វិធី​ស្ដីការ​របស់​រាង​កាយ

បទទី ២

អស់លោក-អ្នកដែលធ្វើរាជការ ឬធ្វើការក្នុងសមាគមជំនួញនីមួយៗរមែងជ្រាបថា វិធីស្ដីការក្នុងក្រសួងឬ​សមាគមនីមួយៗ តើមានរបៀបយ៉ាងណា ? បើពោលឲ្យខ្លីទៅក៏គឺមានវិធីស្ដីការឲ្យបានស្រួលរៀបរយនិងឲ្យបានសេចក្ដីចម្រើន ទើបចែកមុខក្រសួងគ្នាឲ្យទទួលកិច្ចការជាលំដាប់លំដោយតាមជាន់តាមថ្នាក់ មានទំនងដូចវិធីស្ដីការក្នុងរាងកាយរបស់យើងដែរ ប៉ុន្តែបើពិនិត្យមើលដោយសព្វគ្រប់ទៅ នឹងយល់ថាវិធីស្ដីការក្នុងរាងកាយយើងមានរបៀបរៀបរយល្អស្រួលជាងក្នុងក្រសួងនីមួយៗទៅទៀត ។ ឯវិធីស្ដីការរបស់អវយវៈសំខាន់ៗក្នុងរាងកាយនេះ គឺ ១- ខួរក្បាល ២- ខួរឆ្អឹងខ្នង ៣- សរសៃប្រសាទ ។

១- ខួរក្បាល

ខួរក្បាលជាសាច់ទន់ភ្លន់ល្វន់ល្វៃប្រហែលនឹងសាច់ទុរេនយ៉ាងធំ មានទំហំតូចជាងក្បាលរបស់ម្ចាស់ខ្លួនបន្តិច មានទម្ងន់ប្រហែល ១៥០០ ក្រាម ។ ឯខ្នាតខួរក្បាលធំ ឬតូចមានទម្ងន់ធ្ងន់ ឬស្រាលមិនមែនជាគ្រឿងវាស់សេចក្ដីល្ងង់ខ្លៅឬឆ្លៀវឆ្លាតទេ ព្រោះមនុស្សមានក្បាលធំមានខួរច្រើនតែជាមនុស្សល្ងង់ខ្លៅក៏មានគគោក ឯសេចក្ដីល្ងង់-ឆ្លាតនៅត្រង់សាច់របស់ខួរក្បាលដែលមានសណ្ឋានល្អឬអាក្រក់មកពីកំណើត ហេតុនេះទើបឃើញថាខួរក្បាលល្អមានទំនងដូចសំពត់សាច់ហ្មត់ល្អប្រើជាប់បានយូរ ។  ឯខួរអាក្រក់ ប្រៀបដូចសំពត់សាច់អាក្រក់ប្រើមិនជាប់ឆាប់ខូចខាតទៅវិញ ។ ខួរក្បាលនេះជាអវយវៈសំខាន់បំផុតរបស់រាងកាយ ជាអធិបតីស្ដីការលើសរីរយន្តទាំងពួងក្នុងរាងកាយ មានទំនងដូចជាសេនាបតីស្ដីការក្នុងក្រសួងនីមួយៗ ដូច្នោះដែរ ប្រសិនបើខួរក្បាលពិការទៅ ឬអធិបតីនោះស្ដីការមិនត្រឹមត្រូវ មុខជាការងារទាំងពួងនឹងកើតវរវឹកផ្ដេសផ្ដាសទៅតាមគ្នាទាំងអស់មិនខាន ។

