ប្រស្នា​សត្វ​កណ្ដូប​និង​គ្រុឌ

ប្រស្នា​សត្ត​កណ្ដូប​និង​គ្រុឌ[១] (សោផជាតក)

រឿង​នេះ​ត​គ្នា​ពី​រឿង​មុន​សម្ដែង​សេចក្ដី​ថា សម័យ​នោះ​ភិក្ខុ​ទាំងឡាយ​បបួល​គ្នា​ទៅ​ប្រជុំ​ក្នុង​រោង​ធម្ម​សភា ហើយ​ពោល​សរសើរ​បញ្ញា​បារមី​ព្រះ​សម្មា​សម្ពុទ្ធ​ថា អាវុសោ ម្នាល​អ្នក​ទាំងឡាយ មហា​បញ្ញោ ព្រះ​អង្គ​មាន​ប្រាជ្ញា​ច្រើន បុថុបញ្ញោ ព្រះ​អង្គ​មាន​បញ្ញា​ក្រាស់​ដូច​ជា​ផែន​ដី តិក្ខបញ្ញោ ព្រះ​អង្គ​មាន​បញ្ញា​ដ៏​មុត​ដូច​ខ័ន​ថ្លា គម្ភិរ​បញ្ញោ ព្រះ​អង្គ​មាន​បញ្ញា​ជ្រាល​ជ្រៅ​ដូច​ទឹក​សមុទ្ទ ជវន​បញ្ញោ ព្រះ​អង្គ​មាន​បញ្ញា​ដ៏​រហ័ស​វាង​វៃ ហាស​បញ្ញោ ព្រះ​អង្គ​មាន​បញ្ញា​ញ៉ាំង​លោក​នេះ ព្រម​ទាំង​ទេវលោក​ឲ្យ​ស្រើប​ស្រួល​បាន និព្វេធិក​បញ្ញោ ព្រះ​អង្គ​មាន​បញ្ញា​ពុំ​បាន​ងឿង​ឆ្ងល់​នឹង​បញ្ហា​អ្វី​ដ៏​ហោច​ទៅ សូម្បី​តែ​បញ្ហា​សត្ត​តិរច្ឆាន ក៏​ព្រះ​អង្គ​អាច​ជ្រាប​ច្បាស់​ពុំ​មាន​សេស​សល់ ព្រះ​អង្គ​អាច​ដោះ​ស្រាយ​បញ្ហា​ព្យាករណ៍​ដ៏​ពីរោះ​ពេក​គួរ​យើង​ទាំងឡាយ​គប្បី​ស្ដាប់​ណាស់ អហោវត តថាគតោ មហា​បញ្ញោ ឱ​ហ្ន៎​ព្រះ​តថាគត​ជា​ម្ចាស់​យើង ព្រះ​អង្គ​មាន​បញ្ញា​អ្វី​ច្រើន​ដល់​ម្ល៉េះ ។

ពាក្យ​ដែល​ភិក្ខុ​ទាំងឡាយ​ពោល​សរសើរ គុណ​ព្រះ​អង្គ​នោះ​ពុំ​បាត់​ស្ងាត់​ឡើយ បាន​ជ្រាប​ទៅ​ដល់​ព្រះ​សោតា​ទិព្វ​ថ្លៃ​នៃ​ព្រះ​អង្គ​ហើយ​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ សួរ​ព័ត៌មាន​នោះ​បាន​ជ្រាប​សព្វ​គ្រប់​ហើយ ទើប​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះ​តថាគត​មាន​ប្រាជ្ញា​អាច​ដោះ​ស្រាយ​សត្ត​តិរច្ឆាន​បាន មិន​តែ​ក្នុង​កាល​ឥឡូវ​នេះ​ទេ ព្រះ​តថាគត​មាន​ប្រាជ្ញា អាច​ដោះ​ស្រាយ​ប្រស្នា​សត្ត​តិរច្ឆាន​បាន​តាំង​តែ​ពី​ក្នុង​កាល​មុន​មក ព្រះ​អង្គ​សម្ដែង​ដូច្នេះ​ហើយ ទ្រង់​គង់​ស្ងៀម​នៅ​ដោយ​តុណ្ហីភាព ។

ភិក្ខុ​ទាំងឡាយ​ក៏​បាន​អារាធនា​និមន្ត​ព្រះ​អង្គ ឲ្យ​នាំ​អតីត​និទាន​មក​សម្ដែង ដើម្បី​និង​បាន​ស្ដាប់​សេចក្ដី​រាល់​គ្នា ។

ឯ​អង្គ​សម្ដេច​ព្រះ​លោកុត្តមាចារ្យ​ជា​ម្ចាស់ ព្រះ​អង្គ​បាន​ទទួល​អារាធនា​និមន្ត​ពីព្រះ​ភិក្ខុ​សង្ឃ​ទាំង​ឡាយ ហើយ​ទ្រង់​នាំ​អតីត​និទាន​មក​សម្ដែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ នា​កាល​អតីត​កាល​កន្លង​រំលង​ទៅ​យូរ​ណាស់​ហើយ មាន​ស្ដេច ១ ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ព្រះ​បាទ​ព្រហ្មទត្ត សោយ​រាជ​សម្បត្តិ​ក្នុង​នគរ​ពារាណសី ។

