អារាធ​នា​ធម្មក​ថិក​ឲ្យ​សម្ដែង​ធម៌

គឺ​ឧកញ៉ា​សុត្តន្ត​ប្រីជា ឥន្ទ​ ប្រែ​ចេញ​ពី​បាលី​ហើយ​ចង​ជា​ពាក្យ​ទុក​មក​
ព្រះ​គ្រូ​សំ​សត្ថា​ ជួន – ណាត គ្រូ​បង្រៀន​ក្នុង​សាលា​បាលី​ជាន់​ខ្ពស់​
និង​ព្រះ​គ្រូ​វិមល​បញ្ញា​ អ៊ុម – ស៊ូរ អាចារ្យ​ក្នុង​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​
បាន​ទទួល​ផ្ទៀង​ផ្ទាត់​កែ​សម្រួល​ឡើង ។
—————–
ធម្ម​ទេសនា​យា​ចន​កថា​

ពាក្យ​សូម​អារាធ​នា​លោក​អ្នក​សម្ដែង​ធម៌​

ព្រហ្មា   ច  លោកាធិបតី   សហម្បតី

កត្តញ្ជលី   អន្ធិវរំ  អយាចថ

សន្ដីធ  សត្តាប្បរជក្ខជាតិកា

ទេសេតុ  ធម្មំ  អនុកម្បិមំ  បដំ ។

សទ្ធម្មភេរី  វិនយញ្ច  កាយំ

សុត្តញ្ច  ពន្ធំ  អភិធម្មចម្មំ

អាកោដយន្ដោ  ចតុសច្ចទណ្ឌំ

បព្វោធ  នេយ្យេ  បរិសាយ  មជ្ឈេ  ។

ឯវំ  សហម្បតី  ព្រហ្មា  ភតវន្តំ  អយាចថ

តុណ្ហីភាវេន តំ ពុទ្ធោ

ការុញ្ញេនាធិវាសយ  តម្ហាវុដ្ឋាយ  ចាទេន

មិតទាយំតតោកតោ

បញ្ចវត្យាទយោ  នេយ្យេ  អមំ  ចាយេសិ  ធម្មតោ

តតោ  បភូតិ  សម្ពុទ្ធោ  អនូនា  ធម្មទេសនំ

មាឃវស្សានិ  ទេសេសិ  សត្តាន់  អត្ថសិទ្ធកំ ។

តេន  សាធុ  អយ្យោ  ភន្តេ  ទេសេតុ  ធម្មទេសនំ

សញ្វយិធ  បរិសាយ  អនុកម្បម្បិ  កាតវេ ។

គ្រា​នោះ​សហម្បតី​ ព្រហ្ម​ជា​ឥសូរ​លោកា​ ចូល​គាល់​ព្រះ​សាស្ដា​ លើក​ហត្ថា​សិរោ​រាប ។ ហើយ​ពោល​ពាក្យ​ទូល​ថា​ សូម​ករុណា​ស្ដេច​ទ្រង់​ជ្រាប​ ដ្បិត​សត្វ​អន់​ទន់​ទាប​ ទុព្វល​ភាព​បាប​ក្រៃ​ក្រាស់ ។ ទន្ទឹង​ព្រះ​ធម៌​ថ្លៃ​ ជា​និស្ស័យ​បច្ច័យ​ច្បាស់​ ឥឡូវ​ទ្រង់​បាន​ត្រាស់​ ត្រេកអរ​ណាស់​ពុំ​កន្តើយ ។ សត្វ​ខ្លះ​ក្រាស់​ដោយ​កាម​ មិន​យល់​តាម​ត្រៃ​លក្ខណ៍​ឡើយ​ ឥឡូវ​យល់ខ្លះ​ហើយ​ ដោយ​អំណាច​ព្រះ​មាន​បុណ្យ ។  បើ​បាន​ស្ដាប់​ទេសនា​ បញ្ញា​ក្លា​ខ្លាំង​លើស​មុន​ សូម​ព្រះ​ដ៏​មាន​បុណ្យ​ ទ្រង់​និមន្ត​ត្រាស់​ទេសនា ។  ប្រោស​សត្វ​បំបាត់​សោក​ ទាំង​រាគ​រោគ​រូប​តណ្ហា​ ងងឹត​ប្រែ​ជ្រះ​ថ្លា ​កើត​បញ្ញា​ភិយ្យោ​យល់ ។ ត្រៃ​លោក​គោក​ព្រៃ​លក្ខណ៍​ សង្សារ​ចក្រ​វិល​មិន​ដល់​ អវិជ្ជា​ករ​ឫស​គល់​ ជា​បច្ច័យ​នៃ​សង្ខារ ។ នាំ​សត្វ​ឲ្យ​សោក​សៅ​ លិច​លង់​នៅ​ក្នុង​សង្សារ ​បញ្ចមារ​មោហន្ធការ​ រឹត​រុំ​ហ៊ុម​ជុំ​ជាប់​នៅ ។  ហេតុ​នោះ​សូម​ព្រះ​អង្គ​ ប្រោស​ស្រោច​ស្រង់​ដាក់​សំពៅ​ ចម្លង​សត្វ​ឆ្ពោះ​ទៅ ​កាន់​ត្រើយ​ត្រាន​និព្វាន​នាយ ។ ដូច​កល់​ប្រទីប​ធំ​ សាយ​ត្រសុំ​ភ្លឺ​ព្រោង​ព្រាយ​ បំភ្លឺ​សត្វ​ទាំង​ឡាយ​ ឲ្យ​សប្បាយ​ក្សាន្ត​ភិរម្យ ។ ព្រះ​សទ្ធម្ម​ជា​ស្គរ​ជ័យ​ ព្រះ​វិន័យ​ជា​រាង​ធំ​ ព្រះ​សូត្រ​ជា​ខ្សែ​រុំ​ ព្រះ​អភិ​ធម្ម​ជា​ស្បែក​ដាស ។