ខួរក្បាលរបស់យើងមានពីរគឺ ខួរក្បាលធំនិងខួរក្បាលតូច ។ ឯខួរល្បាលធំចែកចេញជាពីរសង្កាត់ គឺសង្កាត់ខាងឆ្វេងនិងសង្កាត់ខាងស្ដាំ ។ ខួរក្បាលសង្កាត់ខាងឆ្វេងមាននាទីត្រួតត្រានូវរាងកាយសង្កាត់ខាងស្ដាំ ហើយមានមុខក្រសួងដោយឡែកទៀត គឺធ្វើឲ្យចេះនិយាយចេះមើលចេះសរសេរ ។ ឯខួរក្បាលសង្កាត់ខាងស្ដាំមាននាទីត្រួតត្រានូវរាងកាយតែសង្កាត់ខាងឆ្វេងប៉ុណ្ណោះ មិនមាននាទីដទៃទៀត ហេតុនេះទើបឃើញថាខួរក្បាលសង្កាត់ខាងឆ្វេងមានមុខក្រសួងចំណាប់ចំនួនជាងខួរក្បាលសង្កាត់ខាងស្ដាំ បានជារាងកាយសង្កាត់ខាងស្ដាំរបស់យើងរឹងប៉ឹងខ្លាំងពូកែជាងរាងកាយសង្កាត់ខាងឆ្វេង ។

ខួរក្បាលធំ (ទាំងពីរផ្នែក) នៅមានចែកចេញជាចំណែកផ្សេងៗដូច្នេះគឺ ៖

ក- ខួរក្បាលនៅចំណែកខាងមុខសម្រាប់ទទួលទុកនូវការចាំហេតុ ដូច្នេះបានជាកាលយើងនឹករករឿងអ្វីមិនឃើញច្រើនតែយកដៃស្ទាបថ្ងាសដើម្បីរឭកខួរក្បាលឲ្យនឹករាងរកឃើញឡើងវិញ ឬវេលាគិតគូរអ្វីច្រើនពេកធ្វើឲ្យថ្ងាសក្ដៅដេកមិនលក់ ដោយហេតុមានលោហិតឡើងមកខួរក្បាលសង្កាត់នេះច្រើន ។

ខ- ខួរក្បាលនៅចំណែកខាងក្រោយសម្រាប់ឲ្យមើលអ្វីៗឃើញហេតុ ដូច្នេះបានជាក្នុងខណៈដែលយើងដួលផ្ងារ​ទៅក្រោយត្រូវត្រង់ខួរក្បាលសង្កាត់នេះដោយប៉ះនឹងដីឬវត្ថុអ្វី ឬមួយត្រូវគេវាយចំកន្ទូតអូង ក៏ធ្វើឲ្យយើងងេងងោងស្រវាំងភ្នែកមើលអ្វីមិនឃើញ ដោយហេតុរញ្ជួយដល់ខួរក្បាលសង្កាត់នេះ ។

គ- ខួរក្បាលនៅខាងចំហៀងនោះ សម្រាប់ធ្វើឲ្យយើងឮសូរសព្ទនានាបាន ហេតុដូច្នេះបានជាកាលណាត្រូវគេទះតប់ចំពីចំហៀង ឬចំពីមុខទើបធ្វើឲ្យយើងហ៊ឹងត្រចៀកស្ដាប់អ្វីមិនឮឡើយ ។

ឃ- ខួរក្បាលនៅចំណែកខាងមុខរណ្ដៅប្រឡាយសម្រាប់ធ្វើឲ្យកាយកម្រើក បានជាកាលណាត្រូវគេវាយក្បាលត្រង់បរិវេណនេះទើបធ្វើឲ្យរាងកាយយើងនេះទៅជាប្រកាច់ប្រកិន ប្រសិនបើអវយវៈសង្កាត់នេះខូចខាតពិការទៅ រាងកាយយើងក៏តាយសាក (ដូចជារោគស្លាប់ជើងស្លាប់ដៃ) ប្រើការមិនកើត ។

ង- ខួរក្បាលនៅចំណែកខាងក្រោយរណ្ដៅប្រឡាយនេះសម្រាប់ធ្វើឲ្យដឹងសម្ផស្សផ្សេងៗបាន បើអវយវៈសង្កាត់នេះខូចខាតពិរាពិការទៅធ្វើឲ្យបាត់ស្មារតីមិនដឹងខ្លួន កាលបើមិនដឹងខ្លួនហើយ រាងកាយក៏មិនកម្រើក ព្រោះខ្សែសរសៃសម្រាប់ឲ្យដឹងសម្ផស្សផ្សេង ៗ នោះដាច់ខាតចេញពីគ្នា ។

