ពិធីបន់សុំកូន – រឿងទំនៀមទម្លាប់ខ្មែរ

រឿងទំនៀមទម្លាប់ខ្មែរ

ប្រទេសកម្ពុជានេះមានប្រវេណីមួយយ៉ាងហៅថា “ពិធីបន់សុំកូន” ជាកិច្ចដែលគ្មានកូនខ្លះ តែងធ្វើមកជារឿយៗ តែបើនឹងស្រាវរកទៅទៀត ក៏នឹងឃើញប្រទេសឯទៀត ដូចយ៉ាងប្រទេសឥណ្ឌាជាដើមធ្លាប់ធ្វើមកហើយដែរ តាំងអំពីសម័យមុនពុទ្ធកាល ដរាបមកដល់ពុទ្ធកាល និងក្រោយពុទ្ធកាលមកទៀត ។

ក្នុងសម័យទ្វាបរយុគ (មុនពុទ្ធកាល) នោះ គឺរឿងរាមាយណៈ ដែលខ្មែរយើងហៅថា រាមកេរ្តិ៍ សឹងមានសេចក្ដីថា គ្រានោះព្រះបាទទសរថ ព្រះរាជាក្រុងស្រីអយុធ្យា ប្រទេសកោសលគ្មានព្រះរាជបុត្រជាតំណសន្តតិវង្ស ទើបត្រាស់ឲ្យអញ្ជើញព្រះវសិដ្ឋមុនី អធិបតីបរោហិត ១ ព្រះវាមទេពមុនី ភូឈួយបរោហិត ១ ព្រះសុយញ្ញមុនី ១ ព្រះជ្វាលីមុនី ១ ព្រះកាស្យបមុនី ១ និងឥសីជីព្រាហ្មណ៍ឯទៀតជាច្រើន មកប្រឹក្សាការដើម្បីនឹងធ្វើពិធីបូជាយញ្ញដល់ទេវតា សូមព្រះរាជបុត្រទីប្រឹក្សាយល់ព្រមតាម ព្រះអធ្យាស្រ័យ ។ វេលាកំពុងបូជាយញ្ញប្រាកដឃើញអមនុស្សម្នាក់ រូបរាងខ្មៅដំបង តែមុខក្រហម ស្លៀកពាក់ក្រហម ខ្លួនពេញទៅរោមនីដូចជារាជសីហ៍ កាន់យកថោបាយាសផុសឡើងមកអំពីកណ្ដាលគំនរភ្លើងពិធីនោះប្រកាសប្រាប់ថា ខ្លួនជាទូតរបស់ព្រះប្រជាបតិ នាំបាយាសនេះមកថ្វាយ ដើម្បីព្រះមហេសីសោយគង់នឹងបានព្រះរាជឱរសដូចប្រាថ្នា ។ ព្រះបាទទសរថទ្រង់ទទួលថោបាយាសមកហើយ ទេវទូតនោះក៏អន្តរាយបាត់ទៅ ។ ទ្រង់យកបាយាសនោះមកបែងជា ៤ ភាគ ព្រះរាជទានដល់ព្រះអគ្គមហេសីទាំង ៣ នាង គឺប្រទាននាងកៅសល្យានិងនាងកៃកេយី មួយអង្គ ១ ភាគ នាងសុមិត្រា ២ ភាគតែ ១ អង្គឯង ។ ព្រះនាងទាំងនោះក៏ ទ្រង់ព្រះគភ៌ប្រសូតព្រះរាជឱរសរៀងខ្លួន នាងកៅសល្យា បានព្រះរាជឱរស ១ អង្គ ព្រះនាមថា “រាម” នាងកៃកេយី បាន ១ អង្គដែរ ព្រះនាមជា ភរត នាងសុមិត្រាបាន ២ អង្គ ព្រះនាមជា លក្ស្មណ៍ ១ សត្រុឃណៈ ១ ។ វេលាក្រោយមកព្រះរាមនិងព្រះលក្ស្មណ៍ បានច្បាំងកម្រាបស្ដេចយក្សឈ្មោះ រាពណ (វារណ) នៅលង្កាទ្វីប ។

