ហេតុ​ដែល​នាំ​ឲ្យ​កើត​រោគ

បទទី ៣

អ្នកប្រាជ្ញខាងវិទ្យាពេទ្យសាស្ត្រ បានព្យាយាមស្រាវជ្រាវរាវរកដើមហេតុដែលនាំឲ្យកើតរោគមកជាច្រើនតំណអាយុមនុស្សហើយ ក្នុងទីបំផុតបានសេចក្ដីថា មូលហេតុដែលនាំឲ្យកើតរោគមាន ៣ យ៉ាងគឺ ៖

១– រាងកាយយើងមានកម្លាំងខ្សោយ

២– មានមេជំងឺ ឬមីក្រុបមកប៉ះពាល់ដល់រាងកាយ

៣– មានគ្រឿងចម្លងមេរោគ ។

ហេតុទាំង ៣ ប្រការប្រមូលរួមគ្នាទៅទើបធ្វើឲ្យរាងកាយកើតរោគឡើង បើមានតែយ៉ាងណានីមួយមិនគ្រប់ព្រមគ្នាទាំង ៣ ប្រការទេ ក៏មិនកើតរោគដែរ ហេតុនេះ ទើបមានវិធីការពាររោគដូច្នេះគឺ៖

១– ត្រូវប្រយត្នកុំឲ្យរាងកាយខ្សោយថយកម្លាំង

២– ត្រូវរៀនឲ្យស្គាល់មីក្រុបឬមេជំងឺផ្សេងៗ

៣– ត្រូវរៀនឲ្យដឹងថា មានអ្វីខ្លះជាគ្រឿងចម្លងមេរោគ ។

រាងកាយមានកម្លាំងខ្សោយ

អាកាស ការសម្អាត និងគ្រឿងអាហារ ភោជនទាំង ៣ មុខនេះអាចធ្វើឲ្យរាងកាយមានកម្លាំងខ្លាំងពូកែឬធ្វើឲ្យទន់ខ្សោយកម្លាំងបានដូចពោលតទៅនេះ ៖

អាកាសឬខ្យល់ជារបស់សម្រាប់ប្រើក្នុងការដកដង្ហើមរបស់យើង ជីវិតរបស់យើងដែលរស់នៅបានសព្វថ្ងៃនេះក៏ព្រោះមានអាកាស ប្រសិនបើមិនមានខ្យល់អាកាសសម្រាប់ដកដង្ហើមទេ មុខជាយើងនឹងស្លាប់មួយរំពេចមិនខាន ។ ប្រសិនបើយកដបកែវមួយមកចាប់កណ្ដុរដាក់ក្នុងដបនោះហើយបិទមាត់ដបឲ្យជិតកុំឲ្យខ្យល់អាកាសចេញចូលបាន កណ្ដុរនោះមុខជានឹងស្លាប់ក្នុង ១០ នាទី មិនខាន ។ នេះចង្អុលឲ្យឃើញថាកណ្ដុរនោះត្រូវការដកដង្ហើមចេញចូលដូចមនុស្សយើងដែរ ឬប្រសិនបើល្បងយកដៃខ្ទប់បិទរន្ធច្រមុះមាត់របស់យើងមិនឲ្យខ្យល់ដកដង្ហើមចេញចូលទេ មុខជាយើងអត់ធន់ទ្រាំពុំបាន បើមិនដកដៃចេញនឹងដាច់ខ្យល់ស្លាប់មិនខាន នេះជារបស់សំខាន់មួយរបស់អាកាសឬខ្យល់ ។

ក្នុងបន្ទប់ដែលយើងនៅនោះបើមានខ្នាតតូច ហើយមានចំនួនមនុស្សនៅច្រើន ខ្លួនយើងរមែងដឹងខ្លួនច្បាស់ថា វាដកដង្ហើមមិនស្រួលហើយមានអាការឈឺក្បាល ដូច្នេះតើមកពីហេតុអ្វី ? – ព្រោះអាកាសមិនមានចំនួនល្មមគ្រប់គ្រាន់ បើនិយាយតាមច្បាប់សុខវិទ្យា នឹងឃើញថា មនុស្សគ្រប់រូបត្រូវការអាកាសសម្រាប់ដកដង្ហើម ដោយហោចទៅបន្ទប់នោះតោងមានបណ្ដោយ ៣ ម៉ែត្រ កម្ពស់ ៣ ម៉ែត្រ ៥០ សង់ទីម៉ែត្រ ហើយត្រូវឲ្យមានបង្អួចសម្រាប់ខ្យល់ចេញចូលបានផង ទើបមានចំនួនអាកាសល្មមនឹងសេចក្ដីត្រូវការរបស់យើង ។