គ្រា​នោះ​ព្រះ​បរម​ពោធិសត្ត បាន​អន្ទោល​ទៅ​កើត​ក្នុង​ត្រកូល​នៃ​កុដុម្ពីក៍​ដ៏​ជា​ធំ លុះ​ដល់​ចម្រើន​​វ័យ​ធំ​ឡើង​ហើយ អំណើះ​ឥត​អំពី​មាតា​បិតា​ទៅ សម្បត្តិ​ទ្រព្យ​ទាំង​ប៉ុន្មាន​បាន​មក​ព្រះ​បរម​ពោធិសត្ត​ទាំងអស់ ។

ឯ​ពោធិសត្ត​នោះ​ក៏​គិត​ថា អញ​និង​ឲ្យ​នូវ​ទាន​ហើយ​ទៅ​កាន់​ស្ថាន​សួគ៌ គិត​ស្រេច​ហើយ​ក៏​បរិច្ចាគ​ទ្រព្យ​ទាំង​អស់​ឲ្យ​ទៅ​ជា​ទាន​ដល់​ស្មូម​យាចក​អ្នក​កម្សត់​ទុគ៌ត​ទាំងឡាយ នៅ​សល់​ប៉ុន្មាន​បែង​សម្បត្តិ​នោះ​ជា​ពីរ​ចំណែក ចំណែក​មួយ​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ ចំណែក ១ ទៀត​ឲ្យ​ទៅ​ដល់​ពពួក​ញាតិ​ទាំងឡាយ​របស់​ខ្លួន ហើយ​ចេញ​ទៅ​បួស ជា​តាបស​ឫសី​នៅ​អាស្រ័យ​ក្នុង​អាស្រមបទ​ប្រទេស​ព្រៃ​ហិមពាន្ត ចិញ្ចឹម​ជីវិត​រស់​នៅ​ដោយ​មើម​ឈើនិង​ផ្លែ​ឈើ ហើយ​បាន​ធ្វើ​នូវ​កសិណបរិកម្ម​ចម្រើន​បាន​នូវ​ឈាន​សមាបត្តិ​ស្ទាត់ ក៏​នៅ​អាស្រ័យ​ក្នុង​ទី​នោះ​អស់​កាល​យូរ ។

គ្រា​នោះ​មាន​ដើម​ជ្រៃ​ធំមួយ​ នៅ​ខាង​កើត​នៃ​អាស្រម​បទ​នោះ មាន​សត្ត​កណ្ដូប​ធំ ១ មាន​សរីរៈ​ដ៏​ធំ​ប្រមាណ​ប៉ុន​ផ្កា​ល្ពៅ នៅ​អាស្រ័យ​និង​ដើម​ជ្រៃ​នៅ​ជា​ប្រក្រតី ។

កាល​នោះ មាន​សត្ត​គ្រុឌ​ធំ​មួយ​​ហើរ​ចេញ​ទៅ​អំពី​ព្រៃ​ហិមពាន្ត ត្រាច់​ទៅ​រក​ចំណី​អាហារ​សព្វ​ទិស​ទាំង​ពួង ​រក​អាហារ​ពុំ​បាន ហើយ​ក៏​ហើរ​មក​ទំ​លើ​ដើម​ជ្រៃ​ធំ​នោះ ក្រឡេក​មើល​ទៅ​បាន​ឃើញ​សត្ត​កណ្ដូប​ធំ​ទំ​នៅ​មែក​ជ្រៃ​នោះ​ហើយ គ្រុឌ​គិត​ថា  ” ឱ​ហ្ន៎​អាហារ​អញ​បាន​ហើយ​តើ ” ទើប​គ្រុឌ​នោះ​បាន​ពោល​ចំពោះ​ទៅ​នឹង​សត្ត​កណ្ដូប​ធំ​ថា ” សលភ ម្នាល​សត្ត​កណ្ដូប​អញ​នឹង​ស៊ី​អ្នក​ឯង​ឥឡូវ​នេះ ” ។ ចំណែក​ឯ​សត្ត​កណ្ដូប​ធំ បាន​ឮ​សំឡេង​គ្រុឌ​ហើយ​ភិត​ភ័យ​រន្ធត់​ញាប់​ញ័រ​សព្វ​សព៌ាង្គ​រាង​កាយ ខំ​រិះ​គិត​ស្វែង​រក​ឧបាយ​និង​ដោះ​ខ្លួន​ដូច​ម្ដេច ដ្បិត​សត្ត​គ្រុឌ​នេះ​មាន​កម្លាំង​ខ្លាំង​ពេក​ណាស់ នឹង​បរិភោគ​ស៊ី​អញ​ជា​ចំណី​វា ជីវិត​របស់​អញ​មុខ​ជា​នឹង​មិន​មាន​ក្នុង​កាល​ឥឡូវ​នេះ ” ។ សត្ត​កណ្ដូប​ធំ​គិត​ដូច្នេះ​ហើយ បាន​ពោល​ទៅ​នឹង​សត្ត​គ្រុឌ​នោះ​ថា ភោមហា​គរុឡ[២] ម្នាល​សត្ត​គ្រុឌ​ធំ​ដ៏​ចម្រើន អ្នក​ឯង​ចេះ​អ្វី​បាន​ជា​អ្នក​ឯង​គិត​ស៊ី​អញ​ជា​ចំណី​ឯង ។