ក្នុងសម័យពុទ្ធកាល មានរឿងសេដ្ឋីម្នាក់នៅក្នុងប្រទេសឥណ្ឌា គ្មានកូន បានធ្វើពិធីបន់សុំកូននឹងអ្នកតាព្រះជ្រៃក៏កើតបានជាកូនប្រុសពីរនាក់  កូនបងឈ្មោះមហាកាល កូនប្អូនឈ្មោះចុល្លកាល ។ វេលាក្រោយមក មហាកាលបានបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនា បានសម្រេចព្រះអរហត្តជាព្រះអរហន្ត ហើយប្រាកដនាមតាមដែលសហធម្មិក គឺអ្នកបួសផងគ្នាហៅថា ចក្ខុបាល ។ រឿងនេះមានមកក្នុងគម្ពីរធម្មបទដ្ឋកថា ។

 និងរឿងនាងសុជាតា ដ៏ជាធីតាសេដ្ឋីម្នាក់នៅស្រុកឧរុវេលសេនានិគម មានប្ដីហើយគ្មានកូន នាងបានបន់សុំកូននឹងអារុក្ខទេវតា ដែលអាស្រ័យនៅដើមពោធិព្រឹក្ស (គឺដើមពោធិដែលព្រះអង្គត្រាស់) នោះសម័យក្រោយមកនាងក៏មានកូនដូចដែលសុំ ។ ថ្ងៃ ១ នោះនាងធ្វើមធុបាយាសនិងយកទៅថ្វាយអារុក្ខទេវតាដែលនាងបន់នោះ ទទួលចួបនឹងព្រះពុទ្ធអង្គស្ដេចគង់នៅក្រោមដើមពោធិនោះ នាងស្មានថាជាទេវតាដំណែងកាយឲ្យប្រាកដចុះមកទទួលគ្រឿងតង្វាយរបស់ខ្លួន ក៏លើកថាសមធុបាយាសបង្អោនចូលទៅថ្វាយ ក្នុងថ្ងៃដែលព្រះអង្គបានត្រាស់នោះឯង ។ រឿងនេះមានមកក្នុងគម្ពីរបថមសម្ពោធិកថា ។

ប្រជាជនជាតិខ្មែរក្ដី ជាតិដទៃក្ដី បណ្ដាដែលធ្វើពិធីបន់សុំកូន ប្រហែលជាបានជ្រាបនឹងជឿរឿងទាំងឡាយដែលពណ៌នាមកហើយខាងលើនេះទេដឹង ទើបបាននាំគ្នាធ្វើតៗមកដរាបដល់សព្វថ្ងៃនេះ ។

របៀបបន់តាមដែលពួកខ្មែរយើងធ្វើមកដូច្នេះ

មានបុរសស្ត្រីខ្លះ ដែលបាននៅជាស្វាមីភរិយាផងគ្នាមកអស់កាលដ៏យូរហើយៗ គ្មានកូន តែមិនអាចដឹងបានជាប្រាកដថា “ខ្លួនជាអារឬមិនជាអារ” កាលមានសេចក្ដីប្រាថ្នាចង់បានកូនខ្លាំងក្លាឡើងក៏នាំប្ដីប្រពន្ធទៅបន់សុំកូន ចំពោះព្រះពុទ្ធរូបវត្តនេះវត្តនោះ តាមដែលខ្លួនដឹងឮថា មានព្រះបារមីស្ថិតពូកែសក្ដិសិទ្ធ អាចប្រសិទ្ធីឲ្យសម្រេចតាមដែលសុំ អ្នកខ្លះក៏ទៅបន់នឹងទេវរូបមួយ​យ៉ាងដែលហៅថា “យាយទេព” អ្នកខ្លះក៏ទៅបន់សុំនឹងអ្នកតា តែវត្ថុពីរខាងក្រោយ ក្នុងសម័យនេះមិនសូវមានអ្នកបន់ទេ ច្រើនតែបន់នឹងព្រះពុទ្ធរូបៗ ដែលគេនិយមរាប់អានថា ពូកែសក្ដិសិទ្ធនោះមាននៅគ្រប់ខេត្ត​ក្នុងប្រទេសកម្ពុជា ។