ហេតុនេះ បន្ទប់ផ្ទះយើងគួរប្រកាន់តាមកំណត់នេះ ដើម្បីជាគ្រឿងការពារមិនឲ្យរាងកាយទ្រុឌទ្រោមថយកម្លាំងទៅបាន បើយើងមានអាកាសមិនបានចំនួនគ្រប់គ្រាន់ រោគផ្សេងៗនឹងបៀតបៀនរាងកាយ យើងមានជំងឺក្អករីងជាដើម ក្រៅពីនេះយើងនៅត្រូវការអាកាសស្អាតបរិសុទ្ធប្រាសចាកគ្រឿងស្មោកគ្រោក ឯគ្រឿងស្មោកគ្រោកមាននៅក្នុងអាកាសតិចច្រើននោះ ស្រេចតែទីកន្លែងនោះៗ ។ ប្រសិនបើម្នាមនុស្សច្រើនណែនណាន់តាន់តាប់ គ្រឿងស្មោកគ្រោកក្នុងអាកាសក៏មានច្រើន កាលបើយើងដកដង្ហើមចូលទៅនឹងនាំឲ្យកើតទោសដល់រាងកាយយើងមិនខាន ។ ឯវត្ថុជាគ្រឿងស្មោកគ្រោកនោះ គឺមេជំងឺល្អងផង់ធូលី អាកាសស្មោកគ្រោកដែលដកដង្ហើមចេញមកនឹងផ្សែងបារីជាដើម ។

មេជំងឺឬមេរោគ‍‌ – យើងមិនអាចកម្ចាត់វាចេញឲ្យអស់ទៅបានទេ ព្រោះយើងមើលខ្លួនវាមិនឃើញ ហេតុនេះទើបមានតែវិធីមួយដែលជួយខ្លួនយើងឲ្យរម្ងាប់បាន គឺធ្វើរាងកាយឲ្យមានកម្លាំងខ្លាំងពូកែសម្រាប់តទល់នឹងមេរោគផ្សេងៗបាន ។

ផង់ល្អងធូលី – យើងអាចការពាររបស់ស្មោកគ្រោកអស់នេះបានដោយវិធីខំឧស្សាហ៍បោសសម្អាតជូតលាងគ្រឿងប្រើប្រាស់ ពិតានផ្ទះ ជញ្ជាំងផ្ទះ ក្ដារក្រាលជាដើមឲ្យស្អាតជានិច្ច ។

អាកាសអាក្រក់ – យើងអាចធ្វើឲ្យទៅជាអាកាសល្អបរិសុទ្ធបាន ដោយវិធីបើកទ្វារបង្អួចឲ្យខ្យល់អាកាសចេញចូលបានដោយស្រួល ។

ផ្សែងបារី – យើងនឹងធ្វើការការពារផ្សែងបារីបានដោយកម្រពេកណាស់ ព្រោះមនុស្សយើងតែងនិយមជក់បារីស្ទើរតែរាល់គ្នា យើងនឹងហាមឃាត់គេមិនឲ្យជក់បារីនៅផ្ទះយើងក៏មិនទំនងដែរ ។ ហេតុនេះមានតែផ្លូវមួយ គឺយើងតោងបើកទ្វារបង្អួចឲ្យអស់  ហើយយកផ្លិតបក់ផ្សែងបារីចេញឲ្យអស់ ។

ការសម្អាត – ការសម្អាត គឺការថែទាំបោសសម្អាតនិងកម្ចាត់បង់នូវគ្រឿងស្មោកគ្រោកផ្សេងៗឲ្យអស់ទៅ ដូចជាឧច្ចារៈនិងសំរាមជាដើម ។