កាល​នោះ​សត្ត​គ្រុឌ​ធំ​បាន​ពោល​ទៅ​នឹ​សត្ត​កណ្ដូប​វិញ​ថា ” អ្នក​ឯង​ចេះ​ដឹង​អ្វី ” ។

សត្ត​កណ្ដូប​ធំ​ពោល​ថា ” ម្នាល​សត្ត​គ្រុឌ អញ​នេះ​ជា​បុគ្គល​ឆ្លាស​ចេះ​ដឹង​ណាស់ ” ។

សត្ត​គ្រុឌ​ពោល​ថា ” ម្នាល​សត្ត​កណ្ដូប ថា​បើ​អ្នក​ឯង​ចេះ​ដឹង​ណាស់ ត្រូវ​អ្នក​ឯង​ពោល​មក​នឹង​ចុះ អញ​នឹង​ស្ដាប់​ផង​មើល ” ។

សត្ត​កណ្ដូប​ធំ​បាន​ពោល​តប​ទៅ​វិញ​ថា ” ម្នាល​គ្រុឌ​អញ​នឹង​សួរ​បញ្ហា​ទាំងឡាយ ៤ ចំពូក​នឹង​អ្នក​ឯង ថា​បើ​អ្នក​ឯង​ចេះ​ដឹង​មែន ដោះ​ប្រស្នា​អញ​រួច ទើប​អ្នក​ឯង​​ស៊ី​អញ​ជា​ចំណី​បាន​ស្រួល​ល្អ ថា​បើ​អ្នក​មិន​ចេះ​ដឹង​អ្វី​ទេ ហើយ​ស៊ី​អញ​ជា​ចំណី​អ្នក​ឯង ក្បាល​អ្នក​ឯង​និង​បែក​ជា​ប្រាំ​ពីរ​​ភាគ​ពុំ​ខាន ” ។

សត្ត​គ្រុឌ​ស្ដាប់​ហើយ​ពោល​ថា ” ម្នាល​សត្ត​កណ្ដូប​ធំ អ្នក​ឯង​ចូរ​សួរ​បញ្ហា​នោះ​មក​ចុះ អញ​និង​ឆ្លើយ​ឥឡូវ​នេះ ” ។

សត្ត​កណ្ដូប​នោះ​ក៏​សួរ​បញ្ហា​ចំពោះ​ទៅ​នឹង​សត្ត​គ្រុឌ​ថា ” ម្នាល​សត្ត​គ្រុឌ សភាវៈ​តែ ១ ឈ្មោះ​ថា​រុង​រឿង​ល្អ​ក្រៃ​លែង​ជាង​សភាវៈ​ឯ​ទៀត​គឺ​សភាវៈ​អ្វី ” ។

ឯ​សត្ត​គ្រុឌ​ឆ្លើយ​ថា “ព្រះ​ចន្ទ​រះ​ឡើង​ក្នុង​ថ្ងៃ ១៥ កើត​នេះ ឈ្មោះ​ថា​ល្អ​ក្រៃ​លែង” ។

ចំណែក​ឯ​សត្ត​កណ្ដូប​ស្ដាប់​ហើយ​ពោល​ថា ” ម្នាល​សត្ត​គ្រុឌ​ដ៏​ចម្រើន ព្រះ​ចន្ទ​រះ​ឡើង​ក្នុង​ថ្ងៃ ១៥ កើត​ល្អ​បាន​តែ​ក្នុង​លោក​ពុំ​បាន​ល្អ​ក្នុង​ខ្លួន​ឡើយ សភាវៈ​ដទៃ​ដែល​ល្អ​ក្នុង​ខ្លួន អ្នក​ឯង​ពុំ​បាន​ដឹង​នូវ​អដ្ឋកថា ពុំ​បាន​ដឹង​នូវ​សេចក្ដី​អធិប្បាយ​ឡើយ ។ ម្នាល​សត្ត​ដ៏​ចម្រើន សភាវៈ​តែ​មួយ​ដ៏​ល្អិត​សុខុម ក្រៃ​លែង​ជាង​សភាវៈ​ឯ​ទៀត​គឺ​សភាវៈ​អ្វី ” ។

ចំណែក​ខាង​សត្ត​គ្រុឌ​ឆ្លើយ​តប​ថា ” ម្នាល​សត្ត​កណ្ដូប​ធំ​ដ៏​ចម្រើន ឯ​សភាវៈ​ល្អិត​ដ៏​សុខុម​ក្រៃ​លែង មាន​តែ​សម្លី​កប្បាស​ជា​សភាវៈ​ល្អិត​ម៉ដ្ដ​គឺ​បុគ្គល​ថ្លែង​ពុំ​បាន ” ។