ច- ខួរក្បាលនៅចំណែកខាងៗ និងខាងចុងរណ្ដៅប្រឡាយសង្កាត់ខាងឆ្វេង សម្រាប់ធ្វើឲ្យចេះនិយាយ-សរសេរ-មើល កាលបើអវយវៈចំណែកនេះខូចខាតអន្តរាយទៅទើបធ្វើឲ្យនិយាយមិនកើត សរសេរមិនកើត ឯមនុស្សដែលគនិយាយមិនរួចនោះ គេច្រើននិយាយថាមនុស្សមានកន្លើតខ្លីពេក តែសេចក្ដីពិតមិនមានទោសកើតពីកន្លើតវែងឬខ្លីឡើយ ។

ឆ- ឯខួរក្បាលតូចៗនៅខាងក្រោមនិងខាងក្រោយខួរក្បាលធំនោះ សម្រាប់ធ្វើឲ្យរាងកាយតាំងនៅនឹងបានមិនទ្រេតទ្រោត នៅចំណែកខាងស្ដាំឃុំរក្សារាងកាយចំណែកខាងស្ដាំ ចំណែកខាងឆ្វេងឃុំរក្សារាងកាយខាងឆ្វេង មិនប្ដូរមុខក្រសួងគ្នាដូចជាខួរក្បាលធំទេ ។ (ប្រសិនបើទារកទើបដែលទើបសម្រាលថ្មីៗ មានខួរក្បាលចម្រើនប៉ុននឹងក្មេងធំតែម្ដង មុខតែនឹងធ្វើឲ្យទារកដែលទើបសម្រាលនោះចេះឈរ-អង្គុយ-ដើរបានមួយរំពេចដូចជាសត្វតិរច្ឆានចំពូកខ្លះមិនខាន ព្រោះក្មេងមិនទាន់មានសតិសម្បជញ្ញៈ ។ ហេតុនេះ ការដែលក្មេងក្របានចេះឈរដើរអង្គុយខ្លួនឯងមានទំនងដូចសព្វថ្ងៃនេះ ជាការគាប់ប្រសើរណាស់) ។

ខួរឆ្អឹងខ្នង

ខួរឆ្អឹងខ្នងនេះ មានលក្ខណៈដូចជាខួរក្បាលដែរ មានបណ្ដោយប្រមាណ ១៥ ធ្នាប់ ជាប់ជាមួយនឹងខួរក្បាល រលាយជាសាច់មួយចុះមកតាមចន្លោះឆ្អឹងខ្នងផុតត្រឹមឆ្អឹងចង្កេះទី១ ដើម្បីទទួលសេចក្ដីរាយការដែលបញ្ជូនមកតាមសរសៃប្រសាទផ្សេងៗក្នុងរាងកាយបញ្ជូនមកដល់ខួរក្បាល ។ ឯចំណែកខាងក្រោមនៃខួរឆ្អឹងខ្នង ក៏ទទួលដឹងឮចំពោះរាងកាយជាចំណែកខាងក្រោមមានជើងជាដើម ហើយឡើងមកជាលំដាប់រហូតដល់ចំណែកលើខ្លួននិងដើមដៃ សន្មតថាកើតមានគ្រោះថ្នាក់ដល់ខួរឆ្អឹងខ្នងត្រង់កណ្ដាលខ្នង អវយវៈត្រង់ចំណែកនោះប្រើការមិនបាន សេចក្ដីរាយការផ្សេងៗ ដែលត្រូវបញ្ជូនមកតាមប្រសាទនោះ តោងតែធ្វើដំណើរមកតាមខួរឆ្អឹងខ្នងទាំងអស់ ទើបខួរឆ្អឹងខ្នងនាំសេចក្ដីរាយការអស់នោះទៅដល់ខួរក្បាលមួយជាន់ទៀតជាលំដាប់លំដោយ ដើម្បីមិនឲ្យប្រសាទតូចៗ នាំសេចក្ដីរាយការដើររំលងថ្នាក់ត្រង់សំដៅទៅខួរក្បាលតែម្ដងទេ ។ រឿងនេះមានទំនងដូចក្រសួងរាជការនិងមន្ទីរធ្វើការធំៗ ដែលចាត់របៀបតាមថ្នាក់តូចថ្នាក់ធំ មិនឲ្យធ្វើការរំលងថ្នាក់ដែលជាហេតុធ្វើឲ្យកិច្ចការផ្សេងៗកើតវឹកវរជាកោលាហលឡើង ។