វេលានឹងទៅបន់ គេរមែងនាំយកគ្រឿងសក្ការៈនោះមានផ្សេងៗគ្នា ខ្លះតិច ខ្លះច្រើន ខ្លះល្អ ខ្លះអន់បន្តិចមក ខ្លះថ្វាយវត្ថុនេះ ខ្លះថ្វាយវត្ថុនោះ តែកំណត់ដោយច្រើន គេច្រើនធ្វើជាស្លាធម៌ ១គូ (គឺជាស្លាធម៌ដែលធ្វើអំពីដើមចេកក៏មាន ដែលធ្វើអំពីផ្លែដូងក៏មាន) និងទៀនធូបភ្ញីផ្កា ។ ដល់វេលាហើយគេក៏តាក់តែងកាយឲ្យស្អាតប្រដាប់ប្រដាដោយគ្រឿងសម្លៀកបំពាក់ថ្មីៗ អ្នកខ្លះក៏បានទាំងសមាទានសីលអំពីភិក្ខុសង្ឃជាមុនហើយ ទើបនាំគ្នាយកគ្រឿងតង្វាយអម្បាលនោះទៅកាន់ទីព្រះពុទ្ធរូប ។ ដល់ហើយយកទៀនធូបអុជ ដោតនៅស្លាធម៌លើកថ្វាយទៅ ថយមកក្រាបថ្វាយបង្គំ ៣ ដង ហើយលើកដៃប្រណម្យតាំងសច្ចាប្រណិធានសុំទាំងពីរនាក់ ដោយបន្លឺនូវវាចាឲ្យឮឡើង ល្មមត្រចៀកខ្លួនស្ដាប់ឮច្បាស់ថា “ខ្ញុំព្រះអង្គពីរនាក់បានជាគ្នាជាស្វាមីភរិយាមកជាយូរឆ្នាំហើយ តែមិនមានកូនដល់ម្នាក់សោះ ឥឡូវខ្ញុំព្រះអង្គមានប្រាថ្នាចង់បានកូនជាយ៉ាងក្រៃពេក ដោយអំណាចព្រះបារមីរបស់ព្រះអង្គ សូមឲ្យខ្ញុំមានកូន (ចង់បានកូន ១ ឬ ២ ប្រុសឬស្រី ក៏ថាទៅតាមត្រូវការ ហើយមានពាក្យប្ដេជ្ញាទុកនឹងព្រះពុទ្ធរូបនោះថា) បើបានកូនពិតតាមដែលសុំហើយនឹងថ្វាយ …….. ” គឺនឹងថ្វាយរបស់នេះរបស់នោះ តាមដែលខ្លួនអាចនឹងថ្វាយបាន របស់ដែលនឹងថ្វាយបូជាគុណបុណ្យបារមីក្នុងលើកបារមីក្នុងលើកក្រោយនេះ ក៏មិនមានបទកំណត់ចំពោះវត្ថុនេះវត្ថុនោះដែរ ស្រេចហើយតែនឹងអាច គេបន់ថ្វាយទង់ក៏មាន ថ្វាយពិតានក៏មាន ថ្វាយអង្ស័ក​ព្រែក៏មាន ប្រគំភ្លេងថ្វាយក៏មាន បន់ជួសជុលវិហារដោយឯកទេស ឬទាំងមូលក៏មាន បន់បិទមាសអង្គព្រះពុទ្ធរូបនោះក៏មាន ។ បើជារូបយាយទេពនិងអ្នកតា គេច្រើនបន់ប្រគំថ្វាយ នឹងថ្វាយមាន់ស្ងោរ ទាស្ងោរ ក្បាលជ្រូកស្ងោរជាដើម ។ កាលបានកូនសមដូចដែលសុំហើយ គេក៏ចាត់ចែងភស្តុភារ​តាមដែលបានប្ដេជ្ញាទុកប្រុង ឬច្រើនជាងនោះនាំយកទៅថ្វាយ បើមិនមានកូនទេ ក៏វាហីទៅ មិនបាច់ធ្វើការលាបំណន់ ។

នៅមានមួយ​បែបទៀត គេធ្វើជាកថាកូនសង្កត់ ខ្សែចង្កេះឯណានីមួយយកមកក្រវាត់ ក៏ថាអាចនឹងបណ្ដាលឲ្យមានកូនដែរ ។ ឯលក្ខណៈកថា កូនសង្កត់ និងខ្សែចង្កេះ នឹងមានអធិប្បាយខាងមុខ ក្នុងបទដែលនិយាយពីវិធីរក្សាគភ៌ ។

