បណ្ដាំ​ក្រម​ង៉ុយ​

ឣ្នកព្រះភិរម្យភាសា ឣ៊ូ ហៅ ង៉ុយ
បទ​ព្រហ្មគីតិ

(១)  នេះ​បទព្រហ្មប្រាជ្ញ​ប្រែ  ប្រាយ​ប្រាប់​ខ្មែរ​ទាំង​ប្រុស​ស្រី  ឲ្យ​ប្រិតប្រុង​ស្មារតី​  ​គួរ​គប្បី​ឲ្យ​ឧស្សាហ៍  ។  កុំខ្ជិលកុំល្ងង់ពេក  ខំ​រៀន​លេខ​រៀន​អក្ខរា  រៀន​គ្រប់​សព្វ​ធម៌អាថ៌  ​ប្រាជ្ញា​ផ្សំ​នឹង​គំនិត  ។  កំណើត​កើត​ជា​មនុស្ស​  ​មើល​ឱ្យ​ធ្លុះ​ទោះ​ឆ្ងាយ​ជិត​  ចេះ​ស្ទាត់​ប្រាកដ​ពិត​  ​គិត​ការ​អ្វី​បាន​គ្រប់​យ៉ាង  ។  មនុស្ស​ល្ងង់​មិន​ផ្អើល​ភ្ញាក់​  ដូច​ភ្នែក​ខ្វាក់​ទាំង​សង​ខាង​  មាន​រូប​គ្មាន​​អ្វី​អាង  សាងបាបថោក​កើត​មកខ្លៅ  ។ 

(៥­)  ­ពូជ​មនុស្ស​ទោះ​ខ្ពស់​ទាប​  ​កាត់​តាម​ភាព​ត្រកូល​ផៅ  អាក្រក់​ល្អ​ស​ខ្មៅ​  ​កាត់​កូន​ចៅដូចដូនតា  ។  ពូជល្ងង់​មិន​បាន​បួស  ទុកជាទោស​នឹង​សាសនា​  អ្នក​បួស​ចេះ​ធម៌អាថ៌  ​កូន​សិក្សា​ខំ​រៀន​សូត្រ  ។  ពូជខ្លៅ​មិន​សូវប្រាជ្ញ  ពូជកោងកាច​មិន​សូវស្លូត  ពូជ​ត្រង់ៗ​រហូត​  ពូជភរភូត​មិន​ផុតផៅ  ។  ឪពុក​ម្តាយ​ស្លូត​ត្រង់​  ​ចិត្ត​មិន​ចង់​ឲ្យ​កូន​ខ្លៅ  ជេរ​វាយ​ស្តីប្រេដៅ  ​ឲ្យ​កូន​ចៅ​បាន​ចេះ​ដឹង  ។  ឪពុក​គ្មាន​តម្រិះ  ​ឃើញ​កូន​ចេះ​មិន​ដែល​ខឹង  ឃើញ​កូន​ខំប្រិត​ប្រឹង​  ​ឪពុក​ដឹង​តែង​ត្រេកអរ  ។ 

(១០)  ដាស់តឿន​ក្រើ​ន​រំឭក  ជេរល្ងាច​ព្រឹក​ខ្លាច​កូន​ក្រ  ចង់​ឲ្យ​តែ​កូន​ល្អ​  លោមអង្វរ​ឱ្យ​កូន​ខំ  ។  កូន​កាច​បំ​ពេញ​​ទុក្ខ​  ​ម្តាយ​ឪពុក​មាន​បារម្ភ​  កូន​ស្លូតដឹង​គួរ​សម  មេបាថ្កុំថ្កើង​កេរ្តិ៍​ឈ្មោះ  ។  ឪពុក​ម្តាយ​ខ្សត់ខ្សោយ  កុំបណ្តោយ​ឲ្យ​អាប់យស  ខំ​រៀន​ឱ្យ​បាន​ខ្ពស់​  ​គ្រាន់​សង្រ្គោះ​ដល់​មេបា  ។  អ្នក​ល្ងង់​ហេតុ​ពីខ្ជិល  ឥតមន្ទិល​រឿង​ធម៌អាថ៌  គួរ​កូន​ចៅ​សិក្សា​  ​រៀន​អក្ខរា​ទាំង​ប្រុស​ស្រី  ។  កាលអង្គ​ព្រះ​សាស្តា  ​មាន​ថេរា​មាន​ថេរី  ភិក្ខុភិក្ខុនី  ធម៌បាលី​ចេះ​ចាំស្ទាត់  ។ 