វិធីកម្ចាត់ឧច្ចារៈ – នៅប្រទេសយើង មានវិធីបន្ទោបង់ឧច្ចារៈបស្សាវៈផ្សេងៗគ្នា មានភូមិខ្លះឬផ្ទះខ្លះប្រើវិធីជីករណ្ដៅកប់ឬយកផេះលុបក៏មាន វិធីនេះបើធ្វើឲ្យស្អាតហ្មត់ចត់ក៏គួរសមដែរ ទាំងការពារក្លិនឧច្ចារៈមិនឲ្យផ្សាយចេញផង ។ វិធីបន្ទោបង់ឧច្ចារៈក្នុងព្រែកឬស្រះបឹង ជាការមិនគួរគប្បីសោះ ព្រោះអាចនាំឲ្យមានអន្តរាយដល់រាងកាយឬជីវិតរបស់អ្នកដែលប្រើប្រាស់ទឹកអស់នោះបាន ។  បើជាបង្គន់សាធារណៈដែលមាននៅទីប្រជុំជន មានមនុស្សរាប់រយរាប់ពាន់តែងចេញចូលប្រើប្រាស់នោះត្រូវតែប្រយត្នឲ្យណាស់ ព្រោះថា បើមានអ្នកណាមួយកើតរោគឆ្លងមានកាមរោគជាដើម មកជុះនៅបង្គន់នេះ អ្នកក្រោយមកជុះនៅទីនេះទៀត រោគនោះអាចនឹងឆ្លងបាន ។ ទើបឃើញថា បង្គន់បែបនេះ បើមិនបានថែទាំឲ្យស្អាតល្អទេ មុខគួរឲ្យរង្កៀសពន់ពេក ហេតុនេះទើបត្រូវតែរក្សាទីអង្គុយជុះក្នុងបង្គន់ឲ្យស្អាតបាតជានិច្ច ត្រូវយកកំណាត់សំពត់ជ្រលក់ទឹកក្រេស៊ីលជូតឬជូតដោយទឹកក្ដៅ ត្រូវប្រយត្នកុំបន្ទោបង់បស្សាវៈឲ្យប្រឡាក់ក្ដារអង្គុយជុះ ព្រោះនាំឲ្យស្មោកគ្រោកបង្គន់ មុខគួរឲ្យខ្ពើមពន់ពេក ។ ប្រជាជនដែលនិយមធ្វើបង្គន់ដោយជីករណ្ដៅ ធ្វើរោងប្រក់ស្លឹក ដាក់ក្ដារអង្គុយជុះ នៅក្បែរផ្ទះក្នុងភូមិនោះ តោងប្រយត្នឲ្យណាស់ ព្រោះរណ្ដៅបង្គន់បែបនេះមិនជិតដិតទេមុខគួរឲ្យស្ញប់ស្ញែងអន្តរាយ មានចួនកាលពេញរណ្ដៅហើយក៏នៅតែប្រើប្រាស់ដែរ នាំឲ្យផ្សាយក្លិនសម្អុយពាសពេញទាំងភូមិក៏សឹងមាន បង្គន់បែបនេះមិនគួរប្រើទេនឹងនាំឲ្យកើតរោគផ្សេងៗមិនខាន ។ ឯបង្គន់ដាក់ធុងមានផ្លាស់ប្ដូររាល់យប់ទុកប្រើប្រាស់ច្រើននាក់នោះ បើបានថែទាំសម្អាតឲ្យស្អាតជានិច្ច ចាក់ទឹកក្រេស៊ីលខ្លះផង ទើបផុតអំពីជំងឺឆ្លងបានខ្លះ ។

វិធីកម្ចាត់សំរាម – សំរាមផ្សេងៗនោះ បើរបស់ណាដែលល្មមដុតភ្លើងបាន ត្រូវយកទៅដុតភ្លើងចោលទៅ បើដុតភ្លើងមិនកើត ត្រូវយកទៅកប់លុបដី ឬដាក់ធុងសង្កសីមានគម្របគ្រប យកសំរាមសម្រោចទៅដាក់ហើយយកទៅចាក់ចោលក្នុងរណ្ដៅ ពេញហើយតាយដីលុបទៅឲ្យជិតល្អក៏បាន ។

ការជះសំរាមចោលក្រោមផ្ទះនោះមិនប្រពៃសោះ ជាទីកើតនៃរោគផ្សេងៗច្រើនយ៉ាង ថែមទាំងនាំឲ្យនឿយហត់ពីរត្រួតទៀតផង ។

អំពីអាហារភោជន

គ្រឿងអាហារភោជនដែលមានគុណឬទោសស្រេចតែវិធីប្រុងផ្សំឬដាំស្លតាមបែបអនាម័យ គឺថា ៖

១– អាហារដែលប្រកបដោយមំសៈ បើឆៅឬស្រស់ ឬស្ទើរឆៅស្ទើរឆ្អិនឆាប់រលាយជាង ហើយនាំឲ្យមានប្រយោជន៍ដល់រាងកាយច្រើនជាងសាច់ឆ្អិន មានប្រយោជន៍ច្រើនជាងសាច់ត្រាំឬដែលហាលស្ងួតហើយ ។ ហេតុនេះ ត្រូវចម្អិនមំសៈឲ្យឆ្អិនត្រឹម ៥ នាទីទឹកពុះ ឬបន្ថយកម្ដៅឲ្យចុះមកទៀតក៏បាន ដើម្បីកុំឲ្យមំសៈនោះឆ្អិនហួសពេក ។