សត្ត​កណ្ដូប​ស្ដាប់​ហើយ​ពោល​ថា ” ម្នាល​សត្ត​គ្រុឌ​ដ៏​ចម្រើន ឯ​សម្លីកប្បាស​ល្អិត​ម៉ដ្ដ​ថ្លែង​ពុំ​បាន​មាន​តែ​ក្នុង​ខ្លួន​ពុំ​មាន​ក្នុង​ខ្លួន​ឡើយ ឯ​សភាវៈ​ល្អិត​ម៉ដ្ដ​ដែល​មាន​ក្នុង​ខ្លួន​អ្នក​ឯង​ពុំ​បាន​ដឹង​នូវ​អដ្ឋកថា ពុំ​បានដឹង​​នូវ​សេចក្ដី​អធិប្បាយ​ឡើយ ។ ម្នាល​សត្ត​គ្រុឌ​ដ៏​ចម្រើន សភាវៈ​តែ​មួយ​ដ៏​វែង​ពិត ក្រៃ​លែង​ជាង​សភាវៈ​ឯ​ទៀត​គឺ​សភាវៈ​អ្វី ” ។

សត្ត​គ្រុឌ​ស្ដាប់​ហើយ​ឆ្លើយ​តប​ថា ” ម្នាល​សត្ត​កណ្ដូប​ធំ ឯ​វែង​ក្រៃ​លែង​នោះ​មាន​តែ​ផ្លូវ ជន​ទាំងឡាយ​ដើរ​ទៅ​ក្នុង​មួយ​ថ្ងៃៗពុំ​ចេះ​ផុត ផ្លូវ​នេះ​ឈ្មោះ​ថា​សភាវៈ​វែង​ក្រៃ​លែង ” ។

សត្ត​កណ្ដូប​ស្ដាប់​ហើយ​ពោល​ថា ” ម្នាល​សត្ត​គ្រុឌ​ដ៏​ចម្រើន អ្នក​ឯង​ពុំ​បាន​ដឹង​នូវ​អដ្ឋកថា ពុំ​បាន​ដឹង​នូវ​សេចក្ដី​អធិប្បាយ​ឡើយ  ម្នាល​សត្ត​គ្រុឌ​ដ៏​ចម្រើន សភាវៈ​តែ​មួយ​ពុំ​មាន​ហើយ​ពុំ​មាន​ក្រៃ​លែង​ជាង​សភាវៈ​ឯ​ទៀត​គឺ​សភាវៈ​អ្វី ” ។

សត្ត​គ្រុឌ​ស្ដាប់​ហើយ​ឆ្លើយ​តប​ថា ” ម្នាល​សត្ត​កណ្ដូប​ធំ ឯ​មរណ​ធម៌​នេះ​ឈ្មោះ​ថា ខ្យល់​ដក​ដង្ហើម​ចេញ​នៃ​សត្ត​លោក​ទាំងឡាយ បាន​ឈ្មោះ​ថា​សភាវៈ​ពុំ​មាន​ដ៏​ក្រៃ​លែង ” ។

គ្រា​នោះ​សត្ត​កណ្ដូប​ធំ​បាន​ស្ដាប់​ហើយ​ពោល​ថា ” ម្នាល​សត្ត​គ្រុឌ​ដ៏​ចម្រើន អ្នក​ឯង​ពុំ​បាន​ដឹង​នូវ​អដ្ឋកថា ពុំ​បាន​ដឹង​នូវ​សេចក្ដី​អធិប្បាយ​ឡើយ បណ្ដា​បញ្ហា​ទាំង ៤ នេះ សូម្បី​តែ​បញ្ហា​មួយ​ក៏​អ្នក​ឯង​ពុំ​បាន​ដឹង​សោះ បើ​អ្នក​ឯង​ស៊ី​អញ ក្បាល​អ្នក​ឯង​និង​បែក​ជា ៧ ភាគ ថា​បើ​អ្នក​ឯង​ប្រាថ្នា​និង​ស៊ី​អញ មាន​តែ​យើង​ទាំងឡាយ​ទៅ​កាន់​សម្នាក់​តាបស​ឫសី ហើយ​សួរ​សេចក្ដី​អធិប្បាយ​ប្រស្នា​នេះ​សិន បើ​តាបស​ឫសី​បាន​ព្យាករណ៍​ដោះ​ស្រាយ​ប្រស្នា​នេះ​ហើយ ពាក្យ​អ្នក​ឯង​សម​ត្រូវ​មែន ទើប​អ្នក​ឯង​ស៊ី​អញ​បាន​ដោយ​ស្រួល ” ។

គ្រា​នោះ​សត្ត​គ្រុឌ​ពោល​ថា ” ម្នាល​កណ្ដូប​ពាក្យ​អ្នក​ឯង​ពោល​មក​ប្រពៃ​ហើយ អញ​នឹង​ទៅ​ឥឡូវ​នេះ ” គ្រុឌ​ពោល​ដូច្នេះ ហើយ​ក៏​ហើរ​ឡើង​តាម​អាកាស ចូល​ទៅ​កាន់​សម្នាក់​ឫសី ថ្វាយ​បង្គំ​ហើយ​ឈរ​នៅ​ទី​ដ៏​សម​គួរ​មួយ ។

