ទំនៀម​កាន់​ទុក្ខ​សពនៃ​សាមញ្ញជនជាតិ​ខ្មែរ

សំណួរ – គួរឲ្យនឹកឆ្ងល់ថា នៅវេលាមានបុណ្យសពនៃសាមញ្ញជននីមួយៗ គេតែងឃើញក្រុមគ្រួសាររបស់សព អ្នកខ្លះកោរសក់ អ្នកខ្លះមិនកោរសក់ អ្នកខ្លះស្លៀកពាក់សំពត់អាវស អ្នកខ្លះស្លៀកពាក់សំពត់អាវខ្មៅ ឬក៏គ្រាន់តែយកកំណាត់សំពត់ខ្មៅមួយបន្ទះតូចខ្ទាស់ភ្ជាប់នឹងអាវក៏មាន ការដែលគេធ្វើយ៉ាងនេះ តើជាខុសឬត្រូវ ហើយគេប្រកាន់យកអ្វីជាគោលអាង ?

ចម្លើយ – សូមដោះស្រាយប្រស្នានេះថា បណ្ដាជនជាតិខ្មែរ នៅស្រុកស្រែចម្ការ ច្រើនតែកោរសក់ ហើយស្លៀកពាក់សំពត់អាវស កាន់ទុក្ខសព តាមទម្លាប់ដែលចាស់ទុំធ្លាប់ធ្វើតៗគ្នា តាំងពីព្រេងនាយ ជាប់ជាទំនៀមរៀងរហូតមកដល់សម័យនេះ ។

តាមយោបល់នៃលោកអ្នកប្រាជ្ញជាតិខ្មែរខ្លះយល់ថា ការដែលបណ្ដាជនជាតិខ្មែរកោរសក់ ហើយស្លៀកពាក់សំពត់អាវស កាន់ទុក្ខសពនោះ ដោយប្រកាន់តាមក្បួនច្បាប់ក្នុងព្រះពុទ្ធសាសនាជាគោល ដូចជាការកោរសក់ជាប្រស្នាសម្រាប់ពិចារណាឲ្យឃើញថា សក់ដែលកោរអស់រលីងហើយ តែងតែដុះឡើងវិញជាមិនខាន ប្រៀបធៀបនឹងមនុស្សស្លាប់ទៅហើយ ទៀងតែកើតឡើងទៀត ហើយសោយសុខទុក្ខទៅតាមផលបុណ្យបាបរបស់ខ្លួន ។

ចំណែកសំពត់អាវមានពណ៌ផ្សេងៗជាច្រើន ប៉ុន្តែពណ៌សជាពណ៌អាចផ្លាស់ប្ដូរប្រែប្រួលទៅជាពណ៌អ្វីៗ ដទៃទៀតបាន គឺថាបើប៉ះពាល់ប្រឡាក់នឹងវត្ថុមិនស្អាតណាមួយ មានធ្យូងជាដើម តែងក្លាយទៅជាសំពត់ក្រខ្វក់អាក្រក់ដោយធ្យូងប្រឡាក់ មិននៅជាពណ៌សស្អាតតាមភាពដើមទេ ។

ពណ៌សនេះ ទុកជាប្រស្នាមួយ សម្រាប់ឲ្យគិតពិចារណាប្រៀបធៀបទៅនឹងរូបមនុស្ស ដែលតែងផ្លាស់ប្ដូរប្រែប្រួលពីក្មេងទៅជាចាស់ ពីជាទៅជាឈឺ ពីរស់ទៅជាស្លាប់ ។

ពួកអ្នកពុទ្ធសាសន៍យល់ឃើញថា សំពត់ពណ៌សមានប្រយោជន៍ដ៏សំខាន់យ៉ាងនេះហើយ បានជាគេនិយមស្លៀកពាក់សំពត់អាវសកាន់ទុក្ខសព ។

ម្យ៉ាងវិញទៀត ការប្រើសំពត់ស ជាការចាំបាច់ក្នុងផ្លូវពិចារណាធម៌ សឹងមានអតីតនិទានក្នុងគម្ពីរពុទ្ធសាសនាថា ៖

កាលព្រះបរមសាស្ដានៃយើងគង់ព្រះជន្មនៅឡើយ មានព្រះថេរៈមួយរូបព្រះនាមចូឡបន្ថកៈ ចូលទៅគាល់ព្រះសាស្ដាក្រាបថ្វាយបង្គំលាសឹក ព្រះពុទ្ធអង្គទ្រង់ប្រោសប្រទានកំណាត់សំពត់សមួយផ្ទាំងតូច ឲ្យយកទៅអង្គុយឈ្លីកណ្ដាលវាលហាលថ្ងៃ ហើយឲ្យសម្លឹងមើលសំពត់សដែលខ្លួនឈ្លីនិងឲ្យទន្ទេញថា « សំពត់នេះមិនស្អាតទេ សំពត់នេះមិនស្អាតទេ » ។