២– តាមធម្មតា សាច់ត្រីច្រើនមានខ្លាញ់តិចមិនល្មមគ្រប់គ្រាន់នឹងសេចក្ដីត្រូវការរបស់រាងកាយ ជាតិត្រីដែលមានខ្លាញ់ច្រើននោះមិនសូវសម្បូរទេ ហេតុនេះ វេលាប្រុងអាហារភោជនបែបនេះ ត្រូវលាយខ្លាញ់សត្វដទៃផង លើកលែងតែត្រីដែលមានខ្លាញ់ច្រើនស្រាប់ ។ បើត្រូវការបរិភោគតែសាច់ត្រីសុទ្ធ ត្រូវយកទៅចៀននឹងខ្លាញ់ល្អជាងយកទៅចំហុយ ឬឆ្អើរ ឬអាំង បើស្លត្រី ត្រូវច្របាច់ខ្ទិះដូងដាក់ផង មានទំនងដូចសម្លការីជាដើម ។

៣– ការដាំបាយ កុំជាត់ទឹកបាយចោលឲ្យសោះ ព្រោះរបស់វិសេសជាតិបាយតែងរលាយចេញមកជាមួយនឹងទឹកបាយ ដូច្នេះគួរប្រើវិធីចម្អិនបាយដោយលៃទឹកនិងអង្ករ ឲ្យទឹករីងព្រមនឹងបាយឆ្អិន កុំបាច់ជាត់ទឹកបាយចោល ឬមួយនឹងប្រើទឹកបាយទទួលទានជំនួសទឹកស៊ុបក៏បាន មិនគួរចាក់ទឹកបាយឲ្យឆ្កែស៊ី ហើយខ្លួនឯងបែរជាបរិភោគតែកាកបាយដូច្នេះទេ ។ តាមដោយពិត យើងគួរបរិភោគទឹកបាយ ឯសាច់បាយគួរឲ្យទៅឆ្កែស៊ីវិញ ។

៤– ការប្រើបន្លែស្រស់បរិភោគឆៅៗ ដូចជាញាំសាលាដជាដើមនោះ ដំបូងត្រូវលាងឲ្យស្អាតហើយត្រាំបន្លែនោះក្នុងទឹក វេលាហាន់រួចត្រូវលាងដោយទឹកម្ដងទៀត បើបន្លែនេះស្អាតក៏គួរដែរ តែក្នុងខណៈកើតជំងឺអាសន្នរោគដល់ប្រជាជន មិនគួរគប្បីប្រើបន្លែស្រស់ទេ ។

៥– អ្នកដែលមានមុខក្រសួងខាងប្រកបអាហារភោជននោះត្រូវមានសំពត់អៀមយ៉ាងសស្អាតចងនៅនឹងខ្លួនជានិច្ច ។ វេលាដាំស្លរួចហើយត្រូវលាងដៃឲ្យស្អាតនឹងកាត់ក្រចកឲ្យខ្លីជានិច្ច ។

៦– កាលបើរៀបចំអាហារភោជនរួចហើយមិនត្រូវប្រើដៃចាប់ពាល់ទេ គឺត្រូវយកវែក ស្លាបព្រាផង ដួសជំនួសដៃ សូម្បីចាប់នំប៉័ងទទួលទានក៏ត្រូវប្រើសមដែលស្អាតដែរ ទើបអស់សេចក្ដីរង្កៀស ។

៧– ក្នុងពេលដែលកំពុងធ្វើអាហារភោជនផ្សេងៗនោះ មិនត្រូវនិយាយស្ដីច្រើនពេក ព្រោះអាចនឹងធ្វើឲ្យទឹកមាត់ខ្ទាតធ្លាក់ទៅក្នុងអាហារភោជននោះៗបាន ។