ឯ​សត្ត​កណ្ដូប​ក៏​ហើរ​ឡើង​តាម​អាកាស ចូល​ទៅ​កាន់​សម្នាក់​តាបស​ឫសី ថ្វាយ​បង្គំ​ហើយ​ក៏​ឈរ​នៅ​ក្នុង​ទី​សម​គួរ​មួយ ដល់​កណ្ដូប​នោះ​ឈរ​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ស្រេច​ហើយ ក៏​ពោល​នូវ​ពាក្យ​បដិសណ្ឋារៈ​ស្រួល​បួល​ទៅ​នឹង​តាបស​ឫសី​ថា ” ភន្តេ បពិត្រ​លោក​ដ៏​ចម្រើន កច្ចិតេខមនិយំ យន្ត​គឺ​សរីរ​រាង​កាយ​មាន​ទ្វារ ៩ មាន​ចក្រ ៤ គួរ​លោក​គប្បី​អត់​សង្កត់​បាន​ខ្លះ​ដែរ ឬ កច្ចិយាបនិយំ យន្ត​គឺ​សរីរៈមាន​ទ្វារ ៩ មាន​ចក្រ ៤ គួរ​គឺ​លោក​គប្បី​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ស្រួល​ទេ​ឬ ? ” ។

តាបស​ឫសី​ស្ដាប់​ហើយ​ថា ” ម្នាល​កណ្ដូប​ធំ​ដ៏​ចម្រើន កច្ចិយាបនិយំ  យន្ត​គឺ​សរីរ​រាង​កាយ​មាន​ទ្វារ ៩ មាន​ចក្រ ៤ គឺ​អាត្មា​គប្បី​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ស្រួល​ខ្លះ​ដែរ អថោខមនិយំ ម៉្យាង​វិញ​ទៀត  យន្ត​គឺ​សរីរ​រាង​កាយ​មាន​ទ្វារ ៩ មាន​ចក្រ ៤ គឺ​អាត្មា​គប្បី​អត់​សង្កត់​បាន​ដោយ​ស្រួល​ទេ ” ។

ចំណែក​ខាង​សត្ត​កណ្ដូប បាន​ស្ដាប់​ហើយ​ពោល​ថា “បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន គ្រុឌ​នេះ​គិត​នឹង​ស៊ី​ខ្ញុំ​ជា​ចំណី​អាហារ​វា ខ្ញុំ​ក៏​បាន​សួរ​នូវ​ប្រស្នា​ទាំង​ឡាយ ៤ ជំពូក ទៅ​នឹង​សត្ត​គ្រុឌ​នេះ ឯ​សត្ត​គ្រុឌ​នេះ​សូម្បី​តែ​ប្រស្នា​មួយ​ក៏​ពុំ​ដឹង ឥឡូវ​នេះ​យើង​ទាំង ២ នាក់​បាន​ចូល​មក​កាន់​សម្នាក់​លោក​ម្ចាស់ សូម​លោក​ម្ចាស់​ដោះ​ស្រាយ​នូវ​សេចក្ដី​អធិប្បាយ​នៃ​ប្រស្នា​នេះ​ដល់​យើង​ទាំងឡាយ ” ។

តាបស​ឫសី​ពោល​ថា ” ម្នាល​សត្ត​កណ្ដូប​ធំ​ដ៏​ចម្រើន អ្នក​ឯង​ពោល​នូវ​ប្រស្នា​ទាំងឡាយ ៤ នោះ​ដូចម្ដេច ចូរ​អ្នក​ឯង​ពោល​មក​មើល ” ។

សត្ត​កណ្ដូប​ពោល​ថា ” ភន្តេ បពិត្រ​លោក​ដ៏​ចម្រើន ខ្ញុំ​ម្ចាស់​បាន​សួរ​ប្រស្នា​នឹង​គ្រុឌ​នេះ​ថា សភាវៈ​​តែ​មួយ​ឈ្មោះ​ថា​រុង​រឿង​ល្អ​ក្រៃ​លែង​ជាង​សភាវៈ​ឯ​ទៀត​គឺ​សភាវៈ​អ្វី ឯ​សត្ត​គ្រុឌ​នេះ​ឆ្លើយ​ថា ព្រះ​ចន្ទ​ពេញ​បូណ៌មី ឈ្មោះ​ថា​រុង​រឿង​ល្អ​ដ៏​ក្រៃ​លែង” ។

តាបស​ឫសី​សួរ​គ្រុឌ​ថា ពាក្យ​នេះ​អ្នក​ឯង​ពោល​ពិត​មែន​ឬ ។

គ្រុឌ​ពោល​ថា បពិត្រ​លោក​ដ៏​ចម្រើន ពាក្យ​នេះ​ខ្ញុំ​ម្ចាស់​បាន​ពោល​ពិត​មែន ។

តាបស​ឫសី​ពោល​ថា អ្នក​ឯង​ពុំ​បាន​ដឹង​ប្រស្នា​នេះ​មែន ហើយ​ឫសី​ព្យាករណ៍​ដោះ​ប្រស្នា​នេះ​ថា ម្នាល​សត្ត​គ្រុឌ សីល ៥ ក្ដី សីល ៨ ក្ដី សីល ១០ ក្ដី មាន​ដល់​មនុស្ស​ទាំងឡាយ​ឯ​ណា មនុស្ស​ទាំង​ឡាយ​នោះ​ឈ្មោះ​ថា​រុង​រឿង​ល្អ​ក្រៃ​លែង​ដោយ​វិសេស​ក្នុង​លោក ។