អរិយ​សច្ច​ជា​អន្លូង​ សម្រាប់​ទូង​ឲ្យ​ឮ​ច្បាស់​ សត្វ​លោក​ងោក​ងុយ​ណាស់​ ឮ​ស្គរ​ដាស​ក្រោក​ឡើង​បាន ។ បរិស័ទ​៤​ចំពូក​ ដូច​ផ្កា​ឈូក​ក្នុង​ជលដ្ឋាន​ ខ្លះ​ផុស​ចាំ​សូរ្យ​ធាន​ រះ​និង​រីក​ដោយ​រស្មី ។ ព្រះ​ធម៌​ជា​សូរ្យ​សែង​ រះ​ឡើង​ចែង​ចាំង​រង្សី​ បំភ្លឺ​លោក​ទាំង​បី​ ឲ្យ​យល់​ផ្លូវ​ឋាន​សុខា ។

សហម្បតី​ព្រហ្ម​ ឱន​បង្គំ​អារាធនា​ សម្ដេច​ព្រះ​ភគវា​ ដោយ​គាថា​យ៉ាង​នេះ​ឯង ។ ព្រះ​ពុទ្ធ​ទ្រង់​អនុកូល ​ព្រម​ទទួល​និង​សម្ដែង ​ដោយ​តុណ្ហី​ភាព​ថ្លែង​ តាម​ភាវៈ​គុណ​ករុណា ។ ទើប​ក្រោក​ចាក​ទី​នោះ​ភក្រ្តា​ឆ្ពោះ​ព្រៃ​មិគ​ទា​ យាង​ចេញ​ចរ​លីលា​ ពី​ទី​នោះ​ដោយ​ព្រះ​បាទ ។ ញ៉ាំង​សត្វ​ចូល​ពុទ្ធ​ចក្រ​ មាន​បញ្ច​វគ្គីយ៍​ជា​អាទិ៍​ ឲ្យ​ផឹក​អម្រឹត​ជាតិ​ រស​និព្វាន​តាម​ធម្មតា ។

ចាប់​ដើម​ពី​នោះ​ឯង​ ទ្រង់​សម្ដែង​ធម៌​ទេសនា​ ធ្វើ​ពុទ្ធ​ក្រឹត្យា​ អស់​វស្សា​សែ​សឹប​ប្រាំ ។  ពុំ​ថយ​ពុំ​បន្ធូរ ​ប្រយោជន៍​យូរ​អង្វែង​ឆ្នាំ​ សម្រេច​បុញ្ញ​កម្ម​ដល់​សព្វ​សត្វ​ទាំង​ភព​ត្រៃ ។ ហេតុ​នោះ​ឥឡូវ​នេះ​ យើង​ខ្ញុំ​នេះ​សាទរ​ក្រៃ​ បពិត្រ​ព្រះ​គុណ​ថ្លៃ​ សូម​និមន្ត​ប្រោស​ទេសនា ។ អនុគ្រោះ​ពួក​បរិស័ទ​ដែល​ជាប់​ខាត់​ដោយ​មោហា​ ឲ្យ​កើត​មាន​បញ្ញា​ ប្រាកដ​ជា​ទី​នេះ​ហោង ។

អត្ថបទ​នេះ​ ស្រង់​ពី​កម្ពុជ​សុរិយា​ ក្បាល​លេខ​៤​ ឆ្នាំ​ ១៩២៦ – ២៧ ។