ាយក៏មានចិត្តអាណិតដល់បុរសកម្សត់ដែលមានទុក្ខព្រាត់ប្រាស់ប្រពន្ធនោះ ក៏យល់ព្រមឲ្យស្នាក់ ហើយបង្គាប់ទៅមនុស្សបម្រើ ឲ្យរៀបអាហារឲ្យទានបុរសនោះផង លុះដល់យប់នាងមេម៉ាយក៏ទៅស្តាប់ទេសនា ឆ្លងបុណ្យខ្មោចប្តីនៅលើសាលាដែលតម្កល់ធាតុទុកនៅនោះ ឯបុរសចង់ស្រីក៏សម្ងំធ្វើជាដេកលក់ទៅ នាងស្តាប់ធម៌ទេសនាចប់ក៏ត្រឡប់មកផ្ទះវិញ ឯបុរសជាអ្នកចង់ស្រីឃើញឱកាសស្ងាត់ល្អក៏លួចយកធាតុខ្មោចប្រពន្ធខ្លួន ទៅដាក់ប្របធាតុសេដ្ឋីជាប្តីនាងមេម៉ាយ លុះដល់ព្រឹកឡើងនាងមេម៉ាយចូលមកដល់សាលាបុរសនោះ តាំងស្រែកយំជាខ្លាំងថាអ្នកណាលួចធាតុប្រពន្ធខ្លួនទៅបាត់ នាងមេម៉ាយឆ្ងល់ក៏សួរទៅបុរសនោះថា “ហេតុអ្វីក៏អ្នកឯងយំជាខ្លាំងម៉្លេះ” បុរសនោះក៏ប្រាប់ទៅនាងមេម៉ាយវិញថា អ្នកណាលួចប្រពន្ធទៅបាត់ ហើយតាំងចោទប្រកាន់ទៅលើនាងមេម៉ាយថាខ្មោចប្តីនាងមេម៉ាយលួចយកធាតុប្រពន្ធខ្លួនទៅ នាងមេម៉ាយក៏មានសេចក្តីអន់ចិត្តនឹងបុរសនោះប្រកាន់ដល់ខ្មោចប្តីខ្លួនថាលួចប្រពន្ធ ក៏នាំបុរសនោះឲ្យទៅមើលឃើញនៅជិតគ្នាមែន បុរសនោះតាំងសេចក្តីចោទប្រកាន់ដល់ខ្លួននាងមេម៉ាយថាប្តីនាងយកខ្មោចប្រពន្ធគេទៅធ្វើប្រពន្ធហើយ លុះតែនាងមេម៉ាយនោះជាដំណំច្រើនខណាស់ដោយឧបាយយ៉ាងល្អិត នាងមេម៉ាយក៏រកផ្លូវដោះសា​គ្មាន ហើយទទូលនឹងចាញ់កលនោះ ជាទម្ងន់មានសេចក្តីអន់ចិត្តដល់ខ្មោចប្តីខ្លួនដែលស្លាប់នោះ ថាជាមនុស្សគ្មានសប្បុរសដល់ប្រពន្ធកំពុងកើតទុក្ខនឹងខ្លួន ហ៊ានទៅលួចប្រពន្ធគេយកមកបញ្ចើ​នៅមុខក៏ទទួលព្រមយកបុរសនោះធ្វើប្តី ជាសេចក្តីតបទៅនឹងខ្មោចប្តីខ្លួនដែលទៅលួចប្រពន្ធបុរសនោះវិញ ចំណែកបុរសនោះដល់បាននាងមេម៉ាយជាប្រពន្ធនៅ ៣-៤ថ្ងៃក៏បបួលទៅគាល់ស្តេច ៗ និងនាហ្មឺនសព្វមុខមន្រ្តីបានឃើញ ក៏មានសេចក្តីសរសើរដល់បុរសនោះថា ជាអ្នកមានវិជ្ចាចេះចង់ស្រីប្រាកដមែន ៕

ប្រភព ៖ ទស្សនាវដ្ដី កម្ពុជសុរិយា ឆ្នាំ១៩៣៤

បញ្ចេញយោបល់ ៖