(១៥)  លោក​សង្ឃ​ខ្លះ​ចេះ​ស្ទើរ  ​ចេះ​ភ្លើៗ​ធ្វើ​ឲ្យ​ភ្លាត់  ព្រះ​អង្គទ្រង់សន្មត  សិក្ខាបទ​ដល់​ឥឡូវ  ។  ទម្លាប់​ទំនៀម​ខ្មែរ​  ខំ​ធ្វើ​ស្រែ​ចង់​បាន​ស្រូវ​  អ្នក​រៀន​ច្បាប់​ខុស​ត្រូវ​  ទុកជា​ផ្លូវ​ភ្លឺ​ប្រាជ្ញា  ។  ស្រុក​សៀមលាវ​បារាំង​  ​ចេះ​ត​តាំង​ពីដូនតា  ចេះ​លេខ​ចេះ​អក្ខរា  ​សរសេរ​ចារ​ទាំង​ប្រុស​ស្រី  ។  ជាតិ​ខ្មែរ​មិន​ចេះ​ខ្មាស  ​នាំ​ពី​ចាស់​គំនិត​ខ្លី  ល្ងង់ដប់​ចេះ​ពីរ​បី  ​ចេះ​ជួញក្តី​មិន​ចេះ​ច្បាប់  ។  មិន​ចេះ​លេខ​អក្សរ​  ​មុខ​មាត់​ល្អ​ប្រាជ្ញា​អាប់  ឈ្មោះ​ខ្លួន​ភ្នែក​ខ្លួន​ស្រាប់  គេសូត្រ​ប្រាប់​ទើប​បាន​ដឹង  ។  ភ្នែក​ជាភ្លឺក្រឡែត  ល្ងង់​ព្រោះ​ហេតុ​មិន​ខំ​ប្រឹង​ 

(២០)  កើត​ទាស់​មាន​ចិត្ត​ខឹង  ពឹងរកគេ​សរសេរ​ឲ្យ  ។  មនុស្ស​ក្រហេតុ​ពីខ្ជិល  ​មិន​រមិល​មើល​មុខ​ក្រោយ​  ម្យ៉ាង​ខ្សត់​ពី​ព្រោះ​ខ្សោយ  ញឹង​ខាង​ឲ្យ​រង្វើលរក  ។  ម្យ៉ាង​ក្រពី​ព្រោះ​ល្ងង់  ជួញលិចលង់​មិន​លៃលក  ទិញ​ថ្លៃ​ទៅ​លក់​ថោក  ​ចេះ​តែយក​គិត​មិន​យល់  ។  អ្នក​មានៗ​គំនិត​  ដេក​ដើរ​គិត​កើត​រវល់  ប្រាជ្ញា​ជាឫសគល់  ​កើត​អំពល់​អំពី​ទ្រព្យ  ។  អ្នក​ល្ងង់​និង​អ្នក​ចេះ​  បើ​នឹង​រិះរាយ​រៀបរាប់​  អ្នក​ចេះ​ប្រសើរ​គាប់  ល្ងង់ឥតភព្វអាប់រាសី  ។  មាន​រូប​មាន​ជីវិត​  ​មិន​ចេះ​គិត​ចង់​ដឹង​អ្វី​ 