កណ្ដូប​ស្ដាប់​ហើយ ឲ្យ​សាធុការ​ថា​សាធុ ៗ ហើយ​ពោល​ថា បពិត្រ​លោក​ដ៏​ចម្រើន ខ្ញុំ​ម្ចាស់​បាន​សួរ​ប្រស្នា ១ ទៀត​ថា សភាវៈ​តែ​មួយ​ដ៏​ល្អិត​ម៉ដ្ដ​សុខុម ក្រៃ​លែង​ជាង​សភាវៈ​ឯ​ទៀត​គឺ​សភាវៈ​អ្វី គ្រុឌ​នោះ​ឆ្លើយ​តប​ថា សម្លីកប្បាស​ជា​សភាវៈ​ល្អិត​ម៉ដ្ដ​ដ៏​សុខុម​ក្រៃលែង​គឺ​បុគ្គល​ថ្លែង​ពុំ​បាន ។

តាបស​ឫសី​សួរ​ថា ម្នាល​​គ្រុឌ​ពាក្យ​នេះ​អ្នក​ឯង​ពោល​ពិត​មែន​ឬ ។

គ្រុឌ​ពោល​ថា ពាក្យ​នេះ​ខ្ញុំ​ម្ចាស់​បាន​ពោល​ពិត​មែន ។

តាបស​ឫសី​ពោល​ថា ត្វំសុណោសិ អ្នក​ឯង​ស្ដាប់​ពាក្យ​អាត្មា​ចុះ ឯ​សភាវៈ​ល្អិត​ម៉ដ្ដ​ដ៏​សុខុម​ក្រៃ​លែង​នោះ គឺ​លោកុត្តរ​ធម៌​ទាំង ៩ ចំពូក ព្រម​ទាំង​ព្រះ​បរិយត្តិ​ធម៌ មាន​ន័យ​ផ្សេងៗ ឈ្មោះ​ថា​សភាវៈ​ល្អិត​ម៉ដ្ដ​ដ៏​សុខុម​ក្រៃ​លែង ។

កណ្ដូប​ស្ដាប់​ហើយ​ឲ្យ​សាធុការ​ថា​សាធុៗ ហើយ​ទូល​ថា បពិត្រ​លោក​ដ៏​ចម្រើន ខ្ញុំ​ម្ចាស់​បាន​សួរ​ប្រស្នា ១ ទៀត​ថា សភាវៈ​តែ ១ វែង​ឆ្ងាយ ដ៏​ក្រៃ​លែង​ជាង​សភាវៈ​ឯ​ទៀត​គឺ​សភាវៈ​អ្វី គ្រុឌ​នេះ​តប​ថា ផ្លូវ​ដែល​មនុស្ស​ទាំងឡាយ​ត្រាច់​ទៅ​សព្វ​ថ្ងៃ ឈ្មោះ​ថា​សភាវៈ​វែង​ឆ្ងាយ​ក្រៃ​លែង ។

តាបស​ឫសី​សួរ​គ្រុឌ​ថា ម្នាល​​គ្រុឌ​ពាក្យ​នេះ​អ្នក​ឯង​ពោល​មែន​ឬ ។

គ្រុឌ​ឆ្លើយ​ថា បពិត្រ​លោក​ដ៏​ចម្រើន ខ្ញុំ​ម្ចាស់​បាន​ពោល​ពិត​មែន ។

តាបស​ឫសី​ស្ដាប់​ហើយ​ពោល​ថា ម្នាល​គ្រុឌ​ដ៏​ចម្រើន អ្នក​ឯង​ពុំ​ដឹង​មែន អ្នក​ឯង​ត្រូវ​ស្ដាប់​ពាក្យ​អាត្មា​វិញ ធម៌​ទាំង​ឡាយ​ពីរ​គឺ​សប្បុរិស​ធម៌ និង​អសប្បុរិស​ធម៌ ទើប​ឈ្មោះ​ថា​វែង​ឆ្ងាយ​ត​អំពី​គ្នា​និង​គ្នា​ដ៏​ក្រៃ​លែង ត្រើយ​សមុទ្ទ​ឈ្មោះ​ថា​ឆ្ងាយ​ដោយ​វិសេស​អំពី​សមុទ្ទ ផែន​ដី​ឈ្មោះ​ថា​ឆ្ងាយ​ដោយ​វិសេស​ដោយ​អាកាស ១ រយ​គុណ ១ ពាន់​គុណ ១ ម៉ឺន​គុណ ១ សែន​គុណ អ្នក​ឯង​ពោល​ថា​ផ្លូវ​ឆ្ងាយ​ដោយ​វិសេស​នោះ​ខុស​ទេ​គ្រុឌ ។