អាហារដែលធ្វើឲ្យឧច្ចារៈជ្រាយធូរស្រួលនោះគឺ ៖

១– ថ្លើមសត្វផ្សេងៗ មានថ្លើមមាន់និងថ្លើមទាជាដើម ។

២– សម្លឬម្ហូបដែលបង់ម្ជូរអម្ពិល មានសម្លម្ជូរជាដើម ។

៣– ផ្លែឈើស្រស់ផ្សេងៗដែលមានផ្លែតាមរដូវកាលជាដើម ។

៤– នំប៉័ងខ្មៅ (នំប៉័ងនេះសម្បុរប្រផេះ) ជាដើម ។

៥– ទឹកបង្អែម ទឹកឃ្មុំ និងកាហ្វេ ។

របស់អស់នេះជាគ្រឿងធ្វើឲ្យលាមកចេញមកធូរស្រួលមិនក្ដៀនក្ដាំងទល់លាមកជាដើម ។

បទទី ៤

 មីក្រូបឬមេរោគផ្សេងៗ

រូបឬវត្ថុដែលមានជីវិតិន្ទ្រិយយ៉ាងល្អិតៗ ជាអណូបរមាណូមាននៅជុំវិញខ្លួនយើងសព្វថ្អៃនេះ មានចំនួនច្រើនជាអនេក ប៉ុន្តែយើងមិនដឹងខ្លួន ហើយមើលមិនឃើញខ្លួនវាផង ជីវិតិន្ទ្រិយអស់នេះមាននៅទូទៅសព្វអន្លើឥតចន្លោះ គឺក្នុងដី ក្នុងអាកាស ក្នុងទឹក វត្ថុអស់នេះជាពីជគាមយ៉ាងល្អិតៗ ពូជស្រឡែទឹកក៏មាន សឹងមានរូបរាងផ្សេងៗគ្នា ប៉ុន្តែយើងមើលដោយភ្នែកទទេមិនឃើញទេ លុះតែប្រើកែវឆ្លុះពង្រីកខ្លួនវាឲ្យធំឡើងតាំងពី ១០០ ភាគដល់ ១,០០០ ភាគ ទើបសង្កេតមើលរូបសណ្ឋានខ្លួនវា ឬវត្ថុអស់នោះបាន តាមធម្មតាច្រើនតែមានរូបរាងជាកំណាត់ៗ មានទំនងដូចជាកំណាត់ឈើ ទើបគេហៅថា “បាក់តេរី” ប្រែថាកំណាត់ឈើ ។

បាក់តេរីមានច្រើនយ៉ាងច្រើនពួកដែលយើងបានដឹងឮ ក្នុងវេលានេះមានចំនួនប្រហែល ១,២៧២ ចំពូកៗ ដែលមានសណ្ឋានមូលដូចជាផ្លែក្រូចពោធិ៍សាត់មានប្រមាណ ៣៤៣ ចំពូកៗ ដែលមានសណ្ឋានជាកំណាត់ៗ ដូចកំណាត់ឈើមានប្រមាណ ៨៣៣ ចំពូកៗ ដែលមានសណ្ឋានវែងៗ គន្លិកគន្លាក់មានប្រមាណ ៩៦ ចំពូកៗ ដែលអាចធ្វើយើងឲ្យកើតរោគបាន ដែលយើងដឹងច្បាស់ហើយនោះ មានចំនួនប្រមាណ ៥០ ចំពូក ។ ក្រៅពីនេះមិនទាន់ដឹងច្បាស់ថា ឲ្យទោសដូចម្ដេចដល់មនុស្សយើងនៅឡើយ ហើយមានចំពូកខ្លះនោះប្រែត្រឡប់ឲ្យគុណដល់មនុស្សយើងវិញក៏មាន ។

ខ្នាតបាក់តេរី

ខ្នាតបណ្ដោយរបស់បាក់តេរីនេះប្រហែល ២ មីក្រូ ឬមីក្រូមិល្លីម៉ែត្រ ខ្នាតទទឹង ១–៥ មីក្រូ. (ក្នុង ១ មីក្រូ. គឺ ១ ភាគក្នុង ១០០០ ភាគនៃមិល្លីម៉ែត្រ) ឯបាក់តេរីខ្នាតតូចបំផុតដែលយើងបានដឹងក្នុងវេលានេះ ដែលធ្វើឲ្យយើងកើតជំងឺគ្រុនផ្ដាសាយខ្លាំងនោះមានខ្នាតបែង បណ្ដោយប្រហែល ១–៥ មីក្រូ. ទទឹង ០.២ មីក្រូ. (តួឈាមក្រហមរបស់មនុស្សយើងមានទំហំប្រមាណ ៧ មីក្រូ.) ។

គ្រឿងនាំឲ្យបង្កើតបាក់តេរីគឺ ៖

១– អាហារ  បាក់តេរីត្រូវការអាហារ ទឹកលោហិត ទឹករងៃជាដើម ជាអាហារដ៏មានឱជារស សម្រាប់បង្កើតបាក់តេរីឲ្យមានច្រើនឡើងដោយរួសរាន់ ។