(២៥)  រូប​ប្រុស​ឫកដូចស្រី  ​នឹង​ហ៊ាន​ស្តី​គ្មាន​គេ​ស្តាប់  ។  ល្ងង់ម្យ៉ាង​មាន​អំណាច​  ល្ងង់កោងកាចអាង​ចាក់​កាប់  ឆាប់ខឹង​មិន​ដឹង​ច្បាប់​  ​កាលណា​ស្លាប់​គេត្រេកអរ  ។  អ្នក​ចេះ​តម្រិះ​ដល់​  ​អ្នក​ល្ងង់ឆ្ងល់​មិន​សល់ក្រ  ចេះ​ល្អិត​ចិត្ត​ជា​ល្អ​  សួយអាករ​ចូល​មិន​ខ្វះ  ។  ចេះ​ម្យ៉ាង​មាន​អំណាច​  ​អ្នក​ខ្លៅ​ខ្លាច​ឱនសំពះ  គេ​ខុស​ជេរដៀលត្មេះ  ​អ្នក​ខ្លៅ​ខ្លះ​គេលបខឹង  ។  ប្រាជ្ញម្យ៉ាង​ចេះ​សព្វ​សុស  ​ប្រព្រឹត្ត​ខុស​នោះ​មិន​ដឹង  មិន​គិត​ពិនិត្យ​ថ្លឹង​  ប្រាជ្ញប្រិត​ប្រឹង​ប្រដៅគេ  ។ 

(៣០)  កូន​ចៅ​ទោះ​ធំ​តូច​  ​ខុស​ខិលខូចខឹង​វាយ​ជេរ  មារយាទ​ខ្លួន​ខុស​គេ  ​មិន​គ្នា​ន់គ្នេរកិរិយា​ឯង  ។  កូន​ចៅ​ទាំង​ស្រី​ប្រុស​  ការ​ត្រូវ​ខុស​គួរ​គិត​ក្រែង  គិត​គ្រប់​សព្វ​កន្លែង​  ​តែង​នឹង​មាន​រាល់​រូបកាយ  ។  ភ្នែក​បើក​ភ្លឺ​មាន​ពិត​  ​មើល​ឃើញ​ជិតៗរៀងអាយ  ភ្នែក​ធ្មេច​មើល​ឃើញ​ឆ្ងាយ​  ​សព្វ​សុសសាយ​មិន​សេសសល់  ។  រៀន​រក​ស៊ី​លក់​ទិញ​  ខាត​ចំណេញ​គិត​ឲ្យ​ដល់​  ឲ្យ​ដឹងការកិច្ចកល  ​ទើប​កើត​ផល​ប្រយោជន៏​ខ្លួន  ។  ឲ្យ​រៀន​លេខ​នព្វន្ត  បូកហាគុណ​ឲ្យ​មាំមួន  ដីស​និង​ក្តារឆ្នួន  ក្រែង​ចិន​យួនបំ​បាត់​បាន  ។ 

(៣៥)  ជញ្ជីង​ភ្នែក​មាន​ល្បាក់  ​មើល​ឲ្យ​ជាក់​កុំ​ប្រមាណ​  ក្រែង​ខុស​ខាត​មិន​ខាន  ​ធ្លាប់​រាប់អានកុំទុក​ចិត្ត  ។  ភ្នែក​មនុស្ស​ធំ​រលីង  ​ភ្នែក​ជញ្ជីង​គេចុចល្អិត  អ្នក​ល្អ​ថ្លឹង​ប្រឹង​ប្រិត  ​ព្រោះ​អាណិត​ខ្មែរ​ល្ងង់ខ្លៅ  ។  ចិន​មាន​ពីដូរ​លក់​  ​ស្រូវ​កន្ទក់កន្តាំង​តៅ  របស់​ទោះ​ឆ្អិន​ឆៅ  សំពត់អាវខោ​ខ្មៅ​ស  ។  ខ្មែរ​អាង​ស្រូវ​ក្នុង​ដោក  ដូរ​ថ្លៃ​ថោក​អាក្រក់​ល្អ​  អស់​ស្រូវ​ទៅ​ជាក្រ  អង្វរ​ចិន​ជឿ​ស្រូវ​ឯង  ។  ធ្វើ​ស្រែ​នឿយហត់​ណាស់​  ​ចិន​នៅ​ផ្ទះ​ដេកចំខែង  ផ្ទះ​ចិន​ពីរ​បីល្វែង  ​មាន​កន្លែង​ជង្រុក​ស្រូវ  ។ 