 កណ្ដូប​ស្ដាប់​ហើយ​ឲ្យ​សាធុការ​ថា​សាធុៗ ហើយ​ទូល​ថា បពិត្រ​តាបស​ដ៏​ចម្រើន ខ្ញុំ​ម្ចាស់​បាន​សួរ​ប្រស្នា ១ ទៀត​ថា សភាវៈ​តែ ១ ពុំ​មាន ​ហើយ​ពុំ​មាន​ដោយ​វិសេស​ជាង​សភាវៈ​ឯ​ទៀត គឺ​សភាវៈ​អ្វី គ្រុឌ​ឆ្លើយ​ថា​មរណ​ធម៌​ឈ្មោះ​ថា​ខ្យល់​ដង្ហើម​ចេញ​នៃ​សត្វ​ទាំង​ពួង បាន​ជា​ឈ្មោះ​ថា​សភាវៈ​ពុំ​មាន​ដ៏​ក្រៃ​លែង ។

តាបស​ឫសី​សួរ​គ្រុឌថា ម្នាល​​គ្រុឌ​ពាក្យ​នេះ​អ្នក​ឯង​ពោល​មែន​ឬ ។

គ្រុឌ​ពោលថា ខ្ញុំ​ម្ចាស់​បាន​ពោល​ពិត​មែន ។

តាបស​ឫសី​ស្ដាប់​ហើយ​ពោល​ថា ម្នាល​គ្រុឌ​ដ៏​ចម្រើន អ្នក​ឯង​ពុំ​ដឹង​មែន អ្នក​ឯង​ត្រូវ​ស្ដាប់​ពាក្យ​អាត្មា​អធិប្បាយ​វិញ បណ្ដា​ព្រះ​អរិយ​សាវក​ទាំងឡាយ លោក​បាន​ចម្រើន​នូវ​វិបស្សនា​ហើយ បាន​នូវ​​បឋមជ្ឈាន​ដរាប​ដល់​បញ្ចមជ្ឈាន ហើយ​ដល់​នូវ​សោតាបត្តិផល សកទាគាមិផល អនាគាមិផល អរហត្តផល ហើយ​បាន​និព្វាន​ទៅ ខន្ធ​ទាំង​ឡាយ ៣២ មាន​សក់​ជា​ដើម​ដ៏​សេស​សល់​ក៏​រលត់​សូន្យ​អស់​ទៅ ចំណែក​ខាង​ព្រះ​ពុទ្ធ​និង​បច្ចេកពុទ្ធ​និង​ពុទ្ធ​សាវក​ទាំងឡាយ លោក​ក៏​បាន​ចូល​និព្វាន​ទៅ បាន​ឈ្មោះ​ថា​មិន​មាន​ហើយ​មិន​មាន​ក្រៃ​លែង ម្នាល​គ្រុឌ​ដ៏​ចម្រើន​ពាក្យ​ដែល​អ្នក​ពោល​ថា មរណ​ធម៌​ឈ្មោះ​ថា​ខ្យល់​ដង្ហើម​ចេញ ឈ្មោះ​ថា​មិន​មាន​ដ៏​ក្រៃ​លែង​នោះ​ខុស​ទេ​គ្រុឌ ។

គ្រា​នោះ​សត្ត​កណ្ដូប​ធំ​ក៏​ឲ្យ​សព្ទ​សាធុការ​ថា​សាធុ ៗ ប្រពៃ​ហើយ ៗ ។

ទេវតា​ទាំងឡាយ​ដែល​នៅ​ក្នុង​ព្រៃ​នោះ ក៏​ឲ្យ​សព្ទ​សាធុការ​ព្រម​គ្នា​ដ៏​មាន​សំឡេង​ញាប់​ញ័រ​ទាំង​ផែន​ដី​ជា​អស្ចារ្យ​ក្រៃ​ពេក ។

ក្នុង​ខណៈ​នោះ កណ្ដូប​ធំ​បាន​ពោល​នូវ​ពាក្យ​យ៉ាង​នេះ​ទៅ​នឹង​គ្រុឌ​ថា ភោគគរុឡ ម្នាល​គ្រុឌ​ដ៏​ចម្រើន ប្រស្នា​ទាំង ៤ ចំពូក​នេះ​អញ​បាន​សួរ​ហើយ អ្នក​ឯង​មិន​អាច​ដឹង​នូវ​សេចក្ដី​អធិប្បាយ​នៃ​ប្រស្នា​នោះ ពាក្យ​អ្នក​ឯង​មិន​ត្រូវ ​សម​ម​តាម​ពាក្យ​ព្យាករណ៍​របស់​តាបស​ឫសី​ទេ បើ​ដូច្នេះ​អ្នក​ឯង​នឹង​ស៊ី​អញ​ឬ​មិន​ស៊ី​អញ​ទេ ។