២– កម្ដៅឧណ្ហៗ បាក់តេរីត្រូវការកម្ដៅឧណ្ហៗ ដូចជាចំហាយឧណ្ហៗក្នុងខ្លួនយើង ។

៣– គ្រឿងសើមទទឹក បាក់តេរីត្រូវការគ្រឿងសើម បើបានទទួលគ្រឿងសើមអំពីរាងកាយយើង ឬអំពីទីណាក៏ដោយ ជាហេតុធ្វើឲ្យបាក់តេរីទាំងនោះកើតឡើងដោយរួសរាន់ ក្នុងរវាង ២៤ ម៉ោង វាអាចបង្កើតឡើងដល់ទៅ ៤,០០០,០០០ តួ ឬដើម ប្រសិនបើមានវត្ថុ ៣ យ៉ាងដូចពោលមកហើយខាងលើនេះប្រជុំព្រមជាមួយគ្នា ។

គ្រឿងកាពារបាក់តេរីគឺ ៖

១– កម្ដៅ តាមធម្មតា បើមានចំហាយក្ដៅតាំងពី ៥៤ កម្រិតឡើងទៅ បាក់តេរីនឹងស្លាប់ក្នុង ១០ នាទី ហេតុនេះគ្រឿងបរិភោគទាំងឡាយត្រូវយកទៅដាំឬស្ងោររួចសឹមយើងបរិភោគ ទើបផុតពីរោគាព្យាធិទាំងពួង ហើយបាក់តេរីគ្រប់ចំពូកនឹងស្លាប់អស់ដោយកម្ដៅនេះមិនខាន ។

២– គ្រឿងពន្លឺ បាក់តេរីដែលត្រូវឆ្លុះឬបញ្ចាំងដោយពន្លឺរស្មីព្រះអាទិត្យ នឹងស្លាប់អស់មួយរំពេច ។ ហេតុនេះ ផ្ទះសម្បែងណាដែលមានពន្លឺថ្ងៃចាំងឆ្លុះចូលទៅក្នុងផ្ទះបាន ផ្ទះនោះមានបាក់តេរីតិច ឯបាក់តេរីដែល​នៅនឹងសំពត់ អាវ មុង ខ្នើយ ឬវត្ថុផ្សេងៗ កាលបើយករបស់ទាំងនោះហាលថ្ងៃ ក៏នឹងស្លាប់អស់ដែរ ។

៣– ការសម្ងួត កាលបើយើងធ្វើវត្ថុដែលមានបាក់តេរីឲ្យស្ងួតមិនឲ្យសើម តួបាក់តេរីក៏នឹងស្លាប់ដែរ ហេតុនេះ មុខដំបៅរបួសផ្សេងៗ ត្រូវតែថែរក្សាឲ្យស្ងួតជានិច្ចទើបសះឆាប់ជា ព្រោះបាក់តេរីដែលនៅក្នុងមុខរបួសដំបៅនោះនឹងស្ងួតក្រៀមស្លាប់អស់ទៅ ។

៤– អាកាស បាក់តេរីចំពូកខ្លះត្រូវការអាកាស ចំពួកខ្លះមិនត្រូវការបើចំពួកដែលត្រូវការ កាលមិនបានអាកាសតាមត្រូវការក៏ទ្រាំនៅពុំបាន ដូចជាជំងឺអហិវាតករោគជាដើម ចំពួកដែលមិនត្រូវការ កាលបើយកកាស (gaz) ក៏ទ្រាំពុំបានដែរ ដូចមេជំងឺហួសក្លាយ ។ ហេតុនេះ មេជំងឺហួសក្លាយ ទើបត្រូវតែព្យាយាមបញ្ចូលអាកាសឲ្យបានច្រើន ឬនាំយកអាកាសអុកស៊ីសែនទៅដាក់ ដើម្បីឲ្យមេជំងឺអស់នោះស្លាប់ ទើបមុខរបួសនឹងសះជាជាឆាប់មិនខាន ។

៥– ការបង្អត់អាហារ បាក់តេរីត្រូវការបរិភោគអាហារដូចសត្វដទៃៗដែរ បើមានអាហារតិចពេកមិនគ្រប់គ្រាន់នឹងបរិភោគ ក៏រស់នៅពុំបាន ។ ហេតុនេះ ការរក្សារបួសឬដំបៅត្រូវតែកុំឲ្យមានទឹករងៃ ទឹកឈាម ខ្ទុះ ដែលជាអាហារចំណីរបស់បាក់តេរីចូលទៅនៅក្នុងមុខរបួសបាន នេះជាវិធីបង្អត់អាហារដើម្បីឲ្យបាក់តេរីអត់ស្លាប់អស់ទៅ ។