(៤០)  ជាតិ​ខ្មែរ​ឥត​គំនិត​  ​ស៊ី​មិន​គិត​មើល​ខុស​ត្រូវ​  ជឿ​ចិន​រាល់​រដូវ​  ​កេរ​ម៉ែឪ​ចិន​អូស​អស់  ។  ចិន​មកពី​ស្រុក​នាយ  ​មាន​សម្ពាយជា​របស់​  មិន​ទាន់​ចេះ​ខ្មែរ​សោះ  ​គ្មាន​កេរ​កោះ​ស្រែ​ចម្ការ  ។  កែវកចង្រ្កានឆ្នាំ​ង  ផ្សំកម្លាំង​និង​ប្រាជ្ញា​  អំរែក​ជិះ​លើស្មា  ​មាន​ម្លូស្លាជា​ដើម​ទុន  ។  ទំនិញ​មាន​គ្រប់​មុខ​  ​ផ្ទាល់​ផ្ទេរទុក​ដាក់​ដោយ​ធុន  ចិន​រែក​មិន​ដែល​ពុន  ​ស្រូវ​ជោរជន់​ពេញ​ជង្រុក  ។  ឈប់រែកដេក​អង្គុយ​  រាប់កាក់​លុយ​ប្រមូល​ទុក  ឪទិនស្រាពី​មុខ​  ទុកជាធ្នាក់​ទាក់​ក​ខ្មែរ  ។ 

(៤៥)  ចិន​ច្រើន​ខ្មាំង​ចិត្ត​ខ្មៅ​  កន្តាំង​តៅ​ធ្វើ​ជាស្រែ  គ្មាន​ត្បាល់​គ្មាន​អង្រែ  ​អង្ករ​ខ្មែរ​ចូល​បាវ​ចិន  ។  ជាតិ​ខ្មែរ​ច្រើន​ឥតខ្មាស  ស្រេកស្រា​ណាស់​ផឹកជឿសិន  គំនិត​គិត​មិន​ឆ្អិន​  ផឹកបង្ហិនតែ​ទ្រព្យ​ឯង  ។  កំណើត​អ្នក​ផឹកស្រា  ​បែក​ប្រាជ្ញា​ច្រើន​កន្លែង​  អ្នក​ម្យ៉ាង​បែក​ខាង​ល្បែង​  ​មិន​គិត​ក្រែង​ខ្លាច​ខ្លួន​ក្រ  ។  អាម្យ៉ាង​បែក​លួច​ឆក់  មារយាទ​អាក្រក់​មិន​បាន​ល្អ​  ផឹក​ចោល​ការរបរ  ផឹកថ្មើរម៉ាន​ចិន​មិន​គិត  ។  ថា​ចិន​មិន​ចេះ​កាញ់  ​ប្រាប់​សម្លាញ់​ពួក​ម៉ាក​មិត្ត​  គូកន​ទោះ​ឆ្ងាយ​ជិត​  រឹត​ប្រមូល​លុយ​ឲ្យ​ចិន  ។ 