សរសៃប្រសាទ

មានលក្ខណៈមានពណ៌សម្បុរសលាយលឿង ជាសរសៃតូចៗឆ្មា ដូចជាសរសៃអំបោះរួមគ្នាជាបាច់ៗ ហើយក្នុងបាច់សរសៃអស់នោះមានសរសៃប្រសាទសម្រាប់ធ្វើឲ្យដឹងខ្លួននឹងសរសៃដែលធ្វើឲ្យដុំសាច់រួមផ្ដុំគ្នាបានញែកចេញជាសរសៃល្អិតៗ មករួមប្រជុំក្នុងដុំសាច់និងសើរស្បែកគ្រប់អន្លើ សរសៃប្រសាទអស់នេះហើយដែលចេញមកអំពីខួរឆ្អឹងខ្នងមាន៣១គូ សម្រាប់រក្សារាងកាយមាន១២គូទៀត សម្រាប់ឃុំរក្សានូវមុខនឹងក្បាល ។ ការដែលមានសរសៃប្រសាទចំពូកខ្លះទទួលស្នើសេចក្ដីរាយការណ៍ សំដៅត្រង់ទៅដល់ខួរក្បាលតែម្ដងមិនបាច់បញ្ជូនមកតាមខួរឆ្អឹងខ្នងនោះ ប្រយោជន៍នឹងឲ្យកិច្ចការប្រព្រឹត្តទៅបានស្រួលរហ័សរួសរាន់ មានទំនងដូចជាមេទាហានខ្លះក្នុងកងទ័ព ឲ្យមានអំណាចស្នើការផ្ទាល់លោកមេទ័ពតែម្ដងបាន មិនបាច់ស្នើការតាមលំដាប់ជាន់លំដាប់ថ្នាក់ដូចមេទាហានឯទៀតៗ ។

វិធីស្ដីការក្នុងរាងកាយ

១- សន្មតិថា ម្រាមជើងរបស់យើងប៉ះកម្ដៅភ្លើង នេះធ្វើឲ្យចុងសរសៃប្រសាទដឹងថាក្ដៅ ហើយបញ្ជូនរាយការណ៍​ទៅតាមសរសៃដែលជាប់ទាក់ទងគ្នានឹងខួរឆ្អឹងខ្នង ទើបខួរឆ្អឹងខ្នងនាំបញ្ជូនដំណឹងនេះទៅដល់ខួរខាងលើ ចំណែកនេះក៏មកបញ្ជូនទៅដល់ខួរជាចំណែកនៅខាងមុខដែលមាននាទីទទួលទុកនូវការចាំគ្រប់ចំពូក ក៏នឹកឃើញចាំបានថា ធម្មជាតិភ្លើងក្ដៅ បើមិនដកឬទាញយកជើងចេញទេ មុខជាម្រាមជើងនឹងឆេះភ្លើងមិនខាន ទើបបង្គាប់ទៅដល់សរសៃប្រសាទដែលនៅប្រចាំជើងឲ្យដកជើងចេញពីភ្លើងយ៉ាងប្រញាប់ ប៉ុន្តែការស្ដីការនិងបង្គាប់ការ ទទួលប្រតិបត្តិការនោះរហ័សរួសរាន់ណាស់ ដូចជាផ្លេកបន្ទោរ ទើបធ្វើឲ្យយើងមិនដឹងខ្លួនហើយស្ដីការយ៉ាងដាច់ស្រេចមិនបាច់រារង់ទេ ។ ប្រសិនបើអាល័យរារង់ពិគ្រោះប្រឹក្សាថា ត្រូវផ្លុំភ្លើងឲ្យរលត់ទៅ ឬនឹងប្រើដៃចាប់ភ្លើងចេញដូច្នោះ មុខជាម្រាមជើងយើងនឹងរលាកភ្លើងអស់មិនខាន ។