ព្រះថេរៈ ទទួលព្រះពុទ្ធដីកាយកសំពត់សពីព្រះហស្តចេញទៅខាងក្រៅ អង្គុយកណ្ដាលវាលហាលថ្ងៃ ដៃឈ្លីសំពត់ស ភ្នែកសម្លឹងសំពត់ស មាត់ទន្ទេញរអ៊ូថា « សំពត់សនេះមិនស្អាតទេ សំពត់សនេះមិនស្អាតទេ » មិនយូរប៉ុន្មាន សំពត់ដែលលោកឈ្លីនោះ ប្រឡាក់ញើសក្អែលដៃ ទៅជារបស់ខ្មៅក្រខ្វក់ លែងសស្អាតដូចពីដើម ។ ព្រះថេរៈឃើញដូច្នោះក៏កើតព្រះទ័យសង្វេគតក់ស្លុតពិចារណាឃើញផ្លូវធម៌ថា « វត្ថុទាំងអស់ជារបស់មិនទៀងទាត់ទេ ជារបស់នាំឲ្យកើតទោស មិនមែនជារបស់ខ្លួនសោះឡើយ » នៅទីបំផុតនៃការពិចារណាធម៌ ព្រះថេរៈបានសម្រេចព្រះអរហត្តផលនៅពេលនោះឯង ។

អាស្រ័យរឿងព្រះចូឡបន្ថកថេរនេះជាគោលអាង បានជាបណ្ដាជនជាតិខ្មែរ អ្នកកាន់ធម៌រក្សាសីលក្ដី អ្នកកាន់ទុក្ខសពក្ដី ច្រើនតែស្លៀកពាក់សំពត់អាវស និងច្រើនតែកោរសក់ផង ។

សូម្បីក្នុងច្បាប់ព្រះរាជពង្សាវតារក្រុងកម្ពុជា ក៏ឃើញមានសេចក្ដីប្រកាសឲ្យប្រជារាស្រ្តខ្មែរគ្រប់គ្នាកោរសក់ ស្លៀកពាក់សំពត់អាវស កាន់ទុក្ខព្រះបរមសពនៃព្រះមហាក្សត្ររបស់ខ្លួនដែរ ។

ប៉ុន្តែសព្វថ្ងៃនេះ ឃើញមានបណ្ដាជនជាតិខ្មែរខ្លះ ស្លៀកពាក់សំពត់អាវខ្មៅ ឬក៏គ្រាន់តែខ្ទាស់បន្ទះសំពត់ខ្មៅបន្តិចភ្ជាប់នៅអាវស ជាគ្រឿងសម្គាល់ថា ខ្លួនកាន់ទុក្ខសព ។ ការដែលធ្វើយ៉ាងនេះ មិនមែនធ្វើតាមទំនៀមទម្លាប់របស់ជាតិខ្មែរពីបុរាណកាលមកទេ គឺគេធ្វើតាមពួកអឺរ៉ុបដែលចូលមកនៅក្នុងប្រទេសខ្មែរ ។

នៅទីបំផុតនេះ សូមដោះស្រាយបញ្ចប់ប្រស្នាខាងដើមនេះថា អ្នកកាន់ទុក្ខសព ទោះកោរសក់ក្ដី មិនកោរសក់ក្ដី ស្លៀកពាក់សក្ដី ខ្មៅក្ដី ឬពណ៌អ្វីឯទៀតក្ដី នឹងអារកាត់ថា អ្នកណាធ្វើខុស អ្នកណាធ្វើត្រូវ ក៏មិនបាន ព្រោះព្រះពុទ្ធអង្គមិនបានបញ្ញត្តពីរឿងកាន់ទុក្ខសពនេះទេ ស្រេចតែគេធ្វើតាមទំនៀមទម្លាប់របស់ជាតិគេ វៀរលែងតែមានព្រះរាជប្រកាសជាការចាំបាច់ ខានមិនបាន ។

          បរិយាយអំពីរបៀបកាន់ទុក្ខសពនៃប្រជារាស្រ្តខ្មែរ ចប់តែប៉ុណ្ណេះ ។

តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ
ទំនៀមកាន់ទុក្ខសព នៃសាមញ្ញ ជនជាតិខ្មែរ
លោក ប៊ូ ប៉ូ រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

បញ្ចេញយោបល់ ៖