ប៉ុណ្ណេះសន្មតថាចប់ពិធីបន់សុំកូនហើយ ។

 អំពីនេះនឹងបានអធិប្បាយសេចក្ដីខខ្លះ ដែលមិនទាន់ត្រចះ ឲ្យត្រចះឡើង ដើម្បីប្រយោជន៍ដល់អ្នកត្រូវការដឹង នឹងបានដឹងតទៅ ។

ការដែលបន់ ៗ ដូច្នេះ សូមឲ្យជ្រាបថាជាលទ្ធិនៃសៃយសាស្ត្រដោយត្រង់ ព្រោះក្នុងលទ្ធិនោះគេកាន់ការបន់ ការបួងសួង ការបូជាយញ្ញ ដើម្បីឲ្យព្រះជាម្ចាស់ ឬអ្នកនេះអ្នកនោះប្រសិទ្ធពរឲ្យតាមដែលត្រូវការ ។ គតិនៃពុទ្ធសាសនាសុទ្ធមិនមានការបន់ស្រន់បួងសួងដូច្នេះ ខ្មែរយើងសម័យនេះដែលរាប់ថាជាអ្នកកាន់ព្រះពុទ្ធសាសនាហើយ ៗ ទៅធ្វើការបន់ស្រន់ទៅលើព្រះពុទ្ធរូបក្ដី ទេវរូបក្ដី ឬរូបអ្វីៗក្ដី ក៏ដោយជាប់គតិមកអំពីសាសនាព្រាហ្មណ៍នោះឯង ព្រោះក្នុងសម័យនោះខ្មែរយើងកាន់សាសនាព្រាហ្មណ៍យ៉ាងពេញទី ។

ការបន់សុំកូនដូច្នេះ តាមដែលបានសង្កេតមើលឃើញថា មិនមែនសុទ្ធតែបានទាំងអស់គ្នាទេ អ្នកខ្លះក៏បានមែន អ្នកខ្លះក៏មិនបាន ។ ដែលបាននោះ បានដោយការបន់ ឬបានដោយហេតុដទៃ គួរប្រាជ្ញនឹងគប្បីពិចារណាមើលដែរ ។ មានរឿងដែលគួរនាំមកប្រកបរឿងដែលពោលមកហើយខាងដើម ២ រឿង ។

រឿងទី១ ថា ព្រះពោធិរាជកុមារ គ្មាន ព្រះរាជបុត្រ ទ្រង់ប្រាថ្នាចង់បានព្រះរាជបុត្រ ។ ថ្ងៃមួយនោះ ទ្រង់តាក់តែងភត្តាហារនឹងថ្វាយព្រះពុទ្ធអង្គ នៅក្នុងព្រះរាជនិវេស មុនដែលព្រះសាស្ដានឹងស្ដេចយាងទៅដល់ ត្រាស់ឲ្យយកសំពត់សមកក្រាលតាំងអំពីកន្លែងពុទ្ធាសនៈ រហូតដល់មាត់ជណ្ដើរខាងក្រោម ហើយទ្រង់ផ្សងថា បើទ្រង់មានព្រះរាជបុត្រ សូមឲ្យព្រះពុទ្ធអង្គស្ដេចយាងជាន់លើសំពត់កម្រាលនេះ បើមុខជាគ្មានព្រះរាជបុត្រ សូមកុំឲ្យព្រះអង្គទ្រង់ជាន់ឡើយ ដល់ព្រះអង្គយាងមក មិនទ្រង់ជាន់ ទ្រង់យាងចៀស ។ ព្រះពោធិរាជកុមារក៏ទ្រង់ជ្រាបថា ព្រះអង្គមុខជាមិនមានព្រះរាជបុត្រ ហើយក៏គ្មានមែនរហូតដល់អស់ព្រះជន្ម ។