គ្រុឌ​ឆ្លើយ​ថា អញ​មិន​ត្រូវ​ការ​នឹង​ស៊ី​អ្នក​ឯង​ដែរ ។

កាល​នោះ​តាបស​ឫសី​បាន​ឲ្យ​ឱវាទ​ដល់​សត្ត​គ្រុឌ​ថា ម្នាល​គ្រុឌ​ចាប់​ដើម​អំពី​ថ្ងៃ​នេះ​ទៅ អ្នក​ឯង​ត្រូវ​បរិភោគ​តែ​អាហារ​ដែល​គួរ អាហារ​ណា​ដែល​ពុំ​គួរ​អ្នក​ឯង​កុំ​បរិភោគ​ឡើយ ហើយ​អ្នក​ត្រូវ​រក្សា​សីល ៥ នេះ​ឲ្យ​ជាប់​កុំ​ប្រហែស​ធ្វេស​ឡើយ ។

សត្ត​គ្រុឌ​បាន​ទទួល​ទទួល​តាម​ឱវាទ​ហើយ​ថ្វាយ​បង្គំ​លា​តាបស​ឫសី ធ្វើ​ប្រទក្សិណ ៣ ជុំ​ហើយ​ហើរ​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ ។

ឯ​សត្ត​កណ្ដូប​ធំ​ក៏​ថ្វាយ​បង្គំ​លា​តាបស​ឫសី ហើយ​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ​ហោង ។

សម្ដេច​ព្រះ​មុនិន្ទ​ជិន​ស្រី​សាស្ត្រាចារ្យ​ជា​ម្ចាស់ ព្រះ​អង្គ​ទ្រង់​នាំ​ព្រះ​ធម្មទេសនា​នេះ​មក​សម្ដែង​ចប់​ហើយ ទ្រង់​ពោល​នូវ​បទ​ព្រះ​គាថា​ជា​ទី​បំផុត​ថា  ៖

ជនិកាមហាមាយា  បិតាសុទ្ធោទនោអហុ

ពារានសិភូមិបាលោ  អានន្ទោកនិដ្ឋោមម

សលភោចសារីបុត្តោ  មផគ្គល្លានោចគរុឡោ

សព្វចញាតិកាតទា  អហេសុំពុទ្ធបរិសា

តាបសោចមហាបញ្ញោ  អហមេវិតថាគតោ ។

អធិប្បាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ស្ត្រី​ជា​មាតា​បង្កើត​នៃ​ពោធិសត្ត​វិល​មក​ឥឡូវ​នេះ​បាន​ជា​ព្រះ​នាង​សិរិ​មហាមាយា​ពុទ្ធ​មាតា កុដុម្ពីក៍​ដែល​ជា​បិតា​នៃ​ពោធិសត្វ​មក​ឥឡូវ​នេះ​បាន​ជា​ព្រះ​បាទ​សុទ្ធោទន​ជា​ពុទ្ធ​បិតា ព្រះ​បាទ​ព្រហ្មទត្ត​ជា​ម្ចាស់​រក្សា​នូវ​ផែន​ដី​ក្នុង​នគរ​ពារាណសី វិល​មក​ឥឡូវ​នេះ​បាន​ជា​ភិក្ខុ​ឈ្មោះ អានន្ទ​ ជា​ប្អូន​នៃ​តថាគត សត្ត​កណ្ដូប​ធំ វិល​មក​ឥឡូវ​នេះ​បាន​ជា​ភិក្ខុ​ឈ្មោះ​សារី​បុត្ត សត្ត​គ្រុឌ វិល​មក​ឥឡូវ​នេះ​បាន​ជា​ភិក្ខុ​ឈ្មោះ​មោគ្គល្លាន ញាតិ​ទាំងឡាយ​ទាំងពួង​ក្នុង​កាល​នោះ វិល​មក​ឥឡូវ​នេះ​បាន​ជា​ពុទ្ធ​បរិសទ្យ​ទាំងអស់ ចំណែក​តាបស​ឫសី​ដែល​មាន​ប្រាជ្ញា​ច្រើន វិល​មក​មក​ឥឡូវ​នេះ​គឺ​អង្គ​ព្រះ​តថាគត​នេះ​ឯង ។

(សម្ដែង​រឿង​ប្រស្នា​សត្ត​កណ្ដូប​និង​សត្ត​គ្រុឌ​ក្នុង​សោផជាតក​ចប់​សេចក្ដី​ជា​សង្ខេប​តែ​ប៉ុណ្ណោះ)

[១]ពាក្យ​នេះ​ភាសា​បាឡី​ថា ករុឡ គរុឡ​នេះ​ប្រែ​ថា សត្វ​គ្រុឌ​ក៏​បាន សត្វ​សសេះ​ក៏​បាន ។

[២]សព្ទ​ថា គរុឡ​នេះ ប្រែ​ថា សត្វ​គ្រុឌ​ក៏​បាន ថា សត្ត​សសេះ​ក៏​បាន ។

ប្រស្នា​ធម៌
ព្រះ​ញាណ​បវរ​វិជ្ជា អែម ចាងហ្វាង​សាលា​បាឡី​ជាន់​ខ្ពស់​នៅ​ក្រុង​ភ្នំពេញ
រៀប​រៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣១-១៩៣២

បញ្ចេញយោបល់ ៖