ប្រវត្តិ​សង្ខេប​នៃ​ផ្លែ​ស្វាយចន្ទី

កាលពីព្រេងព្រឹទ្ធអតីតកាលមានដំណាលថា ក្នុងពេលដល់រដូវកាលជាដំបូង ដែលព្រះឥសូរទ្រង់បញ្ជារុក្ខជាតិផងគ្រប់ប្រភេទដែលទ្រង់ទើបនឹងបង្កើតហើយនោះឲ្យបញ្ចេញផ្លែផ្កា ដើម្បីទុកជាពូជក្នុងពិភពលោកយើងនេះ គ្រានោះស្វាយចន្ទីបានឃើញថា រុក្ខជាតិជាច្រើនមិនទាន់បានដឹងរដូវកាលបញ្ចេញផ្កាផ្លែរបស់ខ្លួន តាមព្រះបញ្ជាដ៏ខ្ពង់ខ្ពស់ ក៏ចេញដំណើរធ្វើទស្សនាការ ស្រែកបង្កូកប្រកាសប្រាប់គ្រប់ទីកន្លែងថា “បងប្អូនរុក្ខជាតិទាំងឡាយអើយ ! ឥឡូវនេះ ជារដូវកាលដែលព្រះជាម្ចាស់ទ្រង់បញ្ជាឲ្យយើងនាំគ្នាបញ្ចេញផ្កាផ្លែទុកជាពូជរៀងខ្លួនហើយ ! សូមបងប្អូនទាំងអស់គ្នា ប្រញាប់ប្រញាល់បញ្ចេញផ្កាផ្លែឲ្យទាន់ពេលវេលាចុះទៅ” ។ រុក្ខជាតិទាំងអស់ ដោយភ័យខ្លាចក្រែងគ្មានពូជក្នុងពិភពលោកនឹងគេ ក៏ផ្អើលអ៊ូអរនាំគ្នាបញ្ចេញផ្កាបញ្ចេញផ្លែ តាមសេចក្ដីប្រកាសរបស់ស្វាយចន្ទីពុំមានសល់ ។

ឯស្វាយចន្ទីវិញ លុះដើរបង្កូកប្រកាសប្រាប់គេសព្វតំបន់ទិសទីហើយ ក៏រវៀសរវៃត្រឡប់មកវិញ ដើម្បីនឹងបញ្ចេញផ្កាផ្លែទុកជាពូជរបស់ខ្លួន ។ គួរឲ្យអាណិតណាស់ ! គាត់រវល់តែដើរស្រែកប្រកាសប្រាប់គេ លុះវិលមកវិញ ស្រាប់តែរដូវកាលកៀកជិតផុតណាស់ទៅហើយ គាត់ខំប្រឹងបញ្ចេញផ្ការួចបញ្ចេញផ្លែយ៉ាងប្រញាប់រួសរាន់ ។ ដោយមើលទៅឃើញថាគ្មានសង្ឃឹមនឹងទាន់រដូវកាល និងដោយភ័យខ្លាចក្រែងដាច់ពូជ គាត់ក៏ខំប្រឹងបញ្ចេញគ្រាប់ពូជទៅមុន ហើយបញ្ចេញសម្បក – សាច់ឲ្យដេញតាមពីក្រោយ ។ ជាគ្រោះល្អដែរ គ្រាប់ពូជបានស្ទុះចម្រើនជឿនលឿនទៅមុខយ៉ាងឆាប់ សមតាមសេចក្ដីប្រាថ្នាមែន ប៉ុន្តែគ្រោះអាក្រក់ ដោយសម្បកដេញប្រកិតដិតពីក្រោយ តាមគ្របគ្រាប់ពូជនោះ ឲ្យជិតទាំងអស់មិនទាន់សោះ ទោះបីគាត់ខំប្រឹងរត់ប្រឹងដេញពេញទំហឹងក៏ដោយ គាត់គ្របក្បាលគ្រាប់ទើបតែបានបន្តិច រដូវកាលដែលរុក្ខជាតិត្រូវផ្កាផ្លែ តាមព្រះបញ្ញត្តិនៃព្រះឥសូរជាម្ចាស់ក៏ផុតរលត់អស់កាលបរិច្ឆេទទៅ ។

ដូច្នេះហើយបានជាផ្លែស្វាយចន្ទី ខុសប្លែកពីផ្លែរុក្ខជាតិទាំងពួង គឺមានសម្បកផ្លែគ្រាប់មិនជិត នៅលៀន​ត្រឡិនៗ គួរឲ្យមើលហើយចង់អស់សំណើច ។

ស្វាយចន្ទីបានជាគ្រាប់នៅក្រៅផ្លែ ព្រោះមានរឿងដូចពណ៌នាមកនេះឯង ។

ផល ទិត

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣

បញ្ចេញយោបល់ ៖