(៥០)  ត្រូវ​ស្រា​ចង់​ស៊ី​ឆ្ងាញ់​  ធុំឆាខ្លាញ់បក់ឆួល​ក្លិន​  ឃើញ​បាយសម្ល​ឆ្អិន​  ផ្គាប់​ចិត្ត​ចិន​យកបាយ​ស៊ី  ។  ផឹក​ទឹក​បោយត្រ​ឡោក​  មារយាទ​ទាប​ថោកឫកសៀធី  ចិន​ប្រើ​សែងរែកលី  ​ស៊ី​ញយៗ​ចិន​មើល​ងាយ  ។  ជាតិ​ចិន​កំណាញ់ស្វិត  នឹក​ក្នុង​ចិត្ត​មិន​និយាយ​  មារយាទ​ខ្មែរ​ច្រើន​រាយមាយ  រលាយ​ទ្រព្យ​អភព្វ​ខ្លួន  ។  ស៊ី​ឆ្ងាញ់​ឆ្អែតស្កប់ស្កល់  ​ទាប​ថោក​ដល់​ប្រពន្ធ​កូន​  អាប់យស​ទាំង​បងប្អូន  ​ដល់​តាដូនពូជពង្ស​ខ្មែរ  ។  ជាតិ​ចិន​សុទ្ធ​សឹងស  ​មាន​ទ័លក្រខ្សត់​ខ្លះ​ដែរ​  ស៊ី​ផឹក​ស្និទ្ធ​តាម​សែ  តមបាយ​ខ្មែរ​មិន​ស៊ី​សោះ  ។ 

(៥៥)  មាន​ផ្ទះ​មាន​ដំណាំ​  កាប់ដីដាំ​ដោយ​កៀន​កោះ​  ដំឡូងត្រាវចេកម្នាស់  ​ស៊ី​មិន​អស់​ទុក​លក់​ដូរ  ។  ខ្មែរ​ច្រើន​ខ្ជិលប្រមឹក  កែងកោងឫកអួតអម្បូរ  ខ្វះ​លុយ​អង្គុយ​ថ្ងូរ  កើបបង្ហូរ​ស្រូវ​ជង្រុក  ។  កូន​អើយ​រឿង​ដំណាំ​  ​គួរ​តែដាំ​ឲ្យ​គ្រប់​មុខ​  ដីកេរ​ម្តាយ​ឪពុក​  ​មិន​ត្រូវ​ទុក​ចោល​ទំនេរ  ។  រាជការ​វាស់​មាន​ថ្លៃ​  ផ្តិតមេ​ដៃ​ផ្តាច់​ជាកេរ  មិន​វាស់​លេង​ទទេ  រេរិះយកពន្ធ​រាល់​ឆ្នាំ  ។  ដូង​ស្វាយ​អំពៅចេក  កុំខ្ជិលពេកដេក​ប្រចាំ​  ម្លូស្លាម្រេចខ្ទឹម​ថ្នាំ​  ​ត្រូវ​តែដាំកុំ​ឲ្យ​ខ្វះ  ។ 

(៦០)  ទេសឯកសំពត់ស  ដីវាល​ល្អ​ដាំកប្បាស  កុំខ្ជិល​តាម​ចាស់ៗ  ​មនុស្ស​នឿយ​ណាស់​មិន​ដែល​ក្រ  ។  បន្លែ​ដាំគ្រប់​មុខ​  យក​គ្រាប់​ទុកដាំ​បន្ត​  ចាក់​ដី​ជាតិ​ល្អៗ  ​បង្ការ​ស្ល​ពេល​ល្ងាច​ព្រឹក  ។  ម្លូស្លា​ថ្នាំ​ខ្ទឹមម្រេច  ​លូតលាស់​លេចពីស្រោច​ទឹក​  បាន​ផលផ្លែឬ​ស្លឹក​  កុំឆ្មើងឫកវាក្រ​ខ្លួន  ។  ត្រីងៀតផ្អកប្រហុក  ​ខ្មែរ​គ្រប់​ស្រុក​ទិញ​ដូរយួន  អំបិល​ធូបក្រមួន  ពីតាដូន​តែង​ដូរ​ទិញ  ។  ដូរទុក​ដាក់​តម្កល់  ​ស៊ី​ឲ្យ​ដល់​ខួបខែ​វិញ​  ឲ្យ​បរិបូរ​ពោរ​ពេញ​  ខាត​ចំណេញ​កុំ​ទិញ​តិច  ។ 