៦– ថ្នាំសម្រាប់សម្លាប់បាក់តេរី ថ្នាំសម្រាប់សម្លាប់បាក់តេរីមានច្រើនយ៉ាង ដូចជា ………. ជាដើម ដូចជាថ្នាំសម្រាប់ប្រើក្នុងការកាត់វះនិងរក្សាមុខរបួស បើមិនធ្វើដូច្នេះទេបាក់តេរីក្នុងអាកាសដែលចាប់នៅតាមដៃរបស់អ្នកធ្វើការនិងគ្រឿងប្រដាប់នោះ នឹងធ្វើឲ្យរបួសមានខ្ទុះឡើងហើយស្អុយ កម្រនឹងសះជាបាន បើមិនមានបាក់តេរីក្នុងរហួសទេ របួសនោះនឹងសះជាជាឆាប់មិនខាន មិនមែនព្រោះបរិភោគបាយដំណើប ឬស៊ីក្រូចទេដែលធ្វើឲ្យរបួសមានខ្ទុះនោះ នេះជាសេចក្ដីចូលចិត្តខុសរបស់មនុស្សចំពួកខ្លះ ។

រួមសេចក្ដីថា បាក់តេរីមាននៅទូទៅមិនថាទីតំបន់ណាទេ  សឹងមានរូបរាងនិងឫទ្ធិអំណាចផ្សេងៗគ្នា ។ មានចំពួកខ្លះនោះមានប្រយោជន៍ដល់រាងកាយយើងជាច្រើន ដូចជាចំពួកដែលនៅក្នុងពោះវៀន វាជួយរម្លាយកាកអាហារ វាជួយញែករំលែកគ្រឿងពិសពុលក្នុងរាងកាយឲ្យក្លាយទៅជារបស់ដទៃៗដែលគ្មានពិស ហើយបញ្ចេញទៅតាមផ្លូវឧច្ចារៈបស្សាវៈ ។ មានចំពួកខ្លះឲ្យទោសចំពោះសត្វនិងដើមឈើ មិនឲ្យទោសដល់មនុស្សក៏មានចំពួកខ្លះឲ្យទោសចំពោះមនុស្សតែមិនឲ្យទោសដល់សត្វនិងដើមឈើក៏មាន ។ ចំពួកដែលយើងដឹងស្គាល់ច្បាស់ក្នុងវេលានេះដែលឲ្យទោសចំពោះមនុស្សនិងសត្វនោះមានប្រមាណ ៥០ ចំពួក ។

គ្រឿងចម្លងរោគ

មេរោគឬមេជំងឺដែលមកប៉ះពាល់ដល់រាងកាយមនុស្សយើងបានដោយមានអ្វីមួយសម្រាប់ចម្លង ដូចជាយើងនឹងឆ្លងទន្លេឬស្ទឹងពីត្រើយម្ខាងទៅត្រើយម្ខាងទៀតបានតោងមានទូកដឬទូកចម្លង ទើបយើងឆ្លងទៅបាន  ហេតុនេះ ទើបត្រូវដឹងថា អ្វីជាតួចម្លងរោគមកកាន់រាងកាយយើងបាន ។

វត្ថុផ្សេងៗដែលនឹងពោលតទៅនេះជាគ្រឿងនាំឬចម្លងមេជំងឺផ្សេងៗមកកាន់រាងកាយមនុស្សយើងបានគឺ ៖

១– អាកាស តាមធម្មតា មេរោគឬមេជំងឺច្រើនអណ្ដែតទៅតាមអាកាស ដូចមេជំងឺឡាប៉ែស្ត កញ្ជ្រឹល ផ្ដាសាយជាដើម បើមិនមានអាកាសនៅជាចន្លោះខ្លួនយើងនិងមេជំងឺទេ យើងក៏មិនកើតរោគអស់ទេដែរ ប្រសិនបើយើងការពារខ្លួនមិនឲ្យកើតរោគអស់នេះ យើងត្រូវតែនៅក្នុងទីអាកាសល្អបរិសុទ្ធមិនស្អុះស្អាប់ ដូចបានពោលមកក្នុងបទមុននេះ ព្រោះអាកាសល្អនេះ ក្រៅពីធ្វើឲ្យយើងមានកម្លាំងតទល់នឹងមេជំងឺបាន នៅមានប្រយោជន៍ជាថ្នាំពិសសម្រាប់បំពុលមេជំងឺផ្សេងៗទៀតផង ។ កាលបើមេជំងឺត្រូវអាកាសល្អគង់តែនឹងស្លាប់អស់ទៅមិនខាន ។