រឿងទី២ ថា នាងមល្លិកា ជាជាយារបស់ពន្ធុលសេនាបតីបាននៅជាមួយគ្នាមកអស់កាលដ៏យូរហើយ មិនមានបុត្រធីតា ពន្ធុលទើបប្រាប់នាងទេវីថា ចូរនាងត្រឡប់ទៅនៅនឹងមាតាបិតារបស់នាងវិញចុះ ព្រោះនាងគ្មានបុត្រនឹងតវង្ស ។ នាងមល្លិកាគិតថា ថ្ងៃនេះហើយនឹងដាច់អំពីប្ដី ដូច្នេះគួរអញទៅថ្វាយបង្គំលាព្រះសាស្ដាសិនហើយសឹមទៅ ។ គ្រានោះនាងលាស្វាមីហើយក៏ទៅថ្វាយបង្គំលាព្រះសាស្ដា ៗ ត្រាស់សួរថានាងមានកិច្ចទៅណាមកណា នាងក៏ក្រាបទូលតាមរឿង ។ ព្រះសាស្ដាត្រាស់ថា ចូរនាងត្រឡប់ទៅនៅនឹងស្វាមីវិញទៅ ។ នាងក៏ធ្វើតាមព្រះពុទ្ធតម្រាស់នោះ ។ ពន្ធុលឃើញនាងត្រឡប់មកវិញក៏សួរ នាងក៏រាយរឿងប្រាប់តាមព្រះពុទ្ធដីកាដែលព្រះអង្គត្រាស់មក ។ ពន្ធុលកាលបានស្ដាប់ពាក្យនាងហើយក៏ពិចារណាថា ធម្មតាព្រះពុទ្ធជាអ្នកឃើញវែង ដូច្នេះគួរអញឲ្យនាងនៅវិញចុះ ។ លុះនៅជាមួយគ្នាមកក៏មានបុត្រជាច្រើននាក់ ។

រឿងទាំងពីរនេះមានមកក្នុងគម្ពីរធម្មបទដ្ឋកថា ជារឿងដែលសរសេចក្ដីថា ព្រះពុទ្ធមិនមែនជាអ្នកទទួលបំណន់ក្នុងរឿងឲ្យមានកូនឬគ្មានកូន បទដែលត្រូវគ្មានកូន វាក៏គ្មានឯងដូចព្រះពោធិរាជកុមារ ។ បទដែលត្រូវមានកូនក៏មានមកឯង ដូចនាងមល្លិកា ។ តែសង្កេតមើលរឿងខ្លះ ក្នុងពួកគម្ពីរជាតកឃើញថា ការបន់សុំកូន អាចនឹងបានតាមសុំខ្លះ តែអ្នកសុំត្រូវប្រកបដោយគុណធម៌យ៉ាងខ្ពស់ ហើយមានចិត្តប្រកបដោយចតុព្រហ្មវិហារ  ប្រាថ្នាសេចក្ដីសុខ សេចក្ដីចម្រើន ប្រាថ្នាធ្វើប្រយោជន៍ដល់ប្រជុំជនជាច្រើន ខនេះអាចនឹងមានបានខ្លះ ដូចមានរឿងក្នុងជាតកកថា ព្រះមហាក្សត្រអំពីបុរាណអង្គខ្លះ គ្មានព្រះរាជបុត្រនឹងតំណសន្តតិវង្ស ពួកនាំគ្នាឡើងក្រាបទូលឲ្យទ្រង់គិតធ្វើឧបាយម្ដេច ដ៏ជាហេតុឲ្យមានព្រះរាជបុត្រ ។ ព្រះមហាក្សត្រអង្គនោះ ត្រាស់ឲ្យធ្វើពលីកម្មបួងសួងដល់ទេវតាសុំឲ្យទេពច្យុតិមកកើត នឹងបានគ្រប់គ្រងផែនដី រក្សាអាណាប្រជារាស្ត្រឲ្យនៅជាសុខតទៅ ឯអង្គព្រះមហាក្សត្រ​នោះនិងព្រះអគ្គមហេសី ឬព្រះស្នំ ក៏ទ្រង់សមាទានសីលបរិសុទ្ធស្អាតជានិច្ចទៅ ។ ដោយហេតុនេះ រមែងបណ្ដាលក្ដៅដល់ព្រះឥន្ទ្រ ៗ ក៏អញ្ជើញទេវតាឯណានីមួយឲ្យច្យុតមកកើត បានព្រះរាជបុត្រឡើងមែន ។ បើអ្នកទ្រទ្រង់នូវគុណធម៌ ហើយធ្វើពិធីសុំតាមរបៀបដែលពោលមកនេះ គួរជឿថាអាចនឹងមានបានខ្លះ ។