(៦៥)  អំបិល​ទិញ​មួយ​ចុង​  ច្រក​ពេញ​អុងអាង​ខាង​លិច  កុំ​ទិញ​ក្តោបខ្ចប់វេច  ​អស់​រំពេចគេច​ទិញ​ទៀត  ។  អំបិល​មួយ​ស្រូវ​បី  វាល់​នឹង​ល្អីទូលកណ្តៀត  ខ្លួន​ក្រត្រដរ​ឆ្លៀត  មារយាទ​យ៉ាង​ហ្នឹង​កុំ​ប្រព្រឹត្ត  ។  កូន​ចៅ​ទាំង​ប្រុស​ស្រី  ​គួរ​គប្បីប្រុង​គំនិត​  ចិញ្ចឹម​ជន្ម​ជីវិត​  ​គិត​ឲ្យ​វែងកុំ​គិត​ខ្លី  ។  ទំនេរល្ហែ​ធ្វើ​ការ  ​សូត្រធម៌​អាថ៌​ទាំង​ប្រុស​ស្រី  ឲ្យ​ត្រឹម​ត្រូវ​បាលី  ដូចស្រដី​ខាង​ដើម​ស្រាប់  ។  រាល់​រូប​ទាំង​ប្រុស​ស្រី  កាល​ចេះ​ស្តី​ព្រោះ​ចេះ​ស្តាប់​  ម៉ែឪតម្រូវ​ប្រាប់​  ​កូន​ចៅត្រាប់​តាម​ដូនតា  ។ 

(៧០)  ចាស់​ម្យ៉ាង​សាងសីលទាន  ​មិន​បំពាន​ខុស​ពុទ្ធ​ដីកា  កូន​កាត់​តាម​មេបា  ​មិន​ទៅ​ណាឆ្ងាយ​ពី​ផ្លូវ  ។  ចាស់​ម្យ៉ាង​សាងផលកម្ម  ស្អប់សីលប្រាំដូចស​ត្រូវ​  កូន​កាត់​តាម​ម៉ែឪ  អា​ស្រូវ​ភាសវិនាស​ខ្លួន  ។  មិន​ជឿមគ្គជឿផល  ​ធ្លាក់​ទៅ​ដល់​អបាយបួន  កងកម្មចាំគុំកួន  គេចវេះពួន​មិន​កំបាំង  ។  ព្រះ​អង្គ​មាន​ពុទ្ធ​ដីកា​  ប្រៀបឧបមា​ជាទី​តាំង​  ដូចគេ​មាន​កម្លាំង  សម្រាំងទុកទឹមរទេះ  ។  នឹង​បរ​ផ្លូវ​វៀច​ត្រង់​  ឬ​នឹង​ចង់​បរគេចវេះ  កង់វិល​មិន​របេះ  ​ជិះ​ជើង​គេ​មិន​ឃ្លាតឃ្លា  ។ 