២– ទឹក  មេជំងឺផ្សេងៗ រមែងមកកាន់រាងកាយយើងតាមផ្លូវទឹក ដូចជាជំងឺអាសន្នរោគ ជំងឺមួលជាដើម ។ វិធីការពារ គឹត្រូវផឹកទឹកដែលស្អាត គឺដាំឲ្យពុះជាមុនសិនផឹក ។

៣– គ្រឿងបរិភោគ  មេជំងឺផ្សេងៗ ក្រៅអំពីមានមកតាមផ្លូវទឹក នៅមានជាប់មកនឹងគ្រឿងស៊ីគ្រឿងបរិភោគ បង្កើតទៅជារោគ កតាន់ឬខាន់ស្លាក់ គ្រុនរងាជាដើម ហេតុនេះ ត្រូវតែយើងប្រយត្នគ្រឿងស៊ីនេះឲ្យមាំមួន របស់ដែលរែកលក់ឬរុញលក់តាមផ្លូវតាមថ្នល់ ឬដាក់លក់តាមចិញ្ចើមថ្នល់ ឬរបស់ដែលមិនទាន់ឆ្អិនល្អក៏គួរចៀសវាងដែរ ដើម្បីរក្សាខ្លួនយើងឲ្យផុតស្រឡះពីជំងឺឆ្លងអស់នោះ ។

៤– សម្លៀកបំពាក់  មេជំងឺចំពួកខ្លះ ដូចជាកមរមាស់ ស្រែង ភ្លឺ ឃ្លង់ និងកាមរោគជាដើម រមែងជាប់នៅនឹងសំពត់ស្លៀកពាក់ ហេតុនេះ គ្រឿងស្លៀកពាក់យើងមិនត្រូវខ្ចីគេប្រើទេ ទាំងសំពត់អាវរបស់យើងក៏មិនត្រូវឲ្យអ្នកដទៃខ្ចីប្រើដែរ ។

៥– មូស  មូសជាសត្វនាំជំងឺគ្រុនចាញ់ មកកាន់មនុស្សយើង ចួនកាលធ្វើឲ្យយើងស្លាប់ដោយសារជំងឺនេះក៏មានច្រើន ឯវិធីបង្ការមូសមិនឲ្យខាំយើងបាននោះ ជាការលំបាកណាស់ ទុកជាយើងព្យាយាមកម្ចាត់វាឲ្យអស់ផ្ទះយើងទៅបាន គង់មានមូសមកពីផ្ទះអ្នកជិតខាងយើងបានទៀត ឬមានមកពីទីដទៃដែលស្មោកគ្រោក ។ ហេតុនេះ ត្រូវយើងប្រើមុងជាគ្រឿងបង្ការមូសជាបណ្ដោះអាសន្នទៅសិនចុះ ទម្រាំប្រជាជនទូទៅចេះរកវិធីកម្ចាត់និងបង្ការមូសសព្វគ្រប់ ។

៦– ចំពួកពួកសត្វល្អិតៗ  ដូចជាសត្វរុយតែងនាំមេជំងឺអាសន្នរោគ គ្រុន ពិស និងរោគឯទៀតៗ មកកាន់មនុស្ស ដោយវាហើរទៅទំលើរបស់ស្មោកគ្រោកហើយវាហើរមកទំលើគ្រឿងបរិភោគរបស់យើង ។ សង្កើចនាំឲ្យកើតរោគឃ្លង់និងរោគឯទៀតៗ ។ ចៃកណ្ដុរនាំឲ្យកើតជំងឺកាឡរោគ (ប៉ែស្តិ៍) ។ ហេតុនេះ ត្រូវដេញកម្ចាត់ចេញឲ្យអស់ហើយគ្រប់បិទគ្រឿងបរិភោគឲ្យជិតល្អ រៀបចំសម្អាតដំណេកឲ្យស្អាតបាតកុំឲ្យសង្កើចអាស្រ័យនៅបាន ។

៧– មនុស្ស មនុស្សខ្លះដែលកើតរោគឆ្លង តែងចម្លងនោះមកកាន់មនុស្សផងគ្នាជាច្រើនយ៉ាង ដូចជាកាមរោគ (ស្វាយ ប្រមេះ ទីមឡា) និងអាសន្នរោគជាដើម ។ ហេតុនេះ យើងត្រូវប្រយត្នឲ្យមែនទែនក្នុងការសេពគប់សមាគមនឹងមនុស្សផងគ្នា ។

ខ. ស.

ជាអ្នកប្រែនឹងរៀបរៀង

ខេមរង្សី

បញ្ចេញយោបល់ ៖