ឯទេវរូបមួយ​យ៉ាងជារូបស្រី ដែលខ្មែរយើងហៅថាទេព ឬយាយទែព នោះគឺជារូបនាងឧមា មហេសីរបស់ព្រះឥសូរ ។ ន័យថា នាងមាននាមដល់ទៅ ១០០០ យ៉ាងដូចយ៉ាងនាមថា ភគវតី ភវានី គីរីជា បាព៌តី ទុរតា កាឡី ជាដើម នាមអម្បាលនេះជាគ្រឿងសម្ដែងគុណសម្បត្តិខ្លះ ជាគ្រឿងសរជាតិ សរត្រកូល ជាគ្រឿងសម្ដែងសេចក្ដីទារុណគឺសេចក្ដីកាចខ្លះ ។ នាមឧមា ភគវតី ភវានី អម្បាលនេះសម្ដែងគុណសម្បត្តិ ព្រោះនាងជាអ្នកភ្លឺត្រចះត្រចង់ ជាអ្នកមានជោគជ័យ ជាដែនកើតនៃប្រជាជន គឺជាមាតារបស់សត្វលោក ។ នាមគីរី បាព៌តី ពីរនេះសរជាតិ ព្រោះនាងកើតអំពីភ្នំ ។ នាមហេមវតី នេះសរត្រកូល ព្រោះនាងជាធីតាព្រះហិមវ័ត គឺព្រៃហិមពាន្ត និងនាងមេនកា ។ នាមទុរគា កាឡី ពីរនេះជាគ្រឿងសរសន្ដានខាងឯអាក្រក់ ខាងឯខ្មៅ កាឡករណី ព្រោះនាងមានឫទ្ធិ អាចធ្វើល្អក៏បាន ធ្វើឲ្យអាក្រក់ក៏បាន ធ្វើឲ្យចម្រើនក៏បាន ធ្វើឲ្យវិនាសក៏បាន ។ កាលជាប្រក្រតី ឬកាលណាត្រូវការធ្វើអ្វីជាប៉ែកខាងល្អ រូបនាងក៏ប្រាកដឃើញល្អ កាលណាត្រូវការធ្វើអ្វីជាប៉ែកខាងអាក្រក់ រូបនាងក៏ប្រាកដឃើញអាក្រក់មុខក្រញិកក្រញូវដូចជាយក្ស ហេតុនោះពួកកាន់សាសនាព្រាហ្មណ៍គេទើបសាងរូបនាងជាពីរបែបល្អ ១ យ៉ាង បែបអាក្រក់ ១ យ៉ាង ។ រូបល្អនោះគេតែងធ្វើពលិកម្មបួងសួង បន់ស្រន់សុំក្នុងរឿងដែលល្អបាន ន័យថា នាងសព្វព្រះហឫទ័យសោយតែឈាមមនុស្សឬឈាមសត្វ បើអ្នកណាចង់បានពរអំពីនាង គប្បីបំពេញតបៈឲ្យមាំមួន ហើយយកមនុស្សឬសត្វរស់ទៅអារកសម្លាប់យកឈាមថ្វាយ នឹងប្រទានពរជាឆាប់ ។ រូបអាក្រក់នោះគេកាន់ថា មិនត្រូវបន់សុំអ្វីខាងល្អ ព្រោះក្នុងវេលាដែលនាងមានរូបអាក្រក់ដូច្នេះ ជាពេលដែលនាងត្រូវតែបំផ្លិចបំផ្លាញឲ្យហិនហោចទៅ ប្រៀបដូចមនុស្សយើងកំពុងតែខឹងខ្លាំង កំពុងមុខអាក្រក់ បើជាមានអ្នកណាមកសុំអ្វីក៏មិនបានសម្រេចតាមសុំ មានតែឲ្យទោសមកវិញ បើបន់សុំឲ្យជួយបំផ្លិចបំផ្លាញបាន ។

ដែលពួកខ្មែរយើងហៅថាយាយទេព ជាឈ្មោះដែលកើតឡើងក្នុងជាន់ក្រោយ ដែលអស់អ្នកចេះដឹងរឿងនោះហើយមិនដឹងជាឈ្មោះអ្វី មានរឿងរ៉ាវមកដូចម្ដេច ក៏នាំគ្នាហៅយាយទេពទៅ តាមលក្ខណៈនៃរូបនោះជាស្រី ។

ព្រះមហាពិទូរក្រសេម រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥

បញ្ចេញយោបល់ ៖