(៧៥)  រាល់​រូប​ទាំង​តូច​ធំ​  ​ចូល​រូងភ្នំរូងគុហា  យកថ្ម​ផ្ទាំង​រាំងទ្វារ  កម្មវេរាតោង​តាម​បាន  ។  កងសីល​មាន​អង្គប្រាំ  វេរាកម្មដិត​ដោយ​ដាន  នរកប្រេតតិរច្ឆាន  ខានឃាត់ខាំងរាំងមគ្គផល  ។  គួរ​ខំសាងសីលទាន  យកនិពា្វនជាត្រើយ​ថ្នល់​  យូរ​ឆាប់គង់តែ​ដល់​  ​កុសល​ជួយ​ចាកសង្សារ  ។  កូន​ចៅរិះរេ​គិត​  ​មើល​គំនិត​ចិត្ត​ដូនតា  ប្រព្រឹត្ត​ខុស​សាសនា​  គេចកិរិយាកុំ​ធ្វើ​ត្រាប់  ។  មើល​ចាស់​ណា​ត្រឹម​ត្រូវ​  ​ចុះ​ក្នុង​ផ្លូវ​កន្លង​ច្បាប់​  ចាស់​ស្តីគប្បី​ស្តាប់​  ប្រិតប្រៀង​ប្រាប់​ឲ្យ​ប្រុងចាំ  ។ 

(៨០)  គោរព​គុណ​ទាំង​បី  សូត្របាលី​តាម​ចំណាំ  រក្សា​អង្គសីលប្រាំ  កម្មវេរា​តាម​មិន​ទាន់  ។  សាសនា​នៅ​វែងឆ្ងាយ​  ​កន្លង​បា្លយ​ជាង​ពីរ​ពាន់​  សព្វ​ថ្ងៃ​លៃគ្នេរ​​គ្នា​ន់  ​មិន​ទាន់​គ្រប់​ជាង​ប្រាំរយ  ។  ឥឡូវចិតប្រាំបី  ​នៅ​ម្ភៃ​មួយ​ខាង​ក្រោយ​  កូន​ចៅកុំបណ្តោយ  ​ឲ្យ​លិចលង់​ក្នុង​សង្សារ  ។  មាន​ពាក្យ​ចាស់​ដំណាល​  ថា​កណ្តាល​ព្រះ​សាសនា​  ទំ​នាយក្បួនតម្រា  ថា​នឹង​រៀវ​ហើយ​រីក​វិញ  ។  ហេតុ​នេះ​អស់​កូន​ចៅ  ​ទោះ​ល្ងង់ខ្លៅ​យ៉ាង​ណាមិញ  ខំឧស្សាហ៍ទន្ទេញ  ​បំ​ពេញ​​ពាក្យ​ពុទ្ធ​ទំនាយ  ។ 

(៨៥)  តំណពី​ថ្ងៃ​នេះ​  ​រៀន​តម្រិះកុំរាយមាយ  កូន​ណាមិនស្វាធ្យាយ  ​មិន​រលាយរលត់​ទុក្ខ  ។  ដល់​សាសនា​គ្រប់​គ្រាន់​  ​ចួប​ប្រាំ​ពាន់​ទៅ​ខាង​មុខ​  ទំនាយ​រាយទំនុក  ថា​ឪពុក​ម្តាយ​ស្អប់​កូន  ។  ថា​កើត​អន្តរកប្ប  គុំ​សម្លាប់​គ្នា​បងប្អូន  មិន​ដឹងតាដឹងដូន  សូន្យសីលទាន​មិន​មាន​សល់  ។  គួរ​គិត​កុំសាងកម្ម  ​កាន់​សីលប្រាំចាំតម្កល់  ខំសាងមគ្គសាងផល  ​នឹង​បាន​ដល់​ឋានសាន្តសុខ  ។  នឹង​រួច​ពីកាប់​ចាក់​  ​មិន​បាន​ធ្លាក់​ទៅ​នរក  ព្រះ​សិអារ្យត្រាស់​ខាង​មុខ​  រសាយ​ទុក្ខ​សោក​រាល់​ថ្ងៃ  ។ 

(៩០)  នេះ​ហៅ​ច្បាប់​បណ្តាំ  ថា​ពាក្យ​ប្រាំៗ​មួយ​ផ្ទូន  បទព្រហ្មគ្រប់ឃ្លាបួន  ចួនចែងចប់ម្ល៉េះ​ហើយ​ហោង  ៕៚   

បញ្ចេញយោបល់ ៖