២- សន្មតិថា មូសវាមកទំខាំនូវមុខយើង ជំងឺដែលកើតពីមូសខាំនោះនឹងរត់សួទៅតាមសរសៃប្រសាទប្រាប់ចៅនាទីផ្សេងៗ ដូចពោលមកហើយ តែសេចក្ដីថ្នឹករបស់យើងបង្គាប់ឲ្យយកដៃទះមូសនោះ ដែលជាវិធីស្រួលជាងញាក់មុខឬអង្រួនក្បាលដេញមូស ទើបស្ដីបង្គាប់ទៅដៃឲ្យទះមូសដូច្នេះជាដើម ។

៣- សន្មតិថា មានមនុស្សមកជេរយើងនៅចំពោះមុខ ពាក្យជេរនោះស្ទុះទៅចូលត្រចៀកហើយជូនដំណឹងទៅដល់ខួរដែរ តែមុននឹងបង្គាប់ឲ្យធ្វើតតបទៅវិញនោះលំបាកបន្តិច តោងប្រើសេចក្ដីត្រិះរិះបន្តិចថាត្រូវធ្វើដូចម្ដេចទើបស្រួល មានវិធីដែលត្រូវធ្វើតតបទៅវិញច្រើនយ៉ាង ៖

ក- ប្រសិនបើអ្នកដែលត្រូវគេជេរនោះជាមនុស្សចាស់ទុំ មានគំនិតគិតគូរច្រើន ដឹងខុសដឹងត្រូវ ក៏ធ្វើជាមិនដឹងមិនឮក៏មាន ឬចាត់ការតាមដែលឃើញថាជាសេចក្ដីគាប់គួរ ដូចជាបណ្ដេញឲ្យមនុស្សជេរដើរចេញ​ឬប្ដឹងប៉ូលីសឲ្យចាប់ធ្វើទោសតាមច្បាប់ក៏មាន ។

ខ- បើអ្នកដែលត្រូវជេរមានឋានៈស្មើគ្នានឹងអ្នកជេរ ខួរក្បាលបង្គាប់ឲ្យជេរតបទៅវិញ កើតជាវិវាទទាស់ទែងគ្នាមិនដាច់ស្រេចទាល់តែប៉ូលីសចាប់ទាំងពីរនាក់នាំទៅផ្ទះបកក៏មាន ។

គ- បើអ្នកដែលត្រូវជេរជាមនុស្សទោសៈខ្លាំង អត់សង្កត់ចិត្តពុំបាន ខួរក្បាលក៏ប្រើដៃជើងឲ្យទាត់ធាក់អ្នកជេរមួយរំពេចទៅក៏មាន ។

តាមឧទាហរណ៍ដែលពោលមកនេះ ដើម្បីសម្ដែងឲ្យឃើញថា រាងកាយរបស់យើងនេះមានវិធីស្ដីការជារបៀបរៀបរយល្អណាស់ ទាំងរហ័សទាំងដាច់ស្រេច ប៉ុន្តែកិច្ចការដែលចាត់ចែងធ្វើទៅនោះ នឹងមានសេចក្ដីចម្រើនឬមិនចម្រើន ស្រេចតែសេចក្ដីត្រិះរិះប៉ិនប្រសប់ឈ្លាសវៃនៃខួរក្បាល មានទំនងដូចចាងហ្វាងសាលា​ឬអធិបតីនៃក្រសួងនីមួយៗដូច្នេះដែរ ។

មួយវិញទៀត គ្រឿងសម្ផស្សផ្សេងៗ តោងប្រព្រឹត្តទៅមិនស្រួលជាដរាប បើមានខូចខាតត្រង់កន្លែងណាមួយដូចជាខួរឆ្អឹងខ្នងពិការ រាងកាយដែលនៅក្រោមខួរឆ្អឹងខ្នងក៏ប្រើការមិនកើត ។ រឿងនេះមានទំនងដូចខ្សែ​ភ្លើង​អគ្គិសនី បើខ្សែនៅក្រៅផ្ទះដាច់ ភ្លើងក្នុងផ្ទះក៏រលត់អស់មិនខាន ។

ខ. ស.

ជាអ្នកប្រែនឹងរៀបរៀង

ខេមរង្សី

បញ្ចេញយោបល់ ៖